បទវិភាគ៖ តើការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងធ្វើឲ្យរដ្ឋាភិបាលចំណេញឬខាត?
2014.07.17
បន្ទាប់ពីមានការចាប់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ហាក់នៅមិនសុខទេពីរឿងនេះ។ តាំងពីថ្ងៃអង្គារ ទី១៥ កក្កដា មក រាជរដ្ឋាភិបាលកម្ពុជា ប្រើគ្រប់វិធីសាស្ត្រទាំងអស់ ទាំងការធ្វើសន្និសីទកាសែត កិច្ចប្រជុំជាមួយមន្ត្រីទូតនានាប្រចាំកម្ពុជា រហូតដល់ឲ្យមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ពន្យល់ច្រើនលើកច្រើនសាតាមកញ្ចក់ទូរទស្សន៍ទៅដល់មហាជន អង្គការជាតិអន្តរជាតិ និងមន្ត្រីអង្គទូតនានា ឲ្យយល់ពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយហិង្សារហូតឈានដល់ការចាប់ខ្លួនបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ ភាពស្រពេចស្រពិលនៅតែមាន។
តើរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសវិធីចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងនេះ ជាការចំណេញ ឬខាត?
ស្ទើរតែមិនគួរឲ្យជឿទេ ដែលបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រត្រូវបានវាយខ្នោះ និងជាប់គុក នៅពេលដែលប្រើតួនាទីរបស់ខ្លួនក្នុងនាមជាតំណាងរាស្ត្រ ដោយការសម្ដែងមតិ ឬយោបល់ ទាមទារឲ្យបើកទីលានប្រជាធិបតេយ្យដោយសន្តិវិធី។
អ្នកវិភាគ និងអ្នកច្បាប់ខ្លះគិតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដើរផ្លូវខុស ដោយមិនគោរពច្បាប់រដ្ឋធម្មនុញ្ញ ដែលផ្តល់អភ័យឯកសិទ្ធិដល់តំណាងរាស្ត្រ និងតួនាទីកាតព្វកិច្ចរបស់តំណាងរាស្ត្រ ដែលត្រូវតែធ្វើដើម្បីផលប្រយោជន៍ពលរដ្ឋម្ចាស់ឆ្នោត។ តួយ៉ាងដូចជា ការចេញមុខរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា នោះ គឺដើម្បីឲ្យពលរដ្ឋអាចប្រើប្រាស់ទីលាននោះមកសម្ដែងមតិបានដូចមុន បន្ទាប់ពីរាជរដ្ឋាភិបាល បានហ៊ុមព័ទ្ធដោយរបងដែកលួសបន្លាជុំជិត។
ដូច្នេះ តើការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំង រាជរដ្ឋាភិបាលចំណេញ ឬខាត?
អ្នកវិភាគគិតថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមាន លោកស្រី មូរ សុខហួរ លោក កែវ ភីរម្យ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក ហូរ វ៉ាន លោក នុត រំដួល លោក និងលោក ឡុង រី នៅពេលនេះ គឺរដ្ឋាភិបាលកំពុងលេងល្ខោនថ្មីមួយដែលគ្រោះថ្នាក់ខ្លាំង តែបើល្បែងនេះអាចដើរទៅមុខដូចការគ្រោងទុកនោះ ក៏ចំណេញមិនស្ទើរដែរ។ ចំណេញត្រង់ថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អាចបង្ខំឲ្យគណបក្សសង្គ្រោះជាតិ ទទួលយកអ្វីជាសេនារីយោនយោបាយរបស់ខ្លួន ហើយបញ្ចប់ភាពជាប់គាំងនយោបាយ ដែលអូសបន្លាយពេលជិតមួយឆ្នាំក្រោយការបោះឆ្នោត។
មួយទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏អាចយកបញ្ហាជួបជុំបង្កឲ្យមានហិង្សា ជាមូលហេតុរាំងខ្ទប់មិនឲ្យមានការជួបជុំតវ៉ានៅមុខស្ថានទូតវៀតណាម ដែរនៅសប្ដាហ៍ក្រោយ ដើម្បីកុំឲ្យប៉ះពាល់សតិអារម្មណ៍របស់ប្រទេសមហាមិត្ត។ ប៉ុន្តែការចំណេញប៉ុណ្ណេះ ទំនងជារាជរដ្ឋាភិបាលមិនគ្រប់នឹងអាម៉ាស់ក្នុងឆាកអន្តរជាតិផង។ អ្នកវិភាគនយោបាយគិតថា រាជរដ្ឋាភិបាលដែលមានអំនួតពីភាពស៊ីវិល័យក្នុងសង្គមបច្ចុប្បន្ន ប៉ុន្តែរងការរិះគន់ថានិយមខាងប្រើអំពើហិង្សា កំពុងតែបំពានច្បាប់ និងដោះស្រាយបញ្ហាតាមឆន្ទៈនយោបាយជាធំ។
ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងនៅពេលនេះ គឺស្មើនឹងរាជរដ្ឋាភិបាលកម្ពុជា កំពុងស្រែកប្រកាសជាឱឡារិករកសត្រូវកាន់តែច្រើន ទាំងមន្ត្រីការទូត អង្គការជាតិអន្តរជាតិ បញ្ញវន្ត សិស្សនិស្សិត និងមន្ត្រីរាជការដែលគាំទ្រគណបក្សប្រឆាំង ពិសេសការទំនាក់ទំនងផ្នែកការទូតរបស់រាជរដ្ឋាភិបាល អាចនឹងមានការរួមតូចជាងមុន។
រីឯអ្នកច្បាប់វិញគិតថា ការអនុវត្តច្បាប់ គឺធ្វើឡើងដោយរើសមុខ។ ជាក់ស្តែង ក្រុមសន្តិសុខស៊ីឈ្នួលរបស់ខណ្ឌដូនពេញ មិនតិចដងទេដែលបានវាយពលរដ្ឋ និងអ្នកកាសែតឲ្យរងរបួស ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាចាប់ជនដៃដល់មកផ្ដន្ទាទោសទេ។ ផ្ទុយទៅវិញ នៅពេលដែលក្រុមសន្តិសុខទំនងភ្លាត់ស្នៀត គឺដូចជាសត្វខ្លាដែលមិនអាចចាប់គោស៊ីបានដូចរាល់ដង ហើយបែរជាត្រូវគោព័ទ្ធស៊ីវិញម្តងនោះ អាជ្ញាធរបែរជាចាប់តំណាងរាស្ត្រឲ្យទទួលខុសត្រូវទៅវិញ។
យ៉ាងណា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថា ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងទាំង ៧រូបនោះ គឺអាចធ្វើទៅបាន ដោយសារតែពួកគេមិនទាន់មានអភ័យឯកសិទ្ធិ ដោយមិនបានស្បថចូលកាន់តំណែង។ ដូច្នេះ អាចមានន័យថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រទាំង ៥៥រូបរបស់គណបក្សសង្គ្រោះជាតិ មិនមែនជាតំណាងរាស្ត្រ ហើយសំណួរសួរថា បើមិនមែនជាតំណាងរាស្ត្រមែននោះ ម៉េចគ្រប់ ១២០រូបដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលអាចបង្កើតរដ្ឋសភាបាននោះ?
បង្កើតរដ្ឋសភាមិនបាន ឬរដ្ឋសភាខុសច្បាប់ គឺមានន័យថា រដ្ឋាភិបាលសព្វថ្ងៃក៏ខុសច្បាប់ដែរ។ ប្រសិនបើដូច្នេះមែននោះ ការអះអាងថា តំណាងរាស្ត្រដែលចាប់ខ្លួនមិនមានអភ័យឯកសិទ្ធិ គឺស្មើនឹងរដ្ឋាភិបាលប្រកាសជាចំហថា ខ្លួនជារដ្ឋាភិបាលខុសច្បាប់ដូចគ្នាដែរ។
តាមមើលទៅ ល្ខោនថ្មីដែលរាជរដ្ឋាភិបាលលេងម្តងនេះ រាជរដ្ឋាភិបាលទំនងជាខាតច្រើនជាងចំណេញ ពិសេសពិបាកស្រង់ប្រជាប្រិយភាពមកវិញណាស់ ប៉ុន្តែបើធ្វើដើម្បីតែឈ្នះ និងដើម្បីកាន់អំណាចបន្តនោះ ទំនងជាអាចទៅរួច៕