ស្ថានទូត​ចិន​​ច្រាន​​ចោល​​ចំពោះ​​ការ​​លើក​​ឡើង​​ថា «កម្ពុជា​​ខ្ចីចិន​​ជា​​អន្ទាក់​​បំណុល​»

ដោយ សុជីវី
2021.05.05
ស្ថានទូត​ចិន​​ច្រាន​​ចោល​​ចំពោះ​​ការ​​លើក​​ឡើង​​ថា «កម្ពុជា​​ខ្ចីចិន​​ជា​​អន្ទាក់​​បំណុល​» (ឆ្វេង) លោក ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន និងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
រូប៖ RFA

អ្នក​វិភាគ ឬ​អ្នកឃ្លាំ​មើល​​នយោបាយ ដាស់តឿ​ន​ឱ្យ​របប​ក្រុង​​ភ្នំពេញ​​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ព្រោះ​ជំនួយ​កម្ចី​របស់​ចិន​មាន​ចេតនា​ជ្រៀត​ជ្រែក​នយោបាយ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន។ ពួកគេ​ចាត់ទុក​ខ្លឹមសារ​លិខិត​ចំហ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ថា​ ជាការ​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​ចិន និង​ជនជាតិ​ចិន​ជា​ច្រើន​ម៉ឺន​នាក់​ ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ច្រើន​ជាង។

ស្ថានទូត​ចិន​ថា លុយ​ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​ឱ្យ​កម្ពុជា​ខ្ចីមិន​មាន​លក្ខខណ្ឌ​នយោបាយ​ និង​ពុំមែន​ជា​លេស ដើម្បី​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ឡើយ។ ចិនថា​ មក​ទល់​ពេល​នេះ ​មិន​ទាន់​ឃើញ​មាន​ប្រទេស​ណា​មួយ​រង​ទុក្ខ​វេទនា​ដោយសា​រ​បំណុល​ចិន​នោះ​ឡើយ​ ដូច្នោះ​ហើយ​ទើប​កម្ពុជា​តែង​តែ​ខ្ចី​លុយ​ចិន​មក​អភិវឌ្ឍន៍ផ្លូវ ស្ពាន ហើយ​ចិន​ ផ្តល់​បច្ចេកទេស​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា​ និង​វិស្វកម្ម​ដើម្បី​ជួយ​កម្ពុជា។

ស្ថានទូត​ចិន​ថ្លែង​បែប​នេះ ក្នុង​លិខិត​ចំហ​មួយ​ចេញ​ផ្សាយ​កាលពីថ្ងៃទី១១ ​ខែមេសា ​ជាការ​ឆ្លើយតប​បក​ស្រាយ​ប្រាប់​អាស៊ីសេរី​ថា មកទល់​ពេល​នេះ មិន​ទាន់​មាន​ប្រទេស​ណា​មួយ​រង​គ្រោះ ​ព្រោះ​តែ​មិន​សង​បំណុល​ចិន​នោះទេ​ ហើយ​ក៏មិន​ឮ​ថា ប្រទេស​ណា​ស្អប់​ខ្ពើម​ជំនួយ​កម្ចី​របស់​ចិន​ដែរ។ ​តែ​ផ្ទុយ​ទៅ​វិញ ប្រទេស​ទទួល​ជំនួយ​កម្ចី​ភាគ​ច្រើ​ន​នៅ​តែ​បន្ត​ស្នើសុំ​ចិន​បង្កើន​ជំនួយ​បន្ថែម​ទៀត​ ដើម្បី​អភិវឌ្ឍសេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ និង​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ខ្លួន។​ 

ប៉ុ​ន្តែក្រុម​អ្នកឃ្លាំមើល​នយោបាយ និង​គណបក្ស​ប្រឆាំង​ច្រានចោល​ចំពោះកា​រ​បក​ស្រាយ​នេះ ​ដោយ​ចាត់​ទុក​ថា រដ្ឋាភិបាលចិន​ពុំមាន​ភាព​ស្មោះត្រង់​ក្នុងការ​ផ្តល់​ប្រាក់​កម្ចី​នោះ​ទេ។ លើសពី​នេះ​ទៀត​ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ជាប់អន្ទាក់​បំណុល​ ចិន​បាន​ឆក់​ឱកាស​បង្កើត​គោល​នយោបាយ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​កម្ពុជា​ និង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ម៉ឺន​ហិកតា  ដើម្បី​ងាយ​ស្រួល​នាំចេញ​ធនធាន​ធម្មជាតិ​រួ​ម​មាន​ រ៉ែមាស រ៉ែដែក ថ្មម៉ាប ថាមពល​អគ្គិសនី​ និង​ឈើ​ប្រណិត​ ទៅ​កាន់​ប្រទេស​ខ្លួន។​

