លោក ហ៊ុន សែន គ្មានគូប្រជែង!
បោះឆ្នោត ‘ក្លែងក្លាយ’ ២០១៨

កម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិលើកទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់តាំងពីប្រទេសនេះ បានរួចផុតពីសង្គ្រាមកាលពីអំឡុងទសវត្សរ៍ទី៩០។ ទោះបីជាមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ថា ការបោះឆ្នោតនេះ ជាការបោះឆ្នោត«ក្លែងក្លាយ» ដោយសារតែគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រម្លាយចោលនៅមិនដល់មុន ១ឆ្នាំ នៃការបោះឆ្នោតនេះ គណបក្សកាន់អំណាចរបស់បុរសខ្លាំងខាងប្រើអំពើហិង្សា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែជម្នះរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ ដោយពុំមានគូប្រកួតប្រជែងពិតប្រាកដឡើយ។

តើគេអាចរំពឹងអ្វីខ្លះពីលទ្ធផលនៃការបោះឆ្នោត ដ៏ចម្រូងចម្រាសនេះ?


គេអាចសន្និដ្ឋានទុកជាមុនបានទៅហើយថា គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចដឹកនាំដោយបុរសខ្លាំងខាងប្រើអំពើហិង្សា លោក ហ៊ុន សែន ជាយូរមកហើយនោះ នឹងទទួលបានជ័យជម្នះដោយស្វ័យប្រវត្តិក្នុងអាណត្តិនេះ ដោយសារអវត្តមានគណបក្សប្រឆាំងធំជាងគេដែលជាគូប្រកួតពិតប្រាកដរបស់លោក ហ៊ុន សែន។ អត្រានៃអ្នកចេញទៅបោះឆ្នោត ត្រូវរំពឹងថា នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ព្រោះក្រុមអ្នកគាំទ្របក្សប្រឆាំងដ៏ច្រើនលើសលុប អាចនឹងធ្វើពហិការមិនចេញទៅបោះឆ្នោត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ចែងនូវរាល់ដំណើរការរៀបចំការបោះឆ្នោតយ៉ាងប្រយ័ត្នប្រយែង ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជារបស់លោក អាចបន្តក្តោបក្តាប់អំណាចតទៅទៀតបានជានិរន្ត។ តាំងពីមុនការចាប់ផ្ដើមរៀបចំដំណើរការបោះឆ្នោតមកម្ល៉េះ លោក ហ៊ុន សែន បានបើកយុទ្ធនាការបង្ក្រាបជាប្រព័ន្ធ មកលើសំឡេងប្រឆាំង ដោយរំលាយគណបក្សសង្គ្រោះជាតិ ឃុំខ្លួនមេដឹកនាំ និងសកម្មជនគណបក្សនេះ ហាមឃាត់សិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន១១៨រូប រយៈពេល៥ឆ្នាំ បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល។ ករណីទាំងនោះធ្វើឡើងក្រោមលេសទប់ស្កាត់«បដិវត្តន៍ពណ៌» ដែលគណបក្សកាន់អំណាចចោទថា ជាផែនការរបស់បក្សប្រឆាំងជាមួយក្រុមប្រទេសលោកខាងលិចក្នុងការផ្ដួលរំលំរដ្ឋាភិបាល។


ព័ត៌មានចុងក្រោយជុំវិញការបោះឆ្នោត


អានបន្ថែម...

ទស្សនៈអ្នកជំនាញជុំវិញការបោះឆ្នោត


សន្លឹកឆ្នោត​ខ្ញុំ សិទ្ធិ​ខ្ញុំ ប្រទេស​ខ្ញុំ

ទស្សនៈអន្តរជាតិជុំវិញការបោះឆ្នោត


វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ជុំវិញការបោះឆ្នោត

កម្មវិធីផ្សាយប្រចាំថ្ងៃទូរទស្សន៍អាស៊ីសេរី


មតិ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ជុំវិញ​ការបោះឆ្នោត​

ហេតុផល១២ យ៉ាងដែលការបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨ គឺជាការបោះឆ្នោត «ក្លែងក្លាយ»


