បទវិភាគ៖ តើ​វៀតណាម​អាច​ប្រជែង​ឈ្នះ​ចិន​អូស​ទាញ​កម្ពុជា​និង​ឡាវ​ឱ្យ​ស្និទ្ធ​នឹង​ខ្លួន​វិញ​ដែរ​ទេ?

ដោយ ទីន ហ្សាការីយ៉ា
2021.10.02
បទវិភាគ៖ តើ​វៀតណាម​អាច​ប្រជែង​ឈ្នះ​ចិន​អូស​ទាញ​កម្ពុជា​និង​ឡាវ​ឱ្យ​ស្និទ្ធ​នឹង​ខ្លួន​វិញ​ដែរ​ទេ? (ពី​ឆ្វេង) លោក ហ៊ុន សែន ​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា (កណ្ដាល) ​លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការ បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​(ស្ដាំ) លោក ង្វៀន ភូជុង (Nguyen Phu Trong) ជា​អគ្គលេខាបក្ស​កុម្មុយនិស្ត​វៀតណាម ក្នុង​ជំនួបនៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ គេហទំព័រ​គណបក្សប្រជាជន​កម្ពុជា

ជំនួប​ប្រជុំ​កំពូល​ទល់មុខ​រវាង​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀង ភូជុង (Nguyen Phu Trong) ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisolith) នៅ​ទីក្រុង​ហាណូយ (Hanoi) កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា បាន​ធ្វើ​ឱ្យ​មាន​ការវិភាគ​ផ្សេងៗ​គ្នា។

អ្នកខ្លះ​ថា ថ្នាក់ដឹកនាំ​វៀតណាម​រៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​ផ្ទាល់​នោះ​ឡើង​នៅ​លើ​ទឹកដី​របស់​ខ្លួន ជា​ការ​ព្យាយាម​បង្ហាញ​ប្រាប់​គេឯង​ថា​វៀតណាម​នៅតែ​មាន​ឥទ្ធិពល​លើ​លោក ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ដែល​វៀតណាម​ធ្លាប់​ជ្រោមជ្រែង​ឱ្យ​ឡើង​កាន់​អំណាច ខណៈ​ដែល​អ្នកខ្លះ​ថា វា​ជា​ជំនួប​ដែល​ថ្នាក់ដឹកនាំ​វៀតណាម​ចង់​ពង្រឹង​ឡើងវិញ​នូវ​ទំនាក់ ទំនង​របស់​វៀតណាម​ជាមួយ​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន ហើយក៏​ជា​ការ​ព្យាយាម​ចែចូវ ឬ​អូស ទាញ​មេដឹកនាំ​កម្ពុជា និង​ឡាវ​កុំឱ្យ​ងាក​ទៅ​ជិត​ស្និទ្ធ​នឹង​ចិន​ខ្លាំងពេក​ដែរ។

ប៉ុន្តែ​នៅ​ក្នុង​បរិបទ​នៃ​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​ដែល​ចិន​កំពុង​មាន​ឥទ្ធិពល​លើ​របប​លោក ហ៊ុន សែន និង​ប្រទេស​ឡាវ​ដូច​សព្វថ្ងៃ តើ​វៀតណាម​អាច​ប្រើ​ឥទ្ធិពល​ប្រជែង​ឈ្នះ​ចិន អូស ទាញ​កម្ពុជា​និង​ឡាវ​ឱ្យ​ស្និទ្ធ​នឹង​ខ្លួន​បាន​វិញ​ដែរឬទេ?

