ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ថៃ​អំពាវនាវ​រដ្ឋាភិបាល​ជួយ​ពួក​គេ​ត្រឡប់​មក​ស្រុក​វិញ

ពលករ​ខ្មែរ​ចំនួន ៤​នាក់ នៅ​ប្រទេស​ថៃ អំពាវនាវ​សុំ​ឲ្យ​មាន​វិធានការ​ជួយ​សង្គ្រោះ​បន្ទាន់ ឯ​ពលករ ៦​នាក់​ទៀត បាន​លួច​រត់​ចេញ​ពី​កន្លែង​ធ្វើ​ការ បន្ទាប់​ពលករ​ទាំង ១០​នាក់​នេះ​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​ប៊ូរូខេមបូឌាន (BURUH CAMBODIA) បាន​រយៈពេល​ជាង ១០​ថ្ងៃ។

0:00 / 0:00

កម្មករ​ទាំង​នោះ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ថា បាន​លក់​ពួក​គេ​ទៅ​ឲ្យ​ថៅកែ​ថៃ ១​នាក់​ក្នុង​តម្លៃ ២​ម៉ឺន​បាត។

បុរស​ឈ្មោះ ឈន សំណាង ជា​ពលករ​ម្នាក់​ក្នុង​ចំណោម​ពលករ​ដែល​មិន​ហ៊ាន​រត់​ចេញ​ពី​កន្លែង​ធ្វើ​ការ គាត់​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ នៅ​ល្ងាច​ថ្ងៃ​ទី១២ កុម្ភៈ មក​ថា ថៅកែ​ថៃ បាន​ធ្វើ​បាប​ពួក​គាត់​យ៉ាង​ខ្លាំង តែ​ពួក​គាត់​ចេះ​តែ​ទ្រាំ​មិន​ហ៊ាន​រត់​ចេញ ព្រោះ​ខ្លាច​ក្លាយ​ខ្លួន​ជា​ពលករ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ នោះ។ ពលករ​រូប​នេះ​បន្ត​ថា ថៅកែ​ជន​ជាតិ​ថៃ បាន​ប្រាប់​ពួក​គេ​ថា ក្រុមហ៊ុន​បាន​លក់​ពួក​គេ​ទៅ​ឲ្យ​ថៅកែ​ថៃ រួច​ហើយ តម្លៃ ២​ម៉ឺន​បាត​ក្នុង​១​នាក់ ហើយ​បើ​នរណា​មិន​ព្រម​ធ្វើ​ការ ត្រូវ​ប្រគល់​ប្រាក់ ២​ម៉ឺន​បាត​មក​ឲ្យ​គេ​វិញ ទើប​គេ​ប្រគល់​ប៉ាសស្ព័រ​ឲ្យ​វិញ​ដែរ។

ពលករ​រូប​នេះ អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​យក​ពួក​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ផង៖ «នៅ​សល់​តែ​ពលករ ខ្ញុំ ៤​នាក់។ ខ្ញុំ​អត់​ហ៊ាន​ទៅ ព្រោះ​ខ្លាច​ខុស​ច្បាប់ ខ្លាច​គេ​បន្ត​យក​ខ្ញុំ​ទៅ​លក់​កន្លែង​ផ្សេង​ទៀត។ ខ្ញុំ​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល ឬ​អង្គការ​ផ្សេងៗ​ដែល​អាច​ជួយ​បាន មេត្តា​ជួយ​យក​ពួក​ខ្ញុំ​ទាំង ៤​នាក់​ដែល​អត់​ហ៊ាន​រត់​ទៅ​ណា ហើយ​កំពុង​ត្រូវ​គេ​ប្រើ​ច្រងាប់ច្រងិល​នេះ​ឲ្យ​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ផង»

កាល​ពី​ថ្ងៃ​ទី២៩ មករា កន្លង​ទៅ ក្រុមហ៊ុន​ប៊ូរូខេមបូឌាន ប្រចាំ​ខេត្ត​ពោធិ៍សាត់ បាន​បញ្ជូន​ពលករ​ចំនួន ១០​នាក់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ លុះ​ដល់​ថ្ងៃ​ទី៥ កុម្ភៈ ពលករ​ទាំង ១០​នាក់​នេះ​បាន​ទូរស័ព្ទ​មក​សុំ​ឲ្យ​ឪពុកម្ដាយ​ពួក​គេ​ជួយ ដោយ​ពួក​គេ​ប្រាប់​ថា ក្រុមហ៊ុន​បាន​លក់​ពួក​គេ​តៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់។

