សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​ស្ដីទី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​បាន​ប្រកាស

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​តែង​តាំង​លោក វិល្លៀម ស្មីទ្ធ (William Smith) ជា​សហ​ព្រះ​រាជ​អាជ្ញារ​អន្តរជាតិ​ស្តីទី​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ជំនួស​លោក រ៉ូប៊ែរ ប៉ឺទី (Robert Petit) ដែល​បាន​លាលែង​ចេញ​ពី​តំណែង។

សេចក្តី​ប្រកាស​តែងតាំង​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​សីហា ឆ្នាំ​២០០៩ នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០០៩។

លោក វិល្លៀម ស្មីទ្ធ ជន​ជាតិ​អូស្រា្តលី បាន​បម្រើការ​ជា​សហ​ព្រះ​រាជ​អាជ្ញា​រង​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ។

ពី​ឆ្នាំ​១៩៩៥ រហូត​ដល់​ឆ្នាំ​២០០៦ លោក វិល្លៀម ស្មីទ្ធ បាន​កាន់​តួនាទី​ជា​មេធាវី​នៅ​ក្នុង​សាលា​ដំបូង​ជា​មន្រ្តី​ផ្នែក​ច្បាប់​និង​ជា​អ្នក​វិភាគ​នៅ​ឯ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ក្រុង​ឡាអេ​សម្រាប់​អតីត​ប្រទេស​យូហ្គោ​ស្លាវី។

លោក វិល្លៀម ស្មីទ្ធ បាន​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ច្បាប់​អន្តរជាតិ​ពី​សាកល​វិទ្យាល័យ Leiden នៅ​ក្នុង​ប្រទេស​ហុល្លង់៕