ក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា រកឃើញថា គិតត្រឹមពាក់កណ្ដាលខែមករា ដើមឆ្នាំ២០១៣ នេះ ការផ្ទុះបាតុកម្មនៅតាមរោងចក្រដាច់ដោយឡែកពីគ្នាបានកើតឡើងជាង ១០ករណី។ តួលេខនេះបើប្រៀបធៀបនឹងឆ្នាំ២០១២ គឺជាចំនួនមួយកំពុងប្រឈមយ៉ាងខ្ពស់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) និយាយថា មានហេតុផលមួយចំនួនដែលចាំបាច់បង្ខំឲ្យកម្មករត្រូវពុះពារឧបសគ្គ ជ្រើសរើសការធ្វើបាតុកម្ម ឬ កូដកម្ម ក្នុងនោះរួមមាន ប្រាក់ខែគោល ៦១ដុល្លារ ដែលជាចំនួនមួយនៅតិចតួចនៅឡើយបើធៀបទៅនឹងទំនិញនៅលើទីផ្សារ និងការគាបសង្កត់ផ្នែកច្បាប់មកលើកម្មករពីសំណាក់ភាគីរោងចក្រជាដើម។
លោកគិតថា ប្រសិនបើរដ្ឋាភិបាលមិនធ្វើកំណែទម្រង់យន្តការនេះឲ្យមានប្រសិទ្ធភាពនោះទេ ការផ្ទុះការតវ៉ាប្រឆាំងនឹងគោលនយោបាយនេះ នឹងបន្តរីកធំឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១២៖ «បើយើងប្រៀបធៀបមើលឆ្នាំ២០១១ វាតែជាង ៣០ករណីទេ ហើយឆ្នាំ២០១២ នេះ មានរបាយការណ៍ផ្សេងគ្នា។ របាយការណ៍របស់ក្រសួងមានតែ ៦០ ជាង របាយការណ៍ទូទៅវាមានជិត ១០០ ហើយនៅក្នុងឆ្នាំ២០១៣ នេះ គ្រាន់តែដើមឆ្នាំ គឺថា ពាក់កណ្ដាលខែមួយនេះ គឺយើងឃើញកូដកម្មវាជាង ១០ករណីទៅហើយ។ អ៊ីចឹងយើងគិតថា ចំនួននេះវាហក់ឡើងខ្ពស់មែនទែន»។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សរសេរថា វិវាទការងារពុំមានការថយចុះនោះទេ បើគិតពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១២។ របាយការណ៍បន្តថា បើទោះជាក្នុងឆ្នាំ២០១០ ត្រូវគេរកឃើញថា វិវាទមានកម្រិតទាបជាងបណ្ដាឆ្នាំកន្លងទៅក៏ដោយ ក៏ប៉ុន្តែនោះពុំមែនមែនមានន័យថា ឆ្នាំ២០១០ វិវាទការងារត្រូវថយចុះនោះឡើយ នោះបើគេប្រៀបធៀបទៅនឹងអ្វីដែលសមាគមរោងចក្រ និងសហជីពចុះអនុស្សរណៈយោគយល់ (MOU) នោះ។
របាយការណ៍ឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០១២ វិវាទការងារចំនួន ១៥០ករណី ក្នុងនោះ ១១៥ករណីកើតចេញពីការប្រឆាំងរើសអើងចំពោះការរៀបចំសហជីពនៅតាមរោងចក្ររបស់កម្មករនិយោជិក និង ៣៥ករណីកើតឡើងពីការទាមទារឲ្យមានការផ្លាស់ប្ដូរលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរ ការទាមទារប្រាក់ឈ្នួល និងអត្ថប្រយោជន៍បន្ថែម។
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យមានប្រសាសន៍ថា ថ្លៃពលកម្មនៅក្នុងប្រទេសកម្ពុជា លើវិស័យវាយនភណ្ឌកាត់ដេរមានកម្រិតទាបនៅឡើយ នោះគេបើប្រៀបធៀបទៅនឹងតម្លៃប្រាក់ឈ្នួលពីបណ្ដាប្រទេសនៅក្នុងតំបន់មួយចំនួន ដូចជាប្រទេសថៃ វៀតណាម និងប្រទេសឡាវ ជាដើម។
