បទវិភាគ៖ ល្បិច​អូស​ក្រឡា​របស់​លោក ​ហ៊ុន​ សែន ​ក្នុង​ការ​ផ្ដាច់​ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​បក្ស​ប្រឆាំង​

ដោយ មួង ណារ៉េត
2019.03.22
EU រូប​ត្លុក​នយោបាយ​របស់​អាស៊ីសេរី ដោយអ្នកគូរូប​ត្លុកនយោបាយ Rebel Pepper
RFA

ស្រប​ពេល​ដែល​ឱសានវាទ​នៃ​ការ​បិទ​បញ្ចប់​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​កាន់តែ​ខិត​ជិត​ចូល​មកដល់​លោក​ ហ៊ុន​ សែន​ ហាក់​បី​ដូច​ជា​ចង់​បង្ហាញ​ថា ​លោក​នៅតែ​មិន​ខ្លាច​សម្ពាធ​នេះ​ទេ។ ចំណាត់​ការ​ថ្មីៗ ក្នុង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង​បន្ថែម​ទៀត​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​បង្ហាញ​រូបភាព​នៃ​ការ​ផ្គើន​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នេះ​អាច​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ផ្ដាច់​ក្ដី​សង្ឃឹម​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ព្រោះ​កម្ពុជា​មិន​ទាន់​អាច​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​រស់​ដោយ​គ្មាន​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ពេល​នេះ​នៅ​ឡើយ។

តើ​នៅ​ទី​បំផុត​លោក​ ហ៊ុន​ សែន ​អាច​ចៀស​ផុត​ពី​ការ​ព្រម​ធ្វើ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ដែរ​យ៉ាង​ណា?

ក្នុង​ថ្ងៃ​ដែល​មន្ត្រី​សហភាព​អឺរ៉ុប​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ​ លោក​ ហ៊ុន​ សែន យក​ឱកាស​នេះ​ ថ្លែង​សារ​គំរាម​ចាប់​វ៉ៃ​ខ្នោះ និង​បង្ក្រាប​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ដែល​ចង់​ជួប​ប្រជុំ​គ្នា ដើម្បី​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ជីវភាព​នយោបាយ​របស់​ខ្លួន។

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ជា​ឱកាស​លួង​ចិត្ត និង​រម្ងាប់​ចិត្ត​កម្មករ​កុំ​ឱ្យ​ជ្រួល​ច្របល់​រឿង​ទណ្ឌកម្ម​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី២០ ខែ​មីនា​ ស្រប​ពេល​ដែល​មន្ត្រី​សហភាព​អឺរ៉ុប​កំពុង​ជួប​មន្ត្រី​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន​ សែន​ ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​មិនព្រម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ទេ​ លោក​មិន​អត់​ឱន​ឱ្យ​បាន​ឡើយ ​គឺ​លោក​បញ្ជា​ឱ្យ​ចាត់ការ​ឱ្យ​អស់៖ «ប្រាប់​ឱ្យ​ហើយ​ផ្ញើ​សារ​ឱ្យ​មួយ​ទូទាំង​ប្រទេស​ថា ​ឈប់​ទៅ​អាស​កម្ម​ភាព​គណៈកម្មការ​ចំពោះ​កិច្ច​ទាំង​នៅ​ភ្នំពេញ​ និង​នៅ​វាលវែង​ខេត្ត​ណាៗ គឺ​និយាយ​ឱ្យ​ត្រង់ ឃើញ​មួយ​វ៉ៃ​មួយ​ទៅ​ចេញ​បញ្ជា​អ៊ីចឹង

មិន​ខុស​ពី​ការ​ចោទ​គណបក្ស​ប្រឆាំង​ថា ​ក្បត់​ជាតិ​ និង​មានបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល ​ដែល​ជា​លេស​កាល​ពី​រម្លាយ​បក្ស​នេះ​ កាល​ពី​ឆ្នាំ២០១៧​ លើក​នេះ​ លោក​យក​លេស​ដដែល​នេះ​មក​ចោទ​អ្នក​ទាំង​នោះ​ថា បង្ក​បញ្ហា​អសន្តិសុខ​ និង​សង្គ្រាម៖ «តែ​រឿង​ខុសច្បាប់​ហើយ​គឺ​ដាក់​ហើយ​ កុំ​ខ្វល់​ពេក! រឿង​ចំ​កម្លាំង​ស្អី? អ្នកឯង​រៀបចំ​ធ្វើអំពើ​ភេរវកម្ម​អ្ហ៊ៃ​ត្រៀម​ប្រយុទ្ធ​អ្ហ៊ៃ

ឥឡូវ​នេះ​សូម្បី​តែ​ការ​ជួប​ជុំ​គ្នា​តាម​ហាង​កាហ្វេ​ ឬ​ហាង​គុយទាវ​ ក៏​មន្ត្រី​បក្ស​ប្រឆាំង​មិន​អាច​ពិសា​អាហារ​ត្រង់​មាត់​ដែរ​ ដោយសារ​តែ​លោក​ ហ៊ុន​ សែន ឱ្យ​មន្ត្រី​គាត់​តាម​ឃ្លាំមើល​ដូច​កង​ឈ្លប​តាម​យក​ការណ៍​សកម្មភាព​ពលរដ្ឋ​ក្នុង​សម័យ​ខ្មែរក្រហម​ដូច្នេះ​ដែរ។

