ទិវានេះ គឺដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋនៅលើសកលលោកយល់ដឹងពីការចូលរួម និងតួនាទីសំខាន់របស់សហគមន៍កសិកម្ម ដែលចូលរួមចំណែកក្នុងការកែលំអសន្តិសុខស្បៀង កាត់បន្ថយគ្រោះអត់ឃ្លាន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ។
មន្ត្រីរាជការ មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកស្បៀង និងកសិកម្ម រួមទាំងនិស្សិតដែលសិក្សាខាងជំនាញកសិកម្មជាង ១ពាន់នាក់ នៅក្នុងប្រទេសកម្ពុជា ប្រារព្ធទិវាស្បៀងអាហារពិភពលោក និងឆ្នាំអន្តរជាតិ នៃសហគមន៍កសិកម្ម ២០១២ នៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១២។
អគ្គនាយករងនៃនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស៊្រុន សុខុម ថ្លែងថា សហករណ៍ ឬសហគមន៍កសិកម្ម បានបង្កើតនៅក្នុងប្រទេសកម្ពុជា តាំងពីទសវត្សឆ្នាំ១៩៥០ មកម្ល៉េះ។ សហគមន៍កសិកម្មដើរតួនាទីសំខាន់ក្នុងការប្រឆាំងនឹងភាពអត់ឃ្លាន ហើយក៏ដើរតួនៅក្នុងការជួយឲ្យសន្តិសុខស្បៀងនៅក្នុងប្រទេសមានលំនឹង និងបានកែលំអ និងអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ។
លោក ស៊្រុន សុខុម៖ «ក្នុងឆ្នាំ២០០៨ សហគមន៍កសិកម្មមានចំនួនតែមួយសហគមន៍ មានសមាជិកសរុបចំនួន ៨៧នាក់ មានចំនួនភាគហ៊ុន ១៣៣ហ៊ុន មានតម្លៃប្រមាណ ២លាន ៩សែនរៀល ដើមទុនសរុបប្រមាណ ២លាន ៨សែនរៀល»។
តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា (WPF) លោក ចេន ព្យែរ ឌឹ ម៉ាជើរី (Jean Pierre de Margerie) ថ្លែងថា នៅក្នុងពិភពលោក អ្នកខ្វះស្បៀងហូបមានម្នាក់ក្នុងចំណោមមនុស្ស ៧នាក់។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា វិញ ក្នុងចំណោមមនុស្ស ៥នាក់ មានម្នាក់ខ្វះស្បៀងទទួលទានមិនគ្រប់គ្រាន់។ ហេតុនេះ អង្គការសហប្រជាជាតិបានធ្វើការជាដៃគូរបស់ខ្លួនជិតដិត ដើម្បីវិនិយោគ និងជំរុញលើកកម្ពស់ផលិតកម្មនៃអង្គការកសិកម្ម។
តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) អ្នកនាង នីណា ប្រេនស្តី្រប (Nina Brandstrup) ឲ្យដឹងថា អង្គការនេះបានទិញស្បៀងពីកម្ពុជា ចំនួន ១ម៉ឺន ៥ពាន់តោន ក្នុង១ឆ្នាំៗ ក្នុងការរួមចំណែកជួយឲ្យសហគមន៍កសិកម្មអាចដំណើរការបានទៅមុខ។
ចំណែកតំណាងសហព័ន្ធសហករណ៍ រាយ អៃសិន អាល្លឺម៉ង់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក គ្រឹស្ទេន អាល់ដ្រេច (Christan Aldrecht) ថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងនាមអង្គការ ឌីជីអវី (DGRV= Die Genossenschaften) បានអភិវឌ្ឍនូវសេវាកម្មអភិវឌ្ឍន៍នៅក្នុងប្រទេសជិត ៣០ នៅជុំវិញពិភពលោក ដើម្បីកសាងនូវរចនាសម្ព័ន្ធមួយដែលមានការតម្រង់ទិសជាមូលដ្ឋាន ប្រកបដោយនិរន្តរភាព។ នៅក្នុងឆ្នាំអន្តរជាតិ នៃសហគមន៍កសិកម្ម ស្ថាប័នសហគមន៍កសិកម្មទាំងអស់ ចង់ដំណើរការជាមួយគ្នាជាលក្ខណៈសកល ដូចបានប្រើ និងលើកបង្ហាញអំពីប្រសិទ្ធភាពសហគមន៍កសិកម្ម ថាជាប្រព័ន្ធសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាទម្រង់សហគ្រាសកសិកម្ម។
ប្រធានសហគមន៍កសិកម្មភ្នំតូចរស្មីសុខសាន្ត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក មាស សឿន ថ្លែងថា ការបង្កើតជាសហគមន៍កសិកម្មនេះមានប្រយោជន៍ច្រើនក្នុងការរួមគ្នាផលិតដំណាំ រួមគ្នាគ្រប់គ្រងទីផ្សារលក់ដំណាំ និងរួមគ្នាជាម្ចាស់ភាគហ៊ុនក្នុងសហគមន៍កសិកម្ម ដើម្បីរៀបចំដំណើរការផលិតកម្ម ជួយទ្រទ្រង់វិស័យកសិកម្មឲ្យមានសន្តិសុខស្បៀងក្នុងតំបន់ និងរួមចំណែកជួយសេដ្ឋកិច្ចជាតិ៖ «ខាងផលិតពូជ មានពូជ ខា៦ (CAR6) និងខា៤ (CAR4)។ យើងផលិតបានមកដើម្បីលក់ចែកចាយទៅសហគមន៍ដទៃទៀត»។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ តុងអ៊ីវ ថ្លែងថា សហគមន៍កសិកម្មនៅប្រទេសកម្ពុជា បង្កើតឡើងមកដល់បច្ចុប្បន្ន មានចំនួន ៣៥០សហគមន៍កសិកម្ម។ លោកបន្ថែមថា ស្ថានភាពបង្កបង្កើនផលនៅរដូវវស្សាឆ្នាំ២០១២ ពិតមែនតែមានបាតុភូតធម្មជាតិកង្វះទឹក និងជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ក៏ស្ថានភាពដាំស្រូវ គិតដល់ថ្ងៃ១៥ ខែតុលា កសិករបានដាំដុះស្រូវលើដីបានចំនួន ២លាន ៥៧ម៉ឺនហិកតារ ស្មើនឹង ១០៥% នៃផែនការគ្រោងមានតែជាង ២លាន ៣សែនហិកតារ។ លោកបានផ្តល់អនុសាសន៍នៃគន្លឹះចំនួន ៩ចំណុច ដើម្បីឲ្យដៃគូអភិវឌ្ឍន៍ និងកសិករ ជួយគាំទ្រសហគមន៍កសិកម្មដំណើរការតទៅទៀតបានល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។