លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើលោក ហ៊ុន សែន ចេញវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់សំណង់ខុសច្បាប់ ធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទៅ។
លិខិតចេញនៅថ្ងៃទី២៧ ខែមិថុនា របស់លោក ជា សុផារ៉ា ផ្ញើជូនលោក ហ៊ុន សែន បញ្ជាក់ថា វិធានការដែលលោកចង់អោយអនុវត្តចំពោះការដ្ឋានសំណង់ដែលខុសច្បាប់ទាំងនោះរួមមាន៖
ក្រសួងរ៉ែ និងថាមពលអាចចាត់មិនអោយមានការផ្គត់ផ្គង់ថាមពលអគ្គិសនី ក្រសួងឧស្សាហកម្ម និងសិប្បកម្មអាចចាត់មិនអោយផ្គត់ផ្គង់ទឹកស្អាត ក្រសួងសាធារណការ និងដឹកជញ្ជូនមិនត្រូវអនុញ្ញាតអោយតបណ្ដាញលូភ្ជាប់ទៅលូសាធារណៈ ក្រសួងព័ត៌មានអាចបិទមិនអោយមានការផ្សព្វផ្សាយពាណិជ្ជកម្ម ឯស្ថាប័ន និងអង្គភាពផ្សេងទៀតមិនត្រូវផ្ដល់លិខិតអនុញ្ញាតអោយប្រកបអាជីវកម្ម។
លិខិតដដែលបញ្ជាក់ទៀតថាសំណើវិធានការបែបនេះនឹងត្រូវអនុវត្តចំពោះការដ្ឋានសំណង់សណ្ឋាគារ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម រោងចក្រ សិប្បកម្ម និងសំណង់ផ្សេងៗទៀត ដែលគ្មានច្បាប់អនុញ្ញាត ការសាងសង់ខុសលក្ខណៈបច្ចេកទេស ដោយលើកលែងលំនៅឋានផ្ទាល់របស់ពលរដ្ឋ។
ករណីសំណង់អាគារនៅខេត្តព្រះសីហនុ អាជ្ញាធរបានរកឃើញថាមានសំណង់អគារចំនួន៥ទីតាំងកំពុងសាងសង់ ដោយពុំមានច្បាប់អនុញ្ញាត បន្ទាប់ពីមានករណីបាក់រលំអគារ៧ជាន់នៅក្នុងខេត្តនេះបណ្ដាលអោយកម្មករសំណង់២៨នាក់ស្លាប់ និង២៦នាក់របួស៕