ឪពុក​ម្ដាយ​ពលករ​ទាំង ១០​នាក់​នេះ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ឲ្យ​ជួយ​ពួក​គាត់។ អង្គការ​លីកាដូ ក៏​បាន​ចាត់​ចែង​ធ្វើ​អន្តរាគមន៍​តាម​នីតិវិធី​រួច​រាល់​អស់​ហើយ តែ​ដោយ​មិន​ឃើញ​មាន​ការ​លទ្ធផល និង​ដោយ​មិន​អាច​ទ្រាំទ្រ​បាន​នៅ​ថ្ងៃ​ទី១០ កុម្ភៈ កម្មករ​ចំនួន ៦​នាក់​បាន​លួច​រត់ ដែល​ឥឡូវ​មិន​ដឹង​ជា​នៅ​ទីណា។ ឯ ៤​នាក់​ទៀត សម្រេច​ចិត្ត​រង់ចាំ​ការ​ជួយ​សង្គ្រោះ។

តំណាង​ក្រុមហ៊ុន​ប៊ូរូខេមបូឌាន ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ឃឹម រ៉ុម បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា លោក​កំពុង​ទាក់​ទង​ជាមួយ​ភាគី​ថៃ ដើម្បី​សុំ​ប្ដូរ​ការងារ​ឲ្យ​ពលករ​ដែល​នៅ​សល់​ទាំង ៤​រូប​នោះ តែ​មិន​ទាន់​រក​បាន​ការងារ​នៅ​កន្លែង​ថ្មី​នៅ​ឡើយ។ យ៉ាង​នេះ​ក្ដី លោក​សន្យា​ថា ប្រសិន​បើ​ពលករ​ទាំង ៤​រូប​នោះ សម្រេច​ចិត្ត​វិល​ត្រឡប់​មក​វិញ លោក​នឹង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នេះ។ លោក​ថា លោក​នឹង​នាំ​ពលករ​ទាំង ៤​រូប​នេះ​មក​វិញ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

លោក ឃឹម រ៉ុម៖ «អត់​ទេ! ខ្ញុំ​អត់​មាន​បញ្ហា​រឿង​បញ្ជូន​គាត់​មក​ស្រុក​ខ្មែរ​វិញ​ទេ។ ប៉ុន្តែ សំខាន់​គឺ​គាត់​មាន​លុយ​មាន​កាក់​ដែរ ឬ​ក៏​អត់។ បើ​គាត់​ទ្រាំ​ធ្វើ​ការ​បាន​ត្រឹម​កន្លះ​ខែ​នោះ គេ​បើក​ប្រាក់​ខែ​ឲ្យ​ហើយ​កុំ​ឲ្យ​យើង​ធ្វើ​ការ​បាន​ប៉ុណ្ណឹង​ដែរ យើង​អត់​បាន​លុយ​សោះ។ អត់​អី​ទេ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​គេ​ប្រគល់​ប៉ាសស្ព័រ​មក​ឲ្យ​ពួក​គាត់​វិញ និង​ដាក់​ពួក​គាត់​ឡើង​ឡាន​ត្រឡប់​មក​វិញ»

ដូច​គ្នា​នេះ​ដែរ អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ពោធិ៍សាត់ គឺ​លោក កុល ប៊ុនធឿន មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ទីរ​ការងារ​ខេត្ត​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ក្រុមហ៊ុន ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ដោយ​នាំ​ពលករ​ទាំង ៤​នាក់​វិល​ត្រឡប់​មក​វិញ៖ «បាទ! អា​ហ្នឹង​មាន​តែ​វិធី​ហ្នឹង ព្រោះ​បើ​កាល​ណា​មាន​បញ្ហា គឺ​ត្រូវ​តែ​បញ្ជូន​គេ​មក​វិញ។ នៅ​ពេល​ដែល​គេ​មិន​ចង់​ធ្វើ​ការ​ដោយ​សារ​វា​ខុស​នឹង​លក្ខខណ្ឌ​ការងារ​ដែល​ក្រុមហ៊ុន​បាន​សន្យា​ពី​ស្រុក​ខ្មែរ​ទៅ»

ឯកសារ​នៃ​ការ​ផ្សព្វផ្សាយ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ប៊ូរូខេមបូឌាន ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លេខ​១៦៦ ចុះ​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១០។ ឯកសារ​ក៏​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​ពលករ​ទទួល​បាន គឺ​ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃ ៨​ម៉ោង ប្រាក់​ខែ​ទទួល​បាន​ពី ១​ម៉ឺន ២​ពាន់​បាត ទៅ ១​ម៉ឺន ៤​ពាន់​បាត ទៅ​តាម​ការងារ​ដែល​រួម​មាន​កម្មករ​រោងចក្រ និង​កម្មករ​សំណង់។ ប៉ុន្តែ ជាក់ស្ដែង​ក្រុមហ៊ុន​ពុំ​បាន​អនុវត្តន៍​តាម​គោលការណ៍​ដែល​ក្រុមហ៊ុន​បាន​សន្យា​ជាមួយ​កម្មករ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។