សហភាពអឺរ៉ុបព្រមាន​កម្ពុជា​ជា​ចុងក្រោយថានឹង​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សម្លៀក​បំពាក់

លោក មួង ណារ៉េត
2017-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។
កម្មការិនី​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP File Photo

តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ព្រមាន​កម្ពុជាជាចុងក្រោយ ថានឹងបញ្ឈប់​ការអនុគ្រោះពន្ធ​នាំចេញ​សម្លៀកបំពាក់ និងបញ្ឈប់​ការ​លើក​លែង​ពន្ធលើ​ការនាំចេញ​ផលិតផល​ផ្សេងៗទៀត ពីកម្ពុជា​ទៅកាន់ទីផ្សារ​អឺរ៉ុប ប្រសិនរដ្ឋាភិបាល​លោក ហ៊ុន សែន ​មិន​លុបចោលការ​ម្លាយ​គណបក្ស​ប្រឆាំង និងដោះលែង​លោក កឹម សុខា ជាបន្ទាន់នោះទេ។

អនុប្រធាន​សហភាព​អឺរ៉ុប​អ្នក​ស្រី ហ្វេឌើរីកា ​ម៉ូហ្គែរីនី (Federica Mogherini) ប្រាប់​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន តាម​រយៈ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស ប្រាក់​ សុខុន ឲ្យ​ប្រញាប់​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង លុបចោល​ការ​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ សហភាព​អឺរ៉ុប​ នឹង​អនុវត្ត​ទៅតាម​សេចក្ដី​ថ្លែងការណ៍​ព្រមាន​ជាច្រើន​សា​របស់​ខ្លួនអំពី​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ទំនិញ​ពី​កម្ពុជា រួម​ទាំង​ទាំង​សំលៀក​បំពាក់ និងស្បែក​ជើង​ផង​ដែរ។

សារ​ព្រមាន​ធ្ងន់​ៗ ដែល​នឹង​អាច​ប៉ះពាល់ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់​នេះ ធ្វើឡើង​កាល​ពី​ថ្ងៃទី​២០ ខែវិច្ឆិកា ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេស​អាស៊ី-អឺរ៉ុប លើក​ទី ១៣ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទី​ក្រុង​ណៃ​ពី​ដោ ប្រទេស​ភូមា ឬ ​មីយ៉ាន់ម៉ា។

អ្នកស្រី ​ហ្វេឌើរីកា ម៉ូហ្គែរីនី​ ដែល​ជា​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​ជា​សភាជិក​ចំនួន​ ២៨ ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​នេះ បាន​សង្កត់​ធ្ងន់ និង​រម្លឹក​រដ្ឋាភិបាល​លោក ហ៊ុន សែន សា​ជា​ថ្មី​ម្ដង​ទៀត​ ថា​ការ​អនុ​គ្រោះ​ពន្ធ​ និង​ជំនួយ​ផ្សេងៗ​របស់​សហភាព​អឺរ៉ុប គឺ​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌនៃ​ការ​គោរព​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ ប៉ុន្តែ អ្នកស្រី​លើកឡើង​ថា ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ធ្វើ​ទុក្ខបុកម្នេញ​ មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និងប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ពេល​ថ្មីៗ​នេះ​ គឺ​ជា​ការ​ធ្វើ​ដំណើរ​ប្រាស​ចាក​ឆ្ងាយ​ពី​ការ​គោរព​សិទ្ធិមនុស្ស និងការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ជា​លក្ខខណ្ឌ​តម្រូវមុននឹង​បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ​បែប​នេះ។

សារ​ព្រមាន​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ភ្លាមៗ​នេះ ធ្វើ​ឡើង​តែ​មួយថ្ងៃក្រោយ​លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន ថ្លែង​សារ​ឌឺដង​ឲ្យ​សហរដ្ឋ​អាមេរិក ផ្ដាច់​ជំនួយ​ទាំងអស់​មក​កម្ពុជា​ និងផ្គើន​ដាក់​សហគមន៍​អឺរ៉ុប ឲ្យ​កាត់​ផ្ដាច់​ជំនួយ​អនុគ្រោះ​ពន្ធ​ផ្នែក​វិស័យ​កាត់​ដេរ៖ «ហើយ​ខ្ញុំ​ស្វាគមន៍​ណាស់! ស្វាគមន៍​អាមេរិក​កាត់​ជំនួយ។ យកល្អ​អំពាវ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ទាំងអស់​​តែ​ម្តង​ទៅ។ បើ​កាត់​ទៅ​នឹង​ងាប់​អង្គការ NGOs ក្នុង​ស្រុក​ទាំងអស់! ទៅ​សម្លាប់​កូន​របស់​អ្នក​ឯង​ទាំងអស់​តែ​ម្តង​ទៅ! ស្អីឡើង​កាត់ៗ កាត់​ កាត់​ទៅ កាត់​តែ​ម្តង​ទៅ ចាំបាច់​និយាយ​ច្រើន​ម្ល៉េះ? អ្នក​ខ្លះ​គំរាម​គេ​ថា​បិទ​ផ្សារ​។ អ្នក​ឯង​បិទ​លមើល​ អ្នកឯង​បិទ​ ក៏​អ្នក​ឯង​ត្រូវ​ទទួល​ខុសត្រូវចំពោះ​មុខ​វិស័យ​​ឯក​ជន​របស់​អ្នកឯង​ ដែល​បាន​ចុះ​កុង​ត្រា​ទិញរួច​ហើយ។ អ្នក​ឯង​បិទ​ជា​នយោបាយ ប៉ុន្តែ​អនុវត្ត​មិន​បាន​ទេ»

អ្នកវិភាគផ្នែកសេដ្ឋកិច្ច និងសង្គម សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងអំពី​ផល​ប៉ះពាល់ នៃការ​កាត់​ផ្តាច់​ជំនួយ​ ពី​ប្រទេស​មហាអំណាច។ ផល​ប៉ះ​ពាល់​ធំ​ជាង​គេ​គឺ​មិន​មែន​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះទេ គឺ​ប៉ះពាល់​លើ​កម្មករ​វិស័យ​កាត់​ដេរ ដែល​មាន​ជិត​មួយ​លាន​នាក់ និងផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ជាតិ​ទាំងមូល ដោយសារ​ប្រទេសកម្ពុជា ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំចេញ​ ផ្នែក​វិស័យ​កាត់​ដេរ ដែល​មាន​អំណោយផល​ ដោយ​សារ​ការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក និងសហគមន៍​អឺរ៉ុប​នេះឯង។

អ្នក​នយោបាយ​ជើង​ចាស់​លោក​ព្រឹទ្ធាចារ្យ​ លឺ ឡាយ ស្រេង ក៏​មើល​ឃើញ​នូវ​ផល​ប៉ះពាល់​យ៉ាង​ដំណំ​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ រាប់​លាន​នាក់​ឯណោះ ប្រសិនបើ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ផ្តាច់​ជំនួយ​សេដ្ឋកិច្ច​ ឬ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធនេះ «ខ្មែរ​រាប់​លាននាក់ អ្នក​ធ្វើ​ការ​ទាំងអស់​ រាប់​មួយ​លាន​ប្លាយ​នាក់ អ្នកលក់ដូរ​ និងអ្នកផ្សេងផង ឲ្យ​ពួកគាត់​ទៅធ្វើ​ស្រែឬយ៉ាង​ម៉េច? តើ​ពួកគាត់​អាច​ទៅ​ស្ទូង​ស្រូវ​វិញ​កើត​ទេ

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មួយភាគធំគឺ​បាន​មកពីការ​នាំ​ចេញ​ទំនិញ​ ជាពិសេស​សម្លៀកបំពាក់ទៅ​ទីផ្សារ​អឺរ៉ុប។ តាម​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប ប្រទេស​កម្ពុជា ​នាំ​ចេញ​ផលិតផលទៅ​សហគមន៍​អឺរ៉ុប ​នៅឆ្នាំ​២០១៦ គិត​ជាទឹក​ប្រាក់ ៤.៥៥៥លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

eu and us should tell the garment factory that you on hold the order now till cambodia goverment solve the situation.

Nov 22, 2017 01:52 AM

Untongue

ពី Poi pet

opinion:
I wish bad time will over soon. I pity many
people of this country. Since 17 April 1975
Kampuchea fell into the darkest years.
Millions lives died under Khmer rouge
regime. Where did the Khmer rouge come from? why did they exterminate the people?
Now this current government seems to copy
the history.

Nov 22, 2017 12:09 AM

គេហទំព័រ​ទាំងមូល