បទ​វិភាគ៖ តើ​លោក ហ៊ុន សែន អាច​បំបែក​សម្ពន្ធភាពបក្ស​ប្រឆាំង​បាន​ដែរ​ឬ​ទេ?

ដោយ ទីន ហ្សាការីយ៉ា
2014-12-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
RFA/Tin Zakariya

គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ ដោយសារ​តែ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​គណបក្ស​នេះ ពិសេស​គឺ​មក​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គណបក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​សព្វ​បែប​យ៉ាង​ដើម្បី​យក​ឈ្នះ​លើ​គូប្រកួត។ ទោះបីជា​ចាញ់​ឆ្នោត​ក៏​ឈ្នះ ឈ្នះ​ឆ្នោត​ក៏​ឈ្នះ។ ម្យ៉ាងទៀត​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​គូប្រកួត​ដែរ​ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន។

ងាក​មក​បរិបទ​នយោបាយ​ក្នុង​ការ​បោះឆ្នោត​នីតិកាល​ទី ៥ នេះ​វិញ មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ទម្លាក់​ចោល​ការ​ខុស​គ្នា រួច​ងាក​មក​ប្រកៀក​ស្មា​គ្នា​យ៉ាង​រឹងមាំ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​យ៉ាង​នេះ​ក្ដី តើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​សម្ពន្ធភាព​វាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា នោះ អាច​ប្រឈមមុខ​នឹង​ការ​បំបែក​បំបាក់​របស់​លោក ហ៊ុន សែន ទៀត ឬ​យ៉ាង​ណា?

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្លាប់​ជា​គូបដិបក្ខ​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នយោបាយ​កន្លង​មក។ អ្នក​ទាំង​ពីរ​តែងតែ​វាយ​ប្រហារ​ឆ្លើយឆ្លង​ពាក្យ​សម្ដី​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​គេ​ឯង​តែង​មើល​ឃើញ​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដូច​ទឹក​និង​ប្រេង មិន​អាច​រលាយ​ចូល​គ្នា​បាន​សោះ។  ក៏ប៉ុន្តែ​នរណា​ទៅ​ស្មាន​ដល់​ថា ឥឡូវ​ទឹក​និង​ប្រេង​នេះ ចាប់​ផ្ដើម​រលាយ​ចូល​គ្នា​បណ្តើរៗ​ហើយ។

ភាសា​រួម​មួយ​ដែល​អ្នក​ទាំង​ពីរ​លើក​យក​មក​និយាយ​ប្រាប់​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​វប្បធម៌​សន្ទនា​គ្នា។ តើ​នេះ​ជា​វប្បធម៌​ថ្មី​បើក​អោយ​មាន​ការ​សន្ទនា​រវាង​គណបក្ស​នយោបាយ ឬ​ក៏​យុទ្ធសាស្ត្រ​ចាស់​ផ្លាស់​ឈ្មោះ​ថ្មី ដើម្បី​អូស​ទាញ​លោក សម រង្ស៊ី ហើយ​បំបែកបំបាក់​លោក កឹម សុខា?

នរណា​ក៏​មើល​ឃើញ​ថា សម្ពន្ធភាព​ដ៏​រឹងមាំ​មុន​ការ​បោះឆ្នោត​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ហៀប​តែ​នឹង​ផ្ដួល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន បាន​ទៅ​ហើយ បើ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។  កាល​នោះ​មេដឹកនាំ​គណបក្ស​នេះ​បាន​លើក​ជា​ទ្រឹស្ដី​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​ថា សមាជិក​គណបក្ស​ខ្លួន​ទិញ​ក៏​មិន​លក់​សម្លុត​ក៏​មិន​ខ្លាច។ ការ​ថ្លែង​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ហាក់​ដូច​ជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សមាជិក​របស់​ខ្លួន​នឹង​មិន​លក់​ខ្លួន​ឲ្យ​គណបក្ស​គូប្រកួត​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ដឹង​យ៉ាង​ច្បាស់​ថា យុទ្ធសាស្ត្រ​សម្លុត ឬ​ការ​ទិញ​ទឹក​ចិត្ត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រត់​ចុះ​ចូល​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ជោគជ័យ​កាល​ពី​មុន ឆក់​យក​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សមាជិក​គណបក្ស សម រង្ស៊ី នោះ លែង​ទទួល​បាន​ជោគជ័យ​ហើយ។ សមាជិក​គណបក្ស​ប្រឆាំង​​ដឹង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​ដោយសារ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន ដូចជា បញ្ហា​ទំនាស់​ដីធ្លី ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម ពោល​គឺ​តុលាការ​មិន​ឯករាជ្យ រដ្ឋាភិបាល​ខ្វះ​សមត្ថភាព​ក្នុង​ការ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ច្រើន ។ ល ។

ងាក​មក​មើល​ការវិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ​នេះ​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​មួយ​ទៀត ដោយ​លោក​ហាក់​ដូចជា​បង្ហាញ​ថា លោក​ទោរទន់​ទៅ​តាម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​លោក សម រង្ស៊ី ដូចជា​ព្រម​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី ព្រម​ផ្ដល់​អាជ្ញាប័ណ្ណ​វិទ្យុ ទូរទស្សន៍ ពិសេស​ព្រម​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ប្រកា ៤៨​ថ្មី ដោយ​រៀបចំ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា និង​ព្រម​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដើម្បី​ជា​គូសន្ទនា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក សម រង្ស៊ី នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ភាគ​តិច​នេះ។

ការ​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ក្នុង​សភា​នេះ តាម​មើល​ទៅ​អាច​ថា ជា​ការ​បន្សាប​ឥទ្ធិពល​លោក កឹម សុខា ដែល​លោក​ជា​អនុ​ប្រធាន​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផង​នោះ។ តួនាទី​នេះ ហាក់​ដូចជា​ដើរ​ផ្ទុយ​ពី​របប​សភា​និយម ព្រោះ​ថា រដ្ឋធម្មនុញ្ញ​មាត្រា ៩៨ បាន​ចែង​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ ៣០​រួប អាច​កោះហៅ​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​នានា​មក​សួរនាំ​ក្នុង​សភា​បាន​ទៅ​ហើយ ហេតុអ្វី​ចាំបាច់​មាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ​ទៀត?

ម្យ៉ាង​វិញ​ទៀត ការ​ចង់​បាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ ហាក់​បី​ដូចជា​លោក សម រង្ស៊ី សម្រេច​ចិត្ត​លឿន​បន្តិច។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ការ​ធ្វើ​បាតុកម្ម​ដ៏​ផុស​ផុល​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៣ ក្រោយ​ពេល​បោះ​ឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា រាល់​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ទទួល​យក​ការ​ព្រមព្រៀង​ណា​មួយ ត្រូវ​ធ្វើ​សមាជ​សួរ​យោបល់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​មុន​សិន។ តែ​ពេល​នេះ អ្វីៗ​ហាក់​ផ្ទុយ​ពី​កិច្ចសន្យា​ចំពោះ​មុខ​អ្នក​គាំទ្រ​នោះ។

ការ​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នេះ ហាក់​ដូចជា​ការ​សម្រេច​ទាន់ហន់​រហូត​ដល់​មាន​ដំណឹង​លេច​ឮ​ថា មិន​បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា ផង។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន មិន​ងាយ​យល់​ព្រម​ផ្ដល់​តួនាទី​ឲ្យ​បក្ស​ប្រឆាំង ឬ​ព្រមព្រៀង​ទៅ​លើ​ការ​ស្នើ​សុំ​ណា​មួយ​ងាយៗ​នោះ​ទេ ព្រោះ​ថា គណបក្ស​ប្រឆាំង​គឺ​ជា​គូប្រជែង​ស្លាប់​រស់​របស់​ខ្លួន។ ម្យ៉ាង​ទៀត នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​ជា​គូប្រកួត​ដ៏​ខ្លាំងក្លា​មួយ​នៅ​លើ​សង្វៀន​នយោបាយ​នៅ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ។ ចុះ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចាប់​យក​លោក សម រង្ស៊ី ជា​គូសន្ទនា​នៅ​ពេល​នេះ?

បើសិនជា​មេដឹកនាំ​ទាំង​ពីរ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ និង​មាន​ឆន្ទៈ​ផ្សះផ្សា​ជាតិ​មែន មិន​មែន​លោក ហ៊ុន សែន បណ្ដែតបណ្ដោយ​ឲ្យ​កងកម្លាំង​បាញ់​ប្រហារ​កម្មករ​ស្លាប់​អស់​ជា​ច្រើន​នាក់​នៅ​ពេល​បាតុកម្ម​នោះ​ទេ ហើយ​ក៏​មិន​ធ្វើការ​វាយ​ប្រហារ​លោក កឹម សុខា ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក សម រង្ស៊ី នោះ​ដែរ។

បរិបទ​នយោបាយ​នៅ​ពេល​នេះ ទិសដៅ​សំខាន់ តាម​មើល​ទៅ​លោក ហ៊ុន សែន ហាក់​ប្រើ​យុទ្ធសាស្ត្រ​បង្រួបបង្រួម បំបែកបំបាក់ បង្កើត​ថ្មី ក្នុង​ការ​បំបែកបំបាក់​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូច​ដែល​លោក​ធ្លាប់​ធ្វើ​បាន​ជោគជ័យ​កន្លង​មក។ ដូចជា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០០៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស សម រង្ស៊ី ដែល​មាន​លោក សម រង្ស៊ី ជា​ប្រធាន​នោះ គឺ​គណបក្ស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០០៣ ដែល​គណបក្ស​ទាំង​ពីរ​បាន​ប្រឆាំង​ដាច់ខាត​បេក្ខជន​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដោយ​ចង់​ឲ្យ​លោក ជា ស៊ីម ឬ​លោក ស ខេង ជា​នាយកមន្ត្រី​វិញ។

ជា​រឿយៗ ពលរដ្ឋ​តែង​ឮ​ថា សម្ពន្ធភាព​រវាង​អ្នក​នយោបាយ​រឹងមាំ​ណាស់។ សម្ដេចក្រុមព្រះ និង​លោក សម រង្ស៊ី កាល​នោះ​​ប្រកាស​ថា សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​រឹង​មាំ គ្មាន​អ្នក​បំបែកបំបាក់​បាន​ឡើយ មិន​ខុស​ពី​អ្វី​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រកាស​នៅ​ពេល​ជា​ហូរហែ​មក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ងាយ​បែកបាក់​គ្នា​នោះ​ឡើយ។ ក៏ប៉ុន្តែ​នៅ​ទីបំផុត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក សម រង្ស៊ី ដ៏​រឹងមាំ​នោះ មិន​យូរ​ប៉ុន្មាន​ផង​ក៏​ដាច់​សម្ព័ន្ធ​នេះ​ទៅ​វិញ។ ជា​ជម្រើស​ចុង​ក្រោយ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​រត់​ទៅ​ចាប់​លោក ហ៊ុន សែន ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​តួនាទី​ឲ្យ​សម្ដេចក្រុមព្រះ​ជា​ព្រះ​ប្រធាន​រដ្ឋ​សភា និង​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចូល​រួម​រដ្ឋាភិបាល​ចម្រុះ ដោយ​ទុក​ឲ្យ​លោក សម រង្ស៊ី ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សភា​ដដែល។

យុទ្ធសាស្ត្រ​បង្រួបបង្រួម បំបែកបំបាក់ បង្កើត​ថ្មី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​កំពុង​លេង​ជា​បន្ត​បន្ទាប់។ បើ​យើង​ក្រឡេក​មើល​ថយ​ក្រោយ​វិញ​បន្តិច នៅ​ពេល​ស្ថានភាព​នយោបាយ​ជាប់​គាំង ជា​ញឹកញាប់​ក្នុង​ពេល​ចរចា លោក ហ៊ុន សែន តែងតែ​ជួប​ចរចា​តាម​ទូរស័ព្ទ និង​ជួប​ផ្ទាល់​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​លោក កឹម សុខា ទៅ​ទស្សនកិច្ច​នៅ​បរទេស។ ម្យ៉ាង​ទៀត លោក ហ៊ុន សែន ខ្លួន​ឯង​ក៏​ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​មិន​បាន​កាល​នោះ គឺ​បណ្ដាល​មក​ពី​លោក កឹម សុខា។

រី​ឯ​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ នៅ​ក្បែ​ទីលាន​ប្រជាធិបតេយ្យ​វិញ នៅ​មុន​ពេល​ជំនួប​ចរចា​កំពូល​ដែល​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ នោះ តំណាងរាស្ត្រ​ទាំង ៧​រួប សុទ្ធតែ​មក​ពី​កូតា​គណបក្ស​សម រង្ស៊ី ទាំ​អស់។ កាល​ណោះ​លោក សម រង្ស៊ី កំពុង​តែ​នៅ​ក្រៅ​ប្រទេស។ ក្រោយ​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ លោក សម រង្ស៊ី ក៏​វិល​មក​កម្ពុជា​វិញ​ភ្លាមៗ នៅ​ពេល​នោះ លោក សម រង្ស៊ី ហាក់​ដឹង​ជា​មុន​អំពី​ការ​ចរចា និង​មាន​ការ​ដោះលែង​វិញ ព្រោះ​លោក សម រង្ស៊ី អះអាង​ភ្លាមៗ​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ នឹង​មាន​ការ​ដោះលែង​វិញ​មិន​ខាន។

ការ​អញ្ជើញ​មក​ដល់​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​រៀបចំ​ការ​ជួប​គ្នា​ចរចា​រក​ដំណោះស្រាយ​នយោបាយ​យ៉ាង​ឆាប់​រហ័ស​នៅ​ថ្ងៃ​ទី​២២ កក្កដា។ គណបក្ស​ទាំង​ពីរ​ក៏​ឯកភាព​គ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​ក៏​មាន​ការ​ដោះលែង​តំណាងរាស្ត្រ​វិញ​នៅ​ថ្ងៃ​នោះ​ដែរ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ។

យ៉ាង​នេះ​ក្ដី សំណុំ​រឿង​ចាប់​ចង​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ តុលាការ​បាន​ចាប់​លោក មាជ សុវណ្ណារ៉ា វិញ​ម្ដង ដែល​លោក មាជ សុវណ្ណារ៉ា កូតា​ខាង​លោក កឹម សុខា ទោះ​ជា​លោក សម រង្ស៊ី ខំ​ស្វះស្វែង​អន្តរាគមន៍​សុំ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​វិញ រហូត​ដល់​លោក សម រង្ស៊ី បាន​ជួប​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ក្ដី ក៏​មិន​ទាន់​មាន​តម្រុយ​ដោះលែង​វិញ​ដែរ។ បញ្ហា​នេះ តាម​មើល​ទៅ​លោក ហ៊ុន សែន អាច​ប្រើ​ល្បិច​ដើម្បី​ឲ្យ​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា អាក់អន់ចិត្ត​គ្នា​បន្តិច​ម្ដងៗ​ក៏​ថា​បាន។

ក្រៅ​ពី​នេះ​ទៀត ចំពោះ​លោក កឹម សុខា វិញ នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ហាក់​ចាប់​យក​លោក សម រង្ស៊ី ជា​គូសន្ទនា និង​ចាត់​ទុក​លោក កឹម សុខា​ជា​សត្រូវ​នយោបាយ​វិញ ឬ​យ៉ាង​ណា? ព្រោះ​ថា លោក ហ៊ុន សែន តែងតែ​ប្រកាស​ជា​សាធារណៈ​ព្រមាន​ដក​តំណែង​លោក កឹម សុខា ជា​អនុ​ប្រធាន​ទី​១​រដ្ឋសភា ព្រោះតែ​លោក កឹម សុខា តែងតែ​ធ្វើការ​រិះគន់​រដ្ឋាភិបាល​នៅ​ទី​សាធារណៈ​នោះ។ លោក ហ៊ុន សែន ចង់​ឲ្យ​មាន​វប្បធម៌​សន្ទនា​ជា​ធំ​វិញ ដែល​សភា​និង​ធ្វើ​សោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​សភា បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ។ ការ​ព្រមាន​នេះ ហាក់​ដូចជា​លោក ហ៊ុន សែន ចង់​បិទ​មាត់​លោក កឹម សុខា និង​បើក​ឱកាស​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ដៃគូ​ក្នុង​ការ​សន្ទនា​ទាក់ទង​បញ្ហា​កំណែ​ទម្រង់​រដ្ឋាភិបាល។ នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន ហាក់​ដូច​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​គ្រប​ដណ្ដប់​លើ​តំណាងរាស្ត្រ​ដែល​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ​មាន​ឯកសិទ្ធិ និង​មាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់​នាយករដ្ឋមន្ត្រី​ផង​នោះ។

ចំពោះ​លោក កឹម សុខា វិញ ក៏​ធ្លាប់​ព្រមាន​ដើរ​ចេញ​ពី​សភា​វិញ​ដែរ បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​លើ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤។ បើសិនជា​លោក កឹម សុខា ដើរ​ចេញ​ពី​សភា​មែន ហើយ​តំណាងរាស្ត្រ​មួយ​ចំនួន​មិន​ដើរ​ចេញ​តាម​លោក​នោះ សម្ពន្ធភាព​រឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ប្រេះឆា​នៅ​ពេល​នោះ។

ក្រៅ​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​លោក កឹម សុខា ពិសេស​នឹង​មិន​អាច​ធ្វើ​ឲ្យ​លោក កឹម សុខា បំពេញ​តួនាទី​របស់​ខ្លួន​ជា​អនុប្រធាន​ទី​១​រដ្ឋ​សភា​បាន​ដោយ​សេរី​ក៏​ថា​បាន នៅ​ពេល​ប្រធាន​ក្រុម​ភាគ​តិច​បង្កើត​ឡើង​នៅ​ក្នុង​សភា។ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ​កំពុង​លេង​ល្បែង​បង្រួបបង្រួម បំបែក​បំបាក់ បង្កើត​ថ្មី មែន​នោះ លទ្ធផល​ឈ្នះ ឬ​ចាញ់ វា​អាស្រ័យ​ទៅ​លើ​ថា​តើ​សម្ពន្ធភាព​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រឹងមាំ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (26)
Share

advisor

ពី btb

I think both of them have learned a lot a bout breaking history so they have to unity forever

Mar 24, 2015 08:07 AM

អនាមិក

ពី ព្រះវិហារ

បំបែក"មិនបានរហ័សទាន់ចិត្ត" ធ្វើឲ្យលោកហ៊ុន សែនក្ដៅក្រហាយណាស់។​ លោកហ៊ុន សែនជំនាញនិងចំណាប់ខាងបំបែក និងរំលាយគណបក្សផ្សេងទៀត។ លោកមានមោទនភាពខ្លាំងណាស់ក្នុងរឿងបំបែកនិងបំផ្លាញគណបក្សដទៃខ្លាំងណាស់។ សមាជិកគណបក្សប្រជាជនច្បាស់ក្នុងចិត្តណាស់ ហើយទុកឲ្យលោកហ៊ុន សែនធ្វើម្នាក់ឯង។ពួកគេចាំតែទទួលផលប្រយោជន៍ដោយមិនបាច់ប្រឹង។

Feb 25, 2015 09:48 AM

LY Dara

ពី Kampong Som

ចង្កឹះមួយអាចកាច់បាក់ តែបើចង្កឹះមួយបាច់មិនអាចកាច់បាក់!
ប្រវត្តិសាស្រ្តខ្មែរ យួនប្រើគ្រប់ឧបាយកល ដើម្បីលេបទឹកដីខ្មែរខាងកើតក៏ព្រោះខ្មែរមិនសាមគ្គី សៀមលេបទឹកដីខ្មែរខាងលិច ក៏ព្រោះខ្មែរមិនសាមគ្គី មើលឃើញលាភសក្ការៈ ស្រីស្អាត​ដើម្បីលេបទឹកដីខ្មែរ។‌តែពេលនេះអ្នកដឹកនាំដណ្តើមអំណាចគ្នា មិនសង្រោះរាស្រ្តខ្មែរក្រីក្រ ភាពអយុត្តិធម៌ ភាពប្រកាន់បក្សពួក សួរថាពេលណារាស្រ្តខ្មែរបានសុខសាន្តទាំងផ្លូវកាយ​ អារម្មណ៏?

Jan 09, 2015 07:48 PM

អ្នក​អាន​អនាមិក

លោក​ ហ៊ុនសែនអាចបំបែកបាន ប៉ុន្តែមិនបែកទេបើសិនមេបក្សទាំងពីរមិនចង់បែក។

Jan 05, 2015 01:04 AM

អ្នក​អាន​អនាមិក

បើសម្ព័នមិត្តលើកនេះបើក ដែនដីខ្មែរនឹងក្លាយជារបស់យួន។ ព្រោះគេនឹងចូលបណ្តើរៗក្នុងឆ្នាំ២០១៥នេះហើយ។

Dec 13, 2014 11:57 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល