រូបត្លុកនយោបាយ​៖ ពលករ​ចំណាកស្រុក​ខ្មែរ​ប្រមាណ ១ពាន់​៣រយ​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​មើលងាយ ចាប់ចង និង​ឃុំ​ដូច​សត្វធាតុ

រូបភាព និង​វីដេអូ​​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ពលករ​ចំណាកស្រុក​ខ្មែរ​ប្រមាណ ១ពាន់​៣រយ​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៤ខែ គិត​ចាប់​ពី​ខែមករា ដល់​ខែមេសា ឆ្នាំ២០២៣ ទំនងជា​ព័ត៌មាន​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​អង្គភាព​ព័ត៌មាន​ស្និទ្ធនឹង​លោក មិនចង់​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក និង​ពិភពលោក​ដឹងឮ​ឡើយ។

«ប្រទេសតូច​តែ​មាន​បេះដូង​ធំ» ដែល​ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​មក​ទន្ទេញ​រត់មាត់ ពេលនេះ ហាក់​កំពុង​មើល​រំលង​​បញ្ហា​ពលរដ្ឋ​ខ្មែរ​ម្ចាស់ស្រុក​ខ្លួនឯង ដែល​បាន​ធ្វើ​ចំណាកស្រុក ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ​មើលងាយ​មើលថោក​ពួកគេ​ដូច​សត្វធាតុ​ដោយ​ចាប់​ពួកគេ​ចង​ដាក់​ច្រវាក់​ជា​ក្រុមៗ​ ឃុំខ្លួន​នៅ​កន្លែង​ចង្អៀត​ណែន​មិនខុស​ពី​ឧក្រិដ្ឋជន។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ភាគី​រដ្ឋាភិបាល​កម្ពុជា​ ដែលមាន​ក្រសួង​ការងារ ក្រសួង​ការបរទេស ឬ​ស្ថានទូត​កម្ពុជា​ប្រចាំប្រទេសថៃ​ជា​អ្នកទទួលបន្ទុក ហាក់​ព្រងើយ​កន្តើយ​ពុំ​ស្វះស្វែង​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះឡើយ បើទោះបីជា​មាន​ការស្រែក​ដង្ហោយ​រកជំនួយ​ពី​ពលករ​ខ្មែរ​រងគ្រោះ ​ដែល​កំពុង​រងនូវ​ទុក្ខវេទនា​ពី​ការប្រព្រឹត្ត​អមនុស្សធម៌​របស់​អាជ្ញាធរ​ថៃ​យ៉ាងណាក្តី។ ផ្ទុយទៅវិញ ពលករ​រងគ្រោះ​ម្នាក់​បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោកស្រី​បាន​លួច​ផ្ញើ​សារជា​សំឡេង​តាម​បណ្តាញ​សង្គមហ្វេសប៊ុក (Facebook) ចេញ​មកក្រៅ​ថា មន្ត្រីស្ថានទូត​កម្ពុជា​មិនបាន​ជួយ​អ្វី​ដល់​អ្នកជាប់​ឃុំ​ទេ តែពួកគេ​បែរ​ជា​ព្រមាន​អ្នកជាប់​ឃុំ​ថា បើ​ក្រុម​អ្នកជាប់​ឃុំ​ហ៊ាន​រិះគន់​ស្ថានទូត​ទៀត នោះ​ពួកគាត់​នឹង​ត្រូវជាប់​ឃុំ​យូរជាង​នេះ។

តើនេះឬ​​ជា​អត្ថន័យ​ពិតប្រាកដ​នៃ​ពាក្យថា «ប្រទេស​តូច តែ​មាន​បេះដូង​ធំ»?
---
👉 អានព័ត៌មាន​ពិស្តារ​អំពីរឿងនេះ សូមចុចត្រង់នេះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។