បទ​វិភាគ៖ តើលោក ហ៊ុន សែន កាន់​អំណាច​បាន​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​តាម​របៀប​ណា?

ដោយ ជុន ច័ន្ទបុត្រ
2022.03.30
បទ​វិភាគ៖ តើលោក ហ៊ុន សែន កាន់​អំណាច​បាន​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​តាម​របៀប​ណា? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីត្រួតពល នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក កាល​ពី​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង RFA

មក​ទល់​នឹង​ឆ្នាំ២០២២ នេះ លោក ហ៊ុន សែន កាន់​អំណាច​បាន​ជាង ៣៧ឆ្នាំ​ហើយ។ ការ​ដែល​លោក​អាច​កាន់​អំណាច​បាន​យូរ​បែប​នេះ គឺ​មក​ពី​លោក ​មេដឹកនាំ​ដ៏​ឈ្លាស​វៃ​សឹង​រក​គូរ​ប្រៀប​មិន​បាន​មួយ​រូប ក្នុង​ចំណោម​មេ​ដឹក​នាំ​ផ្ដាច់​ការ​ទាំង​ឡាយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក។

ថ្វី​ដ្បិត​តែ​ក្នុង​រយៈ​កាល​កាន់​អំណាច​ជិត ៤០ឆ្នាំនេះ លោក ហ៊ុន សែន ធ្លាប់​សាង​កំហុស​ដែល​ធ្វើ​អោយ​លោក​ហៀប​បាត់​បង់​អំណាច​ម្ដង​ជា​ពីរ​ដង​ក្ដី តែ​លោក​រៀន​សូត្រ​ពី​កំហុស​ទាំង​នោះ​ទាន់​ពេល​វេលា ហើយ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ ដើម្បី​ឱ្យ​លោក​នៅ​បន្ត​កាន់​អំណាច​បាន​ដដែល។

តើ​លោក ហ៊ុន សែន មាន​លក្ខណៈ​ពិសេស​ខុស​ពី​មេ​ដឹក​នាំ​ផ្ដាច់​ការ​នានា បែប​ណា ដែល​ធ្វើ​ឱ្យ​លោក​អាច​បន្ត​កាន់​អំណាច​បាន​យូរ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ?

វា​មិន​មែន​ជា​ការ​ចៃដន្យ​ទេ ដែល​ពិភព​លោក​បាន​ហៅ​លោក ហ៊ុន សែន ថា​ជា​បុរស​ខ្លាំង​កម្ពុជា​នោះ។ ខ្លាំង​នេះ​ប្រហែល​មិន​សំដៅ​ទៅ​កម្លាំង​កាយ ឬ​ក៏​សមត្ថភាព​នៃ​ការ​ដឹក​នាំ​ប្រទេស​ប៉ុន្មាន​ទេ តែ​គឺ​សំដៅ​ជា​សំខាន់​ទៅ​លើ​យុទ្ធសាស្ត្រ​យក​ឈ្នះ​លើ​គូ​ប្រកួត​នយោបាយ  និង​អ្នក​ទាំង​ឡាយ​ណា ​ដែល​ប្រឆាំង​នឹង​រូប​លោក តាម​គ្រប់​ល្បិច​កល​ និង​គ្រប់​មធ្យោបាយ។

គឺ​ប្រហែល​ដោយ​យល់​ពី​សមត្ថភាព​អាច​យក​ឈ្នះ​គូ​ប្រកួត​បាន​នៅ​គ្រប់​សៃវៀន​នេះ ហើយ​បាន​ជា​ឈ្មួញ​ដ៏​ធំ​ម្នាក់​នៅ​កម្ពុជា​ ដែល​គេ​ស្គាល់​ថា​ ជាថៅកែ​ស្ករ​អំពៅ​ឈាម បាន​សម្រេច​ជួយ​ចេញ​លុយ​សាង​វិមាន​កូន​កាត់​មួយ​ឧទ្ទិស​ដល់​លោក ដែល​គេ​ឱ្យ​ឈ្មោះ​ថា ​វិមាន​ឈ្នះ​ឈ្នះ។

ថ្វី​ដ្បិត​តែ​ជា​ផ្លូវ​ការ​វិមាន​ឈ្នះឈ្នះ​នោះ គេ​សំដៅ​ទៅ​លើយុទ្ធសាស្ត្រ​កម្ទេច​ពួក​ខ្មែរ​ក្រហម​ក្តី វា​ក៏​អាច​ថា​ជា​ការ​ឧទ្ទិស​ដល់​ភាព​​ដណ្ដើម​យក​ជ័យ​ជម្នះ​បាន​គ្រប់​កាលៈទេសៈ របស់​លោក ហ៊ុន សែន ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្វី​បើ​លោក ហ៊ុន សែន សង់​ប្រាសាទ​មួយ​ឧទ្ទិស​ឱ្យ​ខ្លួន​លោក​ថា ​ជា​ស្ថាបនិក​នៃ​គោល​នយោបាយ​ឈ្នះ​ឈ្នះ​ក្ដី លោក​ក៏​ធ្លាប់​ចាញ់ ហើយ​ធ្លាប់​បាន​សាង​កំហុស​ដូច​មនុស្ស​ដទៃ​ទៀត​ដែរ។ តែ​អ្វី​ដែល​ធ្វើ​ឱ្យលោក ហ៊ុន សែន មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​គេ​ឯង គឺ​ត្រង់​ថា លោក​រៀន​សូត្រ​ពី​កំហុស​ដែល​ធ្វើ​ឱ្យ​​លោក​ចាញ់​នោះ​បាន​យ៉ាង​ទាន់​ពេល​វេលា ហើយ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​ដណ្ដើម​រក្សា​អំណាច​របស់​លោក​បាន​វិញ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ កាលីហ្វ័រនីញ៉ា ឡូសអង់ហ្សឺឡេស (UCLA)​ លោក ដានីញ៉ែល ទ្រីសម៉ាន់ (Daniel Treisman) ដែល​បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​លើ​ការ​ផ្លាស់​ប្ដូរ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​អះ​អាង​ថា ការ​ផ្លាស់​ប្តូរ​ពី​របប​ផ្ដាច់ការ មក​ប្រជាធិបតេយ្យ ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​មេ​ដឹក​នាំ​ផ្ដាច់​ការ​ទាំង​នោះ​ប្រព្រឹត្ត​កំហុស​ខ្លួន​ឯង​តែ​ម្ដង។ រី​ឯ​ការ​ផ្លាស់​ប្ដូរ​ពី​របប​ផ្ដាច់​ការ មក​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះឆ្នោត ការ​ធ្វើ​បដិវត្តន៍ ឬ​តាម​ការ​លូក​ដៃ​ពី​បរទេស ជួយ​ដល់​គណបក្ស​ប្រឆាំង កើត​មាន​ឡើង​ត្រឹម​តែ​ប្រមាណ​ ២៥​ភាគរយ​ប៉ុណ្ណោះ។

