បទវិភាគ៖ កម្អែលខ្មែរក្រហម ក្នុងផ្នត់គំនិត និងការប្រព្រឹត្តិរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន
2019.03.06
អំពើហិង្សាទាំងតាមរយៈកាយវិកា ពាក្យសម្តី និងការប្រព្រឹត្តិផ្ទាល់របស់មន្រ្តីក្នុងជួរថ្នាក់នាំខ្មែរ បានបន្តការភ័យខ្លាច តក់ស្លុត និងបាក់ស្បាតតទៅទៀត បើទោះបីជារបបខ្មែរក្រហមបានផុតរលត់យូរឆ្នាំទៅហើយក្តី។
តើមូលហេតុអ្វី បានជាមេដឹកនាំសព្វថ្ងៃ មិនអាចជម្រះកម្អែលខ្មែរក្រហមនេះបាន?
អំពើហិង្សាថ្មីៗ និងចុងក្រោយបំផុត គឺកើតមានឡើងកាលពីខែមករា ទៅលើជនស៊ីវិល ដែលតវ៉ារឿងរំលោភដីធ្លីពីសំណាក់អ្នកមានទ្រព្យ និងមានអំណាច នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យុវជនរងគ្រោះម្នាក់ ដែលលុតជង្គង់នៅនឹងដី ដៃជាប់ចំណងទៅក្រោយ ត្រូវមន្រ្តីសមកិច្ចប្រដាប់អាវុធ វាយនឹងអាវុធអាកា (AK) យ៉ាងដំណំ។ ក្នុងរូបភាពវីដេអូ របស់អ្នកឃើញហេតុការណ៍នោះ ដែលចែកចាយបន្ត តាមបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត ទោះយុវជនដដែលនោះដេកដួលផ្កាប់មុខទៅនឹងដីទៅហើយ ក៏ត្រូវបានមន្រ្តីសមត្ថកិច្ចម្នាក់ទៀត យកជើងធាក់ជាន់បន្ថែមដូចសត្វធាតុ។
រូបភាពនេះ នៃការវាយដំមនុស្ស ដែលជាប់ចំណងទៅក្រោយបែបនេះ គឺបង្ហាញនូវភាពសាហាវព្រៃផ្សៃបែបអនុមនុស្សធម៌ ដូចអ្វីដែលកម្មាភិបាលខ្មែរក្រហមប្រព្រឹត្តទៅលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលគេចោទថា ជាខ្មាំងបដិវត្តន៍។
ទោះបីជារបបខ្មែរក្រហម បានដួលរំលំជាងបួនទសវត្សន៍ទៅហើយក្តី ចរិតនៃរបៀបដឹកនាំបែបខ្មែរក្រហមនេះ ក៏នៅតែលងបន្លាចសង្គមខ្មែរ មិនទាន់ស្បើយនៅឡើយដែរ។
អំពើហិង្សាពីសំណាក់កងកម្លាំងប្រដាប់អាវុធ ដែលសមតែជាអ្នកបម្រើរាស្រ្ត ព្រោះស៊ីប្រាក់ខែរាស្រ្ត បន្តកើតមាននៅទូទាំងប្រទេស។ ករណីបាញ់បង្ក្រាបយ៉ាងហិង្សាទៅលើប្រជាពលរដ្ឋស៊ីវិល ពីសំណាក់កងយោធានេះដែរ បានកើតនៅស្រុកស្នួល ខេត្តក្រចេះ កាលពីខែមីនា ឆ្នាំ២០១៨ ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់រងរបួស និងស្លាប់ផង។ ប៉ុន្តែ អាជ្ញាធរប្រកែកថា គ្មានអ្នកស្លាប់ទេ។
ក្នុងព្រឹត្តិការណ៍ដ៏បង្ហូរឈាមមួយទៀត បានកើតឡើងនៅផ្លូវ វេង ស្រេង និងព្រឹត្តិការបាញ់បង្ក្រាបយ៉ាងហិង្សា ដោយកងកម្លាំងឆ័ត្រយោង៩១១ របស់លោក ចាប ភក្ដី កាលពីដើម ខែមករា ឆ្នាំ ២០១៤ នៅរោងចក្រ យ៉ាក់ជីន (Yak Jin) និងព្រឹត្តិការណ៍បាញ់បង្ក្រាបនៅផ្លូវ វេង ស្រេង ធ្វើឲ្យកម្មករដែលតវ៉ាតម្លើងប្រាក់ខែជាច្រើននាក់រងរបួស និងស្លាប់ ហើយយុវជនម្នាក់ឈ្មោះ ខឹម សុផាត បាត់ខ្លួន គ្មានដំណឹងរហូតមកដល់ពេលនេះ។
លោក ហ៊ុន សែន និងរបបនេះ យកលេសនៃការបាញ់បង្ក្រាបកម្មករដែលតវ៉ា ទាមទារសិទ្ធិការងារ និងតម្លើងប្រាក់ខែទាំងនោះថា ជាក្រុមពួកប្រឆាំងធ្វើកុប្បកម្មផ្តួលរំលំរបបសព្វថ្ងៃ។
មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា កងកម្លាំងដែលបាញ់បង្ក្រាបក្រុមកម្មករកាលពីដើមឆ្នាំ២០១៤ នោះ គួរតែទទួលបានការលើកទឹកចិត្ត ព្រោះលោកអះអាងថា ពួកគេបានបំពេញតួនាទី ដែលអ្វីដែលលោកហៅថា ជាការពារជាតិមាតុភូមិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
ការលើកទឹកចិត្តដល់ជនប្រព្រឹត្តិអំពើហិង្សា ដែលជាមន្រ្តីសមត្ថកិច្ចនេះ គឺមិនខុសអ្វីពីសម្តីរបស់អតតីមេគុកទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅឌុច ដែលលើកទឹកចិត្តកម្មាភិបាលខ្មែរក្រហម ដែលជាក្រុមអ្នកសួរចម្លើយ និង ធ្វើទារុណ្ឌកម្មអ្នកជាប់ឃុំនៅគុកទួលស្លែង ឲ្យក្លាហានក្នុងការសម្លាប់ជនរងគ្រោះ ដែលជាប់ឃុំទាំងនោះ ដើម្បីបង្ហាញពីជំហរដាច់ខាត ស្មោះត្រង់នឹងបដិវត្តន៍។
របបលោក ហ៊ុន សែន កាលពីឆ្នាំ ២០១៦ បានលើកទឹកចិត្តកងអង្គរក្សរបស់លោកពីរនាក់ គឺលោក សុត វណ្ណី និង លោក ម៉ៅ ហឿន ដោយតម្លើងឋានៈអ្នកទាំងពី ពីរវរសេនីយ៍ទោ ទៅវរសេនីយ៍ឯក ក្រោយអ្នកទាំងពីរ បានព្រួតគ្នាវាយដំតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូបយ៉ាងដំណំ គឺលោក ញ៉យ ចម្រើន និងលោក គង់ សភា កាលពីឆ្នាំ២០១៥។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលោក វង សូត្រ កាលពីឆ្នាំ ២០១៧ ធ្លាប់គម្រាមបង្ក្រាបអ្នកប្រឆាំង ដែលហ៊ានតវ៉ាលទ្ធផលបោះឆ្នោត ដោយថា នឹងវាយក្បាលនឹងគល់ឫស្សី។ គល់ឫស្សី និងត្បូងចប ជាឧបករណ៍ពិឃាត ដ៏មានប្រជាប្រិយ ក្នុងសម័យខ្មែរក្រហម ព្រោះវាអាចសន្សំគ្រាប់កាំភ្លើង។
លោក ហ៊ុន សែន មិនត្រឹមតែ មិនថ្កោលទោស ឬ ដាក់ពិន័យទៅលើមន្រ្តីសាធារណៈ ដែលប្រើសម្តីហិង្សា ក្នុងចេតនាឧក្រិដ្ឋបែបនេះនោះទេ លោកថែមទាំងថ្លែងកាន់ជើងលោក វង សូត្រ ទៀតផង។
ក្នុងសម័យខ្មែរក្រហម ហេតុផលដ៏ពេញនិយម នៅក្នុងការធ្វើទុក្ខបុកម្នេញ អ្នកដែលមិនមែនជាមនុស្សរបស់ក្រុម និង បក្សពួករបស់ខ្លួន គឺការចាត់ទុកអ្នកទាំងនោះថាជាខ្មាំង។ ការចោទនរណាម្នាក់ ថាជាខ្មាំង ជាជនក្បត់ ជាពួកប្រតិកិរិយា គឺជាមធ្យោបាយកម្ទេចមនុស្សដែលពួកខ្មែរក្រហមលាបពណ៌ថា ជាពួកប្រឆាំងមាគ៌ាបក្ស និងអង្កការ។ ក្នុងសម័យខ្មែរក្រហម អ្នកណាតវ៉ា គឺខ្មាំង ហើយអ្នកដែលប្រឆាំង គឺខ្មោច។ ឬខ្លីជាងនេះ “តវ៉ាខ្មាំង ប្រឆាំងខ្មោច”។ ពាក្យ “កម្ចាត់” “កម្ទេច” “បោសសម្អាត” គឺខ្មែរក្រហមប្រើក្នុងន័យតែមួយ គឺ “សម្លាប់”។
