ក្រសួង​បណ្ដុះបណ្ដាល​បច្ចេកទេស​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ

ក្រសួង​យុត្តិធម៌​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​បច្ចេកទេស​នៃ​ការ​សម្រុះសម្រួល និង​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ចំនួន​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី២​២ ដល់​​ថ្ងៃ​ទី​២៣ ខែ​ធ្នូ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​មាន​មន្ត្រី​មណ្ឌល​សេវាកម្ម​យុត្តិធម៌ ក្រុង ខណ្ឌ ចំនួន ១០ មក​ចូល​រួម​នៅ​ក្នុង​គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌។

អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ ក្នុង​គោល​បំណង​ផ្ដល់​ចំណេះ​ដឹង​ដល់​មន្ត្រី​យុត្តិធម៌​ដូច​ជា ទី​១ បំពេញ​នូវ​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ប្រកប​ដោយ​ចិរភាព ហើយ​និង​លើក​តម្កើង និង​ការពារ​សិទ្ធិ។ ទី​២ ពង្រឹង​ស្ថាប័ន​តុលាការ ដើម្បី​ធានា​យុត្តិធម៌​ដែល​មាន​តម្លាភាព និង​សមធម៌​សម្រាប់​ទាំង​អស់​គ្នា។

លោក សេង សុវណ្ណារ៉ា ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​អាណត្តិ​ទី​៣​នេះ រដ្ឋ​សភា​ក៏​បាន​អនុម័ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ ៧​ចំណុច គឺ​ពង្រឹង​ការ​ការពារ​សិទ្ធិ និង​សេរីភាព​របស់​បុគ្គល ធ្វើ​ទំនើបកម្ម​ក្របខ័ណ្ឌ​ច្បាប់ ផ្ដល់​លទ្ធភាព​ឲ្យ​ទទួល​បាន​នៃ​ដំណើរ​រឿង​ក្ដី និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ ពង្រឹង​សេវាកម្ម​យុត្តិធម៌ គឺ​អំណាច​តុលាការ និង​សេវាកម្ម​ផ្នែក​អយ្យការ បញ្ចូល​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពង្រឹង​ស្ថាប័ន​វិស័យ​យុត្តិធម៌​ឲ្យ​បំពេញ​អាណត្តិ​របស់​ខ្លួន​បាន​សម្រេច​ជាដើម។

គម្រោង​សាកល្បង​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ បាន​បង្កើត​កាល​ពី​ឆ្នាំ​២០០៦ ដល់​ខែ​មីនា ឆ្នាំ​២០១០ ដែល​មាន​ចំនួន ២០​ស្រុក នៅ​ក្នុង​ខែត្រ​ចំនួន​៦ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​កម្មវិធី​សហប្រជាជាតិ ហើយ​នៅ​ឆ្នាំ​២០១២ ខាង​មុខ ក្រសួង​យុត្តិធម៌​មាន​គម្រោង​បង្កើត​មណ្ឌល​សេវាកម្ម​យុត្តិធម៌​នៅ​ទូទាំង​ប្រទេស​កម្ពុជា តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