អ្នក​វិភាគ​យល់​ថា រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​កំពុង​ទាល់​ច្រក​ក្នុង​សំណុំ​រឿង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង

ដោយ ជី វិតា
2019.04.09
ហ៊ុន សែន កឹម សុខា ២០១៧ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បន្ទាប់​ពី​បោះឆ្នោត​រួច​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​វិភាគ​ថា ការ​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ព្រោះ​តែ​មិន​ទាន់​ហ៊ាន​បើក​សវនាការ​ជំនុំជម្រះ ទោះ​ជា​ហួស​ច្បាប់​កំណត់​ក្តី។ មិន​ទាន់​ហ៊ាន​បើក​សវនាការ​ប្រហែល​មក​ពី​ជ្រុល​ខ្លួន ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ពេក ពោល​គឺ​ទោស «ក្បត់​ជាតិ» ដែល​ពិបាក​រក​ភស្តុតាង​ដាក់​បន្ទុក និង​ពិបាក​កោះ​ហៅ​ជន​បរទេស ដែល​ព្រះរាជ​អាជ្ញា​ចោទ​ថា ជា​អ្នក​សម​គំនិត។

អ្នក​វិភាគ​ថា ការ​បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ផ្ទះ គឺ​ជា​រឿង​អយុត្តិធម៌។

បន្ទាប់​ពី​ឃុំ​ខ្លួន​លោក កឹម សុខា​ នៅ​ក្នុង​គុក​ត្រពាំង​ផ្លុង​ក្បែរ​ព្រំដែន​វៀតណាម​អស់​រយៈ​ពេល​ជិត ១៨​ខែ​មក អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ផ្ទេរ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មក​ឃុំ​នៅ​ក្នុង​ផ្ទះ​វិញ។

 

ភ្លាមៗ ក្រោយ​លោក កឹម សុខា ត្រូវ​បាន​បញ្ជូន​មក​ឃុំ​ក្នុង​ផ្ទះ​របស់​លោក កាល​ពី​ខែ​តុលា ឆ្នាំ២០១៨ នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​ហេតុផល​ថា ដោយសារ​តែ​លោក​បារម្ភ​ខ្លាច​លោក កឹម សុខា​ ស្លាប់​នៅ​ក្នុង​គុក។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ផ្ទេរ​លោក កឹម​ សុខា​ មក​ឃុំ​ក្នុង​ផ្ទះ​របស់​គាត់​នោះ គឺ​ជា​ចេតនា​នយោបាយ​គេចវេះ​ពី​ផល​វិបាក​ផ្លូវច្បាប់ មិនមែន​ជា​ចេតនា​មនុស្សធម៌​នោះ​ទេ។

ក្រមព្រហ្មទណ្ឌ​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជន​ណា​ម្នាក់​លើស​ពី ១៨ខែ​ឡើយ ហើយ​កម្ពុជា​ក៏​មិន​មាន​ច្បាប់​ឃុំ​ខ្លួន​មនុស្ស​នៅ​ក្នុង​ផ្ទះ​ដែរ។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បើ​ទុក​លោក កឹម សុខា ក្នុង​ពន្ធនាគារ មកដល់ពេលនេះ តាមច្បាប់ តុលាការ​ត្រូវ​ដោះ​លែង​លោក ពីព្រោះ ១៨ខែ​បាន​កន្លង​ផុត​ដោយ​គ្មាន​សវនាការ​ជម្រះ​ក្តី។

ប៉ុន្តែ​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​បែរ​ជា​យក​លេស «ដាក់​ជន​ជាប់​ចោទ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ» ដើម្បី​គេចវេះ​ផ្លូវ​ច្បាប់ រួច​អះអាង​ថា នេះ​មិនមែន​ជា​ការ​ជាប់​ឃុំឃាំង​ទេ។ បណ្ឌិត ឡៅ ម៉ុងហៃ ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ឃុំ​ខ្លួន​ដដែល គ្រាន់​តែ​ផ្លាស់​ទីតាំង ពី​ព្រោះ​វា​មាន​លក្ខខណ្ឌ​ស្រដៀង​គ្នា៖ «ពី​ព្រោះ​ថា​ទី១​ការ​ឃុំ​ឃាំង​សឹង​តែ​ដដែល។ ការ​ឃុំ​ឃាំង​នៅ​ត្រពាំង​ផ្លុង មក​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​គាត់ គឺ​មាន​លក្ខណៈ​ដូច​នៅ​ក្នុង​គុក​ដដែល ព្រោះ​ហាម​ឃាត់​គាត់​មិន​ឱ្យ​ម៉ា​ប្លុក​ម្ដុំ​ផ្ទះ​គាត់​នឹង ហើយ​អត់​ឱ្យ​អ្នក​ណា​ទៅ​ជួប​គាត់​ទេ ដូច្នេះ​លែង​ឃុំ​ឃាំង​បណ្ដោះអាសន្ន​ហើយៗ ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ហ្នឹង អត់​មាន​កំណត់​ថា ត្រូវ​កាត់​ទោស​នៅ​ពេល​ណាៗ ទេ។ វា​អយុត្តិធម៌​ចំពោះ​គាត់​ណាស់​ពីព្រោះ​បើ​គាត់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​បណ្ដោះអាសន្ន​ក្នុង​គុក​ហ្នឹង​រយៈ​ពេល ១៨ខែ អត់​បាន​កាត់​ទោស​ដូច​សព្វ​ថ្ងៃ​នេះ ដែល​ហួស​ហើយ​នេះ ដូច្នេះ​គាត់​ត្រូវ​រួច​ខ្លួន​មាន​សេរីភាព​ពេញលេញ»

