បទវិភាគ៖ ហ៊ុនសែនូបនីយកម្មនៃកម្ពុជា តើអាចជាបញ្ហាសម្រាប់ប្រទេសជាតិដែរឬទេ?
2019.02.02
លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានក្ដោបក្ដាប់អំណាចនៅកម្ពុជាអស់រយៈពេល៤០ឆ្នាំហើយ។ ក្នុងរយៈពេល៤០ឆ្នាំនេះ សមិទ្ធផលដែលលោក ហ៊ុន សែន និងបក្ខពួក សម្រេចបានលេចធ្លោជាងគេនោះ គឺការធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅជាកម្មសិទ្ធិរបស់លោក ហ៊ុន សែន និងគ្រួសាររបស់លោក ឬការធ្វើហ៊ុនសែនូបនីយកម្ម លើប្រទេសកម្ពុជា។
តើការយកកម្ពុជាឱ្យទៅក្ដោបក្ដាប់សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ តវង្ស តត្រកូលបែបនេះ អាចបង្កជាបញ្ហាសម្រាប់ប្រទេសជាតិដែរឬទេ?
លោក ជុន ច័ន្ទបុត្រ សូមជូនបទវិភាគមួយអំពីរឿងនេះ៖
ការត្រៀមបម្រុងកាន់អំណាចតពូជរបស់ត្រកូល ហ៊ុន លេចតម្រុយចេញកាន់តែច្បាស់ នៅពេលដែលលោក ហ៊ុន សែន បញ្ចូលកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យទៅជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស កាលពីថ្ងៃ២០ ធ្នូ កន្លងទៅនេះ។ លោក ហ៊ុន ម៉ានិត កូនប្រុសទីពីរ ទទួលតំណែងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។ រីឯលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្ដាល។
ក្នុងសន្និបាតវិសាមញ្ញកាលពីដើមឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ក៏បានបញ្ចូលសមាជិកគណៈកម្មាធិការមជ្ឈិមបក្សចំនួនជាង បីរយនាក់បន្ថែមទៀត ដែលធ្វើឱ្យកើនឡើងជិត ៩០០នាក់។ ភាគច្រើននៃចំនួនដែលបញ្ចូលថ្មីនេះ សុទ្ធសឹងតែដៃជើង ឬក៏ជាកូនជឹងដៃឆៅរបស់កូនៗលោក ហ៊ុន សែន។ អំពើនេះត្រូវគេមើលឃើញថា ជាយុទ្ធសាស្ត្រពង្រឹងអំណាចត្រកូល "ហ៊ុន" នៅក្នុងជួរផ្ទៃក្នុងគណបក្ស។
ក្រៅពីតំណែងក្នុងជួរបក្ស កូនប្រុសទាំងបីរបស់លោក សុទ្ធតែត្រូវបានលោកតែងតាំងឱ្យកាន់តំណែងដែលមានអំណាចប្រើអាវុធ និងតំណែងជាគន្លឹះៗក្នុងស្ថាប័នយោធា។
កូនប្រុសច្បង លោក ហ៊ុន ម៉ាណែត មានតំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ហើយក៏ជាមេបញ្ជាការរងកងអង្គរក្ស។
កូនប្រុសទីពីរ គឺលោក ហ៊ុន ម៉ានិត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ។
កូនប្រុសពៅ លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាទទួលបន្ទុកការងារអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងជួរកងទ័ពវិញ លោក ហ៊ុន ម៉ានី មានឋានន្តរសក្ដិ ថ្នាក់វរសេនីយ៍ឯក ដែលជានាយទាហានការពារផ្ទាល់ នៃបញ្ជាការដ្ឋានអង្គរក្ស។
មិនត្រឹមតែមានតំណែងខ្ពស់ៗសំខាន់ៗក្នុងជួរបក្ស និងផ្នែកយោធាទេ សែស្រឡាយត្រកូលហ៊ុន រាប់តាំងពីកូនបង្កើត កូនប្រសា បងប្អូនប្រុសស្រី ព្រមទាំងក្មួយៗរបស់លោក ស្រវាក្ដោបក្ដាប់សេដ្ឋកិច្ចជាតិ និងផ្នែកធំៗនៃធនធានជាតិស្ទើរតែទាំងស្រុង។ ពួកគេទាំងប្រុស ទាំងស្រី ទាំងប្តី ទាំងប្រពន្ធ មានប្រាក់រាប់រយលានដុល្លារ។ ការស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) បង្ហាញថា គ្រួសារត្រកូលហ៊ុន មានលុយសរុបទាំងអស់ប្រមាណពី ៥០០លាន ទៅ១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ម្នាក់ៗគ្រប់គ្រងក្រុមហ៊ុនធំៗ និងប្រកបរបររកស៊ីស្ទើរគ្រប់ប្រភេទ រាប់តាំងពីដណ្ដើមដីអ្នកស្រុក រត់ពន្ធថ្នាំញៀន បើកបនល្បែងស៊ីសង និងជាម្ចាស់ក្រុមហ៊ុនស្ទើរគ្រប់មុខ ចំនួនជាងមួយរយក្រុមហ៊ុននៅប្រទេសកម្ពុជា រាប់តាំងពីក្រុមហ៊ុនស្រោមអនាម័យ គ្រឿងស្រវឹង គ្រឿងសំអាង ក្រុមហ៊ុននាំស្រូវអង្ករចេញ ក្រុមហ៊ុនអគ្គិសនី ទូរស័ព្ទ ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនរុករករ៉ែ កាប់ឈើ បូមខ្សាច់ ជាដើម។
របាយការណ៍ Global Witness សរសេរថា ដោយសារត្រកូល ហ៊ុន ក្ដោបក្ដាប់សេដ្ឋកិច្ចស្ទើរគ្រប់មុខបែបនេះ ពលរដ្ឋខ្មែរដែលជាអ្នករងគ្រោះពីត្រកូលហ៊ុននេះសោះ បែរជានាំគ្នាផ្តល់ប្រាក់ចំណេញទៅឱ្យក្រុមគ្រួសារនេះមួយថ្ងៃពីរបីដងទៅវិញ។ មូលហេតុ គឺដោយសារពួកគេពិបាកនឹងចៀសផុតពីការចំណាយទៅលើមុខទំនិញទាំងឡាយ ដែលសុទ្ធតែគ្រប់គ្រងដោយត្រកូលហ៊ុន។ បន្តិចម្តងៗ ប្រទេសកម្ពុជាទាំងមូល ធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ត្រកូលហ៊ុន។
ទន្ទឹមនឹងក្រុមគ្រួសារត្រកូលហ៊ុន ម្នាក់ៗមានកប់ក្ដោង ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរភាគច្រើន សុទ្ធតែជាអ្នកក្រ។ ទោះបីជាលោក ហ៊ុន សែន ខ្ចីលុយបរទេស ចំនួនជិត ១ម៉ឺនលានដុល្លារសហរដ្ឋអាមេរិក និងបានកាប់ព្រៃឈើ លក់ធនធានធម្មជាតិ និងសម្បត្តិជាតិស្ទើររលាយហិនហោចក្តី អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា កម្ពុជាកំពុងឋិតក្នុងចំណោមប្រទេសដែលក្រីក្រខ្លាំងជាងគេបំផុតមួយនៅលើពិភពលោក។ អត្រានៃភាពក្រីក្រនៅកម្ពុជា បានថយចុះមែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែអ្នកជំនាញរកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាង ១៥លាននាក់ មានអ្នកក្រ និងអ្នកជិតក្រ ជាង ៨លាននាក់។ បើតាមតួលេខនេះ ពលរដ្ឋកម្ពុជា ជាងពាក់កណ្តាលនគរសុទ្ធតែជាអ្នកក្រ និងអ្នកហៀបតែនឹងធ្លាក់ខ្លួនក្រ។
ពុករលួយ
ការសិក្សាពីមូលហេតុដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរក្រ រកឃើញថា អំពើពុករលួយបង្កឡើង និងការពារដោយក្រុមអ្នកដឹកនាំប្រទេស និងការបែងចែកភាគផលមិនស្មើគ្នានៅក្នុងប្រទេសនេះតែម្ដង គឺជាដើមចមសំខាន់មួយ ដែលធ្វើឱ្យខ្មែរក្រ។ ឈ្មួញធំៗស្ទើរតែទាំងអស់សុទ្ធតែមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក ហ៊ុន សែន និងមានលោក ហ៊ុន សែន ការពារពីក្រោយ។
អ្នកការទូតបរទេសប្រចាំក្រុងភ្នំពេញ សង្កេតឃើញថា គឺទំនាក់ទំនងរវាង លោក ហ៊ុន សែន ជាមួយនឹងមេឈ្មួញធំៗនេះហើយ ដែលបង្កឱ្យមានអំពើពុករលួយពេញប្រទេស។ យោងតាមការទម្លាយឯកសារសម្ងាត់របស់វិគីលីក (WikiLeaks) ដែលបានចុះផ្សាយនូវកំណត់សម្គាល់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ពីចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ២០១០ ប្រមុខអ្នកការទូតអាមេរិកសរសេរថា “ឈ្មួញរកស៊ីធំៗនៅកម្ពុជា សុទ្ធតែមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតដិតជាមួយលោក ហ៊ុន សែន និងជាមួយមន្ត្រីគ្រាក់ៗក្នុងរបបលោក ហ៊ុន សែន”។ ឯកសារបែកធ្លាយនោះបន្តថា “លោក ហ៊ុន សែន ត្រេកត្រអាលនឹងទំនាក់ទំនងជាមួយមហាសេដ្ឋីទាំងនេះណាស់ ដ្បិតពួកគេបានផ្ដល់លុយដល់លោកជាថ្នូរនឹងការទទួលបានមកវិញនូវការគាំទ្រពីលោក ក្នុងមុខជំនួញរបស់គេ”។ អ្នកការទូតអាមេរិករូបនោះសន្និដ្ឋានថា “គឺទំនាក់ទំនងសេដ្ឋកិច្ចបែបនេះហើយ ដែលបានបង្កើតឡើង និងពង្រឹងនូវវប្បធម៌និទ្ទណ្ឌភាពក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានរារាំងសកម្មភាពទប់ស្កាត់អំពើពុករលួយនៅក្នុងប្រទេស”។
លោក ហ៊ុន សែន ខ្លួនឯងក៏បានសារភាពអំពីការការពារឈ្មួញរកស៊ីធំៗ នៅក្នុងសារសំឡេងបែកធ្លាយមួយនាពេលថ្មីៗនេះ។ ថ្វីដ្បិតតែលោកមិនបានសារភាពថា ឈ្មួញដែលលោកការពារនោះ រកស៊ីខុសច្បាប់ក្ដី លោកបញ្ជាក់ថា បើឈ្មួញនោះប្រឆាំងនឹងលោក មុខរបររកស៊ីរបស់គេក៏អាចជួបបញ្ហាដែរ។
សំឡេង លោក ហ៊ុន សែន៖ «ម៉េង (លោក គិត ម៉េង) សាកល្បងជាមួយខ្ញុំ ម៉េងក្លាយជាសត្រូវរបស់ខ្ញុំ។ ហើយតើមុខរបររបស់ម៉េង នឹងជួបប្រទះអ្វីខ្លះ នៅក្នុងស្ថានភាពដែលទទួលការគាំទ្រពីខ្ញុំផ្នែកមុខរបរ...អាហ្នឹងនិយាយឱ្យវាច្បាស់អំពីកន្លែងហ្នឹង។ បើ គិត ម៉េង បន្តទៅតាមសំណូមពររបស់លោក គិត ម៉េង នឹងខ្ញុំ ក្លាយជាសត្រូវ។ ហើយតើអ្វីវានឹងកើតចំពោះ គិត ម៉េង។ ចំពោះមុខរបររបស់គិត ម៉េង... លោកត្រូវដឹងហើយ ហ៊ុន សែន ជាអ្វី។ លោកត្រូវដឹង។ បើទោះគ្រាន់តែមេបក្សប្រឆាំង ក៏ហ៊ានដាក់ខ្នោះទាំងយប់ដែរ វារឿងអីដែលត្រូវពិបាក...»។
បង្កើតច្បាប់ជាឧបករណ៍ការពារក្រុមគ្រួសារនិងបក្ខពួកខ្លួន
ប្រាកដណាស់សកម្មភាពរបស់លោក ហ៊ុន សែន កន្លងមក បង្ហាញថា គ្មានអ្វីដែលលោកមិនហ៊ានធ្វើនោះទេ ជាពិសេសឱ្យតែអំពើនោះ ធ្វើឡើងដើម្បីផ្ដល់ផលប្រយោជន៍ដល់គ្រួសារ និងបក្ខពួករបស់លោក។ លោកអាចបញ្ជាឱ្យសភាជាតិ បង្កើតច្បាប់ថ្មីស្រឡាងមួយ រួចបញ្ជាឱ្យព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើច្បាប់ថ្មីនោះបាន បើទោះបីជាច្បាប់នោះអាចធ្វើឱ្យបាត់បង់ទឹកដី បំផ្លាញពន្លកប្រជាធិបតេយ្យ ឬបំផ្លាញអ្នកណាក៏ដោយចុះ។
នៅពេលដែលលោកដឹងថា គណបក្សប្រឆាំងអាចមានប្រៀបលើលោក ប្រសិនបើគណបក្សនេះចូលរួមការបោះឆ្នោត លោកបង្កើតច្បាប់រំលាយចោលភ្លាម។ មេគណបក្សប្រឆាំង ដូចសម្ដីរបស់លោកបាននិយាយ ក៏លោកហ៊ានចាប់ដាក់ខ្នោះទាំងយប់ដែរ។
នៅមានឧទាហរណ៍ដទៃទៀតរាប់មិនអស់ ដែលលោក ហ៊ុន សែន បង្កើតច្បាប់ និងយកប្រព័ន្ធតុលាការជាឧបករណ៍សម្រាប់បម្រើផលប្រយោជន៍គ្រួសារ និងបក្ខពួកលោក ព្រមទាំងធ្វើទោសទណ្ឌអ្នកដែលប្រឆាំងនឹងលោក។
និទ្ទណ្ឌភាព
ដោយបានប្រែក្លាយកម្ពុជា ឱ្យទៅជារបស់ត្រកូលហ៊ុន ឬការធ្វើហ៊ុនសែនូបនីយកម្មបានសំរេចបែបនេះ ក្រុមគ្រួសារនេះ អាចធ្វើអ្វីបានតាមទំនើងចិត្ត ទោះបំពានច្បាប់ក្ដី។ ឥទ្ធិពលលុយ និងអំណាច ផ្ដល់លទ្ធភាពឱ្យត្រកូលហ៊ុនអាចពង្រីកបណ្ដាញ "កូនជឹងដែលមានភក្ដីភាព" នឹងត្រកូលនេះបានគ្រប់លំដាប់ថ្នាក់។ ស្ទើរគ្រប់ស្ថាប័នរដ្ឋសំខាន់ៗ សុទ្ធតែត្រូវបានកាន់កាប់ដោយ "អ្នកដែលមានភក្ដីភាព" នឹងត្រកូលហ៊ុន។ បើមិនដាក់ខ្លួនធ្វើជាកូនជឹងរបស់ត្រកូលហ៊ុន និងបក្ខពួកទេ ពលរដ្ឋនិងយុវជនទូទៅ កម្រនឹងមានឱកាសទទួលបានការងារ និងតួនាទី តាមសមត្ថភាពជំនាញរបស់ខ្លួនណាស់។ ជាលទ្ធផល ស្ថាប័នសំខាន់ៗ តួនាទីធំៗ បានតែទៅលើអ្នកដែល "កូនជឹងដែលមានភក្ដីភាព" នឹងត្រកូលហ៊ុន និងបក្ខពួកតែប៉ុណ្ណោះ។ ដល់អ៊ីចឹងទៅ ក្រុមគ្រួសារត្រកូលហ៊ុន គ្មានហេតុផលអ្វីនឹងខ្លាចការដាក់ទោសទណ្ឌពីអាជ្ញាធរ ឬពីស្ថាប័នតុលាការ ក្នុងការរំលោភបំពានច្បាប់នោះឡើយ។
ក្មួយៗរបស់លោក ហ៊ុន សែន ដូចជា នឹម ពិសី នឹម សុភា និង នឹម ចាន់ថាណា ត្រូវគេដឹងថា តែងប្រើប្រាស់អាវុធខុសច្បាប់ទំនើបៗ បាញ់បោះ ប្រើអំពើហិង្សាដោយគ្មានខ្លាចក្រែងច្បាប់ឬអាជ្ញាធរឡើយ។ ខ្លះបើកឡានបុកគេ ហើយថែមទាំងបាញ់រះធ្វើឱ្យអ្នកដំណើរដែលមិនមានពាក់ព័ន្ធនឹងខ្លួនសោះស្លាប់ និងរបួសថែមទៀតផង។ ពួកគេមិនត្រឹមតែ គ្មានតុលាការណាយកទោសយកពៃរ៍ទេ ថែមទាំងមានអាជ្ញាធរចេញមុខការពារទៀតផង។ កូនក្មួយលោក ហ៊ុន សែន ត្រកូលនឹមនេះ មានឈ្មោះជាក្រុមជនកាចសាហាវ ប៉ះដៃយកដៃ ប៉ះជើងយកជើង។ សូម្បីតែអ្នកទេសចរបរទេសជនជាតិជប៉ុន ក៏ក្មួយប្រុសម្នាក់របស់លោកឈ្មោះ នឹម ចាន់ថាណា ធ្លាប់ចាក់ឱ្យរបួសធ្ងន់ក្នុងទីក្រុងភ្នំពេញ ដោយប្រើអំបែងដបទឹកម្ទេស និងដបទឹកស៊ីអ៊ីវ។
ទោះជាមានត្រកូល នឹម តែជនទាំងនេះមានជាប់សាច់ឈាមជិតដិតនឹងលោក ហ៊ុន សែន។ ពួកគេគឺជាកូនរបស់លោក នឹម ច័ន្ទតារា និងលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់ លោក ហ៊ុន សែន។
កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ម្នាក់ ដែលជាតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការសភាទទួលបន្ទុកការងារអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ ក៏ធ្លាប់មានព័ត៌មានបែកធ្លាយថា ជាមេទិញដូរផ្លូវភេទ យកទៅប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើក្រុមយុវតីស្អាតៗ ដែលជាតារាចម្រៀង និងពិធីការិនីជាដើម។ ទោះបីជាព័ត៌មានបែកធ្លាយនោះ មានឈ្មោះនិងរូបថតមនុស្សដែលពាក់ព័ន្ធពិតប្រាកដ មានអត្តសញ្ញាណ មានសំឡេងរបស់ជនរងគ្រោះក៏ដោយ ក៏គ្មានឃើញស្ថាប័នរដ្ឋពាក់ព័ន្ធណាមួយហ៊ានបើកការស៊ើបអង្កេតឡើយ។
អំពើមួយចំនួនដែលនរណាក៏ដឹងថា បានបំពានច្បាប់ ប្រព្រឹត្តដោយលោក ហ៊ុន សែន ផ្ទាល់ ក៏មិនត្រូវបានតុលាការ ឬអាជ្ញាធរណាហ៊ានចាប់ទោសអូសដំណើរដែរ។ ជាញឹកញយ លោក ហ៊ុន សែន តែងសាបព្រួសអំពើហិង្សា ប្រើសម្ដីអសីលធម៌ ជេរប្រមាថពលរដ្ឋ គំរាមសម្លាប់មនុស្សរាប់រយនាក់ ដាក់មេក្រូ។ ពេលខ្លះ លោកថែមទាំងហ៊ានគំរាមរំលាយស្ថាប័នព្រះមហាក្សត្រចោល និងជេរប្រមាថដល់ "ឪស្ដេចម៉ែស្ដេច" ទៀតផង ក៏គ្មាននរណាហ៊ានក្អកឡើយ។ នេះក៏ព្រោះតែលោក ហ៊ុន សែន បានប្រែក្លាយកម្ពុជា ឱ្យនៅក្នុងកណ្ដាប់ដៃលោក រួចទៅហើយ។
ដោយហាក់បានចាត់ទុកថា កម្ពុជាទាំងមូលជារបស់ក្រុមគ្រួសារលោក លោកអាចប្រគល់តំណែងធំៗសំខាន់ៗនៅក្នុងរបបលោក ដល់សាច់ញាតិ មិត្តភ័ក្ដិ និងកូនជឹងរបស់លោក ដោយមិនខ្វល់គិតពីសមត្ថភាពជំនាញក្នុងការផ្តល់ប្រយោជន៍ដល់ជាតិឡើយ។ មិនថាអ្នកកំប្លែង អ្នកនិពន្ធ ឬអ្នកកាសែតទេ ឱ្យតែចេះនិយាយ ឬសរសេរលើកជើង ក្រុមគ្រួសារត្រកូលហ៊ុន ពួកគេអាចបានតំណែងធំ បានផ្កាយពាក់លើស្មាព្រោងព្រាត។
អ្នកដែលនិយាយពិតដើម្បីប្រយោជន៍ជាតិវិញ ត្រូវបានលោក ហ៊ុន សែន និងបក្ខពួកចាត់ទុកជាសត្រូវ ជាក្រុមអគតិ ឬក្បត់ជាតិ ហើយត្រូវក្រុមលោកចាប់ដាក់គុក និងត្រូវភៀសខ្លួនទៅក្រៅប្រទេសរស់នៅបែកបាក់គ្រួសារជាដើម។
អស្ថិរភាពនយោបាយ
ទោះបីជារឿយៗលោក ហ៊ុន សែន ធ្លាប់អួតអាងពីភាពរឹងមាំក្នុងជួរគណបក្សប្រជាជនកម្ពុជា និងក្នុងរបបដឹកនាំរបស់លោកក្តី ការបញ្ចូលកូនៗរបស់លោកទៅក្នុងក្បាលម៉ាស៊ីនគណបក្សប្រជាជនកម្ពុជា និងដំឡើងឱ្យកាន់តំណែងកំពូលៗក្នុងស្ថាប័នយោធា វាគឺជាសូចនាករមួយ ដែលអាចបង្ហាញឱ្យឃើញច្បាស់ពីការភ័យខ្លាចចំពោះការប៉ុនប៉ងផ្ដួលរំលំលោក ពីសំណាក់ផ្ទៃក្នុងបក្ស ហើយក៏ជាការបង្ហាញថា លោក ហ៊ុន សែន មិនទុកចិត្តមនុស្សអ្នកណាទាំងអស់ ទាំងអ្នកនៅផ្ទៃក្នុងគណបក្ស និងផ្ទៃក្នុងរដ្ឋាភិបាល។ លោកទុកចិត្ត តែកូនៗខ្លួនឯងប៉ុណ្ណោះ។
និយាយឱ្យងាយស្ដាប់ ការតែងតាំងកូនៗខ្លួនទៅក្នុងក្បាលម៉ាស៊ីនគណបក្ស និងក្នុងស្ថាប័នយោធា ប្រៀបបានដូចជាលោក ហ៊ុន សែន ត្រៀមខ្លួនទិញបានប័ណ្ណធានារ៉ាប់រង ដើម្បីធ្វើជារបាំងការពារ ពីគ្រោះភ័យដែលអាចកើតមានឡើងដល់លោកនៅថ្ងៃណាមួយ។