ហេតុផលទី ១៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោត តែងប្រើប្រាស់នូវសារនយោបាយដែលមានលក្ខណៈជាការគំរាមកំហែងគ្រប់បែបយ៉ាង។ នរណាៗក៏ដឹងដែរថា សារទាំងអស់នេះ គឺជាកម្មសិទ្ធិបញ្ញាផ្ដាច់មុខរបស់លោក ហ៊ុន សែន និងក្រុមមន្ត្រីរបស់លោក ក្នុងនោះរួមមាន សារអំពីសង្គ្រាម សារសំពងក្បាលនឹងគល់ឫស្សី សារវាយបំបាក់ធ្មេញ ឬក៏កម្ចាត់មនុស្ស១០០ទៅ២០០នាក់ ព្រមទាំងសារដែលថាឲ្យត្រៀមក្ដារមឈូសជាដើម។

ហេតុផលទី ២៖ ភាពលម្អៀង និងមិនអព្យាក្រឹត្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបង្ហាញឲ្យឃើញតាមរយៈសមាជិកក្បាលម៉ាស៊ីនដឹកនាំទាំង៩រូបរបស់ស្ថាប័នមួយនេះ ដែលសុទ្ធតែជាក្រុមមន្ត្រីដែលមានទំនោរទៅរកគណបក្សប្រជាជនកម្ពុជា ខណៈដែលស្ថាប័ននេះ ពុំមានតំណាងមកពីអង្គការសង្គមស៊ីវិល ឬគណបក្សប្រឆាំង ដើម្បីធានាពីឯករាជ្យភាព និងអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះនោះឡើយ។

ហេតុផលទី ៣៖ ការបង្កើតច្បាប់ដែលមានលក្ខណៈជាការរឹតត្បិត និងគាបសង្កត់។ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានចំណាយរយៈពេលពេញមួយអាណត្តិ៥ឆ្នាំ តាក់តែង និងបង្កើតច្បាប់ថ្មីៗជាច្រើន ក្នុងគោលបំណងដើម្បីបង្កើនការគ្រប់គ្រងរបស់រដ្ឋាភិបាល និងរឹតត្បិតលំហប្រជាធិបតេយ្យ សេរីភាព របស់គណបក្សប្រឆាំង សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល សហជីពឯករាជ្យ ប្រព័ន្ធផ្សព្វផ្សាយ និងសំឡេងប្រឆាំងដទៃទៀត។ ច្បាប់ដ៏ប្រទាញប្រទង់ទាំងនេះ រួមមាន៖

ក) ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ច្បាប់ទាំងនេះ តម្រូវឲ្យគណបក្សនយោបាយជាប់ឆ្នោតទាំងអស់ ត្រូវតែទទួលយកលទ្ធផលបោះឆ្នោតស្ថាពរ ព្រោះបើមិនដូច្នោះទេ អាសនៈរបស់គណបក្សជាប់ឆ្នោតដែលចង់តវ៉ានឹងលទ្ធផលបោះឆ្នោត អាចនឹងត្រូវដកហូតយកមកបែងចែកឲ្យគណបក្សនយោបាយដទៃទៀត។ មាត្រានេះ រារាំងគណបក្សនយោបាយ មិនឲ្យមានឱកាសធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ប្រើប្រាស់សិទ្ធិធ្វើពហិការ ឬធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការលួចបន្លំសន្លឹកឆ្នោតណាមួយនោះឡើយ។ បន្ថែមពីនេះ ក៏មានមាត្រាចែងថា គណបក្សនយោបាយដែលត្រូវ តុលាការកំពូលរម្លាយចោល អាសនៈរបស់គណបក្សនោះ នឹងត្រូវយកទៅបែងចែកឲ្យគណបក្សដទៃ បើទោះគណបក្សដទៃមិនត្រូវបានពលរដ្ឋបោះឆ្នោតផ្ដល់សំឡេងគាំទ្រឲ្យមានអាសនៈ ជាប់ក្នុងរដ្ឋសភាជាតិក៏ដោយ។ មាត្រាថ្មីនៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា បុគ្គលដែលជាប់ពិរុទ្ធភាព មិនអាចធ្វើជាប្រធានគណបក្សនយោបាយបានឡើយ ព្រោះបើមិនដូច្នោះទេ គណបក្សរបស់ខ្លួននឹងរងនូវការរម្លាយចោល។

ខ) ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៖ ច្បាប់ទាំងនេះ មានគោលដៅគ្រប់គ្រងរាល់ការសុំចុះបញ្ជី ការបង្កើតសហជីព ឬសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ការទទួលហិរញ្ញប្បទាន ឬប្រភពថវិកាពីរដ្ឋបរទេស ដែលផ្ដល់ដល់សហជីព សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ។