លោក​សាស្ត្រាចារ្យ ដានីញ៉ែល ទ្រីសម៉ាន់ រក​ឃើញ​កំហុស​ជា​ចម្បង​ចំនួន៥ ដែល​មេ​ដឹក​នាំ​ផ្ដាច់​ការ​បាន​សាង ហើយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​បាត់​បង់​អំណាច នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប។ កំហុស​ទាំង ៥នោះ​មាន​ដូច​តទៅ៖

កំហុស​ទី​មួយ គឺ​បណ្ដាល​មក​ពី​ភាព​ក្រអឺតក្រទម​នៃ​មេ​ដឹក​នាំ​ផ្ដាច់​ការ។ ត្រង់​ចំណុច​នេះ ​លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ លើក​ឡើង​ថា​ មេ​ដឹក​នាំ​ផ្ដាច់​ការ ប៉ាន់​ស្មាន​កម្លាំង​របស់​គណបក្ស​ប្រឆាំង​ខុស រួច​ទប់​ទល់​លែង​ទាន់។ លោក​លើក​ឧទាហរណ៍​ពី​ការ​ផ្លាស់​ប្ដូរ​របប​នៅ​ប្រទេស​មួយ​ចំនួន​ ដូច​ជា ប្រទេស​រូម៉ានី ដែល​មេ​ដឹក​នាំ​ផ្ដាច់​ការ នីកូឡៃ ឆូសេស្គូ (Nicolae Ceausescu) ត្រូវ​គេ​ផ្ដួល​រំលំ​ពេល​ដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា។

រី​ឯ​លោក​ប្រធានាធិបតី សូហារតូ (Suharto) នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នៅ​តែ​គិត​ថា លោក​អាច​ទប់​ទល់​នឹង​ក្រុម​ប្រឆាំង​បាន រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ ដែល​លោក​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​តំណែង។

កំហុស​ទីពីរ គឺ​ការ​ទុក​ចិត្ត​ខ្លួន​ឯង​ពេក។  លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ លើក​ឡើង​ថា មេ​ដឹក​នាំ​ផ្ដាច់​ការ​ខ្លះ បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បោះ​ឆ្នោត ដោយ​សារ​ការ​ទុក​ចិត្ត​ខ្លួន​ឯង​ថា អាច​នឹង​ឈ្នះ​ឆ្នោត​បាន តាម​រយៈ​ការ​គំរាម​កំហែង ឬ​តាម​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

តែ​ទី​បំផុត អ្នក​បោះ​ឆ្នោត​មិន​ខ្លាច​ការ​គំរាម​កំហែង ឬ​ក៏​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត មិន​គ្រប់​សម្រេច​តាម​បំណង មេ​ដឹក​នាំ​ផ្ដាច់​ការ​នោះ​ក៏​ចាញ់​ឆ្នោត​ទៅ។

ករណី​បែប​នេះ ក៏​កើត​មាន​ឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ដែរ ដូច​ជា​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា ជា​ដើម។

មេ​ដឹក​នាំ​ផ្ដាច់​ការ​យោធា​នៃ​ប្រទេស​នេះ បាន​យល់​ព្រម​ឱ្យ​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​របស់​អ្នក​ស្រី អង់សាន ស៊ូជី ចូល​រួម​ការ​បោះ​ឆ្នោត។

ទោះ​បី​ជា​ក្រុម​យោធា​ទាំង​នោះ ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ធានា​ឱ្យ​បាន​ថា ពួក​គេ​អាច​ដណ្ដើម​ជោគ​ជ័យ​បាន​យ៉ាង​ណា​ក៏​ដោយ ក៏​ក្នុង​ការ​បោះឆ្នោត​ទាំង​ពីរ​លើក គណបក្ស​សម្ពន្ធភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នក​ស្រី អង់សាន ស៊ូជី ឈ្នះ​ឆ្នោត​ទាំង​ពីរ​លើក។

កំហុស​ទី​បី គឺ​កើត​ឡើង​ពី​ការ​ភ្លាត់​ស្នៀត​របស់​មេ​ដឹក​នាំ​ផ្ដាច់​ការ។ លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ បាន​លើក​យក​ករណី​មេ​ដឹក​នាំ​នៃ​អតីត​សហភាព​សូវៀត (Soviet) លោក មីខាអ៊ីល ហ្គ័របាឆេវ (Michael Gorbachev) ជា​ឧទាហរណ៍។ លោក​អះអាង​ថា​ តាម​ពិត​លោក ហ្គ័របាឆេវ មិន​មែន​ចង់​ធ្វើការ​កែ​ទម្រង់​មួយ ដែល​គេ​ឱ្យ​ឈ្មោះ​ថា ប៉េរ៉េស្រ្តូយការ (Perestroika) នោះ ដើម្បី​ឱ្យ​លោក​ខ្លួន​ឯង​បាត់​បង់​អំណាច​នោះ​ឡើយ។ លោក សាស្ត្រាចារ្យ ទ្រីសម៉ាន់ ថា ផែនការ​កែ​ទម្រង់​ប៉េរ៉េស្រ្តូយការ​នោះ ត្រូវ​បាន​លោក ហ្គ័របាឆេវ ដាក់​ចេញ​មក​ ដើម្បី​រក្សា​អំណាច​របស់​លោក​ទៅ​វិញ​ទេ តែ​លោក ហ្គ័របាឆេវ ភ្លាត់ស្នៀត ដែល​បណ្ដាល​ឱ្យ​លោក​បាត់​បង់​អំណាច ​ដោយ​សារ​ការ​កែ​ទម្រង់​នោះ​ទៅ​វិញ។

