ADB គាំទ្រ​អង្គការ​ការពារ​សិទ្ធិ​ដីធ្លី

ធនាគារ​អភិវឌ្ឍន៍​អាស៊ី កាល​ពី​ថ្ងៃ​សុក្រ បាន​សំដែង​ការ​គាំទ្រ​អង្គការ​ការពារ​សិទ្ធិ​ដីធ្លី​ចំនួន​ពីរ ដែល​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ផ្អាក​សកម្មភាព និង​ព្រមាន​ដោយសារ​អង្គការ​ទាំង​ពីរ​នេះ​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ពាក់​ព័ន្ធ​និង​គម្រោង​ជួសជុល​ផ្លូវ​ដែក។

ក្រសួង​មហា​ផ្ទៃ​បាន​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត​ចំនួន​ប្រាំ​ខែ និង​ព្រមាន​អង្គការ​អន្តរ​ជាតិ ឈ្មោះ​ថា Bridges Across Borders Cambodia ពី​ការ​រិះគន់​រដ្ឋាភិបាល។

ការ​ផ្អាក​សកម្មភាព​របស់​អង្គការ​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

សេចក្ដី​ថ្លែងការណ៍​ធនាគារ​បាន​ចាត់​ទុក​ការ​ផ្អាក​សកម្មភាព​អង្គការ​ទាំង​ពីរ ជា​ករណី​ធ្ងន់ធ្ងរ​ទាក់​ទង​សិទ្ធិ​អង្គការ។ ធនាគារ​បន្ត​ថា ការ​រិះគន់​របស់​អង្គការ​ទាំង​នេះ ជា​ការ​ចាំបាច់ និង​ជា​ព័ត៌មាន​ដ៏​សំខាន់។ ធនាគារ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អង្គការ​ទាំង​ពីរ​នេះ​បន្ត​ការ​ងារ​ខ្លួន​ឡើង​វិញ៕