HRW ជំរុញ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ "ឧត្ដមសេនីយ៍​បាត​ដៃ​កខ្វក់​១២រូប" របស់​លោក ហ៊ុន សែន​

ដោយ មាន ឫទ្ធិ
2018-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាពគម្របខាងមុខនៃរបាយការណ៍របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន​ រ៉ៃ វ៉ច្ឆ (Human Rights Watch)។
រូបភាពគម្របខាងមុខនៃរបាយការណ៍របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន​ រ៉ៃ វ៉ច្ឆ (Human Rights Watch)។
Photo: Printscreen

ក្រសួង​ការពារ​ជាតិ​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​យូ​មែន​រ៉ាយ វ៉ច្ឆ (Human Rights Watch) ដែល​ចោទ​នាយ​ឧត្ដមសេនីយ៍​ក្នុង​ជួរ​កង​កម្លាំង​សន្តិសុខ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​១២រូប​ថា មាន​បាតដៃ​កខ្វក់ រំលោភ​សិទ្ធិ​មនុស្ស។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទើប​តែ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ថ្មី​សន្លាង​មួយ ស្ដីពី «បុគ្គល​នាយ​ឧត្ដមសេនីយ៍​មាន​បាត​ដៃ​កខ្វក់​១២រូប​របស់​កម្ពុជា៖ ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរ​អង្វែង​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​លោក ហ៊ុន សែន»។ របាយការណ៍​ថ្មី​នេះ លាតត្រដាង​ឲ្យ​ឃើញ​ថា កម្ពុជា​កាន់​តែ​ប្រែ​ក្លាយ​ទៅ​រក​របប​ផ្ដាច់​ការ និង​ការ​ដឹក​នាំ​បែប​ឯកបក្ស ដោយ​សារ​តែ​នាយ​ឧត្ដមសេនីយ៍​មាន​បាត​ដៃ​កខ្វក់​ទាំង​១២​រូប ក្នុង​ជួរ​កង​កម្លាំង​សន្តិសុខ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​ខ្នង​បង្អែក​នៃ​របប​នយោបាយ​មួយ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​មាន​ចរិត​ផ្ដាច់​ការ​និយម។ អង្គការ​នេះ ជំរុញ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​នូវ​វប្បធម៌​និទ្ទណ្ឌភាព តាម​រយៈ​ការ​បើក​ការ​ស៊ើប​អង្កេត​លើ​ឧត្ដមសេនីយ៍​បាត​ដៃ​កខ្វក់​ទាំង​១២រូប​របស់​លោក ហ៊ុន សែន នេះ ដើម្បី​យក​ពួក​គេ​ទៅ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​តុលា​ការ​អន្តរជាតិ។

បុគ្គល​មាន​បាត​ដៃ​កខ្វក់​១២រូប​របស់​កម្ពុជា គឺជា​ឈ្មោះ​ថ្មី​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ប្រសិទ្ធិ​នាម​ឲ្យ​នាយ​ឧត្ដមសេនីយ៍​គ្រាក់ៗ និង​ជា​មនុស្ស​ជំនិត​ៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ អង្គការ​នេះ រក​ឃើញ​ថា នាយ​ឧត្ដមសេនីយ៍​គ្រាក់ៗ​ទាំង​១២​រូប​នេះ សុទ្ធ​តែ​ជា​ក្រុម​បុគ្គល​ដែល​មាន​ជាប់​ជំពាក់​​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ពួក​គេ​បាន​ប្រព្រឹត្តិ​ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៧០ រហូត​មកទល់​បច្ចុប្បន្ន​នេះ។

បុគ្គល​មាន​បាត​ដៃ​កខ្វក់​១២រូប​របស់​កម្ពុជា​នេះ នៅ​ពុំ​ទាន់​មាន​នៅ​ឡើយ​ទេ ឈ្មោះ​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​មាន​កូន​ប្រុស​ទី១ គឺ​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស៣ ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក កូន​ប្រុស​ទី២ ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ ហ៊ុន ម៉ានិត អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារ​ជាតិ និង​កូន​ប្រុស​ពៅ គឺ​វរៈសេនីយ៍​ឯក​ ហ៊ុន ម៉ានី ដែល​ជា​នាយទាហាន​ការពារ​ផ្ទាល់ នៃ​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន។

របាយការណ៍​កម្រាស់​២២៣​ទំព័រ របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៨ មិថុនា នេះ ចង្អុល​បង្ហាញ​ថា នាយ​ឧត្ដមសេនីយ៍​របស់​លោក ហ៊ុន សែន ល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ថា មាន​បាត​ដៃ​ប្រឡាក់ឈាម​ទាំង​នោះ រួម​មាន៖

) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ

) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ គន់ គីម អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយ​សេនាធិការ​ចម្រុះ

) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ សៅ សុខា អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ

) ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស៣ ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើង​គោក និង​ជាមេបញ្ជាការយោធភូមិភាគ​ទី៤

) ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស៣ ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងយោធភូមិភាគ​ទី៥

) ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស៣ ជឿន សុវណ្ណថា មេបញ្ជាការរង​កងទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី២

) ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស៣ ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១

) ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស៣ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

១០) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជាអគ្គ​នាយក​អន្តោប្រវេសន៍

១១) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿង​ញៀន

១២) នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

របាយការណ៍​ដ​ដែល​នេះ រក​ឃើញ​ថា ភាគ​ច្រើន​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​លោក ហ៊ុន សែន ទាំង ១២ នាក់​នេះ សុទ្ធ​តែ​បាន​ជាប់​ពាក់​ព័ន្ធ នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​មិន​ចាំបាច់ ជ្រុល​ហួស​ហេតុ ដែល​ពេល​ខ្លះ​បណ្ដាល​ឲ្យ​ស្លាប់​ក្រុម​អ្នក​តវ៉ា អំពី​ការ​បោះ​ឆ្នោត​ដែល​មិន​សេរី មិន​ត្រឹម​ត្រូវ និង​មិន​យុត្តិធម៌ អំពី​ការ​រឹបអូស​ដីធ្លី ការ​រំលោភ​សិទ្ធិ​ការ​ងារ អំពី​ការ​តវ៉ា​ទាមទារ​ដំ​ឡើង​ប្រាក់​ឈ្នួល ជា​ដើម។ ក្រៅ​ពី​នេះ បុគ្គល​ទាំង​នេះ ភាគ​ច្រើន ក៏​ពាក់​ព័ន្ធ​​នឹង​ការ​រំលោភ​បំពាន​ដែល​មិន​មែន​ជា​រឿង​នយោបាយ ប្រឆាំង​នឹង​ពលរដ្ឋ​ធម្មតា ដូចជា​ការ​រឹប​អូស​ដីធ្លី​ដោយ​រំលោភ​បំពាន ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត ប្រព្រឹត្តិ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា សម័យ​រដ្ឋ​កម្ពុជា សម័យ​អ៊ុនតាក់ (UNTAC) សម័យ​រដ្ឋាភិបាល​អន្តរកាល សម័យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទី២ រួច​បន្ត​រហូត​មកទល់​បច្ចុប្បន្ន។

របាយការណ៍​ចង្អុល​បង្ហាញ​ថា ឧត្ដមសេនីយ៍​ពីរ​រូប ដែល​មាន​កំណត់​ត្រា​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​យូរ​ជាង​គេ គឺ​លោក ប៉ុល សារឿន និង​លោក គន់ គីម ពោល​គឺ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​មក​ម្ល៉េះ។ បុគ្គល​ទាំង​ពីរ​គឺជា​សមាជិក​នៃ​កង​សន្តិសុខ​យោធា​បក្ស​កុម្មុយនិស្ត​កម្ពុជា​របស់ ប៉ុល ពត ដែល​កាល​នោះ លោក ប៉ុល សារឿន ហៅ ម៉ម វុន ជា​អនុលេខា នៃ​សេនាធិការ​យោធា​ភូមិ​ភាគ​បូព៌ា ដែល​គ្រប់​គ្រង​លើ​មន្ទីរ​សន្តិសុខ​តំបន់ ឈ្មោះ ស-៧៩ ចំណែក​ឯ​លោក គន់ គីម ជា​ប្រធាន​មន្ទីរ​សន្តិសុខ​ស្រុក​ត្បូងឃ្មុំ នៃ​តំបន់ ២១។

ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា បុគ្គល ១០រូប ក្នុង​ចំណោម​ឧត្ដមសេនីយ៍​ទាំង ១២រូប​នេះ មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​អនុវត្ត​គោល​នយោបាយ​ដាក់​គុក​ទូ​ទាំង​ប្រទេស​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ ឬ​ជំនុំជម្រះ និង​ប្រព័ន្ធ​​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​ផ្នែក​នយោបាយ​រាប់​ពាន់​នាក់ ព្រម​ទាំង​អំពើ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​អ្នក​តស៊ូ​មិន​មែន​កុម្មុយនិស្ត​ផ្សេង​ទៀត ដែល​គេ​ស្គាល់ ថា រណសិរ្ស​រួប​រួម​ជាតិ​កម្ពុជា ដើម្បី​​ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហ​ប្រតិបត្តិ​ការ ហៅ​កាត់​ថា ហ៊្វុនស៊ិនប៉ិច (FUNCINPEC)។ ជន​ជាប់​ឃុំ​ទាំង​នោះ​ជា​ច្រើន​នាក់ បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​បាប និង​ស្ថានភាព​ឃុំឃាំង​ដ៏​អាក្រក់​ហួស​ប្រមាណ​ទាំង​នោះ។ អំពើ​រំលោភ​បំពាន​នានា ត្រូវ​ក្រុម​ឧត្តមសេនីយ៍​ទាំង​នោះ ប្រព្រឹត្តិ​ឡើង​ដើម្បី​​បង្ក្រាប​ក្រុម​អ្នក​ងើប​តវ៉ា​មិន​ពេញ​ចិត្ត​នឹង​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ដោយ​មាន​វៀតណាម​ជា​ខ្នង​បង្អែក​ផង។

ដោយ​ឡែក កាលពី​សម័យ​អ៊ុនតាក់ បុគ្គល​ទាំង ១២ រូប​នេះ បាន​ពាក់​ព័ន្ធ​​ច្រើន​ក្នុង​អំពើ​ហិង្សា​នយោបាយ​របស់​រដ្ឋ​កម្ពុជា ដែល​រាប់​ទាំង​ឃាតកម្ម​នយោបាយ សំដៅ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​អ្នក​នយោបាយ​ប្រឆាំង​អហិង្សា​ផ្សេង​ទៀត។ បុគ្គល​ទាំង​១២រូប​នោះ ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​ព្រឹត្តិការណ៍​សម្លាប់​អ្នក​នយោបាយ​ប្រឆាំង​ចំនួន ៣៩​ករណី ដែល​បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ដល់​មនុស្ស​ចំនួន ៤៦​នាក់ និង​ការ​សម្លាប់ ២៥​នាក់​ផ្សេង​ទៀត។ នៅ​មាន​ករណី​រំលោភ​បំពាន​របស់​រដ្ឋ​កម្ពុជា ដែល​ប្រព្រឹត្តិ​ដោយ​បុគ្គល​ទាំង​នោះ រាប់​រយ​ករណី​ទៀត រួម​មាន​ការ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ការ​ធ្វើ​ទារុណកម្ម​ផង ដែល​នេះ​នៅ​មិន​ទាន់​រាប់​ចំនួន​ករណី​រំលោភ​បំពាន ដែល​អ៊ុនតាក់ មិន​អាច​ស៊ើប​អង្កេត​បាន​គ្រប់​ករណី​ផង។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់​ពី​សម័យ​អ៊ុនតាក់​រហូត​មកទល់​ពេល​បច្ចុប្បន្ន ភាគ​ច្រើន​នៃ​បុគ្គល​ទាំង ១២ រូប បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នយោបាយ​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ ជា​ពិសេស លោក គន់ គីម លោក ចាប ភក្ដី លោក ជា ម៉ន លោក ប៊ុន សេង លោក ជឿន សុវណ្ណថា លោក នេត សាវឿន និង​លោក សៅ សុខា។ ភាគ​ច្រើន​នៃ​បុគ្គល​ទាំង​នេះ បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៥ និង​ទី៦ ខែ​កក្កដា ឆ្នាំ ១៩៩៧ ប្រឆាំង​ព្រះ​អង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ទី១ និង​គណបក្ស ហ៊្វុនស៊ិនប៉ិច​របស់​ព្រះ​អង្គ។ រដ្ឋ​ប្រហារ​នេះ បាន​សម្លាប់​សមាជិក​ដែល​មាន​ភក្ដីភាព​បំផុត ចំពោះ​គណ​បក្ស​​រាជា​និយម ជាង ១០០​នាក់ ខណៈ​ក្នុង​ហេតុ​ការណ៍​នោះ មាន​មនុស្ស​រាប់​សិប​នាក់ ត្រូវ​គេ​ប្រហារ​ជីវិត​ភ្លាមៗ ព្រម​ទាំង​ករណី​ឃាតកម្ម និង​បាត់​ខ្លួន ក្រោយ​រដ្ឋ​ប្រហារ។