កំហុស​ទី​បួន គឺ​ការ​ទុក​ចិត្ត​មនុស្ស​ក្បត់ របស់​មេ​ដឹក​នាំ​ផ្តាច់​ការ។ ជា​ថ្មី​ម្តង​ទៀត លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ បាន​លើក​យក​ករណី​លោក មីខាអ៊ីល ហ្គ័របាឆេវ មក​ធ្វើ​ជា​ឧទាហរណ៍។ លោក ហ្គ័របាឆេវ បាន​ទុក​ចិត្ត និង​បាន​ចង​សម្ពន្ធភាព​ជា​មួយ​លោក បូរីស យែលស៊ិន (Boris Yeltsin)។ នៅ​ពេល​ដែល​បាន​ប្រជ្រៀត​ខ្លួន​ចូល​ក្នុង​ឆាក​នយោបាយ​បាន​ពេញ​ទំហឹង​ហើយ លោក យែលស៊ិន ក៏​ឆក់​ឱកាស​ដណ្ដើម​យក​តំណែង​ប្រធានាធិបតី ជំនួស​លោក ហ្គ័របាឆេវ តែ​ម្ដង។

កំហុស​ទី៥ គឺ​ការ​ប្រើ​អំពើ​ហិង្សា​ជ្រុល​ហួស​ហេតុ​ពេក​ទៅ​លើ​ក្រុម​ប្រឆាំង​ពី​សំណាក់​មេ​ដឹក​នាំ​ផ្ដាច់​ការ។ ទាក់​ទង​នឹង​កំហុស​ទី​៥ ​នេះ លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ អះអាង​ថា ការ​មិន​បង្ក្រាប​អោយ​ទាន់​ពេល​វេលា បណ្ដោយ​ឱ្យ​ក្រុម​ប្រឆាំង​ដណ្ដើម​អំណាច​បាន វា​នឹង​ចាត់​ចូល​ក្នុង​ប្រភេទ​កំហុស​ទី១ ដែល​ធ្វើ​ឱ្យ​មេ​ដឹក​នាំ​ផ្ដាច់​ការ​បាត់​បង់​អំណាច ដោយ​សារ​ភាព​ក្រអឺតក្រទម​របស់​ខ្លួន។ ក៏​ប៉ុន្តែ​លោក​ថា ការ​បង្ក្រាប​បង្ហូរ​ឈាម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ក៏​អាច​រុញ​ច្រាន​ឱ្យ​មាន​ការ​បះបោរ​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​ប្រជាពលរដ្ឋ ឈាន​ដល់​ការ​ទម្លាក់​មេដឹកនាំ​ផ្ដាច់​ការ​ចេញ​ពី​តំណែង​បាន​ដែរ។

លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ អះ​អាង​ថា មេ​ដឹក​នាំ​ផ្ដាច់​ការ​សាង​កំហុស​ក្នុង​ការ​ដឹក​នាំ​ច្រើន​ជាង​មេ​ដឹក​នាំ​ដែល​កាន់​លិទ្ធ​ប្រជាធិបតេយ្យ។ លោក​ថា ​គឺ​ភាព​ផ្ដាច់​ការ​នោះ​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​មេ​ដឹក​នាំ​ផ្ដាច់​ការ​ប្រព្រឹត្ត​កំហុស។ ទោះបី​ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ អាច​តែង​តាំង​ជំនួយ​ការ ទី​ប្រឹក្សា​រាប់​រយ​នាក់​តាម​អំពើ​ចិត្ត​ក៏​ដោយ ក៏​សឹង​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​នោះ ហ៊ាន​ផ្តល់​យោបល់ ឬ​បញ្ចេញ​ទស្សនៈ​អ្វី ជំទាស់​នឹង​មេ​ដឹក​នាំ​ផ្ដាច់​ការ​នោះ​ឡើយ។ ពួក​គេ​បាន​ត្រឹមតែ​ដើរ​ហែហម ចាំ​បញ្ជោរ ​បញ្ចើច​បញ្ចើ​មេ​ដឹក​នាំ​ផ្ដាច់​ការ ក្នុង​ទិស​ដៅ​រក្សា​មុខ​តំណែង ដើម្បី​កេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។

បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​នោះ បញ្ចេញ​ឫកពា​ច្រឡោងខាម ជេរ​គេ​ជេរ​ឯង​ដាក់​មេក្រូ​ពី​លើ​វេទិកា​សាធារណៈ​ក៏​ដោយ ក៏​មន្ត្រី​នៅ​ជុំ​វិញ​ខ្លួន​ទាំង​នោះ នាំ​គ្នា​ទះ​ដៃ​ហ៊ោ​បន្ទរ​តាម ហើយ​ថែម​ទាំង​ចាត់​ទុក​ភាសា​ដែល​គេ​តែង​ឮ​ជន​ពាល​និយាយ​តាម​ផ្សារ​នោះ​ថា ជា​ប្រសាសន៍​ពោរ​ពេញ​ទៅ​ដោយ​គតិ​បណ្ឌិត​ទៅ​វិញ។

ក្នុង​រយៈ​កាល​កាន់​អំណាច​ជិត ៤០ឆ្នាំនេះ លោក ហ៊ុន សែន ធ្លាប់​សាង​កំហុស​ដែល​ធ្វើ​ឱ្យ​លោក​ហៀប​បាត់​បង់​អំណាច​ម្ដង​ជា​ពីរ​ដង។ កំហុស​មួយ​ចំនួន​ដែល​លោក ហ៊ុន សែន បាន​សាង អាច​មាន​លំនាំ​ស្រដៀង​នឹង​កំហុស​ទាំង៥ ដែល​លើក​ឡើង​ដោយ​លោក​សាស្ត្រាចារ្យ ទ្រីសម៉ាន់ ដែរ។ តែ​កំហុស​ខ្លះ ក៏​បណ្ដាល​មក​ពី​កាលៈទេសៈ​ជំរុញ​អោយ​លោក ហ៊ុន សែន ស្ថិត​ក្នុង​ភាព​ទាល់ច្រក ហើយ​លោក​ក៏​បង្ខំ​ចិត្ត​ទទួល​យក​ស្ថានភាព​នោះ​តែ​ម្ដង។