Chine_Embassador.jpg
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​កម្ពុជា​ ដែល​កំពុង​រស់​នៅ​ប្រទេស​ណ័រវេស (Norway) លោក ម៉ែន ណាត សង្កេត​ឃើញ​ថា ខណៈរដ្ឋាភិបាល​​ចិន​ឱ្យ​កម្ពុជា​ខ្ចីលុយ​កាន់​តែ​ច្រើន​ ក្រុមហ៊ុន​ចិន​មក​រកស៊ី​នៅ​កម្ពុជា​ជញ្ជក់​យក​ធនធាន​ធម្មជាតិ​ពី​កម្ពុជា​ក៏​កាន់​តែ​ច្រើន​ដែរ៖ «ក្រុមហ៊ុន​ចិន​ដែល​មក​រក​ស៊ី​ស្រុក​ខ្មែរ​ មាន​ក្រុម​ហ៊ុន​កាស៊ីណូ ក្រុមហ៊ុន​កាប់​ឈើ​ធំៗ ក្រុម​ហ៊ុន​រ៉ែអីហ្នឹង​ គឺសុទ្ធ​តែ​ជំពាក់​ជំពិន​នឹង​បញ្ហា​នឹង​ទាំង​អស់។ ដើម្បី​យក​ចិត្ត​ចិន​យើង​មាន​តែ​ឱ្យ​ពួក​វិនិយោគ​ចិន​មិន​ថា​ល្អ ឬ​ទុច្ចរិត​ក៍មក​វិនិយោគ​ដែរ​ ហើយ​ពួក​ហ្នឹង​រក​ស៊ី​ជា​មួយ​មន្ត្រីធំៗ ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ឧត្តមសេនីយ៍​ជា​ច្រើន​ដែល​កាង​ពួង​ហ្នឹង ហើយ​មុន​រក​ស៊ី​ជា​មួយ​មន្ត្រី​គ្រាកៗ​ក្នុង​ស្រុង​យើង​ វាជា​ការ​ជួយ​សម្រួល​ពី​លោក​ ហ៊ុន​ សែន ​ដើម្បី​យក​ចិត្ត​សម្រួល​លើ​បញ្ហា​បំណុល​នេះ»។

ស្ថានទូត​ចិន​បន្ថែម​ថា ប្រទេស​ចិន​ចាប់​ផ្តើម​ផ្តល់​ជំនួយ​ដល់​កម្ពុជា ក្នុង​ការ​កែ​លម្អផ្លូវ​នៅ​ជន​បទ​ និង​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត ក្នុង​នោះ​បាន​ជួយ​ជួស​ជុល​ផ្លូវ ២៥ ខ្សែ ក្នុង​ខេត្ត​ចំនួន​ ​មាន​ប្រវែង​សរុប​ជាង ៣ ពាន់គីឡូម៉ែត្រ (៣០០០)លើសពី​នេះ ចិន​បាន​ជីក​អណ្តូង​ជិត​ពីរពាន់​កន្លែង​ (១៨១០) និង​ស្រះ​ទឹក​ជាង ១រយក​ន្លែង (១២៧) ដល់​ខេត្ត​ចំនួន​១៣។ តួលេខ​ទាំង​នេះ ត្រូវបាន​បង្ហាញ​ថា​ កិច្ច​សហប្រតិបត្តិ​ការ​ផ្តល់​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​រវាង​កងទ័ព​ចិន និង​កម្ពុជា​ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​មិន​អាច​កាត់ផ្តាច់​បាន។

ទោះជា​យ៉ាងណា​លោក ម៉ែន ណាត  ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បារម្ភថា ដោយ​សារ​កម្ពុជា​ជំពាក់​បំណុល​ចិន​កាន់​តែ​ច្រើន​ នៅថ្ងៃ​មុខ​នៅ​ពេល​កម្ពុជា​គ្មាន​លុយ​សង​ចិន​វិញ​នោះ​កំពង់ផែ​នៅ​ក្រុង​ខេត្ត​ព្រះសីហនុ អាច​នឹង​ត្រូវ​ទូទាត់​ជា​សំណង​ទៅ​ឱ្យ​ចិន​ ដូចជា​បាន​កើត​ឡើង​ដូច្នេះនៅ​ប្រទេស​ស្រី​លង្កា​ (Sri Lanka)។

កាលពីឆ្នាំ២០០៥ ដល់​ឆ្នាំ២០១៥ រដ្ឋាភិបាល​ស្រីលង្កា​បាន​ខ្ចីលុយ​ចិ​ន​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ដើម្បី​ចំណាយ​លើកា​រ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​ក្រោយ​មក​ប្រទេសនេះ​ ពុំ​មាន​លទ្ធភាព​ដោះ​បំណុល​ចិន​នោះ​ទេ។ រហូត​នៅខែ​ធ្នូ ឆ្នាំ​២០១៧ រដ្ឋាភិបាល​ស្រី​លង្កា​បាន​បង្ខំ​ចិត្ត​ប្រគល់​ការ​គ្រប់​គ្រង​កំពង់ផែ​ទឹក​ជ្រៅ​​របស់ខ្លួន​ឈ្មោះ  ផែ ហាម​បាន​តូតា (Hambantota) ឱ្យ​ក្រុម​ហ៊ុន​ចិន​គ្រប់​គ្រង​ទាំង​ស្រុង​ដោយសារតែ​ខ្លួនគ្មាន​លទ្ធភាព​​សងបំណុល​ចិន។

ជំនួយ​របស់​ចិន​មិន​ដែល​ដាក់​លក្ខខណ្ឌ​លើការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ។ អ្នក​ឃ្លាំ​មើល​បរិស្ថាន​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ចិន​ជា​ច្រើន​នៅ​កម្ពុជា​បាន​បង្កផល​ប៉ះពាល់​ជា​ច្រើន​ ដល់​ពលរដ្ឋ​និង​បរិស្ថាន​ក្នុង​នោះ​មានការ​រំលោភ​សិទ្ធិមនុស្ស​តាម​រយៈបណ្ដេញ​ពលរដ្ឋចេញ​ពី​ដីធ្លី ឩទាហរណ៍ ដូចជា​ក្រុមហ៊ុន យូឌីជី​របស់​ចិន (Union Development Group or UDG) នៅ​ខេត្ត​កោះកុង ការ​កាប់​បំផ្លាញ​ធនធាន​សម្បត្តិ​ធម្មជាតិ ការ​បង្ហូរ​ទឹក​ស្អុយ​ពី​រោង​ចក្រ​ ឬ​សណ្ឋគារ​ចូល​សមុទ្រ និង​មាន​ការ​លុប​បឹង អូរ ធម្មជាតិ ជាដើម។

China_udg.jpeg
នាវិកកម្ពុជាធ្វើវន្ទនកិច្ចលើនាវាល្បាតចិនក្នុងអំឡុងពិធីប្រគល់ និងផ្ទេរនាវាល្បាតចិន៩គ្រឿងដល់កម្ពុជា នៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០០៧។ (រូប៖ Reuters)

ទោះយ៉ាង​ណា​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន តែង​ថ្លែង​ការពារ​ការ​ខ្ចីលុយ​ពី​ចិន​ថា​ កម្ពុជាខ្ចី​ចិនទៅ​តាម​គម្រោង​អភិវឌ្ឍន៍​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ។ លោក​សរសើរ​ថា​ ប្រាក់​កម្ចីចិន​មាន​អាត្រាការ​ប្រាក់​ទាប ហើយ​ការ​ទូរទាត់​សង​វិញ​មាន​រយៈពេល​វែង។ លោកថា កម្ពុជា​បច្ចុប្បន្ន​មិនមែន​ខ្ចី​តែ​ប្រទេស​ចិន​នោះ​ទេ គឺ​បាន​ខ្ចី​ពី​ប្រទេស​ជា​មិត្ត និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ថែមទៀត។ លើស​ពី​នេះ​លោក​ថា ការខ្ចី​នេះ​ទៀត​សោត​កម្ពុជា​បាន​គិត​គូរ​ល្អិតល្អន់។

បន្ថែមពី​លើ​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឱ្យដឹងថា​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន ពុំមាន​ភ្ជាប់​នូវ​គោលការណ៍​លក្ខខណ្ឌ​សាំញ៉ាំ​ច្រើន​ទេ ហើយឥណទាន​ហិរញ្ញវត្ថុ​ចិន​បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ដើម្បី​ងាយ​ស្រួល​សម្រាប់​កម្ពុជា​អភិវឌ្ឍ​សេដ្ឋកិច្ច​​ជាតិ​ឱ្យ​រីក​ចម្រើន។

អ្នកនាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម​ លោក ស៊ាង ថៃ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពីចុង​ ឆ្នាំ២០២០ ថាកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន បាន​បើក​ច្រក​ទីផ្សារ​ទូលំទូលាយ​សម្រាប់​កម្ពុជា​រួច​ទៅ​ហើយ។ លោកបញ្ជាក់ថា  ​កម្ពុជា​ត្រូវ​រៀប​ចំគោល​នយោបាយ​ផលិតកម្ម វិនិយោគ ដឹក​ជញ្ជូន​ និង​បញ្ហា​ផ្សេងៗ​ទៀតឱ្យបាន​ល្អ​ប្រសើរដើម្បី​​ផលិត និង​នាំចេញ​ទំនិញ​ទៅ​កាន់ប្រទេស​ចិនបាន​ច្រើន​តាម​ការ​រំពឹង​ទុក​។

ទោះយ៉ាង​ណា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក  អ៊ុំ សំអាន  មើល​ឃើញ​ថា​ កម្ចី​ចិន​ពុំមាន​តម្លាភាព និង​គណនេយ្យភាព​នោះ​ទេ ​ជាពិសេស​មិន​ផ្តល់​ឱ្យ​កម្ពុជា​ទទួល​បាន​អភិបាល​កិច្ច​ល្អ​ប្រសើរ​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើយ។ លោក​ផ្តល់​ទស្សនៈថា​  ប្រាក់​កម្ចីរបស់​ប្រទេស​លោក​ខាង​លិច​មាន​លក្ខខណ្ឌតម្លាភាព ​បំបាត់​អំពើ​ពុក​រលួយ កែលម្អ​បញ្ហា​សិទ្ធិមនុស្ស និងស្​តារ​ប្រជាធិប​តេយ្យ​៖ «បំណុល​របស់​ចិន​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ជិះ​សេះ​លែង​ដៃ។ គាត់​យក​អំណាច​ផ្តាច់​ការ​លទ្ធិកុម្មុនីស្ត​ពីចិ​នម​កអនុវត្ត​នៅកម្ពុជា។ ដែល​កម្ពុជា​សព្វ​ថ្ងៃ​លោក ហ៊ុន សែន រំលាយ​បក្ស​ប្រឆាំង​ដ៏ធំនៅកម្ពុជា​គឺគណបក្ស​សង្គ្រោះជាតិ​ ហើយ​គាត់​កា​ន់​អំណាច​ផ្តាច់​ការ​តែ​ម្តង​តាមរ​បៀបការ​ដឹកនាំ​កុម្មុនីស្ត​ដូចនៅ​ចិន​អញ្ចឹង»។

លោក អ៊ុំ សំអាន បន្ថែ​ម​ថា លុយ​ដែល​កម្ពុ​ជា​ខ្ចី​ចិនផ្តោត​លើការ​អភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ​ប៉ុន្តែ​ជារឿ​យៗ ក្រុម​ហ៊ុន​ចិន​ធ្លាប់​មាន​រឿង​អាស្រូវ​ច្រើន។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ចុះ ​ស្ថាន​ទូត​ចិន​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​កម្ពុជា​ចិន​ មិន​ត្រឹម​តែលើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ទំនាក់​ទំនង​ទ្វេភាគី​ប៉ុណ្ណោះ​ទេ ប៉ុន្ត​ថែម​ទាំង​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​តទល់​រួមគ្នា​ជាមួយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ ថែរក្សា​សន្តិភាព​ និង​ស្ថេរភាព​ក្នុង​តំបន់​ ហើយ​កន្ល​ង​ទៅ​កង​​ទ័ព​​នៃ​ប្រទេស​ទាំង​ពីរ​បានរៀបចំ​កិច្ចសហការ​ក្នុង​តំបន់​បាន​យ៉ាង​ល្អ ដូចជា ការ​ហ្វឹងហាត់​យោធា​ និង ការ​បណ្តុះបណ្តាល​បុគ្គល​ និង​ឧបករណ៍​ជា​ដើម

អ្នកឃ្លាំមើល​នយោបាយ​សង្កេត​ឃើញ​ថា ចិន​ពង្រីក​ទំនាក់ទំនង​ស្អិត​រមួត​ជា​មួយ​កម្ពុជា​ ក៏​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍ពី​កម្ពុជា ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​កម្ពុជា និង​នៅក្នុង​តំបន់។ ផ្អែក​តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២០ កម្ពុជា​ជំពាក់​ចិន​ដល់​ទៅ​ជិត ៤​ពាន់​លាន​ដុល្លារ ( .៧០០​)  ឬ​ស្មើនឹង​ជិត ៤៧ ភាគរយ​នៃ​ទំហំ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​។ លុយ​ដែល​ខ្ចី​ពី​ចិន​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ពានជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។