ក្រោយ​សម័យ​រដ្ឋ​ប្រហារ គណ​បក្ស​​កាន់​អំណាច​បន្ត​ត្រួត​ត្រា និង​កាន់​អំណាច តាម​រយៈ​ការ​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ ២០០៣ ២០០៨ និង​ឆ្នាំ២០១៣។ បុគ្គល​ទាំង​១២រូប​នោះ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​​តុលា​ការ ការ​ចាប់​ខ្លួន ការ​វាយ​ដំ ការ​យាយី​រំខាន និង​ការ​បំភិតបំភ័យ មក​លើ​ក្រុម​អ្នក​តវ៉ា ឬ​ក្រុម​អ្នក​រិះគន់​របប​លោក ហ៊ុន សែន ជា​ច្រើន​នាក់ ដូចជា​អ្នក​នយោបាយ​គណ​បក្ស​​ប្រឆាំង បុគ្គលិក​សិទ្ធិ​មនុស្ស សកម្មជន​សិទ្ធិ​ការ​ងារ សកម្មជន​ដីធ្លី បរិស្ថាន អ្នក​កាសែត អ្នក​សរសេរ​ប្លុក (blogger) និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​បញ្ចេញ​មតិ​ទស្សនៈ​របស់​ខ្លួន​តាម​អនឡាញ (Online) ជា​ដើម។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ គូស​បញ្ជាក់​ដោយ​ត្រង់ៗថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណ​បក្ស​​ប្រជាជន​កម្ពុជា (CPP) បាន​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​គាំទ្រ​យ៉ាង​ច្បាស់​ឥត​សង្ស័យ​ពី​ក្រុម​មន្ត្រី​ក្នុង​ជួរ​កងទ័ព កង​រាជ​អាវុធហត្ថ និង​នគរបាល ទាំង​១២រូប​នេះ ដើម្បី​កម្ចាត់​ចោល​រាល់​សមាសភាព​ប្រឆាំង និង​រម្លាយ​គណ​បក្ស​​ប្រឆាំង​ធំ​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​គោល​បំណង​ធានា​នូវ​ជ័យ​ជម្នះ​រួច​ជាស្រេច នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ។

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ មាន​ប្រសាសន៍ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ថ្ងៃ​ទី២៨ មិថុនា​នេះ ថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​បង្កើត​​ក្រុម​មន្ត្រី​សន្តិសុខ​ស្នូល ដ៏​សាហាវ​ឃោរឃៅ​មួយ​ក្រុម សម្រាប់​អនុវត្ត​បទ​បញ្ជា​របស់​គាត់។ លោក​ថា ក្រុម​ឧត្ដមសេនីយ៍​កម្ពុជា​ទាំង​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ជា​បណ្ដើរៗ​ហើយ តាម​រយៈ​យុទ្ធនាការ ដោយ​ចំហ​គាំទ្រ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា​មក​ដល់ ដូចជា​ពួក​គេ​ពាក់​ព័ន្ធ​​នឹង​ការ​បង្ក្រាប​អ្នក​កាសែត អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​តវ៉ា​ប្រឆាំង​របប​លោក ហ៊ុន សែន ជា​ដើម។

បន្ថែម​ពីលើ​នេះ លោក ប៊្រែដ អាដាម ប្រាប់​អាស៊ីសេរី​នៅ​ប៉ុន្មាន​​ម៉ោង​មុន​ការ​ចេញ​ផ្សាយ របាយការណ៍​នេះ​បន្តិច​ថា «លោក ហ៊ុន សែន នឹង​ទទួល​រង​នូវ​ភាព​អាម៉ាស់​ជាទី​បំផុត​ដោយសារ​តែ​របាយការណ៍​នេះ។ ខ្ញុំ​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ប្រតិកម្ម​ជា​អវិជ្ជមាន​ខ្លាំង​ក្លា ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​កាលពី​ពេល​អតីត​កាល»លោក​បន្ត​ថា «លោក ហ៊ុន សែន ត្រូវ​តែ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត ពី​ព្រោះ​ថា អ្នក​ដែល​ដឹង​ការ​ពិត​ទាំង​អស់​នេះ គឺ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ខ្លួន​ឯង។ ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដឹង​ច្បាស់​ណាស់​ថា បុគ្គល​ទាំង​អស់​នេះ​ជា​នរណា បើ​ទោះ​បី​ជា​ពួក​គេ​មិន​ដឹង​លម្អិត​អំពី​អ្នក​ទាំង​អស់​នោះ​ក៏​ដោយ។ ក៏​ប៉ុន្តែ ពួក​គេ​ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​​បែប​ផ្ដាច់ការ។ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​ភ្ជង់​កាំភ្លើង​តម្រង់​មក​រក​ពួក​គេ។ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​លួច​លុយ​ជាតិ​របស់​ពួក​គេ។ ពួក​គេ​ក៏​នឹង​ដាក់​ជា​ចម្ងល់​ដែរ​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​នាយ​ឧត្ដមសេនីយ៍​អស់​ទាំង​នេះ មាន​ទ្រព្យ​សម្បត្តិ​អី​ក៏​សម្បើម​យ៉ាង​នេះ? ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​ទ្រព្យសម្បត្តិ​សម្បូរណ៍​ហូរហៀរ​ម្ល៉េះ ប្រសិន​បើ​ពួក​គេ​គ្រាន់​តែ​ធ្វើ​ការ​ជា​មន្ត្រី​យោធា នគរបាល ឬ​កង​រាជ​អាវុធ​ហត្ថ ពេញ​មួយ​ជីវិត​យុវវ័យ​របស់​ពួក​គេ​នោះ? តើ​ប្រាក់​ខែ​រដ្ឋ អាច​ឲ្យ​ពួក​គេ មាន​គេហដ្ឋាន​ស្ដុកស្ដម្ភ រថយន្ត​ទំនើប​ៗ និង​មាន​ប្រាក់​តម្កល់​នូវ​ធនាគារ​បរទេស​ដែរ​ឬ? ទាំង​អស់​នេះ គឺជា​សំណួរ​ដែល​របាយការណ៍​នេះ ចោទ​សួរ ហើយ​ខ្ញុំ​គិត​ថា វា​អាស្រ័យ​ទៅ​លើ​លោក ហ៊ុន សែន ខ្លួន​ឯង និង​របប​របស់​លោក​ខ្លួន​ឯង ត្រូវ​តែ​ផ្ដល់​នូវ​ចម្លើយ​ដល់​សំណួរ​ទាំង​នេះ»

នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ សុខ ផល អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​អន្តោប្រវេសន៍ ដែល​មាន​ឈ្មោះ​ក្នុង​ចំណោម​ឧត្តមសេនីយ​បាតដៃ​កក្វក់​ទាំង​១២រូប​ក្នុង​របាយការណ៍​នេះ បាន​ព្យាយាម​បដិសេធ​មិន​ផ្តល់​ចម្លើយ​ឲ្យ​អាស៊ីសេរី ដោយ​លោក​រុញ​ឲ្យ​ទៅ​ទាក់ទង​មន្ត្រី​នាំពាក្យ​របស់​លោក គឺ​លោក កែវ វណ្ណថន ដែល​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។ ទោះ​ជា​យ៉ាង​ណា លោក​សុខ ផល បាន​ឆ្លើយ​ដោយ​ខ្លី​យ៉ាង​ដូច្នេះ​៖ «អា យូ​មែន​រ៉ាយ វ៉ច្ឆ (Human Rights Watch) អាស៊ីសេរី​ហ្នឹង​... ដាក់​អី​ដាក់​ទៅ​ណាស់ ស្រេច​ខ្លួន​ឯង​ទេ។... លោក​ឯង​ខ្មែរ​ដែរ ចេះ​គិត​ជា​ខ្មែរ​ដែរ​ខ្លះ​ទេ​វ៉ី? អញ​ឆ្ងល់​ដែរ​អា! ហ្អែង គិត​មនុស្ស​ភាគ​ច្រើន ឬ​ភាគ​តិច? ... បាន​ហើយ អញ​ខ្ជិល​និយាយ​ចូល​ណាស់​!»