សង្គ្រាម​ត្រជាក់​ដណ្ដើម​ឧត្ដមភាព​ផ្នែក​មនោគមវិជ្ជា​រវាង​ប្លុក​សេរី និង​កុម្មុយនិស្ត ត្រូវ​បាន​បញ្ចប់​នៅ​ដើម​ទសវត្ស​១៩៩០។ ប្រទេស​មហា​អំណាច មាន​សហរដ្ឋ​អាមេរិក សហភាព​សូវៀត និង​ចិន ដែល​ធ្លាប់​តែ​មើល​មុខ​គ្នា​មិន​ត្រង់ បាន​ងាក​មក​ចាប់​ដៃ​គ្នា​វិញ។ ប្រទេស​លោក​ខាង​លិច និង​ចិន ដែល​ធ្លាប់​គាំ​ទ្រ ចលនា​តស៊ូ​ខ្មែរ​នៅ​តាម​ព្រំដែន​ខ្មែរ ថៃ ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន សែន ក៏​លែង​មាន​តម្រូវការ​ជួយ​ក្រុម​នេះ​តទៅ​ទៀត។

សហភាព​សូវៀត​ដែល​ធ្លាប់​តែ​គាំទ្រ​ប្រទេស​កុម្មុយនិស្ត​ដូច​គ្នា ដូច​ជា​វៀតណាម និង​កម្ពុជា ក៏​ចាប់​ផ្ដើម​ដោះ​ដៃ ពី​ប្រទេស​ទាំង​នេះ។

ដោយ​បាត់​បង់​ជំហរ​ដ៏​ធំ​តែ​មួយ​គត់​ពី​សហភាពសូវៀត របប​ក្រុង​ភ្នំពេញ​នៅ​ពេល​នោះ ហាក់​ដូច​ជា​កំពុង​លិច​ទូក​កណ្ដាល​ទន្លេ។ លោក ហ៊ុន សែន ចាប់​ផ្ដើម​ស្រវេស្រវា​រក​អ្វី​តោង​ឱ្យ​ខាង​តែ​បាន ដើម្បី​ឱ្យ​បាន​ឆ្លង​ផុត​ពី​គ្រោះ​លិច​លង់​នេះ។

លោក​បង្ខំ​ចិត្ត​បើក​ផ្លូវ​អោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា​អ៊ុនតាក់ (UNTAC) ចូល​មក​គ្រប់​គ្រង​ និង​រៀបចំ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ជា​លើក​ដំបូង​នៅ​កម្ពុជា ​នៅ​ឆ្នាំ១៩៩៣។

ទោះ​បី​ជា​មាន​អំពើ​បង្ហូរ​ឈាម បាញ់​សម្លាប់​អ្នក​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន យ៉ាង​ណា​ក្តី ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត ដែល​រៀប​ចំ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ។

ការ​ចាញ់​ឆ្នោត​នេះ អាច​ចាត់​ទុក​ថា ​ជា​ការ​វាយ​តម្លៃ​ខុស​របស់​លោក ហ៊ុន សែន ដែល​លោក​គិត​ថា​ អាច​នឹង​មាន​ជ័យជម្នះបាន តាម​រយៈ​ការ​គំរាម​កំហែង និង​ប្រើ​អំពើ​ហិង្សា​បង្ហូរ​ឈាម​មុន​ការ​បោះឆ្នោត។

នៅ​ខែ​កញ្ញា ឆ្នាំ១៩៩៣ អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​ចុង​ក្រោយ​មួយ​របស់​ខ្លួន អំពី​អំពើ​ហិង្សា​នយោបាយ ដែល​ស្ដាប់​ទៅ​គួរ​ឱ្យ​ព្រឺ​ឆ្អឹង​ខ្នង។ របាយការណ៍​នោះ​បាន​រៀបរាប់​យ៉ាង​លំអិត អំពី​ការ​គំរាម​កំហែង​និង​ការ​សម្លាប់​អ្នក​នយោបាយ​ដែល​ហ៊ាន​ងើប​តតាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ផ្អែក​លើ​ការ​ស៊ើប​អង្កេត និង​ដោយ​មាន​ភស្តុតាង​ជាក់​លាក់​ផង របាយការណ៍​នោះ​បញ្ជាក់​ថា គឺ​របប​រដ្ឋ​កម្ពុជា (ជា​ឈ្មោះ​ថ្មី​របស់​អតីត​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា) ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​តែ​ម្ដង ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំភិត​បំភ័យ និង​ប្រើ​អំពើ​ហិង្សា​បង្ហូរ​ឈាម ទៅ​លើ​អ្នក​នយោបាយ និង​ជន​ស៊ីវិល មុន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ១៩៩៣ នោះ សរុប​ទាំង​អស់​ជិត ១០០លើក។

ការ​គំរាម​កំហែង​ពី​សំណាក់​ក្រុម​លោក ហ៊ុន សែន នា​ពេល​នោះ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា​បាន​ធ្វើ​ឱ្យ​​មនុស្ស​ស្លាប់ និង​​​របួស ទាំង​អ្នក​នយោបាយ និង​ទាំង​ជន​ស៊ីវិល សរុប​ចំនួន ​៨៦​នាក់។

លោក ហ៊ុន សែន​ ប្រហែលជា​ភ័យ​បុកពោះ​មិន​ស្ទើរ​ទេ នៅ​ពេល​ដែល​លោក​ចាញ់​ឆ្នោត​នោះ។ មិន​ត្រឹម​តែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​អំណាច​ទេ លោក ហ៊ុន សែន ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ផង​ដែរ ចំពោះ​ការ​ដែល​លោក​ចេញ​មុខ​ទៅ​ចរចា ជា​មួយ​ភាគី​ជម្លោះ​កម្ពុជា​ដទៃ​ទៀត ដែល​ទី​បំផុត​នាំ​មក​នូវ​ភាព​បរាជ័យ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយ​មាន​អតីតភាព​ជា​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន មិន​សុខ​ចិត្ត​ចុះ​ចាញ់​ងាយៗ នោះ​ឡើយ។ លោក​នៅ​ក្រាញ​ននាល និង​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​រក្សា​អំណាច​របស់​លោក ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ ដំបូង​លោក​តវ៉ា​ថា​ ការ​បោះឆ្នោត​នោះ​លំអៀង។ បន្ទាប់​មក​លោក​បាន​បង្ក​ឱ្យ​មាន​ស្ថានភាព​តាន​តឹង និង​វឹកវរ​កម្រិត​ធ្ងន់​មួយ​ដល់​កម្ពុជា នា​ពេល​​នោះ។

ជំនួស​ឱ្យក្តី​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់ កើត​ឡើង​តាម​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ កម្ពុជា​បែរ​ជា​ប្រឈម​មុខ​នឹង​ការ​អាច​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​នៅ​កណ្ដាល​ផ្ទៃ​ប្រទេស​តែ​ម្ដង ហើយ​នឹង​អាច​ឈាន​ដល់​ការ​ពុះ​ច្រៀក​ប្រទេស​កម្ពុជា​ជា​ពីរ​ចំណែក​ផង។

ដើម្បី​ស្ដារ​ស្ថានការណ៍ ភាគី​ពាក់​ព័ន្ធ​ទាំង​ឡាយ ​ដែល​មាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កម្ពុជា​នា​ដំណាក់​កាល​នោះ បាន​បង្ខំ​ចិត្ត​ប្រគល់​ឱ្យ​​លោក ហ៊ុន សែន នូវ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទីពីរ ក្នុង​រដ្ឋាភិបាល​ចម្រុះ​មួយ ជា​មួយ​គណបក្ស​ឈ្នះ​ឆ្នោត គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ការ​ដណ្ដើម​បាន​អំណាច​មក​វិញ​នា​ពេល​នោះ បាន​ធ្វើ​ឱ្យ​​លោក ហ៊ុន សែន ​ធូរ​ទ្រូង​មិន​តិច​ទេ ហើយ​ក៏​បាន​ផ្តល់​បទពិសោធន៍​ច្រើន​បង្គួរ​ដល់​លោក ហ៊ុន សែន។

លោក​ចាប់​ផ្ដើម​ប្ដូរ​យុទ្ធសាស្ត្រ​ខ្លះៗ ក្នុង​ការ​រក្សា​អំណាច​របស់​លោក។ លោក​ហាក់​ស្បថ​រាង​ចាល​ ហើយ​បែប​សច្ចា​ក្នុង​ចិត្ត​តែ​ម្ដង​ថា លែង​ឱ្យ​មាន​គណបក្ស​នយោបាយ​ណា ដែល​អាច​មាន​សក្ដានុភាព​ប្រកួត​ប្រជែង​នឹង​លោក​ត​ទៅ​ទៀត​ហើយ។

ដូច្នេះ​ហើយ​បាន​ជា គ្រាន់​តែ​ចាប់​ផ្ដើម​រក្សា​ជំហរ​ឡើង​វិញ​បាន​បន្តិច លោក​ក៏​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ភ្លាម។ លោក​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​យ៉ាង​ងាយ​ដូច​បក​ចេក​ទុំ។ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ពេល​ដែល​ឃើញ​មន្ត្រី​គ្រាក់ៗ នៃ​គណបក្ស​នេះ ខ្លះ​ជា​អ្នក​វិល​ត្រឡប់​ពី​ប្រទេស​លោក​ខាង​លិច​ផង ប្រជែង​គ្នា​ហក់​ត្របាក់​នុយ​ពី​ផ្លែ​សន្ទូច​លោក ហ៊ុន សែន ហាក់​ស្រេក​ឃ្លាន​ជា​ទី​បំផុត ទោះ​នោះ ជា​នុយ​ជន្លេន នុយ​ដង្កូវ ឬ​ក៏​នុយ​ជ័រ យ៉ាង​ណា​ក្តី។ តែ​មួយ​ប្រាវ អ្នក​នយោបាយ​ដាច់​នុយ​មួយ​ចំនួន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នាំ​គ្នា​លក់​ខ្លួន រំលាយ​គណបក្ស​ខ្លួន​ឯង រាបស្មើ​ដល់​បាត​ដី ជូន​លោក ហ៊ុន សែន ។

ទោះ​ជា​បំផ្លាញ​ចោល​គណបក្ស​នយោបាយ​ធំ បាន​ដោយ​ជោគជ័យ​ក៏​ដោយ លោក​នៅ​តែ​រក​វិធី​ទប់​ស្កាត់​មិន​ឱ្យ​​មាន​ការ​ងើប​ឡើង​នៃ​ចលនា​អ្នក​ប្រឆាំង​នឹង​លោក​ដែរ។ ទន្ទឹម​នឹង​នៅ​តែ​ប្រើ​អំពើ​ហិង្សា​បង្ហូរ​ឈាម បង្ក្រាប​គំរាម​អ្នក​នយោបាយ​ប្រឆាំង ឬ​អ្នក​ដែល​រិះ​គន់​លោក លោក​ក៏​ចាប់​ផ្ដើម​យក​ប្រព័ន្ធ​តុលាការ​មក​ប្រើ​ប្រាស់​ជា​ឧបករណ៍​ផ្ទាល់​ខ្លួន សម្រាប់​ចាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ជំទាស់​នឹង​លោក ដាក់​គុក ឬ​រំលាយ​គណបក្ស​នយោបាយ​ណា​ ដែល​លោក​មើល​ឃើញ​ថា ​ចាប់​ផ្ដើម​មាន​ប្រជាប្រិយភាព​ជាង​គណបក្ស​លោក។

ពាក្យ​ចាស់​បុរាណ​ខ្មែរ​ពោល​ថា ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច។ ថ្វី​ដ្បិត​តែ​លោក ហ៊ុន សែន ធ្លាប់​ប្រព្រឹត្តិ​កំហុស ដែល​ហៀប​នឹង​ធ្វើ​ឱ្យ​​លោក​បាត់​បង់​អំណាច​ម្ដង​ហើយ​ នៅ​ឆ្នាំ១៩៩៣ ២០ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ២០១៣ លោក ហ៊ុន សែន បាន​សាង​កំហុស​ម្ដង​ទៀត ដែល​ធ្វើ​ឱ្យ​លោក​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​តំណែង​ជា​លើក​ទី​ពីរ។

ប្រហែល​ជា​លោក​ទុក​ចិត្ត​ខ្លួន​ឯង​ថា​ លោក​ក្ដាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត គ..ប បាន​ពេញ​ក្នុង​ដៃ ដែល​អាច​ធានា​នូវ​ជ័យ​ជម្នះ ពី​ការ​បោះ​ឆ្នោត​ផង និង​ជា​ថ្នូរ​នៃ​ការ​ដក​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី ពី​តុលាការ​ក្រុង​ញ៉ូវយក (New York) ផង ព្រម​ទាំង​អាច​មាន​គំនាប​ពី​អន្តរជាតិ​ផង លោក ហ៊ុន សែន ក៏​យល់​ព្រម​ឱ្យ​​មេ​បក្ស​ប្រឆាំង​និរទេស​​ខ្លួន​ដ៏​មាន​ប្រជាប្រិយ គឺ​លោក សម រង្ស៊ី វិល​មក​កម្ពុជា ចូល​រួម​ការ​បោះ​ឆ្នោត​វិញ។

នា​ដំណាក់​កាលនោះ លោក ហ៊ុន សែន ក៏​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ នឹង​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម ទៅ​លើ​ការ​ឃោសនា​បោះឆ្នោត​ដែរ។ លោក មិន​ទាន់​មាន​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន នៅ​ឡើយ។ ប្រការ​នេះ​អាច​ចាត់​ទុក​ថា​ ជា​កំហុស​មួយ​ទៀត​របស់​លោក ហ៊ុន សែន។

ការ​រួបរួម​គ្នា​រវាង​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សិទ្ធិមនុស្ស បង្កើត​បាន​នូវ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី នាំ​គ្នា​ចេញ​គាំ​ទ្រ​គណបក្ស​បង្រួប​បង្រួម​ថ្មី​នេះ ភ្លូក​ទឹក​ភ្លូក​ដី។ យុវជន​ដែល​និយម​លេង​ហ្វេសប៊ុក បាន​ក្លាយ​ជា​សកម្មជន ហើយ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នេះ ជួយ​ឃោសនា​ឱ្យ​គណបក្ស​ប្រឆាំង​យ៉ាង​ផុលផុស។ ឃើញ​ស្ថានភាព​បែប​នេះ លោក ហ៊ុន សែន ប្រហែលជា​ខ្វល់​ចិត្ត​មិន​ស្ទើរ​ឡើយ។

លទ្ធផល​នៃ​ការ​បោះឆ្នោត ឆ្នាំ២០១៣ នោះ ធ្វើ​ឱ្យ​​លោក ហ៊ុន សែន ស្ទើរ​លោះ​ព្រលឹង​ម្ដង​ទៀត។ គណបក្ស​ប្រឆាំង​ទទួល​បាន ​៤៥​ភាគ​រយ នៃ​អាសនៈ​សភា​ទាំង១២៣ ឬ​បាន ៥៥កៅអី ឯ​គណបក្ស​លោក ហ៊ុន សែន បាន ៥៥ភាគ​រយ​នៃ​អាសនៈ​សភា​ទាំង​មូល ឬ​ស្មើ​នឹង ៦៨កៅអី។

ទោះ​ជា​យ៉ាង​ណា​ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា បើ​មិន​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត គណបក្ស​នេះ​ប្រាកដ​ជា​ឈ្នះ ក្នុង​ការ​ឆ្នោត​លើក​នេះ។

ចំពោះ​លោក ហ៊ុន សែន វិញ កំហុស​ក្នុង​ការ​អនុញ្ញាត​ឱ្យ​​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជា​លើក​ទី​ពីរ​នេះ ប្រហែល​ធ្វើ​ឱ្យ​​លោក ហ៊ុន សែន រាង​ចាល​មួយ​រយ​ជាតិ​ថា លោក​នឹង​មិន​ប្រព្រឹត្ត​កំហុស​បែប​នេះ​ម្តង​ទៀត​ឡើយ។ អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​មួយ​ចំនួន បាន​ព្យាករ​ទុក​ថា ព្យុះ​សង្ឃរា​ដ៏​កាច​សាហាវ​មួយ នឹង​បោក​បក់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​នឹង​ធ្វើ​ឱ្យ​គណបក្ស​នេះ​រលំ​រលាយ​ទៀត​ផង។

ក៏​ប៉ុន្តែ​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​តាម​ការ​បែក​ធ្លាយ​មួយ ក្រុម​លោក ហ៊ុន សែន ដឹក​នាំ​ដោយ​លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក ប្រាក់ សុខុន បាន​ជួល​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​បរទេស​មួយ ឲ្យ​ជួយ​ស្ទង់​មតិ​​អ្នក​បោះ​ឆ្នោត​កម្ពុជា។ ក្រុមហ៊ុន​បរទេស​នោះ​ជា​របស់​ប្រទេស​អ៊ីស្រាអែល​ ឈ្មោះ ក្រុម​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ស្ហាវីវ ឬ​ជា​ភាសា​អង់គ្លេស​ថា Shaviv Strategy and Campaign

ក្រុមហ៊ុន​នេះ​រក​ឃើញ​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​តែ​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅ​លើ​លោក សម រង្ស៊ី កាន់​តែ​ខ្លាំង ពលរដ្ឋ​ខ្មែរ ក៏​កាន់​តែ​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ហើយ​ក៏​នឹង​នាំ​គ្នា​បោះឆ្នោត​ឱ្យ​​គណបក្ស​ប្រឆាំង​នេះ កាន់​តែ​ច្រើន​ដែរ។

មិន​មែន​តែ​លោក ហ៊ុន សែន ទេ​ដែល​ខ្វល់​ខ្វាយ​ខ្លាច​ចាញ់​ឆ្នោត កូន​ប្រុស​ច្បង​របស់​លោក ក៏​ខិតខំ​សម្បើម​ណាស់​ដែរ ក្នុង​ការ​រក​វិធី​ ដើម្បី​ធានា​ថា ​ការ​បោះឆ្នោត​លើក​ក្រោយ​ទទួល​បាន​ជោគជ័យ។

តាម​រយៈ​ឯកសារ​បែក​ធ្លាយ​ជា​បន្ត​បន្ទាប់ គេ​ក៏​បាន​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បាន​ទាក់​ទង​ជា​មួយ​ជនជាតិ​ប៉ាគីស្ថាន​មួយ​រូប​ឈ្មោះ ចូសែហ្វ ម៉ាធៀវស៍ (Joseph Matthews)

ជា​ការ​តប​ស្នង​សង​គុណ​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ទទួល​សញ្ជាតិ​ខ្មែរ លោក ចូសែហ្វ សន្យា​ថា នឹង​ជួយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត តាម​ការ​ប្រើ​សង្គ្រាម​ចិត្តសាស្ត្រ​បំភិត​បំភ័យ​គំរាម​កំហែង​ទៅ​លើ​ពលរដ្ឋ​ខ្មែរ អោយ​បោះឆ្នោត​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រហែល​ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ និង​ផ្អែក​ទៅ​សន្ទុះ​នៃ​ការ​គាំ​ទ្រ​គណបក្ស​ប្រឆាំង តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ផង វិធី​តែ​មួយ​គត់​ដែល​លោក ហ៊ុន សែន រំពឹង​ថា​អាច​នឹង​រក្សា​អំណាច​បាន គឺ​ត្រូវ​តែ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។ ម៉្យាង​ទៀត​ដើម្បី​ធានា​ឱ្យ​បាន​ថា​ លោក​លែង​មាន​គូ​ប្រកួត​សោះ​តែ​ម្ដង លោក​ក៏​បំបិទ​សិទ្ធិ​អ្នក​នយោបាយ​ជាង​មួយ​រយ​នាក់ ពី​គណបក្ស​ប្រឆាំង​មិន​ឱ្យ​​ធ្វើ​នយោបាយ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ខុស​ពី​ការ​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​លោក ហ៊ុន​ សែន បោះ​សន្ទូច​តែ​មួយ​ប្រាវ ត្រូវ​ក្រុម​អ្នក​នយោបាយ​ឃ្លាន​នុយ​នៃ​គណបក្ស​នេះ ហក់​ត្របាក់ ​រួច​រំលាយ​គណបក្ស​ខ្លួន​ឯង សង​គុណ​លោក ហ៊ុន សែន ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ត្រូវ​ប្រើ​វិធីសាស្ត្រ​ចំរុះ​ជា​ច្រើន។

ដំបូង លោក​ព្យាយាម​ស្ទូច​។ បើ​ស្ទូច​មិន​បាន លោក​ឆក់​ខ្សែ​ភ្លើង។ បើ​ឆក់​ខ្សែ​ភ្លើង​មិន​ស្លាប់ លោក​រាយ​សំណាញ់​ចាប់​។ បើ​រក​លេស​ចាប់​មិន​បាន លោក​ដេញ​បង្អើល។ បើ​បង្អើល​មិន​ចេញ លោក​បាច​ទឹក​ឱ្យ​​រីង លែង​ឱ្យ​​មាន​ទី​ជម្រក​តែ​ម្តង។

ទន្ទឹម​នឹង​កំចាត់​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ ដែល​លោក​ដឹង​ច្បាស់​ថា ​អាច​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​របស់​លោក លោក ហ៊ុន សែន ក៏​ចាប់​ផ្តើម​យល់​ច្បាស់​ពី​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម ជា​ពិសេស ​ក្នុង​តួ​នាទី​ផ្សព្វផ្សាយ​ព័ត៌មាន និង​ឃោសនា​បោះ​ឆ្នោត។

លោក​មិន​ព្រងើយ​កន្តើយ​ក្នុង​រឿង​នេះ​ទៀត​ឡើយ។ លោក​ទិញ​អ្នក​បង្កើត​ហ្វេសប៊ុក​ឱ្យ​​លោក​ម្នាក់ ក្នុង​តម្លៃ​មួយ​កៅអី​រដ្ឋលេខាធិការ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

ទោះ​បី​ជា​លោក ហ៊ុន សែន ចាប់​ផ្ដើម​ប្រើ​បណ្ដាញ​សង្គម​នេះ​រាង​យឺត​ពេល​ជាង​ដៃ​គូ​នយោបាយ​របស់​លោក​ដទៃ​ទៀត​បន្តិច​ក្តី គណនី​ហ្វេសប៊ុក​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​គំហុក ស្ទើរ​ពី​គ្រប់​ទិស​ទី។

ទោះ​ជា​ភាគ​ច្រើន លោក​បង្ហោះ​​សារ​តែ​ជា​ភាសា​ខ្មែរ​ លោក​មាន Fans ឬ​អ្នក​គាំទ្រ​ជា​ជន​បរទេស​ជា​ច្រើន ជា​ពិសេស ​ពី​ប្រទេស​ឥណ្ឌា។ ទូរទស្សន៍​បារាំង Channel 24 បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោម​ចំណង​ជើង​ថា “ឥណ្ឌា​មាន​កសិដ្ឋាន សម្រាប់​ចុច​លក់ Likes”។ របាយការណ៍​អង្កេត​នោះ​ឱ្យ​​ដឹង​ថា គេ​អាច​ទិញ Likes ពី Click Farms ឬ​កសិដ្ឋាន​ផលិត Likes ក្លែងក្លាយ​នៅ​ឥណ្ឌា ក្នុង​តម្លៃ ៦០អ៊ឺរ៉ូ ឬ​ស្មើ​នឹង ៦៦ដុល្លា ក្នុង​ចំនួន ២.៥០០ Likes

ខណៈ​ដែល​លោក​ចាប់​ផ្ដើម​លេង​ហ្វេសប៊ុក លោក​ក៏​មិន​ទុក​​ឱ្យ​​អ្នក​លេង​ហ្វេសប៊ុក​ដទៃ​ មាន​សិទ្ធិ​សេរីភាព​ដែរ។ អ្នក​ដែល​ហ៊ាន​បង្ហោះ​សារ​ជា​ចម្រៀង កំណាព្យ ឬ​ជា​អ្វី​ក៏​ដោយ​ចុះ​ដែល​មាន​ខ្លឹមសារ​រិះគន់​លោក និង​រដ្ឋាភិបាល​លោក អ្នក​នោះ​នឹង​ត្រូវ​ក្រុម​លោក​តាម​ប្រមាញ់​ចាប់​ដាក់​គុក​ភ្លាម។

ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ មួយ​ចំនួន​ត្រូវ​ក្រុម​លោក​រក​លេស​បិទ​ចោល និង​បណ្ដេញ​ចេញ​ពី​កម្ពុជា។

គ្មាន​អ្វី​គួរ​ឱ្យ​ពិបាក​យល់​ឡើយ ដោយ​គ្មាន​គណបក្ស​ប្រឆាំង​មាន​ទម្ងន់​អាច​ប្រជែង​នឹង​លោក​បាន គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ដោយ​នៅ​ពី​លើ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ផង ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦ កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក្រសោប​យក​បាន​អាសនៈ​សភា​ទាំង​អស់​តែ​ម្ដង។

ភាព​ឈ្លាស​វៃ​គ្មាន​ពីរ​របស់​លោក ហ៊ុន សែន ក្នុង​ការ​រៀន​សូត្រ​ពី​កំហុស​របស់​ខ្លួន រួច​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ទាន់​ពេល​វេលា រហូត​ធ្វើ​ឱ្យ​​លោក​អាច​រក្សា​អំណាច​បាន​យូរ​បែប​នេះ ប្រហែល​អាច​ធ្វើ​ឱ្យ​​មេ​ដឹក​នាំ​ផ្ដាច់​ការ​ល្បីៗ ទាំង​ឡាយ​នៅ​លើ​ពិភព​លោក សុំ​ខ្មាស ហើយ​អាច​ចាត់​ទុក​លោក ហ៊ុន សែន ថា​ ជា​ជើង​ឯក​ផ្នែក​ខាង​ក្រាញ​អំណាច​លំដាប់​ពិភព​លោក​​​ផង​ក៏​មិន​ដឹង​។

ពាក្យ​ចាស់​បុរាណ​ខ្មែរ​ក៏​តែង​ពោល​ដែរ​ថា “ចំណេះ​ជិះ​ក​ឯង” ។ លោក ហ៊ុន សែន ធ្លាប់​ភ្លាត់​ស្នៀត​ដែល​ធ្វើ​ឱ្យ​​វិះ​អស់​តំណែង យ៉ាង​ហោច​ណាស់​ពីរ​ដង​រួច​មក​ហើយ។ បន្ថែម​ពី​លើ​នេះ លោក​ខ្លួន​ឯង​ក៏​តែង​រអ៊ូ​ជា​ញឹកញយ​ដែរ​ថា ការងារ​ជា​នាយក​រដ្ឋមន្ត្រី មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ។ ក្រៅ​តែ​ពី​លំបាក​នឹង​ការងារ​មមាញឹក លោក ហ៊ុន សែន ក៏​ប្រហែល​ចង់​សំដៅ​ថា លោក​ក៏​មាន​ការ​លំបាក​ក្នុង​ការ​រក​យុទ្ធសាស្ត្រ​តតាំង​នឹង​សត្រូវ នៅ​ជុំ​វិញ​ខ្លួន​លោក ដើម្បី​រក្សា​អំណាច​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​មេ​ដឹក​នាំ​និង​មន្ត្រី​នៃ​គណបក្ស​នេះ នៅ​តែ​ជា​បន្លា​ក្នុង​ភ្នែក​លោក​នៅ​ឡើយ។ ក្រៅ​ពី​នោះ សហគមន៍​អន្តរជាតិ​ក៏​កំពុង​បង្កើន​ការ​គាប​សង្កត់ និង​ដាក់​ទណ្ឌកម្ម​មក​លើ​របប​របស់​លោក ព្រម​ទាំង​សាច់​ញាតិ​និង​មន្ត្រី​របស់​លោក​ជា​ហូរហែ។ ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ហាក់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ប៉ុន្មាន​ដែរ គ្រាន់​តែ​គេ​មិន​បង្ហាញ​ឱ្យ​អ្នក​ក្រៅ​ឃើញ​តែ​ប៉ុណ្ណោះ។ ការ​ផ្គូផ្គង​ផ្ទេរ​តំណែង​ដឹកនាំ​ប្រទេស​ទៅ​កូន​របស់​លោក ហ៊ុន សែន ក៏​ប្រហែល​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច​លោក​គូសវាស​ទុក​នោះ​ឡើយ។ ជា​រួម ស្ថានភាព​នៅ​កម្ពុជា ហាក់​ដូច​ជា​បូស​មួយ ដែល​កំពុង​ទុំ​ជោរ។ មាន​អ្វី​ទៅ​ប៉ះ​តែ​បន្តិច ​ក៏​អាច​បណ្ដាល​ឱ្យ​បែក​ធ្លាយ​បាន​យ៉ាង​ងាយ​ដែរ។

ម្យ៉ាង​ទៀត លោក សាស្ត្រាចារ្យ ទ្រីសម៉ាន់ ដែល​បាន​ស្រាវ​ជ្រាវ ពី​ការ​ដឹកនាំ​របស់​មេ​ដឹកនាំ​ផ្ដាច់ការ​នានា ​នៅ​លើ​ពិភពលោក​ថា គឺ​មេ​ដឹក​នាំ​ផ្ដាច់ការ​ខ្លួន​ឯង​នោះ​តែ​ម្ដង ដែល​បង្ក​គ្រោះ​កាច​ដល់​ខ្លួន។ បើ​យោង​តាម​ទ្រឹស្ដី​នេះ សត្រូវ​ធំ​បំផុត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន សែន ខ្លួន​ឯង​តែ​ម្ដង។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​តែ​ពេល​វេលា​ទេ ដែល​អាច​ឱ្យ​ដឹង​ថា តើ​លោក ហ៊ុន សែន អស់​អំណាច ឬ​អាច​រក្សា​អំណាច​បាន​យូរ​ត​ទៅ​មុខ​ទៀត​ដោយ​របៀប​ណា?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Sony
Mar 30, 2022 02:27 PM

និយាយ បាន ល្អ ណាស់ ,​ ចង់សើច ផង , ចង់យំ ផង , សុំ សរសើរ លោក ចាន់បុត្រ ដែល មាន ភាព ឈ្លាស វៃ ក្នុង ការ និយាយ.....