ដើម្បី​ការពារ​សេរីភាព​បុគ្គល​គ្រប់​រូប ច្បាប់​ជាតិ និង​អន្តរជាតិ តម្រូវ​ឱ្យ​តុលាការ​បើក​សវនាការ​ជម្រះ​ក្តី​ជន​ជាប់​ចោទ​ឱ្យ​បាន​ឆាប់​បំផុត។

សម្រាប់​កម្ពុជា ច្បាប់​ទុក​ពេល​ឱ្យ​តុលាការ ១៨ខែ ដែល​រយៈ​ពេល​នេះ បណ្ឌិត ឡៅ ម៉ុងហៃ ថា ហួស​ពី​គ្រប់គ្រាន់​សម្រាប់​ភាគី​ដើម​ចោទ​ស្វែងរក​ភស្តុតាង​មក​បើក​ការ​ជំនុំជម្រះ ហើយ​បើ​ធ្វើ​មិន​បាន​ទេ​នោះ គឺ​មិន​ត្រូវ​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ឡើយ៖ «ឃុំ​ម្ដង​បាន ៦ខែ ហើយ​បាន​គេ​ឱ្យ​បន្ត​ ៦ខែ​ ហើយ​បន្ត​ទៀត ៦ខែ គឺ​ទាំង​អស់​មួយ​ឆ្នាំ​កន្លះ គឺ ១៨ខែ​ហ្នឹង​ឯង បើ​អត់​កាត់​ទោស​ទេ គឺ​ត្រូវ​ដោះលែង ព្រោះ​ថា​ខ្លួន​ឯង​រក​អត់​ឃើញ​ទោស​គេ​ផង ម្ល៉​ហើយ​គេ​សន្មត់​ថា ១៨ខែ​ហើយ អាជ្ញាធរ​ហ្នឹង អំណាច​មាន​មធ្យោបាយ​គ្រប់គ្រាន់​ហើយ ហើយ​រក​ភស្តុតាង​យក​ទៅ​កាត់​ទោស​គាត់​អត់​បាន​ហ្នឹង គឺ​គេ​សន្មត់​ថា​គាត់​អត់​មាន​ទោសពៃរ៍​អី​ទេ»។

បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា មូលហេតុ​ចម្បង ដែល​តុលាការ​មិន​ហ៊ាន​បើក​សវនាការ​អង្គ​សេចក្ដី​ជំនុំ​ជម្រះ​លោក កឹម សុខា ក្នុង​អំឡុង​ពេល​ជិត ២០ខែ​កន្លង​មក​នេះ គឺ​ដោយសារ​បទ​ចោទ​ប្រកាន់​លោក កឹម សុខា ពី​ទោស​ក្បត់​ជាតិ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ដែល​តម្រូវ​ឱ្យ​តុលាការ​ត្រូវ​កោះ​ហៅ​ជន​បរទេស ដែល​ឃុបឃិត​ត្រូវរ៉ូវ​ជាមួយ​លោក កឹម សុខា ហើយ​ជន​បរទេស ដែល​ព្រះរាជ​អាជ្ញា​ចោទប្រកាន់​នោះ គឺ​សហរដ្ឋ​អាមេរិក។  រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​តុលាការ​កោះ​ហៅ​សហរដ្ឋ​អាមេរិក ដែល​ព្រះរាជអាជ្ញា​ចោទ​ថា ឃុបឃិត​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ជាមួយ​លោក កឹម សុខា នៅ​ឡើយ​ទេ។ សំណួរ​សួរ​ថា តើ​តុលាការ​កម្ពុជា​ហ៊ាន​កោះហៅ​សហរដ្ឋ​អាមេរិក ឬ​ទេ? តើ​មាន​ភស្តុតាង​អ្វី​ដើម្បី​កោះហៅ​គេ?

រយៈ​ពេល​ជិត ២០ខែ​បាន​កន្លង​ផុត​ទៅ រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​មិន​ទាន់​អាច​បង្ហាញ​ភស្តុតាង​ណា​មួយ​ក្រៅ​តែ​ពី​វីដេអូ​គ្លីប​មួយ ដែល​លោក កឹម សុខា និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ ២០១៣ ដែល​វីដេអូ​គ្លីប​នោះ​ត្រូវ​បាន​សមាជិក​សភា​សហភាព​អឺរ៉ុប​ទាំងមូល មើល​មិន​ឃើញ​ពាក្យ​ត្រង់​ណា​មួយ​ដែល​បញ្ជាក់​ថា លោក កឹម សុខា ក្បត់​ជាតិ​ឡើយ នេះ​មិន​ទាន់​និយាយ​ដល់​​មិនមាន​សកម្មភាព​ផង។

សម្រាប់​បណ្ឌិត ឡៅ ម៉ុងហៃ តុលាការ​កម្ពុជា​ទំនង​ជា​មិន​ហ៊ាន​កោះ​ហៅ​តំណាង​សហរដ្ឋ​អាមេរិក ប្រទេស​មហា​អំណាច ដែល​ខ្លួន​ចោទ​ប្រកាន់​នោះ​ទេ ព្រោះ​ខ្លាច​ផ្អើល​ពិភពលោក៖ «ឃើញ​ថា​បទ​ចោទ​ថា ក្បត់​ជាតិ និង​ឃុបឃិត​ជា​មួយ​បរទេស។ កាល​មាន​ឃុបឃិត វា​មាន​​សម​គំនិត ហើយ​គេ​ចោទ​ប្រកាន់​ថា អ្នក​សម​គំនិត​ហ្នឹង​ មាន​ការ​ពាក់ព័ន្ធ​នឹង​អាមរិកាំង។ អត់​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ទេ​ អត់​ដឹង​ថា​ឈ្មោះ​ណា អី​ឈ្មោះ​ណា​ទៅ​ទៀត តាម​ដែល​ដឹង។ ក្រែង​លោ​គេ​ធ្វើ​ហើយ​ក៏​មិន​ដឹង។ ក៏​ប៉ុន្តែ​វា​ជួប​ការ​លំបាក​ ទី​មួយ គឺ​ចោទ​ប្រកាន់​គេ។ ដូច្នេះ​បើសិន​ជា​​ធ្វើ​តាម​នីតិវិធី​កោះ​ហៅ​គេ​មក អា​ហ្នឹង​វា​មាន​នីតិវិធី​ជា​ច្រើន​ទៅ​ទៀត ហើយ​បើ​សិន​ជា​មក ខាង​តុលាការ​នេះ គឺ​អត់​ឯករាជ​ទេ ហើយ​នេះ​រឿង​ធម អន្តរជាតិ​គេ​ដឹង​ឮ​ជា​អន្តរជាតិ ហើយ​ស្តង់ដារ​អន្តរជាតិ​ហើយ។ ឱ្យ​តែ​គេ​ដាក់​អ៊ីចឹង​មក ក្រែង​លោ​​ខូច​ឈ្មោះ​តុលាការ​យើង​ វា​ប៉ះពាល់​​ទៅ​ដល់​រដ្ឋាភិបាល​យើង តើ​វា​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់តាម​រដ្ឋធម្មនុញ្ញ​យើង។ អ៊ីចឹង​នេះ​គឺ​ជា​រឿង​ធំ ខ្ជខ្ចាយ​ធំ​នៅ​ក្នុង​ពិភព​លោក​។»

ប្រឈម​នឹង​ភាព​ទាល់​ច្រក​នេះ បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា តុលាការ​មិន​ដឹង​ធ្វើ​ដូច​ម្ដេច ដូច្នេះ​ក៏​ចេះ​តែ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ហួស​កំណត់​ច្បាប់ ក្រោម​លេស «ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ» ដែល​កំពុង​រង​ការ​រិះគន់​ខ្លាំង។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ចៅក្រម​ស៊ើប​សួរ​លោក គី ឫទ្ធី ជុំវិញ​ការ​ពន្យារ​ពេល​កាត់​ក្ដី​លោក កឹម សុខា ហើយ​នៅ​ថ្ងៃ​ទី៨ ខែ​មេសា ចៅក្រម គី ឫទ្ធី លើក​ទូរស័ព្ទ ប៉ុន្តែ​លោក​ថា លោក​ស្ដាប់​មិន​ច្បាស់​ហើយ​ចុច​បិទ​ទូរស័ព្ទ​នៅ​ពេល​ដឹង​អាស៊ី​សេរី​សុំ​សម្ភាស។

ទោះ​ជា​យ៉ាង​ណា អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន អះអាង​បា្រប់​អាស៊ី​សេរី​ថា លោក កឹម សុខា មិន​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ទៀត​ទេ៖ «លោក​ កឹម សុខា មិន​បាន​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ទៀត​ទេ គឺ​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផលូវ​តុលាការ»។

ប៉ុន្តែ​អ្នក​ច្បាប់​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​ច្រាន​ចោល​ការ​អះអាង​នេះ ដោយ​បញ្ជាក់​ថា លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង ការ​បំបិទ​សិទ្ធិ​សេរីភាព​ដើរ​ហើរ និង​សេរីភាព​បញ្ចេញ​មតិ។

ចំណែក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​បន្ត​ឃុំ​ខ្លួន លោក កឺម សុខា ក្នុង​ផ្ទះ​ដោយ​ប្រើ​នីតិវិធី​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នេះ គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​មេ​បក្ស​ប្រឆាំង​រូប​នេះ៖ «យើង​ត្រូវ​ដោះលែង​គេ។ កាត់​ទោស គឺ​ត្រូវ​តែ​មាន​ភស្តុតាង ហើយ​ភស្តុតាង​នោះ ដូច​ខ្ញុំ​ថា​អ៊ីចឹង គឺវា​មាន​អ្នក​សម​គំនិត។ ដូច្នេះ វា​អត់​មាន​ភស្តុតាង អត់​មាន​ភស្តុតាង វា​អត់​មាន​ការ​ពិត។ អា​ហ្នឹង​កាត់​ទោស​អត់​កើត​ទេ រឿង​យុត្តិធម៌​ក៏​អត់​មាន​ដែរ ព្រោះ​វា​អត់​មាន​ការ​ពិត​ទេ។ ការ​ពិត ហើយ​និង​យុត្តិធម៌​វា​ទៅ​ជា​មួយ​គ្នា ហើយ​ភស្តុង គឺ​ឱ្យ​ហួស​ពី​មន្ទិល​សង្ស័យ ព្រោះ​បើ​មាន​មន្ទិល​សង្ស័យ វា​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ។ អា​ហ្នឹង គឺ​ត្រូវ​ដោះ​លែង​គេ»។

កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ កង​កម្លាំង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្លាំង​នគរបាល​ប្រមាណ ១០០នាក់ បាន​សម្រុក​ចូល​ក្នុង​គេហដ្ឋាន​របស់​លោក កឹម សុខា ហើយ​បាន​នាំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ក្បែរ​ព្រំដែន​វៀតណាម តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​ខែ​តុលា ឆ្នាំ ២០១៨ ទើប​បញ្ជូន​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​របស់​លោក​នៅ​ឯ​ទីក្រុង​ភ្នំពេញ។

សហគមន៍​អន្តរជាតិ​នៃ​ប្រទេស​លោក​សេរី បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ថា ជា​ការ​ប្រឌិត​រឿង​គ្មាន​មូលដ្ឋាន ដើម្បី​បំបិទ​សំឡេង​បក្ស​ប្រឆាំង ក្នុង​បំណង​ធានា​ជោគជ័យ​របស់​គណបក្ស​កាន់​អំណាច​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ កន្លង​ទៅ​ថា «លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត”។ សារ​ដដែល​បន្ត​ថា “គ្មាន​ភស្តុតាង​ណា​មួយ​ប្រឆាំង​នឹង​លោក កឹម សុខា ឡើយ ហើយ​ក៏​មិន​ទាន់​មាន​ការ​កំណត់​បើក​សវនាការ​កាត់​ទោស​គាត់​ដែរ”។ ចុង​បញ្ចប់​នៃ​សារ​នោះ បន្ថែម​ថា "គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់​ក្តី គ្មាន​យុត្តិធម៌”»។

ទោះ​ជា​យ៉ាង​ណា បណ្ឌិត ឡៅ ម៉ុង ហៃ ទទូច​ឱ្យ​តុលាការ​ថា ដោះ​លែង​លោក កឹម សុខា បើ​មិន​ដូច្នេះ​ទេ ត្រូវ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​ជា​បន្ទាន់​ដោយ​ផ្អែក​លើ​គោលការណ៍​គតិយុត្តិ និង​គ្មាន​ភាព​លំអៀង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។