ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រៀបរាប់​ពី​ទុក្ខ​លំបាក​ដែល​សមត្ថកិច្ច​ថៃ​ធ្វើ​បាប​ពួកគាត់

0:00 / 0:00

ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រៀបរាប់​ពី​ទុក្ខ​លំបាក​ដែល​សមត្ថកិច្ច​ថៃ​ធ្វើ​​បាប​ពួកគាត់ និង​រិះគន់​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ មិន​បាន​យកចិត្តទុកដាក់​ជួយ​ពលករ​ទេ​។ ការលើកឡើង​នេះ ខណៈ​សមត្ថកិច្ច​ថៃ​បាន​ចាប់​ពលករ​ខ្មែរ ជា​បន្តបន្ទាប់ ហើយ​ពលករ​មួយចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ដាក់​ច្រវាក់​ដូច​ឧក្រិដ្ឋជន។ មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលករ​រិះគន់​ថា ការ​ដាក់​ច្រវាក់​លើ​ពលករ​បែប​នេះ​ហាក់បីដូច​ក្រុម​ពលករ​ដែល​ត្រូវ​ចាប់ខ្លួន​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ ប៉ុន្តែ ក្រុម​ពលករ​ទាំងនោះ​គ្រាន់​តែ​មាន​បញ្ហា​ខ្វះខាត​ឯកសារ ឬ​លួច​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ប៉ុណ្ណោះ។

ពលករ​ខ្មែរ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់​ដាក់​ច្រវាក់​ជា​ក្រុម និង​ពលករ​ជាប់ឃុំ​ផ្សេង​នៅតែ​តក់ស្លុត​ក្នុង​ចិត្ត នៅ​ពេល​នឹក​ដល់​ការ​ជាប់​ឃុំ​របស់​ពួកគាត់​នៅ​ប្រទេស​ថៃ។ ក្រុម​ពលករ​លើកឡើង​ថា សមត្ថកិច្ច​ថៃ យក​ពួកគាត់​ទៅ​ឃុំ​នៅ​កន្លែង​តូច​ចង្អៀត​ពោរពេញ​ដោយ​អ្នក​ជាប់ឃុំ ហើយ​នៅ​ទីនោះ​កន្លែង​គេង កន្លែង​ហូប​បាយ និង​បង្គន់​គឺ​​រួមគ្នា។

ស្ត្រី​ពលករ​ម្នាក់​ដែល​ហៅ​ឈ្មោះ​ក្រៅ​ថា ស្រី​លក្ខណ៍ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា សមត្ថកិច្ច​ថៃ​បាន​បើកឡាន​ចេញ​ឆ្មក់​ចេញ​ចាប់​ក្រុម​លោកស្រី​ដែល​ជិះឡាន​ធ្វើ​សំណង់​មួយ​កន្លែង​នៅ​ប្រទេស​ថៃ កាល​ពី​ខែ​មេសា។ លោកស្រី ឱ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ដែល​ប៉ូលិស​ថៃ ដេញ​ចាប់​ឡាន​លោកស្រី ព្រោះ​ឡាន​ដឹក​កម្មករ​នោះ​គ្មាន​ស្លាក​លេខ ហើយ​សមត្ថកិច្ច​ត្រួតពិនិត្យ​រក​ឃើញ​ថា ក្រុម​លោកស្រី​មិន​មាន​ឯកសារ​ធ្វើ​ការងារ​គ្រប់គ្រាន់ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​បាន​យក​ដាក់​ច្រវាក់​ដៃ​លោកស្រី និង​ពលករ​ជាង​១០​នាក់​ផ្សេង​ទៀត ហើយ​ដឹក​តាម​ឡាន​យក​ទៅ​ដាក់​ឃុំ។ លោកស្រី​រំលឹក​ថា ឱ្យ​តែ​នឹក​ដល់​ថា រឿង​សមត្ថកិច្ច​ថៃ​ចាប់​ដាក់​ច្រវាក់​នេះ គឺ​លោកស្រី នៅតែ​តក់ស្លុត​ក្នុង​ចិត្ត។

ស្រី​លក្ខណ៍៖ «កណ្ដោចកណ្ដែង​គ្រប់គ្នា​យំ​ទាំងអស់​តែ​គ្នា ខ្ញុំ​អត់​ដឹង​ថា ម៉េច​ដែរ​?នាំគ្នា​គ្រាន់តែ​ទោស​ប៉ុណ្ណឹង​ដល់​ថ្នាក់​ដាក់​ច្រវាក់ ហើយ​ដល់ពេល​ហើយ​នៅពេល​ខ្ញុំ​នៅ​ឃុំ គេ(សមត្ថកិច្ច​ថៃ​)គេ​ចាក់​សោ​មួយ​ជាន់​ហើយ​ស្រីៗ​គេ​ចាក់​មួយ​ជាន់​ទៀត កន្លែង​តូច»។

ស្ត្រី​ពលករ​រូប​នេះ​រៀបរាប់​ទៀត​ថា សមត្ថកិច្ច​ថៃ បាន​យក​លោកស្រី និង​ពលករ​ខ្មែរ​ផ្សេង​ទៅ​ឃុំខ្លួន​ក្នុង​បន្ទប់​ឃុំឃាំង​មួយ​កន្លែង​ដែល​បណ្ដោយ​ជាង ៥​ម៉ែត្រ និង​ទទឹង​ជាង ៤​ម៉ែត្រ ក្នុង​នោះ​មាន​អ្នក​ជាប់ឃុំ​ជនជាតិ​ខ្មែរ និង​ជនជាតិ​ផ្សេងទៀត​ជាង ៥០​នាក់។ លោកស្រី​បន្ត​ទៀត​ថា អ្នក​ជាប់ឃុំ​នៅ​ទី​នេះ​ត្រូវ​គេង​ប្រជ្រៀត​គ្នា ហើយ​ក្នុង​បន្ទប់​នោះ​ទាំង​កន្លែង​គេង កន្លែង​ហូបបាយ និង​បង្គន់​គឺ​នៅ​រួមគ្នា ហើយ​បង្គន់​នោះ គ្មាន​ទ្វារ​បិទបាំង​ជិត​នោះ​ទេ។ លោក​បន្ត​ថា អាហារ​ដែល​សមត្ថកិច្ច​ថៃ​ផ្ដល់​ឱ្យ​ពិបាក​ហូប ចំណែក​ទឹក​ផឹក គឺ​ជា​ទឹក​ចម្រុះ​ពី​ទុយោ តែបើ​អ្នក​ជាប់ឃុំ​ណា​មាន​លុយ​អាច​ទិញ​ទឹក​ទិញ​បាយ​ម្ហូប​នៅ​កន្លែង​ឃុំខ្លួន​នេះ​បាន។

ស្រី​លក្ខណ៍៖ «​ណែន​ដេក​មិន​ចង់​កើត​ទេ មុជទឹក​ហ្នឹង បង្គន់​ក៏​នៅ​ហ្នឹង ហូបបាយ​ក៏​ហ្នឹង​ស្អុះស្អាប់​ពិបាក​ណាស់ ហើយ​ទឹក​គេ​ដាក់​ទុយោ​តែ​គេ​ដាក់​ចម្រុះ​អ្នកខ្លះ​ហូប​ហើយ ឈឺ​ក​គ្រប់គ្នា​។ ខ្ញុំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​ចង់​កើត​ស្ត្រេស្ត គេ​មាន​បង្គន់​មាន​បន្ទប់ទឹក​ក្នុង​ហ្នឹង ហើយ​បង្គន់​គេ​គ្មាន​ទ្វារ​គ្មាន​អី​ទេ ចាន​បង្គន់​ចំ​មាត់​ទ្វារ​ហ្នឹង​បណ្ដោយ​ក្បាល​នៅ​ជ្រងោ​កណ្ដាល​វាល»។

លោកស្រី ស្រី​លក្ខណ៍ និង​ពលករ​ខ្មែរ​ជាង​១០​នាក់​ទៀត ដែល​ក្រុម​លោកស្រី ត្រូវ​សមត្ថកិច្ច​ដាក់​ច្រវាក់​នោះ បាន​ឃុំ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​៨​ថ្ងៃ។ សមត្ថកិច្ច​ថៃ​បាន​ដោះលែង​លោកស្រី​និង​ពលករ​ផ្សេងទៀត​កាល​ពី​ដើម​ខែ​ឧសភា ក្រោយ​ពេល​ក្រុម​ពលករ​បង់​លុយ​ឱ្យ​សមត្ថកិច្ច​ថៃ​ម្នាក់ៗ​៣​ពាន់​បាត ឬ​ជិត ១​រយ​ដុល្លារ។ ពេល​នេះ​ពលករ​ទាំង​នោះ​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​ជាង​ពីរ​សប្ដាហ៍​ហើយ។