ភាសានេះលោក ហ៊ុន សែន ប្រើញឹកញាប់ណាស់ ដើម្បីសំដៅទៅលើការបង្ក្រាបលើក្រុមមនុស្ស ដែលប្រឆាំងនឹងរបបរបស់លោក មិនថា យោធា ឬស៊ីវិលឡើយ។ ថ្មីៗ នេះ ដោយខ្លាចក្រុមយោធាក្រោកបះបោរប្រឆាំងនឹងរបបលោក ដូចអ្វីដែលកើតមាននៅប្រទេសវ៉េណេហ្ស៊ុយអេឡា លោក ហ៊ុន សែន បញ្ចេញសារគម្រាមទាហានទាំងនោះទុកជាមុន៖ «កងទ័ពប្រឆាំងរដ្ឋាភិបាល ត្រូវតែកម្ទេច»។
ទោះបីជាកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលចែងយ៉ាងច្បាស់ អំពីការរក្សាជីវិតមនុស្ស និងមិនអនុញ្ញាតឲ្យកាត់ទោសប្រហារជីវិតក៏ដោយ ក៏លោក ហ៊ុន សែន មិនញញើតនឹងបង្ហាញចេតនាឧក្រិដ្ឋ ដែលជាធាតុផ្សំនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងសារដែលលោកគម្រាមសម្លាប់មន្រ្តីបក្សប្រឆាំង និង ក្រុមបាតុកររាប់សែននាក់នោះដែរ។ លេសតែម៉្យាង គឺដើម្បីអ្វីដែលលោកហៅថាការពារសន្តិភាព៖ «ពួកអ្នកឯងបាននិយាយថា យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ធ្វើជាថ្ងៃផ្តាច់ព្រាត់ ក្នុងការផ្តួលរំលំរដ្ឋាភិបាល។ ជាភ័ព្វសំណាងរបស់អ្នកឯងហើយ។ ប្រសិនបើខ្ញុំបានមើលឃើញឃ្លីបវីដេអូនេះ ប្រហែលពេលនេះជាពេលវេលាធ្វើបុណ្យខ្មោចអ្នកឯង។ ដើម្បីការពាររដ្ឋមួយ គឺមានតែកម្ទេចក្បាលម៉ាស៊ីនក្រវាត់ចោល។ ជម្រើសមានតែពីរ ឬមួយយើងងាប់ ឬមួយគេងាប់តែប៉ុណ្ណឹង»។
ប្រហែលលោកខ្លាចតុលាការព្រហ្មទណ្ឌអន្តរជាតិ មិនបានឮអំពីចេតនាឧក្រិដ្ឋនេះហើយ បានជាលោកឆ្លៀតបំពងសំឡេង ថ្លែងសារគម្រាមសម្លាប់មនុស្សនេះ រហូតដល់ទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូយក សហរដ្ឋអាមេរិក និងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនថែមទៀតផង។
ការរម្លាយគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជាង ៣លាននាក់ ឬស្មើនឹងជិតពាក់កណ្តាលប្រទេស និងចាប់ប្រធានគណបក្សប្រឆាំងដាក់គុក ក៏របបលោក ហ៊ុន សែន យកសម្អាងនៃទោសក្បត់ជាតិ និងការចង់ធ្វើបដិវត្តន៍ពណ៌មកធ្វើជាហេតុផល ក្នុងការកម្ចាត់សំឡេងប្រឆាំងនេះដែរ។ ការចាប់អ្នកកាសែតដាក់គុកដោយគ្មានកំហុស ក៏របបនេះយកលេសថា អ្នកទាំងនោះ លួចផ្តល់ព័ត៌មានទៅរដ្ឋបរទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ជារួមរាល់ចំណាត់ការរបស់លោក ហ៊ុន សែន និង មន្រ្តីរបបនេះ ដែលកម្ចាត់សំឡេងប្រឆាំង ហើយដែលមន្រ្តីទាំងនេះតែងតែអះអាងថា ដើម្បីការពារសន្តិសុខ សន្តិភាព និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ ក៏មជ្ឈដ្ឋានទូទៅមើលឃើញថា នោះគ្រាន់តែជាចំណាត់ការ ដើម្បីទប់ទល់នឹងភាពភ័យខ្លាច មិនបានក្រាញអំណាចយូរអង្វែងតទៀត តែប៉ុណ្ណោះ។
អ្នកវិភាគថា ការដឹកនាំបែបនេះ គឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទៅ ភ័យរន្ធត់ តក់ស្លុត និងបាក់ស្បាត ដើម្បីលោក ហ៊ុន សែន អាចងាយត្រួតត្រាតែប៉ុណ្ណោះ។ មិនមែនដើម្បីសន្តិភាពទេ ព្រោះសន្តិភាព កើតចេញពីភាពយុត្តិធម៌សង្គម ដែលអាចទទួលយកបានទាំងអស់គ្នា មិនមែនឈ្នះតែក្រុមបក្សពួកលោក ហ៊ុន សែន នោះឡើយ។
របៀបដឹកនាំបែបខ្មែរក្រហមមួយទៀត គឺការរក្សាការសម្ងាត់ ចំពោះសកម្មភាពរបស់ខ្លួនឯង ប៉ុន្តែ បង្កើតប្រព័ន្ធតាមដាន និង យកការណ៍សកម្មភាពអ្នកដទៃ ដែលបង្កើតឲ្យមានការភ័យខ្លាច និង មិនទុកចិត្តគ្នា។ របៀបតាមដាននេះ ត្រូវលោក ហ៊ុន សែន បង្កើតជាប្រព័ន្ធ នៅគ្រប់ខេត្តក្រុង ក្នុងគោលបំណងឃ្លាំមើល រាល់សកម្មភាពរបស់មន្រ្តី និងសកម្មជនបក្សប្រឆាំង។
ក្នុងសម័យខ្មែរក្រហម ភ្លាមៗ ក្រោយរបបនេះផ្តួលរបប សាធារណៈរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ ណុល ពួកខ្មែរក្រហម ចាប់ផ្តើមបោសសម្អាតអតីទាហាន លន់ ណុល។ អតីតទាហានសាធារណៈរដ្ឋជាច្រើន ត្រូវពួកខ្មែរក្រហម ដឹកយកទៅបាញ់សម្លាប់ចោលនៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ ដោយគ្មានការជំនុំជម្រះអ្វីទាំងអស់។ ជាបន្តមកទៀត ពួកខ្មែរក្រហម តាមធ្វើទុក្ខបុកម្នេញក្រុមគ្រួសាររបស់អ្នកទាំងនោះ រហូតផុតរបបនេះ។
ក្នុងរបបសព្វថ្ងៃនេះវិញ ក្រោយលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិរួច របបលោកបន្តធ្វើទុក្ខបុកម្នេញលើមន្រ្តី និងសកម្មជនបក្សនេះនៅតាមមូលដ្ឋាន ដោយរឹតត្បិតសិទ្ធិសេរីភាព ខាងជីវភាពនយោបាយសព្វបែបយ៉ាង។ លោកថែមទាំងបញ្ជាក់អំពីគោលបំណងផ្តាច់ឫសកែវនៃរចនាសម្ព័ន្ធរបស់បក្សនេះទាំងស្រុងតែម្តង ដូចពាក្យស្លោកខ្មែរក្រហម “ជីកស្មៅ ជីកទាំងឫស”។
សម័យខ្មែរក្រហម ដើម្បីសម្រេចផែនការកម្ទេចអ្វីមួយ ដែលរបបនោះហៅថាជា”សត្រូវ” ដែលជាខ្មាំងបដិវត្ត ពួកគេប្រើកងឈ្លប ដើម្បីឈ្លបយកការណ៍ និង តាមដានរាល់សកម្មភាពរបស់ប្រជាជនស៊ីវិលទូទៅ។ សូម្បីតែការរួមដំណេករវាងប្តីប្រពន្ធ ដែលកម្មាភិបាលខ្មែរក្រហមបង្ខំឲ្យរៀបការ ក៏ត្រូវកងឈ្លបទាំងនេះ តាមឃ្លាំមើលរហូតដល់ក្រោមផ្ទះដែរ។ ជារួម សិទ្ធិសេរីភាពរបស់ពលរដ្ឋទូទៅ ត្រូវរងការរឹតត្បិត នឹងឃ្លាំមើលគ្រប់វិនាទី។
លោក ហ៊ុន សែន ក៏អនុវត្តវិធីនេះដែរ ដោយលោកប្រកាសជាចំហ ឲ្យតាមដានរាល់សកម្មភាពនយោបាយរបស់មន្រ្តីបក្សប្រឆាំងនៅតាមមូលដ្ឋាន។ សូម្បីតែជួបជុំគ្នាហូបគុយទាវ ក៏ហូបមិនត្រង់មាត់ដែរ ព្រោះលោកឲ្យគេតាមដានគ្រប់ជំហាន៖ «មួយផ្នែកទៀត គឺរឹតពួកអាប្រឆាំងដែលនៅសេសសល់ ឲ្យវារលំរលាយកាន់តែឆាប់។ ពួកអានៅខាងក្នុង ផ្តាច់ខ្សែសង្វាក់របស់វាឲ្យអស់។ ឥឡូវពួកវា កំពុងដើរប្រជុំតាមហាង តាមស្អីនានា ដែលខ្ញុំសុំយកឱកាសបញ្ជូន ដល់អភិបាលខេត្តនានាសម្រាប់ការណែនាំ និង គ្រប់កន្លែងផងដែរ។ យើងមិនអាចពួកអាក្រុមនេះរស់ទេ។ បើបានជាជ្រុលអ៊ីចឹងទៅហើយ គឺលេងម៉ាអស់ដៃ ដើម្បីផ្តាច់បណ្តាញរបស់វា កុំឲ្យវាមានឈ្នាន់ឲ្យសោះ។ កម្ចាត់ចោលកម្លាំងប្រឆាំងទាំងអស់ ដែលជាបណ្តាញរបស់អតីតសង្គ្រោះជាតិ ដោយមិនឲ្យពួកនេះរើក្បាលរួច»។
ស្របពេលដែលការសន្យាវិលចូលស្រុកខ្មែរ របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាន់តែកៀកចូលមកដល់ លោក ហ៊ុន សែន កាន់តែភ័យខ្លាចរឿងនេះ។ ការភ័យខ្លាចនេះ ធ្វើឲ្យលោកបង្កើនការធ្វើទុក្ខបុកម្នេញនេះ ថែមទៀត ដោយគម្រាមវាយខ្នោះមន្រ្តី និង សកម្មជនគណបក្សសង្គ្រោះជាតិ ណាដែលប្រជុំគ្នា ដើម្បីរៀបចំទទួលលោក សម រង្ស៊ី។ លោកថា នឹងចាត់ការអ្នកនោះឆាប់ៗនេះ៖ «សូម្បីតែប្រជុំតាមឡាន បន្តិចទៀតធ្វើហើយ! ត្រូវធ្វើហើយ! អាទៅប្រជុំនៅបឹងត្រកួន អ្នកមេក្លោងហ្នឹងអា រ័ត្ន សុធី។ ឥឡូវផ្តាំពីហ្នឹងទៅហើយឲ្យហើយអា រ័ត្ន សុធី កុំធើ ធើប្រយ័ត្នជាប់ខ្នោះៗ! គេមិនដឹងអ្ហ៊ៃ? ហើយនៅនេះ ស្រីមួយដើរតួខ្លាំង! ប្រជុំតាមឡាន bus ថ្ងៃមុនប្រជុំចេញពីភ្នំពេញទៅភ្នំតាម៉ៅ! ឥឡូវកំពុងដំណើរការរៀបចំបន្តទៀត។ សកម្មខ្លាំងណាស់! ប្រយ័ត្ននាង! ប្រយ័ត្ន»។
លោកបន្ថែមទៀតថា គ្មានអ្វីដែលលោកមិនដឹងនោះទេ៖ «លោកស្រីប្រធានចលនាស្ត្រី ត្រូវដឹងថា លោកស្រីមិនអាចលាក់បាំងពីអ្វីរបស់យើងបានទេ។ អ្នកណាដូចជានៅកំពង់ចាម គេប្រជុំលើឡាន bus ទៅខាងកំពង់ធំ ត្រឡប់មកវិញទៅចម្ការលើ! ស្មានតែគេមិនដឹងអ្ហ៊ៃ?»។
លោក ហ៊ុន សែន លាបពណ៌អ្នកទាំងនោះ ថាជាក្រុមអាសិរពិស និង ថាជាមួយលោក បើហ៊ានថាអី គឺហ៊ានធ្វើហ្នឹង។
ការតាមដានមនុស្ស ដូចសម័យខ្មែរក្រហមនេះ មិនមែនកើតមានចំពោះតែមន្រ្តីគណបក្ស សង្គ្រោះជាតិ ទេ សូម្បីតែប្រជាពលរដ្ឋសាមញ្ញ ដែលជាជនរងគ្រោះក្នុងបញ្ហាដីធ្លី ក៏ត្រូវអាជ្ញាធរដាក់ប៉ុស្តិ៍យាម នៅមុខផ្ទះ ដើម្បីឃ្លាំមើលសកម្មភាពរបស់គាត់នោះដែរ។
លោកស្រី ផាវ ញឺង តំណាងពលរដ្ឋមានជម្លោះដីធ្លី នៅឃុំជីខក្រោម ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានវិវាទច្រើនឆ្នាំ ជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក ឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី និងជាសមាជិកព្រឹទ្ធិសភាឯកបក្ស នៃរបបក្រុងភ្នំពេញថា ការឃ្លាំមើលសកម្មភាពលោកស្រី នៅមុខផ្ទះលោកស្រី កើតឡើងតាំងពីកំឡុងខែមិថុនា ឆ្នាំ២០១៧ ម្ល៉េះ៖ «ថ្ងៃបុណ្យសមុទ្រអីហ្នឹង ពេលខ្ញុំទៅលេងបុណ្យសមុទ្រ ក៏គេមកយាមដែរ និងមានគ្នាគេតាមរហូត តាមដល់កន្លែងដេកទៀត។ ពេលខ្ញុំមកប្រជុំនៅខេត្តកំពត គេតាមមកសួរនៅផ្ទះទៀត»។
លោកស្រីថា តាមដានសកម្មភាពរបស់លោកស្រីបែបនេះ គឺបង្កភាពភ័យខ្លាចដល់លោកស្រី និងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ លោកស្រីរងការលាបពណ៌ថាជាមនុស្សបក្សប្រឆាំងទៀតផង ទោះបីលោកស្រីគ្រាន់តែជនរងគ្រោះដីធ្លី គ្មានបក្សនយោបាយអ្វីទាំងអស់៖ «ដោយសារខ្ញុំចង់បានតែរឿងយុត្តិធម៌ រឿងម៉ារស់ពួកខ្ញុំទេ។ កុំឲ្យតែអ្នកឯងអ្នកមាន មកប្លន់ដីគេហើយ បែរជាមកលាបពណ៌ថា គេជាគណបក្សប្រឆាំង។ ខ្ញុំគ្មានមេទេ មេខ្ញុំគឺខួរក្បាលខ្ញុំ។ ខ្ញុំគឺជាជនរងគ្រោះ»។
ក្នុងការសាបព្រោះការភ័យខ្លាចនេះ ទាំងលោក ហ៊ុន សែន និងមន្រ្តីរបបនេះ គំរាមកំហែងអ្នកហ៊ានបញ្ចេញមតិតាមបណ្តាញសង្គមហ្វ៊េសប៊ុក ដោយបំភ័យថា លោកអាចតាមចាប់អ្នកប្រើប្រាស់ហ្វេសប៊ុកណាម្នាក់ ដោយប្រើពេលមិនដល់ ១០នាទីផង៖ «ត្រូវដឹងបច្ចេកវិទ្យាបច្ចុប្បន្ន មិនឲ្យលើសពី ៨ នាទី! រកឃើញកន្លែងទីតាំងឈរជើងរបស់អ្នក comment ចូលហើយ។ ទោះបីអ្នកឯងដាក់ឈ្មោះអីក៏ដោយចុះ ត្រូវចាំ! សូម្បីតែអ្នកវ៉ៃតាម WhatsApp, Telegram ឬ Line ក៏គេយកបានទាំងអស់ដែរ»។
របបនេះក៏ប្រើប្រាស់មធ្យោបាយ នៃព័ត៌មានបែកធ្លាយ ដើម្បីបង្ក្រាប បំបាក់ស្មារតី និងបរិហាកេរ្តិ៍មន្រ្តីបក្សប្រឆាំងយ៉ាងរាលដាល។ ព័ត៌មានដែលរបបនេះ អះអាងថា បានពីទំព័រហ្វេសប៊ុកឈ្មោះ “សីហា” គឺសុទ្ធតែជាព័ត៌មាន នៃសារសន្ទនាគ្នាជាឯកជន តែត្រូវប្រព័ន្ធឃោសនាលោក ហ៊ុន សែន និង លោក ហ៊ុន សែន យកមកប្រើប្រាស់យ៉ាងចំហ និងគ្មានក្រែងច្បាប់អ្វីទាំងអស់។
សិទ្ធិឯកជនភាព ត្រូវបានការពារនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ សូម្បីតែលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តី ក៏ខកខានក្នុងការទប់ស្កាត់ការរំលោភច្បាប់នេះដែរ។ លោកមិនចាត់ការស៊ើបអង្កេតអ្វីទាំងអស់។ មិនតែប៉ុណ្ណោះ លោកតែងតែពោលសរសើរក្រុមឧក្រិដ្ឋជននេះ៖ «គ្រាន់បែអាសីហា! អ្ហែងប៉ុណ្ណឹងគ្រាន់បើ អ្ហែងចេះចាប់សំឡេងអញជាមួយឯកឧត្តម កឹម សុខា បាន»។
ទោះជាលោកថា លោកត្រូវការពេលមិនដល់ ១០ នាទី ដើម្បីតាមរកអ្នករំលោភច្បាប់តាមបណ្តាញផ្សព្វផ្សាយសង្គម មកដល់ពេលនេះ គ្មានចំណាត់ការណាមួយលើរឿងនេះទេ។ តែបើទោះជាស៊ើបអង្កេត ក៏ប្រហែលជាគ្មានប្រយោជន៍ដែរ ព្រោះអ្នកដែលធ្វើឲ្យបែកធ្លាយឯកសារទាំងនោះ គឺលោក ហ៊ុន សែនខ្លួនឯងនោះឯង៖ «បែកធ្លាយសំឡេងប៉ុន្មានថ្ងៃនោះ នោះហើយដែល ហ៊ុន សែន វ៉ៃមួយដៃឆ្វេង តែនៅដៃស្តាំអត់ទាន់វ៉ៃទេ។ សុំអ្នកឯងស្តាប់ឲ្យបាន!»។
ទោះនេះអំពើខុសច្បាប់ ប៉ុន្តែ លោកមិនខ្វល់ និងផ្គើនបញ្ចេញសារនេះ ច្រើនថែមទៀត៖ «ចង់ចង់សាក! អ្នកឯងនិយាយជាមួយខ្ញុំពីស្អី! នៅមានទៀត! អ្នកឯងចង់សាក ខ្ញុំនឹងទម្លាយចេញឲ្យអ្នកឯងមើលទាំងអស់ តាំងពីក្នុង WhatsApp, SMS តិចថាខ្ញុំមិនបានការ។ ហើយវាយ៉ាងម៉េច!»។
