បទវិភាគ៖ តើសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងផ្ដល់ឱកាសនិងបញ្ហាប្រឈមអ្វីខ្លះដល់កម្ពុជា?
2015.10.07
គំនិតផ្ដួចផ្ដើមនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅត្រឹមដំណាច់ឆ្នាំ២០១៥ ត្រូវបានគ្រោងទុកតាំងពីឆ្នាំ២០០២ មកម្ល៉េះ។ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិកអាស៊ាន បានព្រមព្រៀងគ្នាបង្កើតសហគមន៍សេដ្ឋកិច្ចក្នុងតំបន់ឲ្យបានមុនឆ្នាំ២០២០។ លុះក្រោយមក គំនិតផ្ដួចផ្ដើមនេះត្រូវបានរំកិលមកក្នុងដំណាច់ឆ្នាំ២០១៥ វិញ។ កម្ពុជា ដែលបានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានតាំងពីឆ្នាំ១៩៩៩ ក៏នឹងត្រូវសម្របខ្លួននៅក្នុងចរន្តនៃសមាហរណកម្មទីផ្សារតំបន់សេរីនេះដែរ។
តើសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ អាចសម្រេចឡើងដោយជោគជ័យនៅក្នុងដំណាច់ឆ្នាំ២០១៥ នេះដែរឬទេ? តើសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងផ្ដល់ឱកាស និងបញ្ហាប្រឈមអ្វីខ្លះ ដល់ប្រទេសកម្ពុជា?
សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជាសហគមន៍តំបន់ដែលបង្កើតឡើងដោយបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងគោលបំណងប្រែក្លាយអាស៊ីអាគ្នេយ៍ ឲ្យទៅជាតំបន់ប្រកួតប្រជែងសេដ្ឋកិច្ចដ៏សកម្មនៅក្នុងពិភពលោក តាមរយៈការបង្កើតទីផ្សាររួម និងមូលដ្ឋានផលិតកម្មតែមួយ តាមលំនាំសហភាពអឺរ៉ុប។ ប្រសិនបើសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងដូចការគ្រោងទុកនៅដំណាច់ឆ្នាំ២០១៥ នេះ អាស៊ាននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៧ នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ បារាំង និង អង់គ្លេស ដែលមានប្រជាជនសរុបប្រហែល ៦២៥លាននាក់ និងផលិតផលសរុបប្រចាំឆ្នាំចំនួន ២,៦ទ្រីលានដុល្លារអាមេរិក។
យ៉ាងណាមិញ គេពិបាកជឿថា អាស៊ាននឹងអាចសម្រេចនូវមហិច្ឆតាបង្កើតសហគមន៍សេដ្ឋកិច្ចរួមដោយជោគជ័យនៅដំណាច់ចុងឆ្នាំ២០១៥ នេះណាស់។ មានទឡ្ហីករណ៍ជាច្រើន អាចលើកយកមកបញ្ជាក់អំណះអំណាងខាងលើ។ កត្តាសំខាន់ទីមួយ គឺគម្លាតសេដ្ឋកិច្ចរវាងបណ្ដាប្រទេសអាស៊ានចាស់ គឺសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ប្រ៊ុយណេ និងប្រទេសអាស៊ានថ្មី គឺឡាវ កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា។
កត្តាផ្នត់គំនិត និងបញ្ហាជាតិនិយមនៃបណ្ដាមេដឹកនាំ និងប្រជាជននៃបណ្ដាប្រទេសអាស៊ាន ក៏ជាឧបសគ្គដ៏ចម្បងមួយផងដែរ ក្នុងការធ្វើឲ្យសម្រេចដោយជោគជ័យការបង្កើតសហគមន៍សេដ្ឋកិច្ចរួម ជាឧទាហរណ៍ ការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងវៀតណាម នៅតាមព្រំដែនស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ ជម្លោះទឹកដីរវាងបណ្ដាប្រទេសសមាជិកអាស៊ាន ការខ្វែងគំនិតគ្នារវាងសមាជិកអាស៊ានក្នុងជម្លោះសមុទ្រចិនខាងត្បូង ជាមួយមហាអំណាចចិន ដែលប្រទេសសមាជិកនីមួយៗខិតខំការពារប្រយោជន៍ប្រទេសខ្លួន ជាងប្រយោជន៍រួមអាស៊ាន ជាដើម។
លើសពីនេះទៅទៀត កត្តាកង្វះហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ពីប្រទេសសមាជិកមួយទៅប្រទេសសមាជិកមួយទៀត និងបញ្ហាអស្ថិរភាពនយោបាយនៅក្នុងបណ្ដាប្រទេសសមាជិកមួយចំនួន ក៏ជាកត្តារាំងស្ទះដល់ដំណើរការធ្វើសមាហរណកម្មនៅពេលខាងមុខនេះផងដែរ។
ទោះជាយ៉ាងណា គេរំពឹងថា បន្ទាប់ពីសហគមន៍សេដ្ឋកិច្ចត្រូវបានបង្កើត នៅតាមបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ នឹងមានលំហូរដោយគំហុកនូវទំនិញ សេវាកម្ម និងការវិនិយោគបរទេស មូលធនហិរញ្ញវត្ថុរវាងប្រទេសសមាជិក នឹងត្រូវធ្វើឡើងដោយសេរីដោយមិនមានការបង់ពន្ធគយ និងជាពិសេស ចរាចរពលករ អ្នកជំនាញ អ្នកវិនិយោគទុនពីប្រទេសសមាជិកនីមួយៗក្នុងតំបន់ នឹងមានកំណើនកាន់តែខ្លាំង។
សម្រាប់ប្រទេសកម្ពុជា សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងនាំមកនូវឱកាសទីផ្សារដ៏ធំ ដើម្បីនាំចេញនូវផលិតផលក្នុងស្រុកទៅលក់ក្នុងទីផ្សារអាស៊ានជាមួយតម្លៃខ្ពស់ និងរាល់ទំនិញនាំចូល នឹងមានតម្លៃថោក ដោយសារមិនមានការបង់ពន្ធ។ លើសពីនេះ ពលករ អ្នកជំនាញ និងអ្នកវិនិយោគទុនកម្ពុជា នឹងមានលទ្ធភាពពង្រីកឱកាសការងារ និងប្រាក់ចំណូលច្រើនជាងមុននៅតាមបណ្ដាប្រទេសសមាជិកអាស៊ាន ដោយពុំមានរបាំងព្រំដែន។ ទន្ទឹមនឹងនេះដែរ កម្ពុជា នឹងអាចជួបប្រទះនូវឧបសគ្គក្នុងបណ្ដាឆ្នាំដំបូង ដោយហេតុថា កម្ពុជា នៅមានកង្វះខាតធនធានមនុស្ស បរិមាណផលិតផលសម្រាប់នាំចេញនៅមានកម្រិត ការពុំទាន់ធ្វើឲ្យមានទំនុកចិត្តពេញលេញដល់អ្នកវិនិយោគទុនបរទេស កង្វះភាពជឿជាក់នៅក្នុងប្រព័ន្ធបទដ្ឋានគតិយុត្តិ និងបញ្ហាអំពើពុករលួយ ជាដើម។
ដើម្បីទាញប្រយោជន៍នានាពីសហគមន៍សេដ្ឋកិច្ចអាស៊ានឲ្យបានជាអតិបរមានៅពេលខាងមុខ ការបើកចំហបេះដូងដើម្បីការរៀនសូត្រពីចំណុចខ្លាំងនៃប្រទេសអាស៊ានដទៃ អាចជាកត្តាចាំបាច់មួយសម្រាប់ពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះដែរ ការវិនិយោគលើវិស័យអប់រំបន្ថែមទៀត ក៏ជាកត្តាចាំបាច់មួយ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនឲ្យកាន់តែប្រសើរឡើង និងសម្រេចឲ្យបាននូវកំណែទម្រង់ស៊ីជម្រៅ។ កត្តាទាំងនេះ អាចជួយឲ្យមានភាពជឿជាក់ពីសំណាក់អ្នកវិនិយោគទុនលើប្រព័ន្ធបទដ្ឋានគតិយុត្តិ និងតម្លាភាព គ្មានអំពើពុករលួយ៕