មន្ត្រីសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា មកទល់ពេលនេះសាក្សីដែលមានឈ្មោះទាក់ទងជាមួយសំណុំរឿង ០០២ មានចំនួន ១.០៩២នាក់។ ប៉ុន្តែចំនួនសាក្សីនោះអាចមានការកើនឡើង ឬថយចុះនៅពេលខាងមុខ ក្រោយពីអង្គចៅក្រមសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបានចេញសេចក្ដីសម្រេចក្រោយពេលសវនាការបឋម កាលពីថ្ងៃទី២៧ ដល់ ៣០ មិថុនា កន្លងទៅនេះ។
លោក នេត្រ ភក្រា មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បានមានប្រសាសន៍នៅថ្ងៃទី១ កក្កដា ថា ចំនួនមនុស្ស ១.០៩២នាក់នោះ ជាចំនួនមនុស្សនៅក្នុងបញ្ជីជាសាក្សី ហើយមនុស្សទាំង ១.០៩២នាក់នោះ មានអ្នកខ្លះជាអ្នកជំនាញ អ្នកខ្លះជាដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកខ្លះជាសាក្សីធម្មតា ប៉ុន្តែពួកគេដើរតួជាសាក្សីរបស់សំណុំរឿង ០០២ ទាំងអស់។
នៅក្នុងថ្ងៃទី៤ នៃការជម្រះសវនាការបឋមលើសំណុំរឿង ០០២ លោក និល ណុន ប្រធានក្រុមប្រឹក្សាចៅក្រមសវនាការបានមានប្រសាសន៍ថា ឈ្មោះសាក្សី អ្នកជំនាញ និងដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ដែលភាគីនានាបញ្ជូនមក ដូចជាជនជាប់ចោទ ដើមបណ្ដឹងរដ្ឋប្បវេណីជាដើមនោះ គឺអង្គសវនាការបឋមទទួលយកទាំងអស់។
លោក និល ណុន បន្ថែម ៖ «អង្គជំនុំជម្រះសូមជម្រាបជូនគ្រប់ភាគីទាំងអស់ថា នៅពេលចាប់ផ្ដើមពិភាក្សាអំពីបញ្ជីឈ្មោះ អ្នកជំនាញ ដើមបណ្ដឹងរដ្ឋប្បវេណី សាក្សី សូមភាគីទាំងអស់ចងចាំថា មិនមានអ្នកជំនាញ សាក្សី ដើមបណ្ដឹងរដ្ឋប្បវេណីណាម្នាក់ ត្រូវបានអង្គជំនុំជម្រះបដិសេធនោះទេ»។
ទាក់ទងជាមួយបញ្ហាសាក្សីនេះ លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យដែលជាជនជាប់ចោទ បានតវ៉ាថា មានឈ្មោះសាក្សីខ្លះដែលភាគីគាត់បញ្ជូនទៅឲ្យតុលាការធ្វើជាសាក្សីដោះបន្ទុកចោទប្រកាន់ តែអ្នកទាំងនោះបែរជាមានឈ្មោះជាសាក្សីដាក់បន្ទុកចោទប្រកាន់ទៅវិញ។
លោកថ្លែងបន្តដូច្នេះ ៖ «ប៉ុន្តែសាក្សីដែលខ្ញុំសុំនោះ អត់មានឃើញឈ្មោះនៅក្នុងបញ្ជីអីនោះទេ។ ដូច្នេះខ្ញុំយល់ឃើញថា ការរួមចំណែករបស់ខ្ញុំដើម្បីឲ្យដំណើរការកាត់ក្ដីនេះវាដំណើរការទៅបានល្អត្រឹមត្រូវ ដើម្បីឲ្យការពិត និងភាពត្រឹមត្រូវ និងភាពស្មោះត្រង់របស់ខ្ញុំវាលេចឡើងបាន លុះត្រាតែតុលាការយល់ស្របស្ដាប់សាក្សីសំខាន់ៗរបស់ខ្ញុំ»។
លោក ខៀវ សំផន បាននិយាយទៀតថា ចៅក្រមសាលាក្ដីខ្មែរក្រហមអាចកាត់ទោសមានយុត្តិធម៌បាន ទាល់តែស្ដាប់សក្ខីកម្ម ឬការឆ្លើយបកស្រាយរៀបរាប់ហេតុការណ៍ផ្សេងៗរបស់សាក្សីពីគ្រប់ភាគី គឺទាំងសាក្សីខាងដើមចោទ និងចុងចោទ ហើយលោកបានសន្យាថា នឹងធ្វើបញ្ជីសាក្សីរបស់លោកមួយជាលាយលក្ខណ៍អក្សរឲ្យចៅក្រមសាលាក្ដីខ្មែរក្រហម។
លោក ខៀវ សំផន បន្ត ៖ «សាក្សីខ្លះរបស់ខ្ញុំ គាត់ស្គាល់ខ្ញុំច្បាស់ ព្រោះរស់នៅជាប់ជាមួយខ្ញុំ ដឹងថា ខ្ញុំធ្វើអីខ្លះ ទៅណាខ្លះ មកណាខ្លះ? អាហ្នឹងក៏ត្រូវការស្ដាប់។ សាក្សីខ្លះគាត់និយាយតែការងាររបស់គាត់ទេ តែការនិយាយការងាររបស់គាត់នោះវាឆ្លុះបញ្ចាំងមកខ្ញុំវាស្អី? ដូច្នេះវាសំខាន់ត្រង់ហ្នឹង។ អាហ្នឹងហើយដែលខ្ញុំយល់ឃើញថា ចាំបាច់ស្ដាប់ ពីព្រោះអី? ពីព្រោះការនិយាយពីខ្ញុំនោះ វានិយាយច្រើនហួសហេតុពេកហើយ ហើយនិយាយខុសស្រឡះតែម្ដង»។
ចំណែកភាគីលោក នួន ជា វិញ ក្នុងពេលសវនាការ លោកបានលើកឡើងថា លោកមានការមិនសប្បាយចិត្ត ដោយសារអង្គសវនាការមិនអនុញ្ញាតឲ្យមានការកោះហៅសាក្សីគាំទ្រគាត់ចំនួន ៣០០នាក់ មកនិយាយ និងមិនបើកឱកាសឲ្យគាត់និយាយពន្យល់អំពីហេតុផលដែលគាត់ចាត់ទុកថា ចៅក្រមស៊ើបអង្កេតធ្វើការមិនត្រឹមត្រូវ និងមិនកោះហៅសាក្សីសំខាន់ដែលនៅខាងក្នុងរដ្ឋាភិបាលមកឆ្លើយបំភ្លឺតុលាការ។
ទាក់ទងរឿងសាក្សីនេះ លោក អេនឌ្រូខេលី (Andrew Cayley) សហព្រះរាជអាជ្ញាអន្តរជាតិបានមានប្រសាសន៍ថា មកទល់ពេលនេះសាលាក្ដីមិនអាចនិយាយចេញអំពីឈ្មោះ និងមុខងារសាក្សីបានទេ ពីព្រោះគេចាំបាច់ត្រូវការពារសាក្សី។
ចំពោះបញ្ហាតវ៉ាលើរឿងសាក្សី លោក ឌឹម សុវណ្ណារុំ មន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម បានមានប្រសាសន៍ឲ្យដឹងថា សាក្សីដែលភាគីនីមួយៗទាមទារឲ្យចូលមកបំភ្លឺសវនាការមានចំនួនច្រើន។ បច្ចុប្បន្ននេះក្នុងចំណោមមនុស្ស ១.០៩២នាក់ ជាសាក្សីអ្នកជំនាញ និងដើមបណ្ដឹងរដ្ឋប្បវេណីដែលស្នើសុំមកហ្នឹង ខាងមេធាវីជនជាប់ចោទស្នើសុំ ៥៤៦នាក់ ករណី នួន ជា។ ករណីលោកស្រី អៀង ធិរិទ្ធ ក៏មានករណី ខៀវ សំផន ក៏មាន ករណី អៀង សារី ក៏មាន។ ប៉ុន្តែសហព្រះរាជអាជ្ញាស្នើសុំតែ ៣០០នាក់ទេ។ ក្នុងនោះមានសាក្សី អ្នកជំនាញ និងដើមបណ្ដឹងរដ្ឋប្បវេណី។
លោក ឌឹម សុវណ្ណារុំ បានលើកឡើងថា តុលាការខ្មែរក្រហមមិនអាចមានពេលវេលា និងថវិកាគ្រប់គ្រាន់ ដើម្បីកាត់ក្ដីករណី ០០២នេះ ដោយកោះហៅគ្រប់សាក្សី អ្នកជំនាញ និងដើមបណ្ដឹងរដ្ឋប្បវេណី ដូចការទាមទាររបស់គ្រប់ភាគីបានទេ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ចៅក្រមតុលាការខ្មែរក្រហមមិនទាន់ចេញផ្សាយតួលេខជាក់លាក់ថា តើសាលាក្ដីខ្មែរក្រហមនេះនឹងសម្រេចឲ្យមានសាក្សីចំនួនប៉ុន្មាននាក់ដើម្បីចូលរួមឆ្លើយបំភ្លឺករណី ០០២ នេះនៅឡើយទេ។
សំណុំរឿង ០០២ នៅសាលាក្ដីខ្មែរក្រហមមានទាក់ទងជាមួយជនជាប់ចោទ ៤នាក់ ដែលជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ អ្នកទាំង ៤នាក់នោះ រួមមានលោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ លោក នួន ជា អតីតប្រធានរដ្ឋសភា លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី អៀង ធិរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ៕