បទវិភាគ៖ តើវិថីសូត្រសមុទ្រសតវត្សទី២១ផ្ដល់ឱកាសនិងបញ្ហាប្រឈមអ្វីខ្លះដល់កម្ពុជា?
2015.11.01
វិថីសូត្រសមុទ្រសតវត្សទី២១ គឺជាគំនិតផ្ដួចផ្ដើមប្រកបដោយមហិច្ឆតារបស់ប្រទេសចិន ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង និងផ្សារភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌប្រទេសនៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។
យ៉ាងណាមិញ បណ្ដាប្រទេសអាស៊ានមួយចំនួន ហាក់មានភាពស្រពេចស្រពិល និងស្ទាក់ស្ទើរក្នុងការភ្ជាប់ខ្លួនទៅក្នុងគំនិតផ្ដួចផ្ដើមនេះ។ ត្បិតបារម្ភថា វិថីសូត្រនេះនឹងប្រែក្លាយប្រទេសរបស់ខ្លួន ទៅជាកូនជឹងរបស់ចិន ដោយផ្ទាល់ ឬដោយប្រយោលទាំងក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច។ ដោយឡែកកម្ពុជា បានបង្ហាញការគាំទ្រជាផ្លូវការ និងបានផ្សារភ្ជាប់យ៉ាងសកម្មទៅនឹងគំនិតផ្ដួចផ្ដើមនេះ។
មានមតិខ្លះយល់ឃើញថា ការភ្ជាប់ខ្លួនរបស់កម្ពុជា ទៅក្នុងវិថីសូត្រចិន នឹងនាំមកនូវបញ្ហាប្រឈមច្រើនជាងឱកាស។ តើវិថីសូត្រសមុទ្រសតវត្សទី២១ ផ្ដល់ឱកាស និងបញ្ហាប្រឈមអ្វីខ្លះដល់ប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច នយោបាយការទូត និងយុទ្ធសាស្ត្រ?
វិថីសូត្រ គឺជាផ្លូវពាណិជ្ជកម្មដ៏ចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ ផ្លូវពាណិជ្ជកម្មនេះ តភ្ជាប់បូព៌ាប្រទេសដែលមានចំណុចចាប់ផ្ដើមពីអតីតរាជធានី ឆាង អាន នៃប្រទេសចិន ដោយបន្តរហូតដល់សមុទ្រមេឌីទែរ៉ាណេ នៃទ្វីបអឺរ៉ុប។ វិថីបុរាណនេះមានប្រវែងសរុបប្រមាណជាង ៦.០០០គីឡូម៉ែត្រ ត្រូវបានប្រើប្រាស់ចាប់ពីសតវត្សទី២ មុនគ្រិស្តសករាជ រហូតសតវត្សទី១៤ នៃគ្រិស្តសករាជ។ វិថីសូត្រ មិនត្រឹមតែជាផ្លូវជួញដូរពាណិជ្ជកម្មតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលំហសម្រាប់ផ្លាស់ប្ដូរវប្បធម៌ អរិយធម៌ចិន ឥណ្ឌា អាណាចក្រពែរ្ស ពិភពអារ៉ាប់ក្រិក និងចក្រភពរ៉ូម ថែមទៀតផង។
នៅឆ្នាំ២០១៣ នេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានធ្វើឲ្យវិថីសូត្របុរាណនេះរស់ឡើងវិញតាមរយៈទស្សនទាន «ក្រវាត់សេដ្ឋកិច្ចនៃវិថីសូត្រថ្មី» រួមជាមួយនឹងគម្រោងពាក់ព័ន្ធផ្សេងទៀត ពិសេស គឺ «វិថីសូត្រសមុទ្រសតវត្សទី២១»។
វិថីសូត្រសមុទ្រសតវត្សទី២១ ផ្សារភ្ជាប់បណ្ដាប្រទេសក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប ដែលមានប្រជាជនសរុបចំនួន ៤.៤ប៊ីលាននាក់ ស្មើនឹង ៦៣% នៃប្រជាជនសរុបពិភពលោក និងមានផលិតផលសរុបចំនួន ២.១ទ្រីលានដុល្លារ។
វិថីសូត្រនេះ ផ្ដោតលើគោលការណ៍ ៦សំខាន់ៗ រួមមាន ការលើកកម្ពស់ទំហំពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើសមាហរណកម្មរូបិយប័ណ្ណ ការផ្លាស់ប្ដូរវប្បធម៌ និងការចងសម្ពន្ធភាពរវាងប្រជាជន និងប្រជាជន ការសម្របសម្រួលគោលនយោបាយនៅតាមព្រំដែន និងការបំប្លែងហិរញ្ញប្បទានតម្លៃទាបទៅជាប្រាក់ពិត។
ជាមួយនឹងគោលការណ៍ទាំង ៦ នេះ គេរំពឹងថា វិថីសូត្រមិនត្រឹមតែចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ តាមរយៈការដោះដូររវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏សំខាន់ថ្មីមួយទៀត ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអាចកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា សមាហរណកម្មនៅក្នុងវិថីសូត្រនេះ នឹងផ្ដល់នូវផលប្រយោជន៍យ៉ាងច្រើនទាំងសេដ្ឋកិច្ច នយោបាយការទូត និងយុទ្ធសាស្ត្រ។
ក្នុងន័យសេដ្ឋកិច្ច វិថីសូត្រសមុទ្រសតវត្សទី២១ ផ្ដល់ឱកាសយ៉ាងច្រើនដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា កំពង់ផែ ផ្លូវថ្នល់ និងផ្លូវដែក។ ក្រោមជំនួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងមូលនិធិវិថីសូត្រ កម្ពុជា រំពឹងថា នឹងទទួលបានជំនួយហិរញ្ញវត្ថុក្នុងការកសាងផ្លូវដែកថ្មីក្រោមគម្រោង «ផ្លូវដែកល្បឿនលឿនអាស៊ី» «Pan-Asian High Speed Railway» ដែលភ្ជាប់ពីប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ លើសពីនេះទៅទៀត ប្រាក់ជំនួយដែលបានមកពីគំនិតផ្ដួចផ្ដើមរបស់ចិន ប្រមាណ ៦០០លានដុល្លារ នឹងអាចជំនួសមូលនិធិធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការកសាងផ្លូវដែកផ្សារភ្ជាប់ពីស្រុកឧត្តុង្គ ក្នុងខេត្តកំពង់ស្ពឺ ទៅស្រុកស្នួល ខេត្តក្រចេះ និងបន្តរហូតដល់ខេត្តឡុកនិញ ប្រទេសវៀតណាម ដែលមានចម្ងាយ ២៥៧គីឡូម៉ែត្រ។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គេរំពឹងថា ក្រោយការធ្វើសមាហរណកម្មទៅក្នុងវិថីសូត្រនេះ កម្ពុជា នឹងទទួលបានកំណើនអ្នកទេសចរមកពីប្រទេសចិន ចំនួន ២លាននាក់នៅឆ្នាំ២០២០។ ស្របពេលដែលឆ្នាំ២០១៤ អ្នកទេសចរចិន មានចំនួនជាង ៥សែននាក់ និងបន្តកើនឡើងប្រហែល ៧សែននៅឆ្នាំ២០១៥ នេះ។ កំណើនអ្នកទេសចរ មិនត្រឹមតែបង្កើនប្រាក់ចំណូលរដ្ឋ និងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតឱកាសទីផ្សារការងារដល់ប្រជាពលរដ្ឋកម្ពុជា ទៀតផង។
លើសពីនេះទៅទៀត តាមរយៈវិថីសូត្រនេះ កម្ពុជា នឹងស្រូបយកផលប្រយោជន៍សេដ្ឋកិច្ច ពោលគឺកំណើនអ្នកវិនិយោគទុនចិន បន្ថែមទៀត។ វិស័យឧស្សាហកម្មកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកាត់ដេរ ដែលមានទំហំជាង ៦០ភាគរយនៃផលិតផលនាំចេញទៅក្រៅប្រទេស។ ជាក់ស្ដែង ការវិនិយោគទុនពីប្រទេសចិន នៅឆ្នាំ២០១៣ មានទំហំទឹកប្រាក់ ៤២៧លានដុល្លារ កើនឡើងចំនួន ៦២% បើប្រៀបធៀបនៅឆ្នាំ២០១២ មានចំនួន ២៦៣លានដុល្លារ។
ទាក់ទងនឹងសន្តិសុខផ្នែកថាមពលនៅពេលបច្ចុប្បន្ន កម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ថាមពលពីប្រទេសជិតខាង។ តាមរយៈគំនិតផ្ដួចផ្ដើមចិន នេះ កម្ពុជា នឹងអាចទទួលបានជំនួយពីប្រទេសចិន ក្នុងការកសាងរោងចក្រអគ្គិសនីជាច្រើនទៀត បន្ថែមលើរោងចក្រអគ្គិសនីទាំង៧ ជាជំនួយរបស់ចិន ដែលមានស្រាប់ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបន្ថយតម្លៃប្រើប្រាស់កាន់តែថោក។