ការ​លើកឡើង​ផ្សេងៗ​គ្នា​អំពី​ជំនួប​ប្រជុំ​កំពូល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ដឹកនាំ​អង្គប្រជុំ​ដោយ​អគ្គលេខា​បក្ស​កុម្មុយនិស្ត​វៀតណាម​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ឥទ្ធិពល​ចិន​ដែល​កំពុងតែ​កើនឡើង​នៅក្នុង​ភូមិភាគ​ឥណ្ឌូចិន​អាច​ថា​ជា​រឿង​សម​ហេតុ​សម​ផល​មួយ​ដែរ។

សម​ហេតុផល ដោយសារ​តែ​ជំនួប​នេះ​បាន​ប្រព្រឹត្តទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​រដ្ឋមន្ត្រី ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ផង និង​កម្ពុជា​ផង។ ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នៅ​វៀតណាម ត្រូវ​គេ​មើល​ឃើញ​ថា ទីក្រុង​ប៉េកាំង​ព្យាយាម​ដាក់​សម្ពាធ​លើ​ទីក្រុង​ហាណូយ​ឱ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ជ្រើស​រើស​យក​អាមេរិក​ដើម្បី​ប្រឆាំង​តតាំង​នឹង​ចិន។ សម្រាប់​វត្តមាន​របស់​លោក វ៉ាង យី នៅ​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន និង​ទីក្រុង​ប៉េកាំង​នៅ​ចំពោះមុខ​ការប្រកួតប្រជែង​ឥទ្ធិពល​រវាង​អាមេរិក និង​ចិន​នៅក្នុង​តំបន់ និង​មុន​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅ​ចុង ឆ្នាំ​២០២១ និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​២០២២។

ប្រការ​គួរ​ឱ្យ​កត់​សម្គាល់​មួយចំនួន​សម្រាប់​ជំនួប​រវាង​មេដឹកនាំ​ទាំង​បី​នៅ​ត្រង់​ថា ដំណើរ ទៅកាន់​ប្រទេស​វៀតណាម​របស់​លោក ហ៊ុន សែន មិន​ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​ឱ្យ​ដឹង​មុន​ដូច​ធ្លាប់ធ្វើ​កន្លង​មក​នោះ​ទេ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង ក៏​មិន​បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដែរ​។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​នៅ​ក្រោយ​ពេល​មាន​កិច្ចប្រជុំ​រួចហើយ​ប៉ុណ្ណោះ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៥១ មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ទើប​មានឱកាស​ឡើង​គ្រប់គ្រង​អំណាច​នៅ​កម្ពុជា​ចាប់ពី​ដើមឆ្នាំ ១៩៧៩ ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម ក្រោម​ការ​ជួយជ្រោមជ្រែង​របស់​មេដឹកនាំ​វៀតណាម។ ស្រដៀង​គ្នា​នេះ​ដែរ បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៥ ដោយ​អតីត​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​របស់ ហូ ជីមិញ (Ho Chi Minh) និង​ឡើង​គ្រប់គ្រង​អំណាច​ដឹកនាំ​ប្រទេស​ចាប់តាំងពី​ឆ្នាំ​១៩៧៥ មក ក៏​ធ្លាប់​ត្រូវ​បាន​មេដឹកនាំ​វៀតណាម​ជួយ​ជ្រោមជ្រែង​ដូចគ្នា។

ប៉ុន្តែ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ បាន​ងាក​ទៅ​ជិត​ស្និទ្ធ ជាមួយ​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ឡើងៗ​ដែល​អាច​ធ្វើ​ឱ្យ​វៀតណាម​មានការ​រង្កៀស​ចិត្ត​ផង និង​អាច​ជា​ការ​អាម៉ាស់មុខ​ផង។

ក៏ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ នៅ​មិនទាន់​ឃើញ​មានការ​លើកឡើង​បែប​ណា​ពី​ខាង​រដ្ឋាភិបាល​ចិន​ជុំវិញ​ជំនួប​រវាង​មេដឹកនាំ​នៃ គណបក្ស​ទាំង​បី​នេះ​នៅ​ឡើយ។

យ៉ាងណាក៏ដោយ គេ​សង្កេតឃើញ​ថា បើ​ទោះ​ជា​មេដឹកនាំ​កម្ពុជា​និង​ឡាវ​កំពុង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​ក្តី មេដឹកនាំ​ប្រទេស​ទាំងពីរ ក៏​មាន​ជំនួប​ត្រីភាគី​ជា​ញឹកញាប់​ជាមួយ ថ្នាក់ដឹកនាំ​វៀតណាម​ដែល​ជា​គូ​ជំលោះ​របស់​ចិន​ដែរ។

ចំពោះ​កិច្ចប្រជុំ​នៅ​ពេល​នេះ លោក ខាល ថាយយ៉ើ (Carl Thayer) សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​វ៉េ​ល (Wales) ប្រទេស​អូស្ត្រាលី ត្រូវ​បាន​សារព័ត៌មាន អេស៊ា ថែមស៍ (Asia Times) ស្រង់​សំដី​មក​ចុះផ្សាយ​។ លោក​យល់​ថា ការ​បើក​កិច្ចប្រជុំ​ត្រីភាគី​របស់​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ទាំង​បី​នៅក្នុង​ប្រទេស​វៀតណាម គឺជា​ការ​ព្យាយាម​របស់​វៀតណាម​ដើម្បី​ធានា​ថា វៀតណាម​មិន​ត្រូវ​បាន​ផាត់​ចេញ​ដោយ​ប្រទេស​ចិន​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន​ជាមួយ អតីត​សម្ព័ន្ធមិត្ត​ក្បែរ​ខាង​ទាំងពីរ​របស់​ខ្លួន។

ជា​ការ​ពិត​ណាស់ ចិន​ហាក់​កំពុង​បង្កើត​ភាព​អាម៉ាស់​ចំពោះ​វៀតណាម​មិន​តិច​ទេ​ក្នុង​ពេល ដែល​ចិន​អាច​អូសទាញ​មេដឹកនាំ​របស់​កម្ពុជា និង​ឡាវ​ដែល​ជា​អតីត​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ ខ្លួន​ឱ្យ​ងាក​ទៅ​ជិត​ស្និទ្ធ​ជាមួយ​ចិន​ដែល​ជា​គូ​ជំលោះ​របស់​វៀតណាម​បច្ចុប្បន្ន។

គេ​នៅ​ចាំ​បាន​ថា ជាង​មួយ​ខែ​ក្រោយ​វៀតណាម​លើកទ័ព​ចូល​កម្ពុជា​ផ្តួល​រំលំ​របប​ខ្មែរក្រហម ចិន​ដែល​កាលណោះ​ជា​អ្នកគាំទ្រ​មុតមាំ​នៃ​របប​ខ្មែរក្រហម បាន​លើកទ័ព​ចូល​ធ្វើ​សង្គ្រាម ជាមួយ​វៀតណាម​នៅ​តាម​បណ្តា​ខេត្ត​ប៉ែក​ខាងជើង​របស់​វៀតណាម​ដែល​មាន​ព្រំប្រទល់​ជាប់ នឹង​ប្រទេស​ចិន​។ ចិន​ចាត់ទុក​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ពេល​នោះ ថា​ជា​ការ​ប្រដៅ មេរៀន​ឱ្យ​វៀតណាម​។ សង្គ្រាម​នោះ​មាន​រយៈពេល​ជិត ១​ខែ មុននឹង​ចិន​ដក​កងទ័ព​ចេញ​ពី​វៀតណាម​វិញ។ ចាប់តាំងពី​ពេលនោះ​មក ចិន​និង​វៀតណាម​មិន​ដែល​មាន​សង្គ្រាម​ទ្រង់ទ្រាយ ធំ​ផ្លូវ​ការ​ជាមួយគ្នា​នោះ​ទេ ក្រៅតែ​ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ម្តងម្កាល​រវាង​នាវា​កងទ័ព និង​ទូក​នេសាទ​ចិន ជាមួយ​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ ហើយ​ដែល​កម្ពុជា និង​ឡាវ​កំពុង​មាន​ជំហរ​លំអៀង​ទៅ​ខាង​ភាគី​ចិន​នៅក្នុង​ជម្លោះ​នេះ។

បច្ចុប្បន្ន​ចិន​ជា​ប្រទេស​មាន​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ឈានមុខ​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​និង​ឡាវ និង​ក៏​ជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាងគេ​បង្អស់​ដល់​របប​លោក ហ៊ុន សែន​។ ទំនាក់​ទំនាក់​ផ្នែក​នយោបាយ​របស់​កម្ពុជា​និង​ឡាវ​ជាមួយ​ចិន​ក៏​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា។

បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​ឡាវ​និង​កម្ពុជា​វិញ ឡាវ​គឺជា​ប្រទេស​ដំបូង​បំផុត​មួយ​ដែល​ទទួល​ស្គាល់​ភាព​ស្របច្បាប់​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បង្កើត​ឡើង​ក្រោយ​ការ​ដួលរលំ នៃ​របប​ខ្មែរក្រហម។ កម្ពុជា​និង​ឡាវ​មិន​មាន​ភាព​រកាំរកូស​ខ្លាំង​នោះ​ទេ ទាក់ទង​នឹង​បញ្ហា​ជន អន្តោប្រវេសន៍​។ ចំពោះ​បញ្ហា​ព្រំដែន ប្រទេស​ទាំងពីរ មាន​បញ្ហា​ម្តងម្កាល ប៉ុន្តែ​ជាទូទៅ អាច​ដោះស្រាយ​វិញ​បាន​តាមរយៈ​ការសន្ទនា។ ក្រៅពីនោះ កម្ពុជា​និង​ឡាវ ពេលខ្លះ ក៏​មាន​ការ ខ្វែងគំនិត​គ្នា​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្ពុជា​នៅ​ខ្សែទឹក​ខាងក្រោម។ ចំណែក​ការងារ​បោះបង្គោល​ព្រំដែន​វិញ ក៏​មិន​មាន​ភាព​ចំរូងចំរាស​ខ្លាំងក្លា​នោះ​ឡើយ ហើយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ក៏​មិនសូវ​បាន និយាយ​ពី​ការឈ្លានពាន​របស់​ឡាវ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​នោះ​ដែរ​។ យ៉ាងណាក៏ដោយ ដរាបណា​ការ​បោះបង្គោល​ព្រំដែន​នៅ​មិន​ទាន់​ចប់​សព្វគ្រប់ គេ​មិនទាន់​អាច​រំពឹង​ថា ជំលោះ ឬ​ការ​មិន​យល់​គ្នា​នឹង​មិន​កើត​ឡើង​ទៀត​នោះ​ដែរ។សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម​វិញ បញ្ហា​សំខាន់​បំផុត​ដែល​ប្រទេស​ទាំងពីរ​មិន​ទាន់​បាន​ដោះស្រាយ​រួចរាល់​នៅឡើយ​នោះ គឺ​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា និង​ការ​បោះបង្គោល​ព្រំដែន​គោក និង​ខណ្ឌសីមា​ព្រំដែន​ទឹក​រវាង​ប្រទេស​ទាំងពីរ។

បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​ឡាវ​និង​វៀតណាម​វិញ ឡាវ​ហាក់​បាន​អាក់អន់ស្រពន់ចិត្ត​នឹង​វៀតណាម​តាំងពី​យូរណាស់​មក​ហើយ ប៉ុន្តែ​អាច​មិន​ទាន់​សូវ​ហ៊ាន​បង្ហាញ​ឫកពារ​ឱ្យ​ដឹង​ច្បាស់​នៅ​ពេល​មិន​ទាន់​មាន​ឱកាស។

បណ្ឌិត ហ៊ូលីយ៉ូ ហែលឌ្រែស (Julio A. Jeldres) ដែល​ធ្លាប់​មាន​ចំណងមិត្តភាព​ជិតស្និទ្ធ​ជាមួយ សម្តេច ព្រះនរោត្ត សីហនុ និង​ធ្លាប់​កាន់​តួនាទី​ជា​អនុប្រធាន​ខុទ្ទកាល័យ និង​ជា​ជំនួយការ ពិសេស​របស់​ព្រះអង្គ​ពី​ឆ្នាំ ១៩៨១ ដល់ ១៩៩១។ លោក​បាន​លើក​ឡើង​នៅក្នុង​អត្ថបទ សំណេរ​របស់​លោក​អំពី «​ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​ឡាវ​ក្រោម​ស្រមោល​របស់​ចិន​» ដោយ​បញ្ជាក់​ថា ការឈ្លានពាន​របស់​វៀតណាម​នៅ​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង​វត្តមាន ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​កងទ័ព​វៀតណាម​នៅ​លើ​ទឹកដី​ឡាវ បាន​ធ្វើ​ឱ្យ​កម្ពុជា និង​ឡាវ ក្លាយ ជា​ជនរងគ្រោះ​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​បរិបទ​ពេលនោះ​។ រីឯ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ ក៏​ត្រូវ​បាន​គូស​វៀស​ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​មកពី​ខាងក្រៅ​ទៀត ដែល​នេះ​គឺ​លោក​សំដៅ​ទៅ ដល់​ឥទ្ធិពល​របស់​ប្រទេស​វៀតណាម​មក​លើ​កម្ពុជា​និង​ឡាវ។

បណ្ឌិត ហ៊ូលីយ៉ូ ចាត់ទុក​ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ឡាវ​នៅ​ឆ្នាំ​១៩៩៧ និង​របស់​កម្ពុជា​នៅ​ឆ្នាំ ១៩៩៩ គឺជា​ការ​បើកចំហ​ប្រទេស​ទៅ​កាន់​សហគមន៍​អន្តរជាតិ ហើយក៏​ជា​ការ​ព្យាយាម​បង្ហាញ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​នូវ​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​ផង​ដែរ។

បណ្ឌិត ហ៊ូលីយ៉ូ ហែលឌ្រែស កត់សម្គាល់​ថា រវាង​ប្រទេស​ចិន និង​វៀតណាម ប្រាកដ​ណាស់​ថា កម្ពុជា និង​ឡាវ​នឹង​ចាប់​យក​ចិន ហើយ​ដែល​រឿង​នេះ​វៀតណាម​ប្រាកដជា​បាន​ដឹង​ច្បាស់​រួចហើយ ដែរ​។ លោក​ថា កម្ពុជា​និង​ឡាវ​ត្រូវ​ការរស់នៅ​ជាមួយ​អ្នកជិតខាង​មួយ​ដែល​ធំ​ហើយ​ខ្លាំង ហើយ​ដែល​គេ​ទទួល​ស្គាល់​ថា ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ បណ្ឌិត​រូប​នេះ​ទទួល​ស្គាល់​ថា ក្រៅពី​ទទួល​បាន​ការ​វិនិយោគ ពី​ចិន និង​ការ​ផ្តល់​ជំនួយ ឬ​កម្ចី​សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជា​និង​ឡាវ​ដែល កំពុង​លំអៀង​ទៅ​ខាង​ចិន​នេះ ក៏​ដោយសារតែ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ពេញចិត្ត​នឹង​ជំនួយ​របស់​ចិន​ដែល​ផ្តល់​ឱ្យ​ខ្លួន​ដោយ​មិន​មាន​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​ផ្សេងៗ ដែល​លោក​ថា​នេះ វា ផ្ទុយ​ទៅ​នឹង​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត ដែល​រាល់​ជំនួយ​របស់​ពួកគេ​ផ្តល់​ដល់​កម្ពុជា គឺ​តែង​ផ្សារភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ អំពី​ការ​លើក​កំពស់ ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​អភិបាលកិច្ច​ល្អ។

ប្រហែលជា​ដោយសារ​កត្តា​ទាំងនេះ​ហើយ ទើប​ទាំង​កម្ពុជា​និង​ឡាវ មាន​ជំហរ​គាំទ្រ​ចិន ជាពិសេស​នៅ​ក្នុង​ជំលោះ​សមុទ្រ​ចិន​ខាងត្បូង​។ ជាក់ស្តែង នៅពេល​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ ២០១៦ ទាំង​ឡាវ និង​កម្ពុជា​សុទ្ធតែ​ប្រកាន់​ជំហរ​នៅ​ខាង​ចិន រហូតដល់​មាន​អ្នក​ការទូត​ម្នាក់​បាន​និយាយប្រាប់​អ្នកកាសែត​ហើយ​ត្រូវ​បាន​សារព័ត៌មាន AFP ស្រង់​សម្ដី​មក​ចុះផ្សាយ​នៅ​ពេល​នោះ​ថា «​កម្ពុជា​បាន​ប្រកាន់​ជំហរ​រឹងមាំ ខណៈ​ដែល​ឡាវ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​មិនបាន​និយាយ​អ្វី​ទាល់តែសោះ ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា ឡាវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​មិន​ធ្វើ​ឱ្យ​ចិន​ខឹង​សម្បារ​» នឹង​ខ្លួន​ឡើយ​។ ជំហរ​គាំទ្រ​ចិន​នេះ ប្រហែល​ជា អាច​កើត​មាន​ជា​ថ្មី​ទៀត នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខ។

ក្នុង​បរិបទ​បច្ចុប្បន្ន ហាក់​មាន​អ្នកវិភាគ​តិចតួច​ណាស់​ដែល​មាន​សុទិដ្ឋិនិយម​ថា វៀតណាម អាច​ប្រជែង​ឈ្នះ​ចិន​ក្នុង​ការ​អូសទាញ​កម្ពុជា និង​ឡាវ​ឱ្យ​ស្និទ្ធស្នាល​ខ្លាំង​នឹង​ខ្លួន​វិញ​។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា ក៏​មាន​អ្នកខ្លះ​យល់ថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មេដឹកនាំ ឡាវ​ក៏​អាច​មាន​ការប្រែប្រួល​ដែរ ដោយ​គេ​សំអាង​ថា មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ជា​មនុស្ស ជាក់ស្តែង​និយម ដែល​អាច​មានន័យថា ឱ្យ​តែ​ខាង​ណា​ផ្តល់​ផលប្រយោជន៍ និង​សេចក្តី​សុខ ឱ្យ​ខ្លួន​ពួកគេ​អាច​នឹង​ទៅ​គាំទ្រ​ខាង​នោះ​។ ការ​លើកឡើង​បែបនេះ​ប្រហែលជា​មិន​ខុស​នោះ​ទេ​។ តាម​ពិត​ទៅ​រឿង​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ​ដែរ។ គេ​នៅចាំ​ថា លោក ហ៊ុន សែន កាល​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ធ្លាប់​ស្អប់​ចិន​ខ្លាំង​ណាស់ រហូត​ដល់ ហៅ​ចិន​ថា ជា​អ្នក​បង្ក​សោកនាដកម្ម​គ្រប់យ៉ាង​នៅ​កម្ពុជា។ ប៉ុន្តែ​នៅ​ពេល​នេះ​វិញ ពេល​ដែល​លោក​ទទួល​បាន​ការ​គាំទ្រ​សឹងតែ​គ្រប់យ៉ាង​ពី​ចិន លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ ចាត់ទុក​ចិន​ថា​ជា «​មិត្ត​ដ៏​អស្ចារ្យ​» និង «​មិត្ត​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​» របស់​ខ្លួន​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។