បទសម្ភាសន៍​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត ជុំវិញ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2018-03-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​សាលា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​សាលា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី៥ សម្រាប់​រយៈពេល ១០ថ្ងៃ របស់​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​រក​ឃើញ​នូវ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក្រោម​ការ​ដឹកនាំ​របស់ ហ៊ុន សែន គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត។ អ្នកស្រី​ចាត់​ទុក​ប្រទេស​កម្ពុជា ថា​កំពុង​ដើរ​ដល់​ផ្លូវបំបែក​មួយ និង​ស្នើ​ឲ្យ​កម្ពុជា ជ្រើសរើស​យក​ផ្លូវ​ទៅកាន់​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ប្រទេស​កម្ពុជា នឹង​ជួប​បញ្ហា​អស្ថិរភាព​សង្គម។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​អ្នកស្រី រ៉ូណា ស្មីត ជុំវិញ​ព័ត៌មាន​នេះ​ដូច​តទៅ៖

មួង ណារ៉េត៖ តើ​អ្នកស្រី​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខាងមុខ បើ​នៅតែ​គ្មាន​គណបក្ស​សង្គ្រោះជាតិ?

រ៉ូណា ស្មីត៖ ខ្ញុំ​យល់​ថា នៅ​ពេល​បោះឆ្នោត​ខាងមុខនេះ អាច​នឹង​មាន​គណបក្ស​នយោបាយ​ច្រើន ចូលរួម​ប្រកួតប្រជែង​គ្នា។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​បារម្ភ គឺ​បក្ស​នយោបាយ​ទាំងនេះ ជា​បក្ស​ទើប​បង្កើត​ថ្មី ឬ​ជា​បក្ស​ដែល​គេ​មិន​សូវ​មាន​គេ​ស្គាល់ ដែល​ធ្វើ​ឲ្យ​ពួកគាត់ មិន​អាច​មាន​កម្លាំង និង​ធនធាន​គ្រប់គ្រាន់ ដើម្បី​អាច​ប្រកួតប្រជែង ឲ្យ​ស្មើភាព​គ្នា ក្នុង​ការ​ឃោសនា​រក​សំឡេងឆ្នោត នៅ​ទូទាំង​ប្រទេស​បាន​នោះ​ទេ។

មួង ណារ៉េត៖ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្នើ​ទៅ​កាន់​អ្នកស្រី​ឲ្យ​អង្គការ​សហប្រជាជាតិ ដាក់​ការិយាល័យ​នៅ​ទីស្នាក់ការ គ​.​ជ​.​ប និង​បញ្ជូន​អ្នកសង្កេតការណ៍​អង្គការ​សហប្រជាជាតិ ឲ្យ​មក​ឃ្លាំមើល​ការបោះឆ្នោត​ខាងមុខ។ តើ​អ្នកស្រី ឆ្លើយតប​យ៉ាង​ណា​ដែរ ចំពោះ​សំណើ​នេះ?

រ៉ូណា ស្មីត៖ ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ខ្ញុំ​មិនមែន ជា​បុគ្គលិក​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ ដូច្នេះ ខ្ញុំ​មិន​អាច​ឆ្លើយ​ជំនួយ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ឬ​ឆ្លើយ​ជំនួស​អង្គការសហប្រជាជាតិ​ផ្ទាល់​បានទេ។ បើ​សិន គ..ប ចង់​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ចង់បាន​កិច្ចសហការ​ពី​អង្គការសហប្រជាជាតិ ក្នុង​ការ​ឃ្លាំមើល​ការបោះឆ្នោត ប្រធាន​គ..ប គួរតែ​ដាក់​សំណើ​ជា​លាយលក្ខណ៍អក្សរ ទៅ​កាន់​លេខាធិការដ្ឋាន របស់​អង្គការសហប្រជាជាតិ។ ខ្លួន​ខ្ញុំ​ផ្ទាល់ គ្មាន​យោបល់​អ្វី​ក្នុង​រឿង​នេះ​បាន​ទេ ព្រោះ​អី​ការងារ​ខ្ញុំ ឯករាជ្យ​ដាច់​ពី​អង្គការសហប្រជាជាតិ។ ម្យ៉ាងទៀត សំណើ​បែបនេះ គឺ​ទាល់​តែ​ធ្វើតាម​នីតិវិធី សមស្រប​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​នេះ។

មួង ណារ៉េត៖ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច ចោទ​អ្នកស្រី​ថា ការ​មិន​ឆ្លើយ​ជា​វិជ្ជមាន ទៅ​នឹង​សំណើ​របស់​គ..ប នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ មិន​ព្រម​សហការ ហើយ​មិន​ចង់​ឲ្យ​មានការ​វាយតម្លៃ​ការបោះឆ្នោត ស្របតាម​ការពិត​ជាក់ស្ដែង។ តើ​អ្នកស្រី​យល់ថា ការ​លើក​ឡើង​នេះ ត្រឹមត្រូវ​ឬទេ?

រ៉ូណា ស្មីត៖ ការ​លើកឡើង​នេះ មិន​ត្រឹមត្រូវ​ទេ ដូច​ខ្ញុំ​បាន​ជម្រាប​រួចហើយ ថា​ខ្ញុំ​មិន​ធ្វើការ​ឲ្យ​អង្គការ​សហប្រជាជាតិ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ធ្វើការ​ឲ្យ​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នោះ​ដែរ។ ដូច្នេះ ខ្ញុំ​មិន​អាច​ឆ្លើយ​អ្វី​ជំនួយ​អង្គការសហប្រជាជាតិ នោះ​ទេ។ ហើយ​បើ​ចង់​ធ្វើ​សំណើ សុំ​កិច្ចសហការ​អ្វីមួយ​ពី​អង្គការសហប្រជាជាតិ គឺ​ទាល់តែ​ធ្វើតាម​នីតិវិធី​ត្រឹមត្រូវ ដោយ​លាយលក្ខណ៍ អក្សរ​ទៅ​លេខាធិការដ្ឋាន​របស់​អង្គការសហប្រជាជាតិ។ បើ​តាម​ខ្ញុំ​ដឹង រហូត​មក​ដល់​ពេលនេះ គឺ​មិន​ដែល​មាន​សំណើ​ផ្លូវការ​ណាមួយ​ពី​ភាគី​កម្ពុជា នោះ​ទេ។

មួង ណារ៉េត៖ តើ​ក្នុង​ឋានៈ​ជា​អ្នករាយការណ៍​ពិសេស អ្នកស្រី​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ឲ្យ​របប​លោក ហ៊ុន សែន ទទួលខុសត្រូវ ចំពោះ​អ្វី​ដែល​អ្នកស្រី រក​ឃើញ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

រ៉ូណា ស្មីត៖ ខ្ញុំ​គ្មាន​ការិយាល័យ​នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ជំនាញ​ឯករាជ្យ ដែល​ត្រូវ​បាន​តែងតាំង ដើម្បី​ធ្វើ​របាយការណ៍​ទៅកាន់​អង្គការសហប្រជាជាតិ។ ដូច្នេះ ក្នុង​ឋានៈ​ជា​អ្នករាយការណ៍​ពិសេស ខ្ញុំ​មាន​តួនាទី​ត្រឹមតែ​ប្រមូល​ព័ត៌មាន អំពី​ស្ថានការណ៍​ជាក់ស្ដែង ដែល​កំពុង​កើត​មាននៅ​កម្ពុជា ដោយ​ត្រូវ​ជួបពិភាក្សា ជាមួយ​មន្ត្រី​មួយ​ចំនួន នៃ​របប​លោក ហ៊ុន សែន និង​ភាគី​ដែល​ពាក់ព័ន្ធ មុន​នឹង​រាយការណ៍​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ខែ​កក្កដា ខាងមុខ។ ហើយ​របាយការណ៍​របស់​ខ្ញុំ នឹង​ត្រូវ​ដាក់​ជូន​អង្គការសហប្រជាជាតិ នៅ​ខែ​កញ្ញា។

មួង ណារ៉េត៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​របប​លោក ហ៊ុន សែន យល់ថា កម្ពុជា​គោរព​ច្បាប់ ដូច​ប្រទេស​ផ្សេង​ដែរ។ ប៉ុន្តែ​អ្នកស្រី​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា គោរព​គោលការណ៍​នីតិរដ្ឋ “Rule of law” មិនមែន​គោល​ការ​នីតិមាត់ “Rule by law” នោះ​ទេ។ តើ​នេះ​បាន​ន័យថា​យ៉ាងម៉េច​?

រ៉ូណា ស្មីត៖ អ្វី​ដែល​ជា​ការ​សំខាន់​បំផុត សម្រាប់​ប្រទេស​កម្ពុជា គឺ​ការណ៍​ដែល​ត្រូវ​គោរព​នីតិរដ្ឋ ឬ​“Rule of law” ព្រោះ​គោលការណ៍​នេះ មាន​ចែង និង​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ មានន័យថា បើ​ធ្វើ​ច្បាប់​អ្វីមួយ គឺ​ទាមទារ​ឲ្យ​មានការ​ពិភាក្សា ជា​សាធារណៈ និង​ធ្វើ​យ៉ាងណា​ឲ្យ​ស្រប​ទៅ​នឹង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ និង​ត្រូវ​យក​អនុវត្ត​ឲ្យ​មាន​ភាពស្មើគ្នា និង​យុត្តិធម៌ ដោយ​គ្មាន​ការរើសអើង។ ការ​ធ្វើ​ច្បាប់​អ្វីមួយ មិន​យុត្តិធម៌ និង​មិន​ស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​មាន​ការ​រើសអើង នោះ​ឯង​ហើយ គឺជា​ការ​មិន​អនុវត្ត​តាម​នីតិរដ្ឋ។ នីតិរដ្ឋ គឺ​បាន​ន័យ​ថា គ្មាន​បុគ្គល​ណា នៅ​ខ្ពស់​ជាង​ច្បាប់​នោះ​ឡើយ។