ក្នុងន័យយុទ្ធសាស្ត្រ ក្រោមកិច្ចគាំពារពីប្រទេសចិន កម្ពុជា នឹងអាចឈរយ៉ាងរឹងមាំក្នុងកិច្ចការការពារអធិបតេយ្យភាពជាមួយប្រទេសជិតខាង ខណៈដែលឥទ្ធិពលចិន កាន់តែកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាឧទាហរណ៍ ការកើនឡើងឥទ្ធិពលក្រុងប៉េកាំង នៅក្នុងរបបយោធាថៃ អាចជួយបញ្ចៀសការបង្កហេតុនានានៅតាមបណ្ដោយព្រំដែនក្នុងពេលអនាគត ជាពិសេសតំបន់ជុំវិញប្រាសាទព្រះវិហារ។
យ៉ាងណាមិញ អ្នកវិភាគមួយចំនួនយល់ឃើញថា ការធ្វើសមាហរណកម្មនៅក្នុងវិថីសូត្រសមុទ្រសតវត្សទី២១ នឹងអាចនាំមកនូវបញ្ហាប្រឈមជាច្រើនផងដែរ។
បញ្ហាប្រឈមចម្បង គឺសេដ្ឋកិច្ចកម្ពុជា នឹងត្រូវពឹងផ្អែកទៅលើជំនួយពីប្រទេសចិន កាន់តែខ្លាំង ដែលកត្តានេះនាំឲ្យកម្ពុជា ក្លាយទៅជាកូនជឹងដោយប្រយោលរបស់ប្រទេសចិន ជាមិនខាន។
លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ជំនួយរបស់ប្រទេសចិន សុទ្ធតែមានចំណង មិនមែនឥតចំណងដូចដែលប្រមុខដឹកនាំកម្ពុជា ធ្លាប់អះអាងនោះទេ។ លោកបន្តថា ចំណងទាំងនោះ គឺបម្រើតែផលប្រយោជន៍របស់ប្រទេសចិន ក្នុងភូមិសាស្ត្រនយោបាយ និងការពង្រីកទីផ្សារចិន នៅអាស៊ីតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត កម្ពុជា នឹងក្លាយទៅជាអ្នកប្រើប្រាស់ និងជាទីផ្សារទទួលលំហូរទំនិញចិន ដោយគំហុក។ សមាហរណកម្មនេះ នឹងនាំអ្នកវិនិយោគទុនចិន ជាច្រើនចូលមកបណ្ដាក់ទុននៅក្នុងប្រទេស។ យ៉ាងណាមិញ ក្រុមហ៊ុនចិន មួយចំនួន ត្រូវបានគេជឿថា ជាក្រុមហ៊ុនធ្វើនំអត់ម្សៅ ដាក់វិនិយោគទុនក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍ ដោយគ្មានភាពស្មោះត្រង់។ ជាក់ស្ដែង ក្រុមហ៊ុនចិន ដែលបានទទួលសិទ្ធិរុករករ៉ែ បានប្រមូលយកធនធានធម្មជាតិ និងកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេស និងធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។
ទន្ទឹមនឹងការទទួលផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ កម្ពុជា អាចជួបបញ្ហាប្រឈមក្នុងកិច្ចការការបរទេសជាមួយអាស៊ាន សហរដ្ឋអាមេរិក និងជប៉ុន ដែលជាលទ្ធផលនៃការភ្ជាប់ខ្លួនទៅក្នុងវិថីសូត្រចិន ខណៈដែលបណ្ដាប្រទេសទាំងនេះកំពុងព្រួយបារម្ភអំពីការងើបឡើងឥទ្ធិពលប្រទេសចិន និងកំពុងមានភាពតានតឹងជាមួយមហាយក្សអាស៊ីនេះ ក្នុងករណីសមុទ្រចិនខាងត្បូង។
លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ បានលើកឡើងថា ការខិតទៅកៀកប្រទេសចិន ខ្លាំងពេក ក្នុងគោលបំណងទទួលបានជំនួយឥតសំណង និងបំណុលការប្រាក់ទាប នឹងធ្វើឲ្យកម្ពុជា ខាតបង់យ៉ាងច្រើននៅក្នុងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអាស៊ាន។
ទោះជាយ៉ាងណា ក្នុងទស្សនវិស័យខ្លី កម្ពុជា នឹងមិនអាចបោះបង់ការគាំទ្រវិថីសូត្រនេះបានឡើយ ដោយសារកម្ពុជា ត្រូវការជាចាំបាច់នូវជំនួយសេដ្ឋកិច្ចពីមហាអំណាចចិន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច ព្រមទាំងត្រូវការចិន ដើម្បីជាបង្អែកក្នុងការការពារពីការរំលោភណាមួយពីសំណាក់ប្រទេសជិតខាង។ ក្នុងទស្សនវិស័យវែង ជាការប្រសើរបំផុត ប្រសិនបើនយោបាយការបរទេសកម្ពុជា ធ្វើឡើងដោយមានតុល្យភាពរវាងក្រុងប៉េកាំង និងបណ្ដាប្រទេសផ្សេងទៀតមានជាអាទិ៍ អាស៊ាន និងវ៉ាស៊ីងតោន ជាដើម៕