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុ​ជាតិ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ផ្ទាល់មាត់​ទេ ជុំ​វិញ​​ករណី​នេះ ដោយសារ​តែ​លោក​ជាប់​រវល់​ប្រជុំ៖ «ខ្ញុំ​ប្រតិកម្ម​ទៅ​តាម​អ្វី​ដែល​ប្រកាស​ព័ត៌មាន​អស់​ហើយ ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​ប្រកាស​ព្រឹក​មិញ​ហើយ​បាទ។ ខ្ញុំ​រវល់​ធ្វើ​មីទីង​នៅ​កន្លែង​កង​ទ័ព​​នៅ​បាត់​ដំបង។»

សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ ចុះ​ថ្ងៃ​ទី​២៨ មិថុនា ច្រាន​ចោល​ទាំង​ស្រុង និង​មិន​ទទួល​យក​ដាច់ខាត​ចំពោះ​ការ​ចោទ​ប្រកាន់​​នៅ​ក្នុង​របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​​នេះ ដែល​ក្រសួង​ចាត់ទុក​ថា​ដោយ​ប្រើ​ពាក្យពេចន៍​ធ្ងន់​ៗ​ថា ជា​របាយការណ៍​ប្រឌិត​បែប​ឆ្កួត​លីលា មាន​បង្កប់​ឧបាយកល​ពិសពុល និង​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត ក្នុង​គោលបំណង​ញុះញង់ ចោទប្រកាន់​​ដោយ​គ្មាន​​មូលដ្ឋាន និង​មិន​សម​ហេតុ​ផល មក​លើ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​១២​រូប នៃ​កង​កម្លាំង​ប្រដាប់​អាវុធ។ ក្រសួង​ការពារ​ជាតិ បាន​ហៅ​ទង្វើ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​​នេះ​ថា ជា​ការ​រំលោភ​បំពាន​ម្ដង​ហើយ​ម្ដង​ទៀត មក​លើ​អធិបតេយ្យ ឯករាជ​ភាព និង​នីតិរដ្ឋ​របស់​កម្ពុជា ​ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិត របស់​ជន​បរទេស​មួយ​ចំនួន និង​ក្រុម​អ្នក​នយោបាយ​ក្បត់​ជាតិ ដែល​បាន​ប៉ុនប៉ង​បង្កើត​បដិ​វត្ត​ពណ៌ និង​បំផ្លិច​បំផ្លាញ​ដល់​សន្តិភាព និង​សេចក្ដី​សុខ​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ។

អាស៊ី​សេរី ក៏​បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី​ឧត្ដមសេនីយ៍​ដែល​មាន​ឈ្មោះ​ដទៃ​ទៀត​ក្នុង​របាយការណ៍​នេះ តែ​ទូរស័ព្ទ​របស់​ពួក​លោក មិន​អាច​ទាក់​ទង​បាន។

យ៉ាង​ណា​ក៏​ដោយ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា ដោយសារ​តែ​ការ​ជាប់​ជំពាក់​​របស់​ឧត្ដមសេនីយ៍​ទាំង​១២រូប​នោះ​ទៅ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​​នេះ របាយការណ៍​នេះ នឹង​ក្លាយ​ជា​កំណត់​ត្រា និង​ឯកសារ​ដាក់​បន្ទុក​បន្ថែម​ទៀត​ចំពោះ​អ្នក​ទាំង​នោះ ដែល​អាច​ធ្វើ​ឲ្យ​សំណុំ​រឿង​បទឧក្រិដ្ឋ​របស់​ពួក​គេ ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ យក​ទៅ​ពិចារណា​កាត់​ទោស​នៅ​ថ្ងៃ​ណា​មួយ​នា​ពេល​អនាគត​ជាក់​ជា​មិន​ខាន។

លោក ប្រ៊ែដ អាដាម សង្កត់​ធ្ងន់ៗ​ថា «ប្រសិន​បើ​គេ​ពិនិត្យ​មើល​លក្ខន្តិកៈ​ ទី​ក្រុង​រ៉ូម ដែល​ជា​ច្បាប់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រាល់​បទឧក្រិដ្ឋ​នានា​ដែល​ក្រុម​នាយ​ឧត្ដមសេនីយ៍​ទាំង​នោះ​បាន​ប្រព្រឹត្ត គឺ​ពិត​ជា​មាន​ចែង​នៅ​ក្នុង​នោះ។ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​មិន​កាត់​ទោស​ក្រុម​បុគ្គល​ទាំង​នោះ ឲ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ក៏​រាប់បញ្ចូល​ជា​បទ​ល្មើស​​នោះ​ដែរ ពី​ព្រោះ​ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​កោះ​ហៅ​រដ្ឋាភិបាល​ទាំង​ឡាយ​ណា ដែល​មាន​ចេតនា ឬ​មិន​មាន​បំណង​យក​អ្នក​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ទាំង​នោះ មក​ទទួល​ខុស​ត្រូវ»