ភស្តុតាងមួយទៀតដែលបង្ហាញពីការមិនទុកចិត្តមន្ត្រីនៅជុំវិញខ្លួននេះ គឺលោក ហ៊ុន សែន តែងចេញបញ្ជាឱ្យលើកពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍រៀងរាល់ថ្ងៃសុក្រជានិច្ច នៅពេលដែលលោកចេញទៅទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ។ ក្នុងអំឡុងពេលដែលលោក ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិននាពេលនេះ ជាឧទាហរណ៍ស្រាប់ លោកមិនបានតែងតាំងនាយករដ្ឋមន្ត្រីស្ដីទី ឱ្យធ្វើការងារជំនួសលោកទេ ហើយកិច្ចប្រជុំប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រទី១៨ មករា កន្លងទៅ ក៏ត្រូវបានលើកពេលដែរ។ ថ្ងៃណាមួយលោកអាចប្រហែលនឹងរកវិធី ឬបង្កើតច្បាប់ថ្មីមួយ តែងតាំងកូនណាមួយរបស់លោកឱ្យដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ ក្នុងពេលអវត្តមានរបស់លោកផងក៏មិនដឹង។ អ្វីក៏លោក ហ៊ុន សែន មិនពិបាកធ្វើដែរ។
នាងរត់រកអ្នក មនុស្សខាតលក្ខណ៍ រត់អ្នកកំបាក់អន្សា
ពាក្យចាស់បុរាណខ្មែរពោលថា នាងរត់រកអ្នក មនុស្សខាតលក្ខណ៍ រត់អ្នកកំបាក់អន្សា។ របបលោក ហ៊ុន សែន ទើបបានទទួលចំណាត់ថ្នាក់ពីក្រុមអ្នកស្រាវជ្រាវអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋថា ជាប្រទេសដែលមានរបបគ្រប់គ្រងផ្ដាច់ការ។ ប្រាកដណាស់លោក ហ៊ុន សែន ដែលជាមេដឹកនាំរបបផ្ដាច់ការនេះ ក៏រត់ទៅសេពគប់តែជាមួយរបបផ្ដាច់ការដូចគ្នា ហើយផាត់ចោលប្រទេសទាំងឡាយណាដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស បើទោះបីជាប្រទេសទាំងនោះ មានតួនាទីសំខាន់ ក្នុងការចូលរួមចំណែក លើកស្ទួយសេដ្ឋកិច្ចជាតិក៏ដោយ។
លោកខឹងនឹងសហរដ្ឋអាមេរិកដែលតែងក្រើនរំលឹកលោកឱ្យគោរពសិទ្ធិមនុស្ស និងលើកស្ទួយប្រជាធិបតេយ្យ រហូតដល់លោកប្រកាសថា នឹងសុំដកសញ្ជាតិអាមេរិកពីចៅរបស់លោក ដែលបានកើតនៅសហរដ្ឋអាមេរិក ហើយបានទទួលសញ្ជាតិអាមេរិកពីកំណើតផង។
ក្នុងខណៈដែលអវសានវាទ នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ពីសហភាពអឺរ៉ុបកាន់តែខិតចូលមកដល់ ហើយសហភាពអឺរ៉ុបកាន់តែបង្ហាញជំហរច្បាស់ថា គេនឹងដកប្រព័ន្ធអនុគ្រោះពន្ធនេះ លោក ហ៊ុន សែន កាន់តែខិតខំរត់ទៅលន់តួចិនរកជំនួយ ទោះបីជាក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បញ្ជាក់ច្បាស់ថា ការសេពគប់ជាមួយប្រទេសចិន តែងតែធ្វើឱ្យប្រទេសជាតិ វិនាសអន្តរាយក៏ដោយចុះ។
ប្រសិនបើលោក ហ៊ុន សែន ពិតជាមានឆន្ទៈពិតប្រាកដក្នុងការអនុវត្តគោលនយោបាយដែលលោកហៅថាគោលនយោបាយ ឈ្នះ ឈ្នះ មែននោះ នេះគឺជាឱកាសមាសដ៏កម្រមួយដែលលោក ហ៊ុន សែន យកគោលនយោបាយឈ្នះ ឈ្នះនេះមកអនុវត្ត។ ដ្បិតវាអាចធ្វើឱ្យមនុស្សទាំងអស់គ្នាក្នុងសង្គម និងភាគីពាក់ព័ន្ធ ឈ្នះទាំងអស់គ្នា។
កម្មករ កសិករ ក៏ឈ្នះដ្បិតផលិតផលរបស់គេ មានស្រូវអង្ករ សំលៀកបំពាក់ជាដើម អាចនាំទៅលក់នៅសហភាពអឺរ៉ុបដោយមិនបាច់បង់ពន្ធ។ ប្រជាជាតិខ្មែរទាំងមូលក៏ឈ្នះ ដ្បិតអ្នកនយោបាយខ្មែរអាចជានានឹងគ្នាឡើងវិញ។ លទ្ធិប្រជាធិបតេយ្យក៏អាចរីកដុះដាលបានឡើងវិញ ស្ថាប័នព័ត៌មានឯករាជ្យក៏អាចដំណើរការបាន ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋទូទៅ។ សហភាពអឺរ៉ុបក៏ឈ្នះ ដ្បិតពួកគាត់អាចនៅជួយពលរដ្ឋខ្មែរដ៏ក្រីក្របន្តទៀតបាន។
ក៏ប៉ុន្តែការដែលលោក ហ៊ុន សែន ខំទៅលន់តួចិននៅពេលនេះ ប្រហែលជាលោកមិនចង់ឱ្យនរណាឈ្នះ ក្រៅតែពីក្រុមគ្រួសារលោកឡើយ។ បើបក្សប្រឆាំងរស់ឡើងវិញ បើស្ថាប័នព័ត៌មានឯករាជ្យអាចដំណើរការនិយាយការពិតវិញបាន អំណាចរបស់លោក និងក្រុមគ្រួសារលោក អាចនឹងត្រូវថមថយ។ មហិច្ឆតាយកកម្ពុជាឱ្យទៅជារបស់ត្រកូល ហ៊ុន អាចនឹងជួបបញ្ហា។
ដូច្នេះ តើការធ្វើហ៊ុនសែនូបនីយកម្មនៃកម្ពុជា ឬការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជារបស់លោក ហ៊ុន សែន អាចជាបញ្ហាសម្រាប់ប្រទេសជាតិដែរឬទេ? ប្រសិនបើរបៀបដឹកនាំដោយយកប្រជាជាតិទាំងមូលយកទៅធ្វើជាទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ និងបក្ខពួករបស់ខ្លួននោះ អាចផ្ដល់មេរៀនឱ្យពលរដ្ឋទាំងអស់គ្នាដកស្រង់បាន នោះគឺថាការដឹកនាំបែបនេះ បង្កឱ្យមានបក្ខពួកនិយមគ្រួសារនិយម មិនបានផ្ដល់ឱ្យពលរដ្ឋ និងយុវជនទូទៅមានឱកាសស្មើគ្នាបានឡើយ។ វាអាចបង្កឱ្យមានអំពើពុករលួយ ខាតប្រយោជន៍ជាតិ។ ប្រទេសជាតិនឹងមិនអាចក្លាយជាប្រទេសនីតិរដ្ឋបានឡើយ ដ្បិតអ្នកដឹកនាំបង្កើតច្បាប់ជាឧបករណ៍សម្រាប់តែការពារក្រុមគ្រួសារ និងបក្ខពួកខ្លួន។ លើសពីនេះ អំពើបំពានច្បាប់ អង្គុយលើច្បាប់ ឬនិទ្ទណ្ឌភាព នឹងមិនអាចលុបបំបាត់បានឡើយ។ ចំពោះទំនាក់ទំនងអន្តរជាតិវិញ របបផ្ដាច់ការតែងតែរត់ទៅសេពគប់តែរបបផ្ដាច់ការដូចគ្នា។ ប្រទេសជាតិនឹងជួបប្រទះតែនឹងវិបត្តិសង្គម និងវិបត្តិនយោបាយ ដ្បិតនៅមានការជិះជាន់អ្នកងើបប្រឆាំង និងមិនមានយុត្តិធម៌សង្គម។ ជាផលវិបាក ពលរដ្ឋមួយភាគធំដែលមិនចំណុះ ឬដែលមិនមានសែស្រឡាយជាមួយក្រុមគ្រួសារត្រកូលហ៊ុន អាចនឹងបន្តរងទុក្ខសោក ហើយអ្នកដែលសប្បាយលើគំនរទុក្ខពលរដ្ឋ គឺក្រុមគ្រួសារត្រកូលហ៊ុន នេះតែម្ដង៕