ភាពអនាធិបតេយ្យ នៃការបញ្ចេញព័ត៌មានបែកធ្លាយ ក្លាយជាទម្លាប់ ដែលរបបនេះ មិនចាត់ការធ្វើទាំងអស់។ ប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ព្រោះខ្វះសុវត្ថិភាព នៅក្នុងការសន្ទនាគ្នាជាលក្ខណៈឯកជន។ ដោយខ្លាចគេលួចស្តាប់ការសន្ទនាគ្នាតាមទូរស័ព្ទ ប្រជាពលរដ្ឋ បានស្កាត់ជួបគ្នា ដើម្បីនិយាយគ្នាផ្ទាល់។ ការជួបជុំគ្នាបែបនេះ រងការបង្ក្រាបដែរ។
នាយកប្រតិបត្តិប្រចាំតំបន់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) ថាសារជាតិនៃមេដឹកនាំ ដែលជាប់កម្អែលកុម្មុនីស្តខ្មែរក្រហម ដូចជាលោក ហ៊ុន សែននេះ ពិបាកនឹងកែណាស់។ លោកថា លោក ហ៊ុន សែន បានរៀនសូត្រពីខ្មែរក្រហម កាលលោកនៅជាទាហានកម្មាភិបាលខ្មែរក្រហមនោះ នៅតែដក់ក្នុងផ្នត់គំនិតរបស់លោក ក្នុងរបៀបដឹកនាំសព្វថ្ងៃ៖ «លោក ហ៊ុន សែន នៅតែគិតថា ជម្រើសដ៏ល្អក្នុងការបន្តក្រាញអំណាច គឺកម្ទេចដៃគូប្រកួត។ គាត់នៅគិតថា ដើម្បីឈ្នះក្នុងរឿងនយោបាយ គឺមានតែសម្លាប់ដៃគូប្រកួត ទាំងបញ្ចប់ជីវិតនយោបាយរបស់គូប្រកួត និងជួនកាល បញ្ចប់ជីវិតគូប្រកួតតែម្តង»។
លោក ប្រ៊ែដ អាដាម បន្តថា ផ្នត់គំនិត និងការប្រព្រឹត្តិបែបនេះ គឺលោក ហ៊ុន សែន ពិបាកនឹងជម្រះចោលណាស់ ព្រោះលោកទទួលមនោគមវិជ្ជាក្រហមឆ្អិនឆ្អៅ ពីខ្មែរក្រហមទៅហើយ។ លោកបន្ថែមទៀតថា បើមេដឹកនាំដែលមិនជាប់កម្អែលកុម្មុយនិស្ត ពួកគេច្បាស់ជាមិនធ្វើដូចលោក ហ៊ុន សែន នោះទេ។ មេដឹកនាំ ដែលប្រកាន់គោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ គេមិនដែលចាប់ដៃគូប្រកួតដាក់គុក ឬកម្ចាត់ បំបាត់ ឬរម្លាយគេដូច្នេះនោះឡើយ។
របបខ្មែរក្រហម ចាត់ទុកអ្នកដែលមានទស្សនៈផ្ទុយពីខ្លួនថា ជាខ្មាំង ដែលត្រូវកម្ចាត់ចោល។ ប៉ុន្តែ យូរៗ ទៅ អស់ខ្មាំងខាងក្រៅជួរបក្ស ដែលត្រូវកម្ចាត់នោះ ខ្មែរក្រហមចាប់ផ្តើមកម្ចាត់ខ្មាំងក្នុងជួរបក្ស គឺបោសសម្អាតកម្មាភិបាលរបស់ខ្លួន រហូតធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរលាយខ្លួន។
លោក ប្រ៊ែដ អាដាម ថាក្នុងរបបប្រជាធិបតេយ្យសេរីនិយម គ្មានមេដឹកនាំណា យកជម្រើសកម្ចាត់ ឬកម្ទេចគូប្រកួតរបស់ខ្លួន តាមរូបភាពបែបកុម្មនីស្តបែបនេះនោះឡើយ។ អ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះ គឺបង្កើតឲ្យមានការថ្នាំងថ្នាក់ពីមន្រ្តីក្នុងជួរបក្សរបស់ខ្លួន និងពលរដ្ឋខ្មែរទូទៅដែរ៖ «លោក ហ៊ុន សែន ជាជនផ្តាច់ការ ជាអ្នករំលោភសិទ្ធិមនុស្ស និងជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម។ គាត់នឹងមិនអាចលេងល្បែងដដែលៗនេះ បានតទៅទៀតទេ។ គាត់មិនអាចនៅបន្តកាន់អំណាចរហូតអស់មួយជីវិតបាននោះទេ។ អ្នកមានធំៗ ក៏មិនតាមគាំទ្រគាត់រហូតនោះដែរ។ បើសិនលោក ហ៊ុន សែន ចង់ដុតបំផ្លាញស្រុកខ្មែរ ដោយសារការចង់បន្តក្រាញអំណាចយូរតទៅទៀតនោះ នឹងមានមនុស្សច្រើនណាស់ នៅក្នុងជួរគណបក្ស ប្រជាជនកម្ពុជា ក៏នឹងព្រមតាមគាត់ដែរ»។
កម្អែលខ្មែរក្រហមមួយបែបទៀត គឺទំយើបុគ្គល។ គឺការស្ទួយ និងលើកមុខមាត់បុគ្គលឲ្យខ្ពស់ហួសពីស្ថាប័ន។ សម័យខ្មែរក្រហម គេលើកមុខបុគ្គលខ្ពស់ ប្រើឈ្មោះអង្គការ។ ប៉ុន្តែ មិនមែនឲ្យតម្លៃលើអង្គការ ឬស្ថាប័ននោះទេ។ កម្មាភិបាលខ្មែរក្រហមរូបណា ក៏ជាអង្គការដែរ។
ចំណែកលោក ហ៊ុន សែន សព្វថ្ងៃគឺជា”អង្គការ” ដែលគ្រប់គ្នាត្រូវតែគោរព និងលើកតម្កើងឲ្យខ្ពស់ហួសស្ថាប័នណាទាំងអស់ សូម្បីតែអង្គព្រះមហាក្សត្រ។ លោក ហ៊ុន សែន បញ្ជាក់អំណាចធំលើសអំណាចស្តេចផែនដីនេះ នៅក្នុងសាររបស់លោក៖ «ជាមួយខ្ញុំ គឺកុំនិយាយឲ្យសោះ ឪស្តេចម៉ែស្តេចក៏ដាក់ដែរ»។
ដោយសារតែមើលឃើញចំណុចអស់ទាំងនេះ ធ្វើឲ្យប្រធានស្តីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលធ្លាប់តស៊ូ ដើម្បីប្តូររបបលោក ហ៊ុន សែន ក៏ងាកមកផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ដោយប្រកាសកាលពីថ្ងៃទី៤ ខែមីនាថា គណបក្ស សង្គ្រោះជាតិ លែងប្តូររបបលោក ហ៊ុន សែន ហើយ ប៉ុន្តែប្តូរអ្នកដឹកនាំរបបនេះវិញ គឺប្តូរលោក ហ៊ុន សែន តែនៅចាប់ដៃធ្វើការជាមួយមន្រ្តី គណបក្សកាន់អំណាចនេះ៖ «គឺគណបក្សសង្គ្រោះជាតិ យើងមិនទាមទារឲ្យប្តូររបបទេ យើងបើកទូលំទូលាយ យើងបោះដៃទៅរកគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា ពីព្រោះមានគណបក្សតែពីរនេះទេ ដែលនឹងកំណត់វាសនាប្រទេសកម្ពុជា។ យើងសុំអំពាវនាវ សុំឲ្យមន្រ្តីគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំ អ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដូរលោក ហ៊ុន សែន ជាជំហានទីមួយ ពេលណាមានការដូរលោក ហ៊ុន សែន គឺយើងគាំទ្រការផ្លាស់ប្តូរលោក ហ៊ុន សែន ចេញសិន។ ហ៊ុន សែន និងក្រុមគ្រួសារលោក ហ៊ុន សែន ចេញសិន»។
មេដឹកនាំផ្តាច់ការទាំងអស់នៅលើពិភពលោក មានទម្លាប់មិនទុកចិត្តអ្នកដទៃ ក្រៅពីមនុស្សជំនិត និងក្រុមគ្រួសារបក្សពួកជិតស្និទ្ធរបស់ខ្លួន ទើបសាបព្រោះការភ័យខ្លាច ហើយមិនលើកទឹកចិត្តឲ្យមានទស្សនៈផ្ទុយនោះទេ។ ការកាន់អំណាចដែលលង់ខ្លួនយូរទៅ មេដឹកនាំផ្តាច់ការ អាចយល់ច្រឡំ ថាអំណាចរបស់ខ្លួនមិនចេះសាបសូន្យ។ ក៏ប៉ុន្តែការពិត គឺមិនដូច្នេះនោះទេ។
លោក ប្រ៊ែដ អាដាម ថាបើទោះបីជារដ្ឋាភិបាលផ្តាច់ការនៅលើពិភពលោក តែងតែជ្រើសរើសយកវិធីគ្រប់គ្រងប្រទេសបែបនេះក៏ដោយ ក៏ប៉ុន្តែជាទូទៅ មិនជោគជ័យទេ៕