បទ​វិភាគ៖ តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ពេល​រដ្ឋាភិបាល​មាន​ទីប្រឹក្សា​ច្រើន​ហួសហេតុ?

0:00 / 0:00

ក្រុម​អ្នក​វិភាគ​នយោបាយ​ដែល​មាន​និន្នាការ​ទៅ​រក​លោក​សេរី​ជាច្រើន លើក​ឡើង​ថា ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស ជាពិសេស​ខាង​ផ្នែក​រដ្ឋបាល​សាធារណៈ ហាក់​មាន​ការ​ច្បាម​ប្រមូល​ផ្តុំ​អំណាច​ច្រើន​សម្រាប់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​តែ​ម្នាក់​ប៉ុណ្ណោះ។ សូម្បី​ចៅហ្វាយ​ខេត្ត អគ្គនាយកដ្ឋាន រហូត​ដល់​ប្រធាន​តុលាការ សុទ្ធសឹងតែ​មាន​ងារ​ជា​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី ឬ​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ស្ទើរ​ពាស​ពេញ​ប្រទេស​ទៅ​ហើយ។

តើ​ប្រព័ន្ធ​ដឹក​នាំ​ប្រទេស​បែប​នេះ អាច​ធ្វើ​ឲ្យ​កម្ពុជា ជួប​វិបត្តិ​អ្វី​ខ្លះ​ទៅ​ថ្ងៃ​មុខ?

កម្ពុជា មិន​គ្រាន់​តែ​ជា​ប្រទេស​ដែល​មាន​ខ្លួន​តូច តែ​ក្បាល​ធំ មាន​រដ្ឋលេខាធិការ រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​មាន​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី​ដ៏​ច្រើន​លើស​ពី​ប្រទេស​ចិន ប៉ុណ្ណោះ​ទេ តែ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​រដ្ឋបាល​ទន់​ខ្សោយ ហើយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ថែម​ទៀត។

ប្រព័ន្ធ​ដឹក​នាំ​ប្រទេស​របៀប​នេះ បាន​នាំ​ឲ្យ​ការ​ចាយ​វាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ​អត់​បាន​ការ និង​មិន​ចំ​ទិសដៅ​ពិត​ប្រាកដ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើយ។

តើ​អ្វី​ទៅ​ដែល​ជា​ប្រព័ន្ធ​រដ្ឋបាល​ទន់​ខ្សោយ និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​បរិបទ​កម្ពុជា?

ប្រព័ន្ធ​រដ្ឋបាល​ទន់​ខ្សោយ​ជា​ប្រព័ន្ធ​មួយ​ដែល​អំណាច​របស់​នាយក​រដ្ឋមន្ត្រី បាន​ជ្រៀតជ្រែក​ខ្លាំង​ទៅ​ក្នុង​កិច្ចការ​រដ្ឋបាល​សាធារណៈ​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម មាន​ន័យ​ថា រាល់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​ចៅហ្វាយ​ខេត្ត ប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ ប្រធាន​តុលាការ សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​មាន​មុខ​តំណែង​ពីរ គឺ​ភារកិច្ច​ផ្ទាល់​របស់​ខ្លួន​ផង និង​ជា​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី​ផង។ លើស​ពី​នេះ​ទៅ​ទៀត ងារ​ជា​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហាក់​មាន​តម្លៃ​ថោក​បន្តិច ដោយសារ​មនុស្ស​ប្រភេទ​ណា​ក៏​អាច​ទិញ​ងារ ឬ​ទទួល​ងារ​នេះ​បាន​ដោយ​ងាយ មិន​ថា​អ្នក​នោះ​ជា​អ្នក​រក​ស៊ី ឬ​ជា​ជន​សាមញ្ញ​ធម្មតា​នោះ​ទេ។

ករណី​ដែល​មាន​ស្រាប់ គឺ​នៅ​ពេល​យុវជន​ចុះ​វាស់​ដី​របស់ លោក ហ៊ុន សែន ម្នាក់​បាន​ស្លាប់ ពេល​នោះ​លោក​បាន​តែងតាំង​ម្តាយ​យុវជន​នោះ​ជា​ទីប្រឹក្សា​ភ្លាម។ នេះ​នៅ​មិន​ទាន់​គិត​ពី​ឧកញ៉ា មហា​សេដ្ឋី​កំពូលៗ ដូច​ជា លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ល្បី​ខាង​បូម​ខ្សាច់​ពី​ទន្លេ យាយ ភូ ល្បី​ខាង​យក​ដី​បឹង យាយ ផាន ល្បី​ខាង​យក​ដី​រដ្ឋ ឧកញ៉ា សុខ គង់ ល្បី​ខាង​យក​ដី​កេរ និង​ក្រុម​ឧកញ៉ា​ជាច្រើន​ទៀត​ដែល លោក ហ៊ុន សែន ប្រហែល​តែង​តាំង​ជា​ទីប្រឹក្សា​របស់​លោក​អស់​ហើយ​មើល​ទៅ។

មេ​ដឹក​នាំ​លើ​ពិភពលោក​ភាគ​ច្រើន ដូច​ជា នៅ​សហរដ្ឋ​អាមេរិក បារាំង កាណាដា ឬ​អូស្ត្រាលី ជាដើម តែង​យក​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​ខ្លួន ដើម្បី​ផ្តល់​ការ​វិភាគ ផ្តល់​អនុសាសន៍ និង​ជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ខាង​ជំនាញ​អ្វី​មួយ​ច្បាស់​លាស់។

ទីប្រឹក្សា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​កាន់​អំណាច​យ៉ាង​យូរ​ពីរ​អាណត្តិ​នោះ ត្រូវ​បាន​បែង​ចែក​ចេញ​ជា​ជំនួយ​ការ​ប្រធានាធិបតី លេខាធិការ​ផ្ទាល់​របស់​ប្រធានាធិបតី នាយក​ការិយាល័យ​ខាង​ផ្នែក​គ្រប់គ្រង និង​ថវិកា ជំនួយ​ការ​ខាង​ផ្នែក​យោធា ទីប្រឹក្សា​ខាង​ផ្នែក​សន្តិសុខ​ជាតិ ទីប្រឹក្សា​ជាន់​ខ្ពស់​សម្រាប់​ប្រធានាធិបតី ប្រធាន និង​អនុប្រធាន​បុគ្គលិក​ប្រចាំ​សេតវិមាន និង​លេខាធិការ​ខាង​ផ្នែក​ព័ត៌មាន​របស់​សេតវិមាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​ឯកទេស​ជំនាញ​លើ​កិច្ចការ​ដែល​ខ្លួន​ទទួល​បន្ទុក មិន​មែន​គ្រាន់​តែ​ទៅ​ទិញ​យក​ឈ្មោះ​ជា​ទីប្រឹក្សា ហើយ​បាន​ងារ​ជា​ឯកឧត្តម ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស្រង់​ដើម​នោះ​ទេ។

សម្រាប់​ប្រទេស​បារាំង កាណាដា និង​អូស្ត្រាលី វិញ ក៏​មាន​ប្រព័ន្ធ​ទីប្រឹក្សា​របស់​ថ្នាក់​ដឹក​នាំ​មិន​ខុស​ពី​សហរដ្ឋ​អាមេរិក ប៉ុន្មាន​ដែរ។

ងាក​មក​កម្ពុជា ឯណេះ​វិញ ហាក់​មាន​ភាព​ច្របូកច្របល់ ខ្វះ​ស្តង់ដារ និង​ខ្វះ​ការ​បែង​ចែក​ឲ្យ​ច្បាស់​លាស់​បន្តិច ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ទីប្រឹក្សា​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សក្ដានុពល។ លោក ហ៊ុន សែន បាន​តែង​តាំង​ចៅហ្វាយ​ខេត្ត​ទាំងអស់​ជា​ទីប្រឹក្សា​របស់​លោក។ ដូច្នេះ ចៅហ្វាយ​ខេត្ត​ទាំងអស់​នោះ​អាច​លែង​ស្តាប់​បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ​អាច​ធ្វើ​ឲ្យ​អំណាច​របស់​រដ្ឋមន្ត្រី​រូប​នោះ​ចុះ​ទន់​ខ្សោយ និង​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​មាន​ភាព​ច្របូកច្របល់ លែង​មាន​ការ​ទទួល​ខុស​ត្រូវ ឬ​ញាំញី​ទៅ​ដោយ​វិបត្តិ ទំនាស់​ផល​ប្រយោជន៍ បក្ខពួក​និយម​ដែល​ប្រជុំ​ទៅ​ដោយ​អំពើ​ពុក​រលួយ។

ម្យ៉ាង​ទៀត វា​កាន់​តែ​ធ្វើ​ឲ្យ​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ក្លាយ​ទៅ​ជា​អំណាច​ប្រមូល​ផ្តុំ ជា​អំណាច​ទេវរាជ ឬ​អាច​ជា​ការ​លែង​ទុក​ចិត្ត​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​ខ្លួន​តែ​ម្តង។ ក៏ប៉ុន្តែ ប្រសិន​បើ​មើល​ឲ្យ​ធ្លុះ​បន្តិច លោក ហ៊ុន សែន អាច​លែង​ទុក​ចិត្ត​មនុស្ស​ដែល​នៅ​ក្នុង​ជួរ​បក្ស​របស់​ខ្លួន​ទៅ​វិញ​ទេ។ ក្រៅ​ពី​ការ​ប្រើ​ល្បិច​សាមកុក ដើម្បី​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​ទៅ​ជា​ចម្រៀកៗ និង​បំបាត់​ឈ្មោះ​ពី​បញ្ជី​នយោបាយ​ហើយ លោក ហ៊ុន សែន ហាក់​នៅ​ព្យាយាម​បំបែក​មនុស្ស​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​របស់​លោក​ថែម​ទៀត តាម​រយៈ​ធ្វើ​ឲ្យ​មន្រ្តី​ទាំង​នោះ​ទន់​ខ្សោយ ទាំង​ថវិកា បក្ខពួក និង​អំណាច។

ការ​ធ្វើ​ឲ្យ​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ចុះ​ទន់​ខ្សោយ ហើយ​មាន​តួនាទី​គ្រាន់​តែ​ជា​ទីងមោង​នោះ ដំបូង គឺ​កាត់​សរសៃ​ឈាម​ដែល​ជា​ខ្សែ​រយៈ ឬ​ជា​បណ្ដាញ​រឹងមាំ​របស់​មន្ត្រី​រូប​នោះ​ជា​មុន ក្រោយ​មក​ព្យាយាម​ធ្វើ​ឲ្យ​អំណាច​កាន់​តែ​បាត់​បន្តិច​ម្តងៗ រហូត​ដល់​លែង​អាច​ប្រើ​ការ​កើត ហើយ​ទុក​គ្រាន់​តែ​ជា​ឧបករណ៍​លំអ​កំដរ​ក្រសួង​របស់​រដ្ឋ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន អាច​ប្រើ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ដូច​ជា រដ្ឋមន្ត្រី ប្រធាន​នាយកដ្ឋាន ឬ​ចៅហ្វាយ​ខេត្ត​ផ្សេងៗ​ទៅ​តាម​ការ​បញ្ជា​របស់​ខ្លួន​បាន​ពី​ថ្នាក់​លើ​មក​ថ្នាក់​ក្រសួង ហើយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​សាមី​ជា​អ្នក​បញ្ជា​បន្ត ជា​ជាង​ការ​តែង​តាំង​តំណែង​បន្ថែម​សម្រាប់​អ្នក​ទាំង​នោះ​ជា​ទីប្រឹក្សា​របស់​លោក​នោះ​ឡើយ។

បញ្ហា​ដ៏​ធំ និង​ចម្រូងចម្រាស​នៃ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា គឺ​នៅ​ត្រង់​ថា ប្រសិន​បើ​មន្ត្រី​ម្នាក់​ជា​ចៅហ្វាយ​ខេត្ត​ផង និង​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ផង តើ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ អាច​មាន​ឥទ្ធិពល​លើ​មន្ត្រី​រូប​នោះ​ដែល​ជា​ខ្សែ​បណ្តោយ ឬ​ជា​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន​ដែរ​ឬ​ទេ? តើ​ប្រព័ន្ធ​វិមជ្ឈការ ឬ​ការ​ផ្ទេរ​អំណាច​ពី​ថ្នាក់​លើ​ទៅ​ថ្នាក់​ក្រោម ឬ​ឋានានុក្រម​នៃ​មន្ត្រី​សាធារណៈ​អាច​នៅ​ប្រសិទ្ធភាព​អ្វី​ទៀត?

ករណី​ដែល​មាន​ស្រាប់ គឺ​លោក ប៉ែន ស៊ីម៉ន លោក​មាន​តួនាទី​ជា​អគ្គនាយក​គយ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ លោក ប៉ែន ស៊ីម៉ន ក៏​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​របស់ លោក ហ៊ុន សែន ផង និង​ជា​ប្រតិភូ​នៃ​រាជ​រដ្ឋាភិបាល​ផង។ ប្រសិន​បើ​មន្ត្រី​គយ​ដែល​កាន់​កាប់​ការងារ​ចំ​កន្លែង​រក​ចំណូល​បាន​ច្រើន ដែល​ភាសា​សាមញ្ញ​ហៅ​ថា កន្លែង​ខ្លាញ់​នោះ ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី​ទៅ​ហើយ នោះ​មេ​ភូមិ ឬ​មេ​ឃុំ​ដែល​នៅ​ចំ​កន្លែង​ខ្លាញ់ ក៏​អាច​ស្វែង​រក​យីហោ​ទីប្រឹក្សា​នេះ​បាន​ដូច​គ្នា។

ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​រដ្ឋបាល​របស់​កម្ពុជា ហាក់​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​នឹង​ក្រុម​អ្នក​លេង​បាល់​ទាត់​អាជីព និង​ក្រុម​មនុស្ស​ដែល​ទើប​ចេះ​លេង​បាល់។ ក្រុម​មនុស្ស​ដែល​ទើប​ចេះ​លេង​បាល់ ពេល​បាល់​ទៅ​ដល់​កន្លែង​ណា ពួក​គេ​តែង​នាំ​គ្នា​រត់​ហ្វូង​ទៅ​ដណ្ដើម​បាល់​នោះ។ ប៉ុន្តែ ប្រសិន​បើ​ក្រុម​អ្នក​ទាត់​បាល់​អាជីព​វិញ គឺ​មាន​ការ​បែង​ចែក​ត្រឹមត្រូវ មាន​អ្នក​ចាំ​ទី អ្នក​ការពារ ខ្សែ​បម្រើ​ឆ្វេង​ស្តាំ ខ្សែ​ប្រយុទ្ធ ហើយ​មាន​ការ​ចែក​បាល់​គ្នា​ប្រកប​ដោយ​ភាព​ទុក​ចិត្ត និង​ការ​លេង​ជា​ក្រុម។

រហូត​មក​ទល់​ពេល​នេះ គេ​ដឹង​ថា ទីប្រឹក្សា​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ចំនួន​ជាង ៣០​នាក់ ហើយ​មាន​ជំនួយ​ការ​ជាង ២០​នាក់​ផ្សេង​ទៀត ប៉ុន្តែ​ក្រៅ​ផ្លូវ​ការ​មាន​ចំនួន​លើស​ពី​នេះ។ ក្រៅ​ពី​មេ​ដឹក​នាំ​ខ្មែរ​មាន​ទីប្រឹក្សា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ កម្ពុជា ក៏​មាន​សមាជិក​នៃ​រាជ​រដ្ឋាភិបាល​មិន​តិច​ដែរ រាប់​តាំង​ពី​ថ្នាក់​រដ្ឋលេខាធិការ រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី​មាន​ចំនួន​រហូត​ទៅ​ជាង ២០០​នាក់​ឯណោះ។

ចំនួន​សមាជិក​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ស្ថិត​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ និង​ជា​ប្រទេស​មហា​ពុក​រលួយ​ជាង​គេ​ក្នុង​ពិភពលោក​មួយ​នេះ មាន​ចំនួន​លើស​ពី​សមាជិក​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ឬ​ប្រទេស​ថៃ ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។