គ) ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ៖ ច្បាប់ទាំងនេះ ផ្ដល់សិទ្ធិ និងអំណាចច្រើនលើសលប់ដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការចាត់ចែង និងគ្រប់គ្រងប្រព័ន្ធយុត្តិធម៌របស់រដ្ឋ ដែលធ្វើឲ្យបាត់បង់ភាពឯករាជ្យរបស់ស្ថាប័នរដ្ឋមួយនេះ។

ឃ) ការធ្វើវិសោធនកម្មលើក្រមព្រហ្មទណ្ឌ ដោយបន្ថែមប្រការស្តីពីទោសទណ្ឌនៃការប្រមាថព្រះមហាក្សត្រ៖ ការបន្ថែមប្រការនេះ បង្កើតឡើងក្នុងគោលដៅបំបិទមាត់ក្រុមអ្នករិះគន់រដ្ឋាភិបាល និងសំឡេងប្រឆាំង។

ង) ការធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញ រួមមានបទប្បញ្ញត្តិ តម្រូវឲ្យគណបក្សនយោបាយតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ដោយប្រយោល ឬដោយផ្ទាល់ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរឡើយ។ បន្ថែមពីលើនេះ ក៏មានបទប្បញ្ញត្តិប្រឆាំងនឹងការជ្រៀតជ្រែករបស់រដ្ឋបរទេសមកលើកិច្ចការផ្ទៃក្នុងកម្ពុជា និងការដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ របស់បុគ្គលឬអ្នកនយោបាយណាមួយ ដែលបានរំលោភបទប្បញ្ញត្តិនេះ។

ហេតុផលទី ៤៖ អ្នកសង្កេតការណ៍ការបោះឆ្នោតភាគច្រើន មកពីប្រទេសដែលមិនមានការគោរពលទ្ធិប្រជាធិបតេយ្យ ឬជាក្រុមប្រទេសប្លុកកុម្មុយនិស្តដែលមិនធ្លាប់រៀបចំការបោះឆ្នោតពិតប្រាកដ៖ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សម្រេចច្បាស់ហើយថា នឹងមិនចូលរួមតាមដានដំណើរការនៃការបោះឆ្នោតនេះទេ។ ក្នុងចំណោមអ្នកសង្កេតការណ៍ជាង ៥ម៉ឺននាក់ដែលគ.ជ.ប បានប្រកាសនាពេលកន្លងមកនេះ អ្នកសង្កេតការណ៍អន្តរជាតិ ១៧ ស្ថាប័នមកពីប្រទេសកុម្មុយនិស្តចិន ប្រទេសសិង្ហបុរី ប្រទេសរូម៉ានី ប្រទេសរុស្សី ជាដើម។ល។

ហេតុផលទី ៥៖ ការទិញសន្លឹកឆ្នោត និងនយោបាយប្រជាភិថុតិ៖ លោក ហ៊ុន សែន បានចំណាយពេល ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក យ៉ាងហោចណាស់ពេញ ១ ឆ្នាំ នៅមុនពេលថ្ងៃបោះឆ្នោតជាតិមកដល់ ដោយលោកបានចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរជិត ៧០ម៉ឺននាក់ ហើយចែកថវិកាដល់ពួកគេក្នុងម្នាក់ៗ ៥ដុល្លារ។ ថវិកាជាតិមិនតិចជាង ៣,៥ លានដុល្លារអាមេរិកទេ ត្រូវបានលោក ហ៊ុន សែន យកមកចាយវាយដើម្បីទាក់ទាញ និងទិញទឹកចិត្តក្រុមកម្មករ-កម្មការិនី ធ្វើយ៉ាងណាឲ្យពួកគេបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក។ លោក ហ៊ុន សែន ក៏បានដាក់ចេញនូវកញ្ចប់គោលនយោបាយ «គាំពារសង្គម» បែបទាក់ទាញប្រជាប្រិយភាពដទៃទៀតដូចជា ការដំឡើងប្រាក់ខែ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ជនពិការ និងចាស់ជរា ព្រមទាំងការផ្ដល់សេវាដឹកជញ្ជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋនៅតំបន់មួយចំនួន ដោយមិនគិតថ្លៃជាដើម។

ហេតុផលទី ៦៖ ការកំណត់ព្រំដែន ឬបង្កើតមណ្ឌលបោះឆ្នោតថ្មីដើម្បីកេងចំណេញនយោបាយ៖ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ក្រោយពីគណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោត និងរបូតអាសនៈសភាអស់ជាច្រើនទៅគណបក្សប្រឆាំង ខេត្តកំពង់ចាមត្រូវបានពុះច្រៀកជាពីរ ដោយមួយចំហៀងភាគបូព៌ានៃខេត្តនេះ ដែលសុទ្ធតែជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានក្លាយជាទឹកដីខេត្តថ្មីមួយ គឺខេត្តត្បូងឃ្មុំ។ ដោយឡែកសម្រាប់ក្រុងភ្នំពេញវិញ ខណ្ឌថ្មីចំនួន ៣ រួមមាន ខណ្ឌច្បារអំពៅ ព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ត្រូវបានបង្កើតបន្ថែមពីលើខណ្ឌសរុបចំនួន៩ ដែលមានស្រាប់នៅក្រុងភ្នំពេញ នៅរយៈពេលតែប៉ុន្មានខែមុនការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង ស្រុក/ខណ្ឌ មកដល់ កាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅ។

ហេតុផលទី ៧៖ ដំណើរឈានទៅរករបបគ្រប់គ្រងតពូជ៖ នៅរយៈពេលប៉ុន្មានខែមុនការបោះឆ្នោត កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានជួបជាមួយក្រុមមេដឹកនាំថ្នាក់តំបន់ក្នុងជំនួបឯកជនមិនធ្លាប់មានពីមុនមក រួមមាននាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិន ហ្សូអាបេ (Shinzo Abe) និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ជាដើម។ ជំនួបដ៏កម្រនេះ ទំនងជាលោក ហ៊ុន សែន ចង់បង្ហាញមុខ និងណែនាំកូនប្រុសរបស់លោករូបនេះ ឲ្យមេដឹកនាំក្នុងតំបន់ទាំងនោះ ស្គាល់ជាបណ្ដើរៗ ហើយក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់លោក យកទៅចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។ របបលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះទៀតសោត ក៏គ្រោងនឹងដំឡើងឋានន្តរសក្ដិលោក ហ៊ុន ម៉ាណែត ជានាយឧត្ដមសេនីយ៍ផ្កាយមាស ៤ ស្របពេលដែលនៅមិនដល់១ខែមុនការបោះឆ្នោត លោកក៏ត្រូវបានដំឡើងតំណែងឲ្យក្លាយជានាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី បន្ថែមលើមុខងារបច្ចុប្បន្នរបស់លោក ដែលជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម។

ហេតុផលទី ៨៖ ការបង្ក្រាបឥតស្រាកស្រាន្ត មកលើគណបក្សប្រឆាំង និងសង្គមស៊ីវិល៖ គណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រម្លាយចោលនៅមុនពេលបោះឆ្នោតមិនដល់មួយឆ្នាំ ក្រោមលេសថា គណបក្សនេះបានចូលដៃចូលជើងជាមួយក្រុមប្រទេសបស្ចិមលោក ប៉ុនប៉ងធ្វើ «បដិវត្តពណ៌» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ សមាជិក-សមាជិកាជាន់ខ្ពស់គណបក្សនេះចំនួន ១១៨រូប ត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។ បន្ថែមពីលើនេះ អាសនៈរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាប់ឆ្នោតទាំង ៥៥ រូប ក្នុងរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិជាប់ឆ្នោតសរុបចំនួន ៥.០០៧ អាសនៈ នៅទូទាំងប្រទេស ត្រូវបានគណបក្សកាន់អំណាច បែងចែក និងយកទៅចែកឲ្យគណបក្សនយោបាយមិនជាប់ឆ្នោតដទៃទៀតដែលមានទំនោរទៅរករបបលោក ហ៊ុន សែន ក្រោយការរម្លាយនៃគណបក្សសង្គ្រោះជាតិ។ មន្រី្ត និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន រួមទាំង ប្រធានគណបក្សនេះផងដែរ គឺលោក កឹម សុខា ត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគាររហូតមកទល់ពេលបច្ចុប្បន្ន ដោយមិនទាន់បើកសវនាការលើអង្គសេចក្តី។ ដោយឡែក អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានធ្វើឲ្យជាប់ពាក់ព័ន្ធក្នុងបណ្ដឹងក្តីក្ដាំតាមផ្លូវតុលាការមិនតិចជាង១០បណ្ដឹងឡើយ បណ្ដាលឲ្យលោកត្រូវប្រឈមជាប់ពន្ធនាគារជាច្រើនឆ្នាំ និងការបង់ពិន័យជាប្រាក់រាប់លានរៀល។ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI របស់សហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលបណ្ដេញចេញ ខណៈដែលបន្ទប់ស្ថានការណ៍ ដែលជាបណ្តុំអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការបោះឆ្នោត មកពីជាង ៤០ ស្ថាប័ន ត្រូវបានបិទមិនឲ្យដំណើរការ។ អង្គការឃ្លាំមើលបរិស្ថានឈ្មោះ មាតាធម្មជាតិ ក៏ត្រូវបង្ខំចិត្តបិទទ្វារឈប់ប្រតិបត្តិការផងដែរ។

ហេតុផលទី ៩៖ ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ៖ កាសែត ឌឹ ខែមបូឌ៊ា ដេលី (The Cambodia Daily) បានប្រកាសបិទទ្វារ ក្រោយពីបានប្រតិបត្តិការអស់រយៈពេលជាង ២៤ ឆ្នាំ រួចមក ដោយសារតែជំពាក់ប្រាក់ពន្ធដ៏ច្រើនលើសលុបកំណត់ដោយរបបលោក ហ៊ុន សែន។ ការិយាល័យវិទ្យុអាស៊ីសេរី ប្រចាំក្រុងភ្នំពេញ ក៏ត្រូវបង្ខំចិត្តបិទទ្វារ ក្រោយដំណើរការអស់រយៈពេលជិត ២០ ឆ្នាំ ក្រោមហេតុផលស្រដៀងគ្នានេះ។ កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាអង្គភាពព័ត៌មានឯករាជ្យចុងក្រោយនៅកម្ពុជា បានស្ថិតក្នុងភាពច្របូកច្របល់ ក្រោយពីមានកិច្ចព្រមព្រៀងទិញលក់ជាមួយម្ចាស់ហ៊ុនថ្មី ដែលមានទំនោរទៅរករបបលោក ហ៊ុន សែន។ ស្ថានីយវិទ្យុផ្សាយសំឡេងក្នុងស្រុកជិត ២០ ស្ថានីយ ត្រូវបានរបបលោក ហ៊ុន សែន តម្រូវឲ្យបញ្ឈប់ការផ្សាយ ខណៈសារព័ត៌មានអនឡាញ និងបណ្ដាញសង្គម ក៏កំពុងប្រឈមនឹងការរឹតត្បិត និងតាមឃ្លាំមើលយ៉ាងដិតដល់ពីរបបលោក ហ៊ុន សែន នៅអំឡុងពេលបោះឆ្នោត។

ហេតុផលទី ១០៖ យុទ្ធនាការមួលបង្កាច់ព័ត៌មាន និងការបង្កើតព័ត៌មានក្លែងក្លាយ៖ នៅមុនពេលឈានទៅរកការបោះឆ្នោត គណបក្សកាន់អំណាច បានចាប់ផ្ដើមបើកយុទ្ធនាការមួលបង្កាច់ព័ត៌មានជាហូរហែរ ដែលរួមមានទាំងការចែករម្លែកព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហារមកលើក្រុមមន្ត្រីគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សមាជិកអង្គការសង្គមស៊ីវិលនានាជាដើម។ យុទ្ធនាការនេះ ប្រែក្លាយរិតតែអាក្រក់ ដោយសារអង្គភាពព័ត៌មាន ហ្វេ្រសញ៉ូវ (Fresh News) បានក្លាយជាមធ្យោបាយ ឬ «រោងចក្រ» ចែកចាយព័ត៌មានក្លែងក្លាយ ការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាលក្ខណៈឯកជន និងព័ត៌មានឯកជនដទៃទៀត ពាក់ព័ន្ធបុគ្គលមួយចំនួន ដែលរបបលោក ហ៊ុន សែន កំណត់គោលដៅធ្វើការឃ្លាំមើលជាប្រចាំ។

ហេតុផលទី ១១៖ គណបក្ស «អំពិលអំពែក» ឬគណបក្សដែលមាននិន្នាការប្រឆាំងមិនច្បាស់លាស់៖ រួមទាំងគណបក្សប្រជាជនកម្ពុជា មានគណបក្សនយោបាយចំនួន ២០ ប្រកាសចូលរួម «ប្រកួតប្រជែង» នៅក្នុងការបោះឆ្នោតនេះ។ ក៏ប៉ុន្តែ គណបក្សចំនួន១៩ទៀត សុទ្ធសឹងតែជាគណបក្សដែលភាគច្រើនគេមិនសូវស្គាល់ ឬជាគណបក្សទើបបានបង្កើតថ្មី ជាគណបក្សតូចតាច ឬដែលមិនសូវមានឥទ្ធិពល ហើយដែលតែងតែមានវត្តមាន តែក្នុងរដូវកាលនៃការបោះឆ្នោត ហើយបាត់ស្រមោលទៅវិញនៅក្រោយការបោះឆ្នោតរួច។ គណបក្សទាំងនេះ ត្រូវបានគេចាត់ទុកថា ជាគណបក្ស «អំពិលអំពែក» ឬគណបក្ស «អាប» ហើយភាគច្រើន ជាគណបក្សដែលមានសម្ព័ន្ធភាពល្អជាមួយ ឬមានទំនោរទៅរកគណបក្សប្រជាជនកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីបំភ័ន្តមតិអន្តរជាតិ ថាជាការបោះឆ្នោតដែលមានការប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ។

ហេតុផលទី ១២៖ ប្រព័ន្ធនយោបាយទាំងមូលនៅកម្ពុជា គឺបង្កើតឡើងដើម្បីគាំទ្រដល់ក្បាលម៉ាស៊ីននយោបាយរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាច ដើម្បីធានាថា គ្មានឡើយឱកាសនៃការចាញ់ឆ្នោត ពោលគឺដូចអ្វីដែលគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន តែងតែនិយាយជាច្រើនលើកជាច្រើនសារថា៖ «គណបក្សប្រជាជនកម្ពុជា នឹងឈ្នះ និងបន្តគ្រប់គ្រងប្រទេសកម្ពុជាជារៀងរហូត។»

តាមរយៈហេតុផលទាំង១២នេះ គេអាចដឹងយ៉ាងច្បាស់ថា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងនៅតែឈ្នះការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដានេះ ព្រោះតែគ្មានគូប្រកួតពិតប្រាកដ ហើយធ្វើឡើងដើម្បីជាការបង្គ្រប់កិច្ច បោកបញ្ឆោតមតិជាតិ និងអន្តរជាតិ ដើម្បីទទួលបានភាពស្របច្បាប់តែប៉ុណ្ណោះ៕

ការបង្ក្រាបសំឡេងរិះគន់


អង្គការអន្តរជាតិថ្កោលទោសនិងអំពាវនាវឲ្យសហគមន៍អន្តរជាតិ
ដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន

ក្រុមអង្គការអន្តរជាតិល្បីឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ នាំគ្នាថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងចាស់ដៃ ក្រោយការរម្លាយគណបក្សប្រឆាំង។ អង្គការទាំងនោះ ក្រៅពីហៅការរម្លាយនេះជាសោកនាដកម្ម និងមរណភាពជាស្ថាពរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពួកគេអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្ទាន់ និងកុំឲ្យទទួលស្គាល់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខនេះ ជាដាច់ខាត បើសិនជាពុំមានដំណោះស្រាយនយោបាយរួមណាមួយនោះ។

អានបន្ថែម...

- សេចក្ដីថ្លែងការណ៍របស់អាស៊ីសេរី
ចំពោះការផ្អាកប្រតិបត្តិការនៅកម្ពុជា

អស់រយៈពេលជិត ២០ឆ្នាំមកហើយដែលវិទ្យុអាស៊ីសេរី (RFA) បាននាំមកជូនប្រជាពលរដ្ឋកម្ពុជា នូវដំណឹង និងព័ត៌មានឯករាជ្យ ប្រកបដោយភាពជឿជាក់ និងជាទីទុកចិត្ត។ ជាការគួរ ឲ្យសោកស្ដាយបំផុតដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទីក្រុងភ្នំពេញ របស់ខ្លួនមួយរយៈ។

- មនុស្ស​រាប់​សែន​​នាក់​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ

សពលោកបណ្ឌិត កែម ឡី បានដង្ហែដល់ភូមិកំណើតលោកនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោងជិត ៦ល្ងាចថ្ងៃទី២៤ ខែកក្កដា ក្រោយពីចំណាយពេលវេលាដង្ហែក្បួនជាង ១០ម៉ោង នៅលើដងផ្លូវជាង ៨០គីឡូម៉ែត្រ។ ពិធីដង្ហែសពបណ្ឌិត កែម ឡី អមដោយមានអ្នកចូលរួមប្រមាណ ២លាននាក់មកពីគ្រប់ទិសទីមកពីតំបន់ជនបទនិងទីក្រុង។

អំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ


HRW ជំរុញ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ "ឧត្ដមសេនីយ៍​បាត​ដៃ​កខ្វក់​១២រូប" របស់​លោក ហ៊ុន សែន​

ក្រសួង​ការពារ​ជាតិ​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​យូ​មែន​រ៉ាយ វ៉ច្ឆ (Human Rights Watch) ដែល​ចោទ​នាយ​ឧត្ដមសេនីយ៍​ក្នុង​ជួរ​កង​កម្លាំង​សន្តិសុខ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​១២រូប​ថា មាន​បាតដៃ​កខ្វក់ រំលោភ​សិទ្ធិ​មនុស្ស។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទើបតែបានចេញផ្សាយនូវរបាយការណ៍ថ្មីសន្លាងមួយ ស្ដីពី «បុគ្គលនាយឧត្ដមសេនីយ៍មានបាតដៃកខ្វក់១២រូបរបស់កម្ពុជា៖ ប្រវត្តិរំលោភសិទ្ធិមនុស្សដ៏យូរអង្វែងនៃនាយឧត្ដមសេនីយ៍របស់លោក ហ៊ុន សែន»។

អានបន្ថែម...

ការបង្កើតច្បាប់ថ្មីៗដែលមានលក្ខណៈរឹតត្បិតខ្លាំង


អ្នក​វិភាគ​ថា​ការ​យាង​ចេញ​ក្រៅ​ប្រទេស​របស់​ព្រះមហាក្សត្រ​មិន​មែន​ជា​ការ​ចៃដន្យ

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានចាកចេញពីប្រទេសកម្ពុជា ហើយ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដើម្បីទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពទៅទីក្រុងប៉េកាំង ប្រទេសចិន។ ការចាកចេញរបស់ព្រះអង្គនៅពេលនេះ ធ្វើឡើងមុននឹងព្រះអង្គត្រូវឡាយព្រះហស្តលេខាលើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌដែលព្រឹទ្ធសភាបានអនុម័តនៅដើមសប្ដាហ៍នេះ។ ច្បាប់ទាំងនោះត្រូវរងការរិះគន់ថា បានរំលោភសិទ្ធិមនុស្ស និងអនុម័តដោយសភាខុសច្បាប់។

"វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ប៉ះ
ពាល់​ដល់​គ្រប់​បក្ស​នយោបាយ​និង​អភិបាលកិច្ច"

សេចក្ដីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មីដ៏ ចម្រូងចម្រាស ដែលក្រុមប្រឹក្សាធម្មនុញ្ញទទួលស្គាល់ជាផ្លូវការហើយនោះ ត្រូវបានអ្នកវិភាគមើលឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញរងសម្ពាធផ្នែកនយោបាយ ដោយទទួលស្គាល់ច្បាប់នេះគ្មានការកែប្រែអ្វីឡើយ។ អ្នកច្បាប់មើលឃើញថា ច្បាប់នេះគឺជាច្បាប់ដែលមិនបម្រើដល់ប្រយោជន៍ប្រទេសជាតិ និងជាច្បាប់អាក្រក់ហួសហេតុ តែបែរជាតំណាងរាស្ត្រ ព្រឹទ្ធសភាឯកបក្ស និងក្រុមប្រឹក្សាធម្មនុញ្ញនៅតែបោះជំហានទៅមុខ ហើយទទួលស្គាល់ដោយបិទផ្លូវតវ៉ា។

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​បោះឆ្នោត​ចំនួន​៤​ដែល​​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស

ព្រឹទ្ធសភា សម្រេច​អនុម័ត​ច្បាប់​ចំនួន ៤ ដ៏​ប្រញាប់​ដែល​ទាក់ទិន​នឹង​ការ​បោះឆ្នោត ក្រោយ​ពី​រដ្ឋសភា​ដែល​សុទ្ធ​សឹង​តែ​ជា​សមាជិក​បក្ស​កាន់​អំណាច បោះ​ឆ្នោត​គាំទ្រ មិន​ដល់​មួយ​ផ្សែង​ធូប​ផង។ ច្បាប់​ទាំង​នេះ ដែល​ត្រូវ​រង​ការ​រិះគន់​ថា ធ្វើ​តាម​បំណង​របស់​លោក ហ៊ុន សែន គឺ​ជា​ផ្នែក​មួយ ដែល​អាច​ជួយ​ជំរុញ​ឲ្យ​តុលាការ​កំពូល ឈាន​ទៅ​រំលាយ​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ ហើយ​អាសនៈ ទាំង ៥៥​អាសនៈ របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រដ្ឋសភា និង​ត្រូវ​ហែក​ចែក​គ្នា​ស៊ី ទៅ​តាម​លំដាប់។

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​ដោយ​ឯក​បក្ស

សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បានតំណាង​រាស្ត្រ​ទាំង ៦៨​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​យ៉ាង​រលូន​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា នេះ។ ចំណែក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​វិញ ធ្វើ​ពហិការ​មិន​ចូលរួម​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ឡើយ ស្រប​ពេល​អង្គការ​សមាគម និង​សហគមន៍​អន្តរជាតិ បង្ហាញ​ការ​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​នេះ។

ព្រឹទ្ធ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ដោយ​គ្មាន​សំឡេង​គាំទ្រ​ពី​បក្ស​ប្រឆាំង

ព្រឹទ្ធ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព ដោយ​សំឡេង​គាំទ្រ ៤០ លើ ៤៦ ដោយ​គ្មាន​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស សម រង្ស៊ី ដែល​ចូលរួម​ប្រជុំ​នោះ​ទេ។ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ស្នើ​ឲ្យ​ស្ថាប័ន​កំពូល​នីតិប្បញ្ញត្តិ​នេះ បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ទៅ​រដ្ឋសភា​អោយ​ពិនិត្យ​កែប្រែ​ខ្លឹមសារ​ឡើង​វិញ​ឲ្យ​បាន​យ៉ាង​តិច ៥០​ភាគរយ។

សង្គម​ស៊ីវិល​ថ្កោលទោស​រដ្ឋសភា​អនុម័ត​ច្បាប់​កែទម្រង់​ប្រព័ន្ធ​តុលាការ

អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន ៩ ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​២៦ ឧសភា ថ្កោល​ទោស​រដ្ឋសភា ដែល​បាន​អនុម័ត​​ច្បាប់​ចំនួន​បី ទាក់ទង​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដែល​មាន​ខ្លឹមសារ​ចន្លោះ​ប្រហោង ហើយ​បាន​អំពាវនាវ​សុំ​ឲ្យ​ដាក់​ច្បាប់​ទាំង​នោះ ពិភាក្សា​ជា​សាធារណៈ​ជាថ្មី​ម្ដង​ទៀត។

ប្រតិកម្មពីសហគមន៍អន្តរជាតិ


សហភាព​អឺរ៉ុប​បញ្ជូន​គណៈប្រតិភូ​ទៅ​កម្ពុជា​មុននឹង​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ

សមាជិកសភា​អឺរ៉ុប​អ្នកស្រី បាបារ៉ា ឡុចប៊ីល័​រ (Babara Lochbihler) សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធើ (Twitter) ថា សហភាព​អឺរ៉ុប​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត រយៈពេល​មួយ​សប្ដាហ៍​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ កក្កដា។ បេសកកម្ម​នេះ​ធ្វើឡើង ដើម្បី​វាយតម្លៃ​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចំពោះ​ទំនិញ​នាំចូល​ពី​កម្ពុជា។ អ្នកស្រី បាបារ៉ា និង​សមាជិកសភា​អឺរ៉ុប ១៧​រូប​ទៀត ក៏បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ពេល​នេះ ហើយ​ទាមទារ​អោយ​មាន​ការ​បង្ហាញ​លទ្ធ​ផល​ជា​សាធារណៈ​ទៅកាន់​ប្រជាពលរដ្ឋ​និង​សភា​អឺរ៉ុប នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម​ស្វែងរក​ការពិត​នោះ​ដើម្បី​ឲ្យ​មាន​តម្លាភាព។

កាលប្បវត្តិនៃដំណើរការបោះឆ្នោត «ក្លែងក្លាយ»


បទសម្ភាសន៍