លោក កែម ឡី៖ «បើយើងមើលប្រាក់ខែអប្បបរិមាណយើងហ្នឹង គឺតិចជាងពី ២ ទៅ ៣ដង បានន័យថា យើង ៦១ដុល្លារហ្នឹង គេអាច ១២០ ទៅ ១៨០ដុល្លារ អាហ្នឹងចំពោះប្រាក់បៀវត្សសម្រាប់កម្មករធម្មតា ហើយទីពីរចំពោះលក្ខខណ្ឌការងារជាទូទៅវិញ គេមានថវិកាសម្រាប់ផលប្រយោជន៍កម្មករហ្នឹងច្រើនជាងយើងទៅពីរដង»។
នៅក្នុងជំនួបកាលពីថ្ងៃទី១៨ ខែមករា ដើម្បីបញ្ចប់វិវាទនៅរោងចក្រ គ្លេតភី (Gladpeer Garments Factory) លោក កុយ ទេពដារ៉ាវុធ ប្រធាននាយកដ្ឋានដោះស្រាយវិវាទនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតថា កម្រិតប្រាក់ឈ្នួលសម្រាប់កម្មករក្នុងពេលបច្ចុប្បន្ននេះ គឺពិតជាស្ថិតក្នុងតារាងមួយមិនទាន់អាចឆ្លើយតបពីតម្រូវការរបស់កម្មករនិយោជិកនៅឡើយទេ។ ប៉ុន្តែលោកនិយាយថា នៅដើមសប្ដាហ៍ខាងមុខនេះ រដ្ឋាភិបាល និងដៃគូសន្ទនានឹងបើកកិច្ចពិភាក្សា ដើម្បីទម្លាយភាពទាល់ច្រកនេះ។
លោកបន្តថា៖ «តែគ្រាន់តែឥឡូវនេះគឺយើងចង់បានអើប្រាក់ខែ ៦១ហ្នឹង លើសហ្នឹងបន្តិច។ អ៊ីចឹងទេឥឡូវហ្នឹង រដ្ឋាភិបាលហ្នឹងយោងតាមសំណើរបស់សហជីពហ្នឹង គឺថ្ងៃទី២១ ហ្នឹង មានការប្រជុំគ្នា ដើម្បីរកច្រកចេញហើយ»។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមចាត់ទុក គោលនយោបាយរបស់រដ្ឋាភិបាលដែលសង្គ្រោះភាពចម្រូងចម្រាសនៅពេលនេះថា គឺជាផ្នែកមួយក្នុងការកៀរគររកសំឡេងគាំទ្រនៅមុនការបោះឆ្នោតសកលនាខែកក្កដា ពីក្រុមកម្មករប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គេគិតថា វិវាទលើវិស័យឧស្សាហកម្មនេះ គួរណាស់រដ្ឋាភិបាលដោះស្រាយ និងកាត់បន្ថយឲ្យស្ថិតនៅក្នុងកម្រិតមួយទាបក្នុងរយៈពេលពី ២ ទៅ ៣ឆ្នាំមុន។
ទោះជាយ៉ាងណា លោក កុយ ទេព ដារ៉ាវុធ អះអាងថា គេពុំអាចដោះស្រាយ ឬបញ្ចប់បញ្ហាក្នុងពេលតែមួយបាននោះទេ។ ក្នុងន័យនេះលោកថា ការទម្លាយភាពទាលច្រកទៅបាន គឺត្រូវសិក្សាពីចំណុចចាប់ផ្ដើម និងការបញ្ចប់ទៅនៃបញ្ហាជាមុនសិន។
លោក កែម ឡី អ្នកវិភាគសង្គម ហៅគោលនយោបាយនៃការវិនិយោគលើផ្នែកឧស្សាហកម្មកាត់ដេរនេះថា នឹងមិនអាចកាត់បន្ថយជម្លោះលើវិវាទការងារបាននោះទេ ដរាបណាការវិនិយោគដែលមានភាគហ៊ុនរបស់មន្ត្រីរដ្ឋាភិបាល ឬការវិនិយោគនោះ ទទួលរងឥទ្ធិពលរបស់អ្នកនយោបាយដែលជាហេតុធ្វើឲ្យពិបាកក្នុងការសម្រេចចិត្តរបស់អ្នកវិយោគក្នុងការដំឡើងថ្លៃឈ្នួលឲ្យកម្មករនោះ។
លោកបន្តថា៖ «ចំណុចទីមួយដែលសំខាន់ គឺយើងត្រូវជម្រះឲ្យអស់អ្នកណាដែលធ្វើការមន្ត្រីរាជការ អ្នកដែលរកស៊ី។ ប្រសិនជាគាត់មានមុខងារនៅក្នុងមន្ត្រីរាជការ ហើយមានមុខងារជាប្រធាននៅក្រុមហ៊ុនជាអីៗទៀតអ៊ីចឹង ទោះបីជាយ៉ាងក៏ដោយមានការលំបាកនៅក្នុងការតស៊ូនៅក្នុងការកែប្រែ អាហ្នឹងចំណុចទីមួយ។ ចំណុចទីពីរការរកលុយក្រៅផ្លូវការ ការទៅធានា ការដាក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្នឹង គឺវាជាឧបសគ្គទីពីរ ដែលធ្វើឲ្យថៅកែពិតប្រាកដហ្នឹងពិបាកនឹងដំឡើងប្រាក់ខែ ហើយពិបាកនឹងរៀបចំលក្ខខណ្ឌការងារឲ្យបានល្អ»។
របាយការណ៍កម្រាស់ ៧ទំព័ររបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បញ្ជាក់ថា ប្រាក់ខែគោលរបស់កម្មកររោងចក្រចំនួន ៦១ដុល្លារក្នុងមួយខែសម្រាប់កម្ពុជា មានកម្រិតទាបនៅឡើយ។ ចំនួននេះបើប្រៀបធៀបទៅនឹងប្រទេសវៀតណាម មានរហូតដល់ ១១២ដុល្លារក្នុងមួយខែ ខណៈប្រទេសថៃ កម្មករទទួលបានប្រមាណជិត ១០ដុល្លារក្នុងមួយថ្ងៃ។ ស្ថិតក្រោមហេតុនេះ សហជីព ស៊ីខាវឌូ រកឃើញថា គឺជាដើមហេតុដែលជំរុញឲ្យក្រុមកម្មករផ្ទុះបាតុកម្ម ឬ ធ្វើកូដកម្មប្រឆាំងនឹងលក្ខខណ្ឌការងារមិនប្រសើរ និងប្រាក់ខែគោលតិចជាងការចំណាយលើទីផ្សាររបស់កម្មករម្នាក់យ៉ាងហោចណាស់ជាង ១០០ដុល្លារក្នុងមួយខែនោះ។
លោក អាត់ ធន់ គិតថា ការទម្លាយភាពទាល់ច្រក ដោះស្រាយលើប្រាក់ខែគោលរបស់កម្មករនៅដើមសប្ដាហ៍ខាងមុខនេះរបស់រដ្ឋាភិបាល គេហាក់មានជំនឿតិចតួចប៉ុណ្ណោះ ដែលអាចឈានទៅរកកម្រិតមួយដែលជាស្តង់ដាររួមនៅក្នុងតំបន់នេះបាន។
លោក អាត់ ធន់៖ «ខ្ញុំគិតថា នេះគ្រាន់តែជាចេតនារបស់និយោជក ធម្មតាគាត់មិនចង់ផ្ដល់អាប្រាក់បៀវត្សរ៍ហ្នឹងច្រើនទេ ព្រោះកាលណាផ្ដល់ច្រើនបានន័យថា គាត់ដកការចំណេញរបស់គាត់ហ្នឹង បន្ថយចំណេញបន្តិច ហើយយើងមើលរដ្ឋាភិបាល ខ្ញុំមើលឃើញទៅ គឺគាត់និយាយតែរឿងពីរទេ។ រឿងទីមួយគាត់ព្រួយបារម្ភខ្លាចផ្ដល់ទៅគឺខាងវិស័យឧស្សាហកម្ម និងគេនឹងរើទៅប្រទេសផ្សេង ឲ្យប្រាក់បៀវត្សរ៍ហ្នឹងទាបពេក ចង់ទាក់ទាញវិនិយោគទុន ហើយរឿងទីពីរគឺយើងឃើញថា គាត់បារម្ភខ្លាចវិស័យ និងខ្ពស់ពេកទៅ ដូចជាមន្ត្រីនៅទាប ហើយវិស័យផ្សេងទៀតនៅទាប វាអាចនឹងមានការតវ៉ាអ៊ីចឹង។ អាហ្នឹងជាអ្វីដែលយើងមើលឃើញក្នុងពេលកន្លងមកដែលមានការបារម្ភនោះណា»។
អ្នកវិភាគសង្គមព្រមានថា ប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយ ធ្វើកំណែទម្រង់មានភាពយឺតយ៉ាវចំពោះគោលនយោបាយប្រាក់ខែគោលលើវិស័យឧស្សាហកម្មកាត់ដេរដើរឲ្យទាន់នឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ីទេ នោះកម្ពុជានឹងប្រឈមកាន់តែខ្ពស់ក្នុងការប្រកួតប្រជែងថ្លៃឈ្នួលលើកម្លាំងពលកម្ម នៅគ្រាសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នឹងត្រូវចាប់ផ្ដើមក្នុងឆ្នាំ២០១៥ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។