រូបត្លុកនយោបាយ៖ ១ឆ្នាំនៃការឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត «សុខចិត្តឱ្យគេហៅថាជាជនផ្តាច់ការ»
2024.08.26
គិតត្រឹមថ្ងៃទី២២ ខែសីហា លោក ហ៊ុន ម៉ាណែត បានឡើងអង្គុយកៅអីនាយករដ្ឋមន្ត្រីបន្តពូជតាមរយៈការលើកបន្តុប និងប្រគល់ឱ្យពីឪពុករបស់លោក គឺលោក ហ៊ុន សែន អស់រយៈពេល១ឆ្នាំហើយ។ រដ្ឋាភិបាលរបស់លោកបានប្រញាប់ប្រញាល់អួតអាងពីសមិទ្ធផលជាច្រើន បើទោះជាសមិទ្ធផលទាំងនោះពុំមានអ្វីជាក់លាក់ ហើយត្រូវក្រុមអ្នកឃ្លាំមើលមួយចំនួនហៅថាជាសមិទ្ធផល «ខ្យល់» ក៏ដោយ។ លោក ហ៊ុន ម៉ាណែត ដែលមានឱកាសកែប្រែការដឹកនាំប្រទេសជាតិឱ្យខុសពីសម័យកាលឪពុករបស់លោកនោះ ពេលនេះ ទំនងជាមានវាសនាមិនខុសពីសុភាសិតដែលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ឡើយ ខណៈរដ្ឋាភិបាលរបស់លោកបន្តរងនូវការរិះគន់ថា ពូកែតែខាងអួតអាង និងដឹកនាំតាមបែបប្រជាភិថុតិបោកប្រាស់រាស្ត្រមិនខុសពីសម័យកាលឪពុករបស់លោក និងរឹតតែចាក់ស្រេះដោយអំពើពុករលួយ និងបក្ខពួកគ្រួសារនិយមមិនធ្លាប់មានពីមុនមក។ លោកអនុញ្ញាតឱ្យឪពុករបស់លោកដឹកមុខដើរតួជានាយករដ្ឋមន្ត្រីចាំជួយកាងការពារពីក្រោយស្ទើរគ្រប់ពេលដែលលោកជួបបញ្ហា។ ទោះយ៉ាងណា ទន្ទឹមគ្នានេះ លោកមិនញញើតនឹងប្រកាសប្រាប់ពិភពលោកថា លោកសុខចិត្តឱ្យគេហៅថាជាជន «ផ្តាច់ការ» តាមរយៈការព្រមានបង្ក្រាបក្រុមអ្នករិះគន់ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ក្រោមលេសការពារ «សន្តិភាព» ទោះជា «ស្ថិតក្នុងតម្លៃណាក៏ដោយ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។