លោក ប្រ៊ែដ អាដាម ថា របប​លោក ហ៊ុន សែន បាន​សម្ដែង​ឲ្យ​គេ​ឯង​ឃើញ​យ៉ាង​ច្បាស់​ថា ខ្លួន​មិន​អាច ហើយ​មិន​មាន​បំណង​ដើម្បី​​ធ្វើ​ដូច្នោះ​ឡើយ។ លោក​ថា គេ​អាច​មើល​ឃើញ​ថា គ្មាន​មន្ត្រី​ណា​ម្នាក់​​នៃ​ក្រុម​នាយ​ឧត្ដមសេនីយ៍​ទាំង​នោះ ត្រូវ​បាន​គេ​កោះ​ហៅ​ឲ្យ​ចេញ​មក​ទទួល​ខុស​ត្រូវ​ឡើយ បើ​ទោះ​បី​ជា​ភស្តុតាង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត ១០០​ភាគរយ​ក៏​ដោយ ជាក់ស្ដែង ដូច​ករណី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ជា​ដើម។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​លោក​មិន​គិត​ថា ពួក​គេ​នឹង​ត្រូវ​តុលាការ​នេះ​កោះ​ហៅ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​រំពឹង​ថា ថ្ងៃ​ណា​មួយ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​មក​គោះ​ទ្វារ​ផ្ទះ​លោក ហ៊ុន សែន និង​មន្ត្រី​បរិវារ​របស់​លោក​ទាំង​នោះ ដើម្បី​យក​អ្នក​ទាំង​នោះ​ទៅ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រហែល​ជា​មាន​មូលដ្ឋាន និង​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ ទើប​បាន​ជា​អង្គការ​នេះ ហ៊ាន​បញ្ចេញ​របាយការណ៍​នេះ៖ «ជា​ការ​ល្អ​ដែរ​បើ​សិន​ជា​មាស​សុទ្ធ មិន​ខ្លាច​ភ្លើង អញ្ចឹង​គឺ​អាច​នឹង​មាន​ការ​ធ្វើ​ការ​ស្រាវជ្រាវ ឬ​បង្ហាញ​នូវ​លទ្ធផល​របស់​ខ្លួន ឬ​បង្ហាញ​នូវ​តម្លាភាព និង​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​អស់​ហ្នឹង បើសិនជា​មិន​មាន​ការ​ពាក់​ព័ន្ធ​ទេ យើង​បង្ហាញ​អំពី​បញ្ហា​តម្លាភាព និង​យុត្តិធម៌​សម្រាប់​ពួក​គាត់។ បញ្ហា​ទី២ ខ្ញុំ​ថា នេះ​ក៏​ជា​ការ​​ចាប់ផ្ដើម​​ហើយ។ យើង​ឃើញ​ថា ពី​មុន​មក​គឺ​សហរដ្ឋ​អាមេរិក មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​លោក ហ៊ីង ប៊ុនហៀង ទាក់ទង​នឹង​ការ​បង្កក​ទ្រព្យ​សម្បត្តិ ហើយ​ក៏​មាន​ការ​ឆ្លើយតប​ជា​បន្ត​បន្ទាប់។ ហើយ​ឥឡូវ​យើង​ឃើញ​ថា យូ​មែន​រ៉ាយ វ៉ច្ឆ (Human Rights Watch) គាត់​លើក​នូវ​បញ្ហា​មួយ​ចំនួន​ទៀត នេះ​ក៏​ជា​គំរូ​មួយ​សម្រាប់​ទៅ​ដល់ ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទៅ​ក្រោយ​ទៀត ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើ​ការ​អនុវត្ត​អ្វី​មួយ កុំ​ឲ្យ​មាន​ការ​រិះគន់ ឬ​ការ​ថ្កោលទោស​អី​មួយ ឬ​ក៏​បញ្ហា​បង្កក​ទ្រព្យ​សម្បត្តិ​អី​ទៀត។»

លោក អំ សំអាត គូស​បញ្ជាក់​ថា អង្គការ​លីកាដូ​របស់​លោក នឹង​យក​របាយការណ៍​នេះ មក​ធ្វើ​ការ​ពិនិត្យ សិក្សា និង​ស្រាវជ្រាវ​បន្ថែម ជុំ​វិញ​​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា រៀងរាល់​ករណី​នៃ​អំពើ​ឧក្រិដ្ឋកម្ម ឬ​ការ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ផ្សេងៗ ចាំបាច់​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ក្នុង​ប្រទេស​ណា​នោះ​ទេ។ លោក​ថា៖ "បើ​សិន​របាយការណ៍​ហ្នឹង ជា​របាយការណ៍​មួយ​ដែល​អាច​យក​ជា​ការ​បាន ហើយ​ច្បាស់​លាស់ ថា​តើ​នឹង​មាន​យន្តការ​ណា​មួយ​សម្រាប់​ការ​ស៊ើប​អង្កេត​យ៉ាង​ណា​នោះ... តែ​បើ​សិន​ជា​កិច្ចការ​នេះ នឹង​ប្រគល់​មក​ឲ្យ​អាជ្ញាធរ​ខ្មែរ​សម្រាប់​ស៊ើប​អង្កេត ខ្ញុំ​គិត​ថា​នឹង​មិន​មាន​អ្នក​ណា​នឹង​ធ្វើ​នោះ​ទេ បាទ​!"

របាយការណ៍​បិទ​បញ្ចប់ ដោយ​ជំរុញ​ឲ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុម​បុគ្គល​ដែល​មាន​ឈ្មោះ​ក្នុង​របាយការណ៍​នេះ ដើម្បី​​កាត់​ទោស​ពួក​គេ​តាម​ច្បាប់​អន្តរជាតិ។ អនុសាសន៍​សំខាន់​មួយ​ចំនួន ដាក់​ចេញ​ដោយ​របាយការណ៍​នេះ រួម​មាន ការ​ធ្វើ​កំណែ​ទម្រង់​ទាំង​ស្រុង​លើ​វិស័យ​សន្តិសុខ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​កង​កម្លាំង​សន្តិសុខ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​ឯករាជ្យ​ដាច់ស្រឡះពីការ​ត្រួត​ត្រា​របស់​គណ​បក្ស​​កាន់​អំណាច ដែល​ពិត​ជា​មាន​សារៈ​សំខាន់​បំផុត ដើម្បី​​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​បង្កើត​​បាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ។ របាយការណ៍ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ ប្រទេស​ម្ចាស់​​ជំនួយ​ដល់​កម្ពុជា អង្គការ​សហប្រជាជាតិ និង​តួអង្គ​ដែល​មាន​ឥទ្ធិពល​ផ្សេង​ទៀត ពិចារណា​ដាក់​ទណ្ឌកម្ម​តាម​គោលដៅ​លើ​ក្រុម​បុគ្គល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​មន្ត្រី​ទាំង​នោះ ដូចជា​ការ​ហាមប្រាម​លើ​ការ​ធ្វើ​ដំណើរ ការ​បង្កក​ទ្រព្យ​សម្បត្តិ ជា​ដើម ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ចេញ​មក​លើ​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា​ការរង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​នៃ​បញ្ជា​ការដ្ឋានកង​អង្គរក្ស​លោក ហ៊ុន សែន​កាលពី​ពេល​ថ្មីៗ​នេះ ជា​ដើម។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មន្ត្រី​គ្រាក់ៗ​ក្នុង​របប​លោក ហ៊ុន សែន ត្រូវ​បាន​លាត​ត្រដាងថា​មាន​ជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​​នេះ។ កាលពី​ដើម​ខែ​កុម្ភៈ​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់​ត្រូវ​បាន​សហព័ន្ធ​ភ្នាក់​ងារ​កិច្ចការ​សម្ងាត់​​អាមេរិកាំង ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​ឈ្មោះ​ក្រុម​មេ​ដឹក​នាំ ដែល «បង្ក​ការ​គំរាម​កំហែង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍» ផង​ដែរ។ កាលណោះ របាយការណ៍​របស់​ភា្នក់ងារ​នេះ សរសេរ​ថា មេ​ដឹក​នាំ​​ខ្មែរ​រូប​នេះ នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​​បង្ក្រាប​មក​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​សង្គម​ស៊ី​វិល ចាត់​ចែង​ប្រព័ន្ធ​​គ្រប់​គ្រង​​រដ្ឋាភិបាល និង​ស្ថាប័ន​តុលា​ការ ប្រើ​ប្រាស់​ប្រព័ន្ធ​សែស្រឡាយ និង​អំពើ​ហិង្សា​ផ្នែក​នយោបាយ ក្នុង​គោល​បំណង​ដើម្បី​ធានា​បន្ត​ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល