បទវិភាគ៖ តើមន្ត្រីរាជការត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះក្នុងពេលផ្ទុះជំងឺកូវីដ១៩?
2021.03.31
ជំងឺឆ្លងកូវីដ១៩បានធ្វើឱ្យប៉ះពាល់ជីវភាពមនុស្សស្ទើរលំដាប់ថ្នាក់។ អ្នកធ្វើការក្នុងវិស័យឯកជន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ រស់នៅក្នុងសភាពលំបាកវេទនា។ អ្នករកស៊ីឯកជនស្ទើរគ្រប់មុខ បាត់បង់ប្រាក់ចំណូល ឬក៏ប្រាក់ចំណូលធ្លាក់ចុះ។ អ្នកធ្វើការឱ្យគេ ត្រូវក្រុមហ៊ុនកាត់ប្រាក់ខែ រហូតអ្នកខ្លះបាត់បង់ការងារទៀតផង។
ចំណែកមន្ត្រីរាជការវិញ ទោះបីជាទទួលបានប្រាក់ខែ ឬបៀវត្សរ៍ពីរដ្ឋជាប្រចាំ ក៏ពួកគាត់ប៉ះពាល់ច្រើនណាស់ដែរ ពីការរាតត្បាតនៃជំងឺកូវីដ១៩ នេះ។
តើមន្ត្រីរាជការត្រូវធ្វើការងារ និងរស់នៅក្នុងស្ថានភាពបែបណាពេលដែលជំងឺ កូវីដ១៩ កំពុងរាតត្បាតនេះ?
បើមើលពីក្រៅទៅ អ្នកស៊ីប្រាក់ខែរដ្ឋ ឬហៅម៉្យាងទៀតថា មន្ត្រីរាជការ ហាក់មានលំនឹងលើប្រាក់ចំណូលណាស់ ដ្បិតពួកគាត់ នៅមានប្រាក់បៀវត្សរ៍ជាប្រចាំ ខុសពីអ្នកធ្វើការក្នុងវិស័យឯកជន ដែលជួបវិបត្តិដោយសារជំងឺកូវីដ១៩។
រដ្ឋាភិបាលបើកប្រាក់ខែជូនមន្ត្រី និងបុគ្គលិកកម្មកររាជការ ២ដងក្នុងមួយខែ គឺបើកពាក់កណ្ដាលនៅកណ្ដាលខែ និងពាក់កណ្ដាលទៀតនៅចុងខែ។
ថ្វីដ្បិតតែមើលមួយភ្លែត មន្ត្រីរាជការហាក់បំពេញការងារធម្មតា និងទទួលប្រាក់បៀវត្សជាប្រក្រតី តាមពិតក្នុងសម័យកូវីដនេះ ពួកគាត់ភាគច្រើនប្រឈមបញ្ហាធំៗ មិនតិចជាងអ្នកធ្វើការក្នុងវិស័យនានាទៀតឡើយ។
បញ្ហាដែលបុគ្គលិកមន្ត្រីរាជការទាំងនោះកំពុងប្រឈមមាន ដូចជា ទំហំការងារកើនឡើង ប្រាក់ចំណូលធ្លាក់ចុះ និងរងការរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំង។
មន្ត្រីរាជការមួយចំនួនធំ ត្រូវធ្វើការងារច្រើនជាងមុននៅពេលផ្ទុះជំងឺកូវីដ១៩។ នៅស្រុកខ្មែរ គេច្រើនបែងចែកប្រភេទការងាររដ្ឋពីរកន្លែងជាសំខាន់ ដោយផ្អែកជាសំខាន់ថាតើ កន្លែងនោះរកលុយក្រៅបាន ឬមិនបាន។ កន្លែងដែលរកក្រៅបាន គេហៅថាធ្វើការចំកន្លែងខ្លាញ់។ អ្នកធ្វើការប៉ះចំកន្លែងខ្លាញ់នេះ មានចំនួនមិនសូវច្រើនទេ។
មន្ត្រីរាជការដែលធ្វើការកន្លែងអត់ខ្លាញ់វិញមានចំនួនច្រើនលើសលុប។ ពួកគាត់ជាគ្រូបង្រៀន ជាមន្ត្រីសុខាភិបាល និងកងកម្លាំងប្រដាប់អាវុធជាដើម។
គ្រូបង្រៀនត្រូវក្រសួងអប់រំ ចាត់តាំងឱ្យបង្រៀនតាមអនឡាញ ចុះស្រង់របាយការណ៍សិស្ស ព្រមទាំងតាមដានការសិក្សារបស់សិស្សនៅថ្នាក់មូលដ្ឋាន បើទោះជាគ្រូបង្រៀនមួយភាគធំ មិនមានឧបករណ៍សម្ភារៈសម្រាប់បង្រៀនគ្រប់គ្រាន់តាមវិធីថ្មីនេះក៏ដោយចុះ។
ចំណែកគ្រូពេទ្យវិញ ត្រូវប្រចាំការបន្ថែមដើម្បីតាមដានការវិវត្តន៍ របស់អ្នកឆ្លងជំងឺកូវីដ១៩ ពីលើការងារប្រចាំថ្ងៃដែលមានស្រាប់។ គ្រូពេទ្យរដ្ឋមួយចំនួន ធ្វើការងារយ៉ាងតិចណាស់២កន្លែងជាប្រចាំ ដោយមួយកន្លែងនៅស្ថាប័នរដ្ឋ និងមួយកន្លែងទៀតនៅគ្លីនិកឯកជន។
ក្រៅពីការងារស្នូលប្រចាំថ្ងៃដែលមានស្រាប់ ក្រុមគ្រូពេទ្យត្រូវដាក់វេនជាប្រចាំ នៅពេលមានអ្នកឆ្លងជំងឺតាមមូលដ្ឋានម្ដងៗ។ ក្រុមគ្រូពេទ្យទាំងនោះរវល់វិលក្បុង។ ពួកគេត្រូវចុះយកសំណាក ប្រមូលទិន្នន័យអ្នកជាប់សង្ស័យពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ គ្រូពេទ្យមួយចំនួនថ្លែងប្រាប់អាស៊ីសេរីថា ពួកគាត់មិនដែលគេងពេញភ្នែកឡើយក្នុងរយៈពេល ១ឆ្នាំមកនេះ។
ឯកងកម្លាំងប្រដាប់អាវុធវិញ ក៏មិនទំនេរដែរ។ កងកម្លាំងប្រដាប់អាវុធត្រូវធ្វើការងារស្នូលរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជាប្រចាំ និងទីកន្លែងធ្វើចត្តាឡឺស័ក ជួយការពារទីតាំងមន្ទីរពេទ្យដែលមានអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលជាដើម។ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ សុទ្ធតែមិនអអនុញ្ញាតឱ្យកងកម្លាំងសុំច្បាប់ឈប់សម្រាកទេ បើសិនជាគ្មានករណីចាំបាច់។
ប្រាកដណាស់ ក្នុងសម័យឆ្លងកូវីដ ឬក្នុងកាលៈទេសៈណាក៏ដោយចុះ ក៏តែងមាន អ្នកដែលចាំកេងយកប្រយោជន៍ ធ្វើស្រែលើខ្នងអ្នកដទៃដែរ។ មន្ត្រីរាជការខ្លះ បែរជាបានដៃជាងមុន។ នោះគឺក្រុមមន្ត្រីខ្មោច ដែលមិនទៅធ្វើការតែបើកប្រាក់ខែជារៀងរាល់ខែ។ ពួកមន្ត្រីខ្មោចទាំងនេះមានមិនតិចនាក់ទេ កំពុងជញ្ជក់ញើសឈាមរាស្ត្របង់ពន្ធ ហើយមិនចូលធ្វើការតែបើកប្រាក់ខែ ចូលតាមសែនិងបក្ខពួករបស់ខ្លួននៅសំងំពួននៅតាមស្ថាប័នរដ្ឋនានា គ្មានអៀនខ្មាស។
ងាកមកមើលទំហំនៃប្រាក់ចំណូលមន្ត្រីរាជការស្អាតស្អំទូទៅវិញ។ ប្រាក់ខែគ្រូបង្រៀន ប៉ូលិស ទាហាន តូចតាចភាគច្រើន ពួកគាត់សុទ្ធតែរកចំណូលបានតិចជាងមុន។
កន្លងទៅ ក្រុមមន្ត្រីរាជការស្អាតស្អំ ពឹងផ្អែកផ្នែកជីវភាពទៅលើសមាជិកក្រុមគ្រួសារជួយរកស៊ីបំពេញបន្ថែម។ អ្នកខ្លះមានកូនចៅជាពលករចំណាកស្រុក ឬលក់ដូរកំប៉ិកកំប៉ុក នៅតាមផ្សារ ដែលប្រាក់ចំណូលពួកគាត់ធ្លាក់ចុះ ដូចប្រជាពលរដ្ឋដទៃទៀតដែរ ក្នុងពេលមានជំងឺកូវីដ១៩។ ឧទាហរណ៍ គ្រូបង្រៀនដែលមានភរិយាជាអ្នកលក់បាយឬទឹកកកឈូសនៅក្នុងសាលាគ្រាន់បានទិញម្ហូបចំណីចិញ្ចឹមកូន បានបាត់ចំណូលមួយភាគធំដោយសារតែអាជ្ញាធរបិទសាលារៀន ដើម្បីការពារកុំឱ្យមេរោគកូវីដ១៩ ឆ្លងរីករាលដាល។
មិនមែនតែបាត់បង់ចំណូលរបស់សមាជិកគ្រួសារខ្លួនទេ ប្រាក់ខែមន្ត្រីរាជការទាំងនោះក៏បើកបានតិចជាងមុនដែរ។ តិចជាងមុននៅត្រង់ថា ប្រាក់ខែរបស់ពួកគាត់មិនឡើងតាមថ្លៃទំនិញ និងម្យ៉ាងទៀតគឺប្រាក់ខែតិចជាងមុនដោយសារនយោបាយប្រជាភិថុតិកាត់ប្រាក់ខែជួយជាតិរបស់លោក ហ៊ុន សែន តែម្ដង។
ក្នុងមួយឆ្នាំ២០២០ កន្លងទៅនេះ លោកហ៊ុន សែន ប្រកាសកាត់ប្រាក់ខែឧបត្ថម្ភជូនក្រសួងសុខាភិបាល ដើម្បីប្រឆាំងកូវីដ១៩។ មេៗ ស្ថាប័នជាតិពីលើដល់ក្រោមគ្មានអ្នកណាម្នាក់មិនកាត់ប្រាក់ខែជួយជាតិទេ ពួកគេនាំមុខប្រកាសផ្ដល់ប្រាក់ខែជូនក្រសួងសុខាភិបាល។ ក្រុមមេៗ ទាំងនេះក៏បានរៀបចំបញ្ជីឈ្មោះអ្នកដែលសុខចិត្តកាត់ប្រាក់ខែដើម្បីដាក់ជូនទៅក្រសួងសាមី រួចបន្តទៅក្រសួងមុខងារសាធារណៈផង។
មានមន្ត្រីរាជការតិចណាស់ដែលមិនបានផ្ដល់ប្រាក់ខែជួយជាតិ ហើយបើមិនបានជួយជាតិ ពួកគាត់ទំនងជាមិនអាចនៅធ្វើការបានសុខដែរ។ លើលោកនេះប្រហែលជាមានតែមន្ត្រីរាជការខ្មែរទេ ដែលបានសុខចិត្តអត់ពីមាត់ពង្រាត់ពីក កាត់ប្រាក់ខែជួយជាតិក្នុងសម័យកូវដ១៩។ មើលពីខាងក្រៅ មន្ត្រីរាជការទាំងអស់ស្រុះស្រួលគ្នាសម្បើមណាស់ សុខចិត្តបេះពីមាត់ពីក យកលុយជូនជាតិ តែធាតុពិតនេះជានយោបាយ ចូលបុណ្យតាមសទ្ធាទារតាមកំណត់សោះ។
និយាយដល់ការប្រមូលលុយជួយជាតិនេះមានក្រុមមន្ត្រីមួយចំនួនដែលធ្វើការប៉ះចំកន្លែងខ្លាញ់វិញ ពួកគេមិនខ្វល់ទេ។ ពួកនេះមានទ្រព្យសម្បត្តិក្រាស់ក្រែលណាស់ ទោះជាកាត់ប្រាក់ខែ ១០ឆ្នាំជួយជាតិក៏បាន ព្រោះពួកគេនៅកន្លែងខ្លាញ់ រកក្រៅបានហូរហៀរទៅហើយ។ អ្នកដែលរកលុយក្រៅបានមានដូចយ៉ាងពួកគយ កាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច មន្ត្រីតុលាការ អ្នកធំនៅអគ្គិសនីកម្ពុជា អ្នកធំនៅរដ្ឋាករទឹកជាដើម។
ពួកនេះភាគច្រើនចាយសុទ្ធតែលុយដុល្លារ មិនសូវមានលុយខ្មែរក្នុងកាបូបផងទេ។ ពួកគេនៅតែជិះឡានទំនើបរស់ក្នុងវីឡាស្កឹមស្កៃ នាំគ្នាបង្ហោះហ្វេសប៊ុក បង្អួតពីសន្ដានចិត្តធ្វើការមិនយកប្រាក់ខែហូរហែគ្រប់ៗ គ្នា។
បើទោះបីជាការធ្វើបានបង្ហាញតម្រុយនៃអំពើពុករលួយក៏ដោយចុះ ក៏ពួកនេះមិនញញើតដែរ។ ពួកគេដឹងថាឱ្យតែស្មោះត្រង់នឹងបក្សចង់ត្របាក់យ៉ាងម៉េចក៏បាន ។
ការសិក្សាស្រាវជ្រាវរបស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា កម្ពុជាជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេបង្អស់ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២០ កន្លងទៅ។ ក្នុងនោះស្ថាប័នដែលពុករលួយជាងគេបំផុតនោះ គឺស្ថាប័នតុលាការនិងនគរបាល។ ទោះជាយ៉ាងណាក្ដី អង្គភាពប្រឆាំងអំពើពុករលួយ បានច្រានចោលរបាយការណ៍នេះ។
ទន្ទឹមនឹងនេះរបបក្រុងភ្នំពេញបានបិទសិទ្ធិសេរីភាពរបស់មន្ត្រីរាជការ ខ្លាំងណាស់ដែរក្នុងពេលផ្ទុះជំងឺកូវីដ១៩។ ក្រុមមន្ត្រីរាជការទាំងនោះ ត្រូវបានផ្ដល់ការណែនាំជាទៀងទាត់ពីវិធានការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ តាមរយៈបណ្ដាញនានា។
អ្នករាជការវ័យកណ្ដាល និងវ័យចាស់ត្រូវចូលរួមការងារគណបក្សនៅតាមស្រុកឃុំ យុវមន្ត្រីក្មេង ត្រូវល្បួងឱ្យចូលក្រុមយុវជនរបស់បក្ស ឬយុវជនរបស់លោក ហ៊ុន ម៉ានី ដែលធ្វើការឱ្យបក្សដដែល។ ក្រុមទាំងអស់នេះមាននាទីតាមដានអ្នកមានមតិជំទាស់ និងចូលរួមផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីវាយប្រហារអ្នកណាដែលហ៊ានរិះគន់របបលោក ហ៊ុន សែន។
នៅដើមឆ្នាំថ្មីនេះ មានមន្ត្រីរាជការ ២ករណីទទួលពិន័យរួមមានគ្រូបង្រៀនម្នាក់និងគ្រូពេទ្យម្នាក់ ។ ក្រសួងអប់រំបានព្រមាន និងស្ដីបន្ទោសគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងស្រុកត្រាំកក់ខេត្តតាកែវ ក្រោមហេតុផលថាគ្រូបង្រៀនរូបនោះអនុវត្តខុសវិធានការសុខាភិបាល និងធ្វើខុសសេចក្ដីណែនាំរបស់ក្រសួងអប់រំ តែការពិតគ្រូបង្រៀនរូបនោះអះអាងថា ខ្លួនមិនបានធ្វើខុសនោះទេ។
គ្រូបង្រៀនម្នាក់នោះបានបកស្រាយតាមបណ្ដាញសង្គមហ្វេសប៊ុកដោយដាក់ភស្តុតាងមកជាមួយផង ហើយភស្តុតាងទាំងអស់នោះបញ្ជាក់ថា ក្រសួងអប់រំខ្លួនឯង ដែលសម្រេចពិន័យបុគ្គលិកទាំងបំពាន។ ទោះជាយ៉ាងណាក្ដី គ្រូបង្រៀនម្នាក់នោះបានលុបសាររបស់ខ្លួនចេញពីបណ្ដាញហ្វេសប៊ុកវិញ ដោយទំនងជាបារម្ភពីសុវត្ថិភាព។
ករណីមួយទៀត គឺជាករណីដែលចៅហ្វាយខេត្តប៉ៃលិនអ្នកស្រី បាន ស្រីមុំ បានបណ្ដេញគ្រូពេទ្យម្នាក់ចេញពីក្របខ័ណ្ឌដោយខុសនីតិវិធីច្បាប់ ព្រោះតែគ្រូពេទ្យ នោះផ្សព្វផ្សាយក្នុងហ្វេសប៊ុកពីការលំបាកក្នុងការងាររបស់គាត់ក្នុងនាមជាជួរមុខម្នាក់ចុះយកសំណាក កម្មករចំណាកស្រុកដែលត្រលប់មកពីប្រទេសថៃតាមច្រកប៉ៃលិន។ ផ្អែកតាមនីតិវិធីច្បាប់របស់កម្ពុជា អភិបាលខេត្តគ្មានសិទ្ធិបណ្ដេញមន្ត្រីរាជការចេញពីក្របខណ្ឌនោះទេ។ គ្រូពេទ្យម្នាក់នោះកំពុងប្ដឹងទៅក្រសួងពាក់ព័ន្ធដើម្បីស្វែងរកយុត្តិធម៌។
សរុបសេចក្ដីទៅ ការរីករាលដាលនៃជំងឺកូវីដ១៩ រឹតតែធ្វើឱ្យស្ថានភាពជីវភាពរស់នៅរបស់មន្ត្រីរាជការមួយចំនួនធំ កាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេនឹងមិនរស់នៅថ្លៃថ្នូរដូចបុគ្គលិករដ្ឋនៃប្រទេសដទៃបានទេ ដរាបណាប្រទេសកម្ពុជាពុំទាន់មាននីតិរដ្ឋពិតប្រាកដទេនោះ៕