មួង ណារ៉េត៖ សំណើ​ដែល​អ្នកស្រី ស្នើ​សុំ​ជួប​សួរសុខទុក្ខ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅ​ឯ​ពន្ធនាគារ ត្រូវ​បាន​បដិសេធ។ តើ​អ្នកស្រី​យល់​យ៉ាង​ណា​ដែរ ដែល​អាជ្ញាធរ មិន​ឲ្យ​អ្នកស្រី​ទៅ​ជួប​អ្នក​ជាប់ឃុំ​បែបនេះ?

រ៉ូណា ស្មីត៖ ខ្ញុំ​យល់ថា ក្នុងនាម​ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ខ្ញុំ​គួរ​ទទួល​បាន ការអនុញ្ញាត​ឲ្យ​ចូល​ជួប​សួរសុខទុក្ខ អ្នក​ជាប់ឃុំ ក្នុង​មន្ទីរឃុំឃាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​អាច​ជួប​អ្នក​ដែល​ពាក់ព័ន្ធ ក្នុង​ការ​ឃុំខ្លួន​អ្នក​ទាំងនោះ។

មួង ណារ៉េត៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​សម្ដី​ដ៏​ហិង្សា ដូចជា​គំរាម​ថា នឹង​តាម​វ៉ៃ​បាតុករ​ដល់​ផ្ទះ បើ​ហ៊ាន​ធ្វើ​រូប និង​ដុត​រូប​ទីងមោង​គាត់។ តើ​អ្នកស្រី​យល់ឃើញ​យ៉ាង​ណា​ដែរ ចំពោះ​សារ​គំរាម​បែបនេះ?

រ៉ូណា ស្មីត៖ ខ្ញុំ​បញ្ជាក់​ជា​សាធារណៈ​រួចហើយ ថា អំណាច​គឺ​ត្រូវតែ​ផ្សា​ភ្ជាប់​មក​ជាមួយ​នឹង​ការ​ទទួលខុសត្រូវ។ ម្ល៉ោះហើយ រាល់​មេដឹកនាំ​នយោបាយ​ទាំងអស់ ត្រូវ​ចៀសវាង​ការប្រើប្រាស់​វោហារសាស្ត្រ ដែល​បញ្ឆេះ​កំហឹង និង​អំពើ​ហិង្សា ឬ​បង្ក​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស។

មួង ណារ៉េត៖ តើ​អ្នកស្រី​រំពឹង​ថា របាយការណ៍​សិទ្ធិមនុស្ស​របស់​អ្នកស្រី នឹង​ទទួល​បាន​លទ្ធផល​អ្វីខ្លះ ទៅ​ថ្ងៃ​អនាគត?

រ៉ូណា ស្មីត៖ ខ្ញុំ​បាន​ជម្រាប​ជូន​រួចហើយ ថា​របាយការណ៍​បន្ទាប់​របស់ខ្ញុំ នឹង​សរសេរ​រួចរាល់​នៅ​ត្រឹម​ខែ​មិថុនា ខាងមុខនេះ។ នៅ​ខែ​កក្កដា ខ្ញុំ​នឹង​ដាក់​ជូន​ទៅ​អង្គការសហប្រជាជាតិ ជា​ផ្លូវការ។ ខ្ញុំ​នឹង​ដាក់​របាយការណ៍​នេះ ឲ្យ​បាន​នៅមុន​ថ្ងៃ​បោះឆ្នោត​ជាតិ។ នៅ​ខែ​កញ្ញា របាយការណ៍​នេះ នឹង​ទៅ​ដល់ដៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ។ ចំពោះ​ផ្លែផ្កា​នៃ​របាយការណ៍ ក៏​មិន​ខុស​អ្វី​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​មុនៗ​របស់ខ្ញុំ​នោះ​ដែរ។

មួង ណារ៉េត៖ ខ្ញុំ​បាទ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ អ្នកស្រី​សាស្ត្រាចារ្យ រ៉ូណា ស្មីត ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​សម្ភាស​នៅ​ថ្ងៃ​នេះ។

រ៉ូណា ស្មីត៖ ចា៎​! ខ្ញុំ​ក៏​សូម​អរគុណ​លោក​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល