អ្នកនាំពាក្យ ក្រសួងការពារជាតិចិនលោក វូ ឈាន (Wu Qian) ថា ចិន និងកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការល្អនឹងគ្នា រួមទាំងផ្នែកហ្វឹកហ្វឺនវិស័យយោធាផង។ ប្រតិកម្មរបស់មន្រ្តីយោធាជាន់ខ្ពស់ចិនរូបនេះ ត្រូវបានដកស្រង់ក្នុងសារព័ត៌មាន AP នៅថ្ងៃទី២៤ ខែកក្កដា។ លោក វូ ឈាន អះអាងថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាផ្នែកយោធានេះ មិនមែនដើម្បីយកប្រទេសដែលជាភាគីទីបីណាមួយ ជាគោលដៅនោះឡើយ។
ការឆ្លើយតបរបស់មន្រ្តីជាន់ខ្ពស់ចិន នៅពេលនេះ ធ្វើឡើងក្រោយសារព័ត៌មានអាមេរិក the Wall Street Journal ចុះផ្សាយព័ត៌មានអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់ រវាងកម្ពុជា និងចិន ដែលកម្ពុជាអនុញ្ញាតឲ្យចិន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាម នៅក្បែរខេត្តព្រះសីហនុ ដោយផ្តាច់មុខ សម្រាប់ប្រតិបត្តិការយោធារបស់ចិន។
ជុំវិញព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក កេង ស៊័ង (Geng Shuang) ព្យាយាមមិនឆ្លើយចំសំណួររបស់អ្នកសារព័ត៌មាន ដែលទាមទារឲ្យលោកបញ្ជាក់ឲ្យច្បាស់ ម្តងហើយម្តងទៀតថា តើរដ្ឋាភិបាលចិន និងកម្ពុជា ពិតជាបានចុះហេត្ថលេខាសម្ងាត់នោះមែន ឬយ៉ាងណា។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែកក្កដា លោក កេង ស៊័ង បានត្រឹមតែឆ្លើយថា ខាងភាគីកម្ពុជា បានបដិសេធចំណុចនេះរួចទៅហើយ ដោយមិនគួរណាឡើយ គេយកចំណុចនេះ ទៅបកស្រាយឲ្យហួសហេតុ លើសពីនេះទៀតនោះទេ។ លោក កេង ស៊័ង បន្ថែមថា ចិន និងកម្ពុជានៅតែជាមិត្តល្អនឹងគ្នា និងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពបើកចំហ តម្លាភាព ស្មើមុខស្មើមាត់គ្នា និងបានប្រយោជន៍គ្នាទៅវិញទៅមក។
ជុំវិញព័ត៌មាននេះដែរ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺរបស់លោក ហ៊ុន សែន ដោយច្រានចោលការចុះផ្សាយរបស់ The Wall Street Journal អំពីមូលដ្ឋានទ័ពចិននៅកម្ពុជានោះថា ជាព័ត៌មានប្រឌិត។ សាររបស់លោក ហ៊ុន សែន ដោយសំណេរនេះ អំពាវនាវឲ្យល្មមឈប់ប្រើប្រាស់ព័ត៌មានក្លែងបន្លំនេះ ដែលលោកចាត់ទុកថា ជាព័ត៌មានប្រឆាំងរបបលោក។
សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក បង្កើនការព្រួយបារម្ភរបស់ខ្លួន ក្រោយពីសហគមន៍អន្តរជាតិថ្កោលទោសរបបលោក ហ៊ុន សែន ជុំទិស រឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលធ្វើឲ្យកម្ពុជាងាកទៅពឹងពាក់ចិនខ្លាំង ដើម្បីទប់ទល់នឹងសម្ពាធអន្តរជាតិនេះ។ របបលោក ហ៊ុន សែន បានផ្តល់កិច្ចសន្យាជាច្រើន ឲ្យក្រុមហ៊ុនចិនវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលក្នុងនោះ មានគម្រោងជួលដីនៅខេត្តកោះកុងរយៈពេល ៩៩ឆ្នាំ ដែលមានទំហំទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ និងមានសាងសង់ព្រះលានយន្តហោះខ្នាតធំ ដែលអាចឲ្យយន្តហោះចម្បាំងចិនចុះចតបានផង។
បញ្ហានេះ ធ្វើឲ្យរដ្ឋាភិបាលអាមេរិកភ័យព្រួយអំពីបញ្ហាសន្តិសុខតំបន់ ទើបអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផិនស៍ (Mike Pence) បានសរសេរលិខិតមួយកាលពីឆ្នាំមុន ទៅកាន់លោក ហ៊ុន សែន ដើម្បីបញ្ជាក់បន្ថែមអំពីការព្រួយបារម្ភនេះ ហើយលោក ហ៊ុន សែន ក៏ធ្លាប់ឆ្លើយតបវិញថា កម្ពុជានឹងមិនមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។