លោកស្រី ស្រីលក្ខណ៍ រិះគន់​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក មិន​បាន​ជួយ​អន្តរាគមន៍​ដល់​លោកស្រី និង​ពលករ​ផ្សេង​ទៀត​នោះ​ទេ។ លោកស្រី​រំលឹក​ថា នៅ​ពេល​ក្រុម​លោកស្រី​កំពុង​ជាប់ឃុំ​ឃើញ​មាន​មន្ត្រី​ស្ថានទូត​ទៅ​ជួប​សមត្ថកិច្ច​ថៃ នៅ​កន្លែង​ឃុំខ្លួន​នោះ​ដែរ តែ​មន្ត្រី​ស្ថានទូត​មិន​បាន​ឱ្យ​ដឹង​ថា ពួកគេ​ជួយ​លើ​ផ្នែក​អ្វី​ដល់​ពលករ​នោះ​ទេ។ លោកស្រី​ថា នៅ​ពេល​ឃើញ​មន្ត្រី​ស្ថានទូត​បែប ក្រុម​លោកស្រី បាន​សុំ​ឱ្យ​មន្ត្រី​ស្ថានទូត​ជួយ​អន្តរាគមន៍ និង​ជួយឧបត្ថម្ភ​ថវិកា​ខ្លះ​ដល់​ក្រុម​ពលករ តែ​មន្ត្រី​ស្ថានទូត​ត្រឹម​ទិញ​ទឹក​សុទ្ធ​ពីរ​យូរ​ឱ្យ​ក្រុម​ពលករ​ដែល​ជាប់ឃុំ​ជាង ១០​នាក់។

ស្រី​លក្ខណ៍៖ «គេ​(​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​)ទៅ​មើល តែ​មិនដឹង​ថា គេ​ជួយ​ម៉េចៗ​ខ្ញុំ​អត់​ដឹង​ដែរ ខ្ញុំ​សុំ​ទឹក​គេ​បាន​ពីរ​យួរ នេះ​ខ្ញុំ​និយាយ​ឃើញជាក់ស្ដែង ឬ​គេ​បាន​ទៅ​និយាយ​ជាមួយ​ប្រធាន​គុក​គេ​ឬ​ក៏​រដ្ឋាភិបាល​គេ​អី​ដែរ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​អត់​សូវ​យល់​ដែរ»។

ចំណែក ពលករ​ខ្មែរ​ធ្វើការ​នៅ​ផ្សារ​មួយ​កន្លែង​ក្នុង​ខេត្ត​ប៉ាកធុមថានី (Pak Thum Thani ) ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៤ ខែ​មេសា លោក ព្រំ ប៊ុនថន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ដែរ​ថា សមត្ថកិច្ច​ថៃ បាន​ឃុំខ្លួន​លោក​ជាមួយ​ពលករ​ជាង​៣០​នាក់​នៅ​បន្ទប់​តូច​ចង្អៀត និង​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​ទេ។ លោក ព្រំ ប៊ុនថន ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ​ដែរ ក្រោយ​ពេល​ថៅកែ​របស់​លោក​បង់ប្រាក់​មួយ​ចំនួន​ទៅ​សមត្ថកិច្ច​ថៃ ហើយ​ពេល​នេះ​លោក​កំពុង​ធ្វើ​ការងារ​នៅ​កន្លែង​ការងារ​របស់​លោក​ដដែល។

លោក ព្រំ ប៊ុនថន៖ «ខ្ញុំ​ក៏​មាន​យោបល់​អ៊ីចឹង​ដែរ អាក្រក់​មើល ជនអន្តោប្រវេសន៍​ប៉ុណ្ណឹង​ហើយ​យើង​ខុសច្បាប់ ដល់​ថ្នាក់​ដាក់​ច្រវាក់​អាក្រក់​មើល​មែន។ សំណូមពរ​ដល់​ខាង​អង្គការ​សហប្រជាជាតិ​ឬ​អង្គការ​ណាមួយ​ទូទាំង​ពិភពលោក​នេះ​បើ​អាច​សំណូមពរ​បាន​ខាង​អាជ្ញាធរ​ថៃ បើ​សំណូមពរ​បាន ខ្ញុំ​ក៏​ជួយ​ត្រេកអរ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​មក​រស់នៅ​ស្រុក​គេ​ដែរ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់ទុក​សកម្មភាព​សមត្ថកិច្ច​ថៃ​ដាក់​ច្រវាក់​ក្រុម​ពលករ​ខ្មែរ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។ នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) ថ្លែង​ថា ទង្វើ​សមត្ថកិច្ច​ថៃ​នេះ​ជា​ការ​ប្រមាថ​មើលងាយ​ពលករ​ខ្មែរ​ដូច​សត្វ​ធាតុ។

អង្គការ​សង់ត្រាល់ (CENTRAL) រក​ឃើញ​ថា ពលករ​ខ្មែរ​ភាគច្រើន​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ពួកគាត់​ត្រូវ​បាន​រង​ការ​ធ្វើ​ទុក្ខទោស ទារុណកម្ម ដោយ​ការ​ចាប់​ដាក់​ខ្នោះ និង​ត្រូវ​ដាក់​ឱ្យ​ជាប់ឃុំ​ក្នុង​បន្ទប់​តូច​ចង្អៀត។

សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង់ត្រាល់​ចុះ​កាលពី​ថ្ងៃទី​០៣ ខែ​ឧសភា ឱ្យ​ដឹង​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ ពលករ​ខ្មែរ​ជាង ៨០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​កំឡុង​ពេល​ធ្វើដំណើរ​វិល​ត្រលប់​ទៅ​បំពេញ​ការងារ​វិញ នៅ​ប្រទេស​ថៃ​ក្រោយ​ចប់​បុណ្យ​ចូលឆ្នាំថ្មី និង​ចាប់ខ្លួន​នៅ​កន្លែង​ដែល​ពលករ​ធ្វើការ។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែឧសភា ថា ពលករ​ខ្មែរ​ដែល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ទាំងនោះ​ភាគច្រើន​ត្រូវ​បាន​ដោះលែង​វិញ​ហើយ។ លោក​ឱ្យ​ដឹង​ទៀត​ថា តាម​ច្បាប់​ប្រទេស​ថៃ ចំពោះ​អ្នក​ជាប់​ឃុំ​ស្រាលៗ ឬ​ពលករ​បរទេស​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ជាប់ឃុំ​ត្រឹម​រយៈពេល​៤៥​ថ្ងៃ គឺ​សមត្ថកិច្ច​ថៃ​នឹង​បញ្ជូន​អ្នក​ជាប់ឃុំ​ទាំងនោះ​ឱ្យទៅ​ប្រទេស​កំណើត​វិញ។ អ្នកការពារ​សិទ្ធិ​ពលករ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នក​ដែល​បន្ត​ជាប់ឃុំ​នៅ​ប្រទេស​ថៃ ព្រោះ​ពួកគេ​គ្មាន​ប្រាក់​បង់​ឱ្យ​សមត្ថកិច្ច គ្មាន​ថៅកែ​មក​ធានា និង​មិន​ទទួល​បាន​ការ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ហើយ​អ្នក​ខ្លះទៀត​សំណុំរឿង​ពួកគាត់​ត្រូវ​ឡើង​តុលាការ។

លោក លឹង សុផុន៖ «បើ​តាម​រូបភាព​ដាក់​ច្រវាក់​អ៊ីចឹង​យើង​គិតថា គាត់​(​ពលករ​ខ្មែរ​)​ជា​អ្នក​ទោស​កម្រិត​ធ្ងន់​អី​អ៊ីចឹង​តែបើ​ទោស​ធម្មតា​អី​មិន​គួរ​ដាក់​ច្រវាក់​ទេ ព្រោះ​កន្លង​មក បើ​យើង​ជាប់​ធម្មតា​ដូច​ខ្វះ​ឯកសារ​អីហ្នឹង​គ្រាន់តែ​ហាមឃាត់​ពួកគាត់​ហើយ​ឱ្យ​នៅ​ក្នុង​មន្ទីរឃុំឃាំង​អី​អ៊ីចឹង​ណា»។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​បំភ្លឺ​ពី​មន្ត្រី​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក អាន សុខខឿន បាន​ទេ​នៅ​ថ្ងៃទី​១៣ ខែ​ឧសភា។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ករណី​សមត្ថកិច្ច​ថៃ ចាប់​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់​ជាង​មួយ​ខែ​មកនេះ គឺជា​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ថៃ​។ ទោះ​យ៉ាងណា លោក​រំពឹង​ថា នៅពេល​ពលករ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​ថៃ​ជួប​បញ្ហា​ដូចនេះ គឺ​មន្ត្រី​ស្ថានទូត​ខ្មែរ​នឹង​ជួយ​ធ្វើ​អន្តរាគមន៍។

លោក សុខ ឥសាន៖ «ខ្ញុំ​មិន​ដល់​យ៉ាងម៉េច​ទេ ខ្ញុំ​យល់ថា អាជ្ញាធរ​ថៃ​គេ​ធ្វើតាម​ច្បាប់​របស់​គេ​ត្រង់​យើង​មើលឃើញ​មិន​គួរ​គប្បី​យ៉ាងណា ជា​រឿង​ទេ ក៏ប៉ុន្តែ​គេ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​របស់​ថៃ អ៊ីចឹង​យើង​គ្មាន​អី​ក្រៅ​អំពី​ទំនាក់​ទំនងជា​មនោសញ្ចេតនា​ដើម្បី​ឱ្យ​គេ​(​សមត្ថកិច្ច​ថៃ​)​ដោះលែង​បងប្អូន​ត្រឡប់​មក​ស្រុកកំណើត​វិញ»។

បើ​ទោះ​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​រំពឹង​បែប​នេះ​ក្ដី ពលករ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បានឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​មិន​បាន​ជួយ​អ្វី​ដល់​ពួកគេ​ទេ ហើយ​ប្រសិន​ពលករ​ទាំងនោះ​គ្មាន​ប្រាក់​បង់​ឱ្យ​សមត្ថកិច្ច​ថៃ ឬ​គ្មាន​ថៅកែ​បង់ប្រាក់​ធានា​នោះ​ទេ គឺ​ពួកគេ​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ឡើយ​ទេ។

លោកស្រី ស្រី​លក្ខណ៍ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាលពី​លោកស្រី​កំពុង​ជាប់ឃុំ លោកស្រី បាន​លួច​ផ្ញើ​សារ​ជា​សំឡេង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចេញ​មក​ក្រៅ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ជាប់ឃុំ​ទេ តែ​ពេលនោះ មាន​មន្ត្រី​ស្ថានទូត​ដឹង​រឿង​នេះ ហើយ​ព្រមាន​អ្នក​ជាប់ឃុំ​ថា បើ​ក្រុម​អ្នក​ជាប់​ឃុំ​ហ៊ាន​រិះគន់​ស្ថានទូត​ទៀត ពួកគាត់​នឹង​ត្រូវ​ជាប់ឃុំ​យូរ​ជាង​នេះ។

លោកស្រី ស្រី​លក្ខណ៍៖ «ជួយ​ស្អី​មក​មិន​បាន​ជួយ​ស្អី​ផង បាន​ទឹក​ពីរ​យួរ​ខ្ញុំ​និយាយ​ខ្លាំងៗ​ដែរ នៅក្នុង​ហ្នឹង(មន្ទីរឃុំឃាំង)យើង​មួម៉ៅ​ផង ហើយ​ស្ថានទូត​គេ​មក​សម្លុត​ពួក​ខ្ញុំ គេ​មិន​មក​សម្លុត​ខ្លួនឯង​ទេ គេ​ផ្ទាល់​គេ​ឱ្យ​ឆ្មាំ​គុក​មក​សម្លុត​គេ​ថា ពួក​ខ្ញុំ​ហ្នឹង​និយាយ​ផ្ដេសផ្ដាស​ម៉េច​ចង់​ជាប់គុក​ថែមទៀត​អី?ចង់​ជាប់គុក​បួន​ប្រាំ​ខែ​ទៀត​អី គេ​ថា អ៊ីចឹង ខ្ញុំ​ភ័យ​រហូត​រាល់ថ្ងៃ»។

ក្រសួង​ការងារ​ឱ្យ​ដឹង​ថា មាន​ពលករ ១​លាន ៣​សែន​នាក់ កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ប៉ុន្តែ អង្គការ​សង់ត្រាល់​រក​ឃើញ​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​នេះ មាន​ជាង ២​លាន​នាក់ បូករួម​ទាំង​ពលករ​គ្មាន​ឯកសារ​គ្រប់គ្រាន់។

ក្រុម​ពលករ​លើកឡើង​ថា ពួកគាត់​មិន​ចង់​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ទេ ប៉ុន្តែ ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន ទម្រាំ​បាន​ឯកសារ ដោយ​អ្នកខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ពី ៧​រយ ទៅ​១​ពាន់​ដុល្លារ អ្នក​ខ្លះទៀត​ដែល​មាន​ឯកសារ​រួចហើយ តែ​ត្រូវ​ផុតកំណត់ គឺ​ត្រូវ​ចំណាយ​ប្រាក់​មួយ​ចំនួន​ធំ​ថែម​ទៀត ដើម្បី​បន្ត​សុពលភាព​ប័ណ្ណ​ការងារ ហើយ​ពេលខ្លះ​ពួកគាត់​បង់លុយ​ឱ្យ​មេការ​រួចហើយ តែ​មេ​ការ​មិន​ធ្វើ​ឯកសារ​ឱ្យ​ទេ ឬ​ផ្ដល់​ឯកសារ​មក​ឱ្យ​ពួកគាត់​យឺតយ៉ាវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។