លេស​ដដែលៗ ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន ដែល​រង​ការ​រិះគន់​ថា ជា​ឧបករណ៍​នយោបាយ​សម្រាប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង​មួយ​សប្ដាហ៍​មុន​ដំណើរ​មក​ដល់​នៃ​មន្ត្រី​សហភាព​អឺរ៉ុប​ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ សង្គ្រោះ​ជាតិ​ ចំនួន ៨រូប ដែល​សុទ្ធតែ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រួម​ទាំង​ប្រធាន​ស្ដីទី​គណបក្ស​នេះ​គឺ​លោក​ សម​ រង្ស៊ី​ផង​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដោយសារ​អ្នក​ទាំង​នោះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​នៅ​ក្រៅ​ប្រទេស​ ដើម្បី​រៀបចំ​យុទ្ធ​សាស្ត្រ និង​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក​ សម​ រង្ស៊ី​ និង​មន្ត្រី​បក្ស​ប្រឆាំង​ឯ​ទៀត។

នៅ​ថ្ងៃ​ដែល​មន្ត្រី​សហភាព​អឺរ៉ុប​ធ្វើដំណើរ​ដល់​ស្រុកខ្មែរ​ភ្លាម​នោះ​ មេធាវី​លោក​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មីនា​ បាន​ដាក់ពាក្យ​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​មួយ​រូប​ទៀត​ដែរ ​គឺ​លោក សោ ចាន់ដេត ពី​បទ​ប្រមាថ​លោក ហ៊ុន សែន និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ដែរ​ ដោយសារ​តែ​លោក​ សោ ចាន់ដេត សរសេរ​សារ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពី​បញ្ហា​សុខភាព​ទ្រុឌទ្រោម​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន សែន​ទារ​សំណង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់ ៤ពាន់​លាន​រៀល ឬ​ស្មើ​នឹង ១លាន​ដុល្លារ។

សារ​របស់​លោក​ ហ៊ុន​ សែន​ ទំនង​ជា​លោក​ចង់​បង្ហាញ​ថា ​លោក​មិន​ខ្វល់​នឹង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​អ្វី​បន្តិច​សោះ៖ «ប៉ុន្មាន​ថ្ងៃ​ហ្នឹង ឮ​សូរ​ស្អី​គេ​បញ្ជូន​ឯ​ណា​មក​ដោះ​ស្រាយ​រឿង EBAអើ​មក៍​ដោះ​ទៅ! ហ៊ុន សែន ដើរ​ជួប​កម្មករ​នៅ​តែ​ដើរ​ជួប​កម្មករ​ កសិករ​នៅ​តែ​កសិករ​ អ្នក​ណា​ធ្វើ​អ្វី​ធ្វើ​ហ្នុង! រឿង​អ្នក​ឯង​ចូល​ទៅ​ជំនុំ​អ្នក​ណា​រឿង​អ្នក​ហ្នុង​ទៅ! តែ​រឿង​សម្រេច​ចុង​ក្រោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ តែ​ម្ដង! អា​ហ្នឹង​រឿង​វា​អ៊ីចឹង!»

ប៉ុន្តែ​សារ​ និង​ចំណាត់​ការ​របស់​លោក ហ៊ុន សែន ទំនង​ជា​មិន​មែន​ដើម្បី​បង្ហាញ​ពី​ភាព​ខែងរ៉ែង​របស់​លោក​ឡើយ។ វា​អាច​ដើម្បី​ទិញ​ពេល​វេលា​បន្ថែម និង​ផ្ដាច់​ក្ដី​សង្ឃឹម​របស់​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ​ដែល​កំពុង​រង់ចាំ​ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម​អន្តរជាតិ​តែ​ប៉ុណ្ណោះ។ មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ​ដែល​មិន​ព្រម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ អាច​មក​ពី​ពួក​គាត់​នៅ​តែ​សង្ឃឹម​ថា នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយ​ជា​កញ្ចប់ ដែល​ពេល​នោះ សិទ្ធិ​ធ្វើ​នយោបាយ​នឹង​មាន​ដោយ​ស្វ័យប្រវត្តិ។

ការ​បន្ត​មាន​ក្ដី​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​គួបផ្សំ​នឹង​សកម្មភាព​ផុលផុស​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ​នៅ​ក្រៅ​ប្រទេស​ផង​ អាច​ជា​ផ្នែក​មួយ​ជួយ​ធ្វើ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​ នៅ​តែ​សុខ​ចិត្ត​ទ្រាំ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ។ ម្យ៉ាង​ទៀត​ ការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មុន​លោក​ កឹម​ សុខា​ ដែល​ជា​ប្រធាន​បក្ស​មាន​សេរីភាព​បែប​នេះ​ ជា​ការ​មិន​គប្បី​មួយ​ផង​ និង​រង​ការ​រិះគន់​ថា ​មិន​ស្មោះ​ត្រង់​នឹង​បក្ស ​និង​ជា​ជន​ឱកាស​និយម​ផង។ ប្រការ​នេះ​ ធ្វើ​ឱ្យ​លោក​ ហ៊ុន​ សែន​ ពិបាក​នឹង​អន្ទង​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​នយោបាយ​បាន​ច្រើន​ដូច​ការ​ចង់​បាន​របស់​លោក​ណាស់​ ទើប​លោក​បន្ត​យុទ្ធសាស្ត្រ​បំភិតបំភ័យ​មន្ត្រី​បក្ស​នេះ​ត​ទៅ​ទៀត។

ទោះ​ជា​ខំប្រឹង​យ៉ាងណា​លោក​ ហ៊ុន​ សែន​ នៅ​តែ​មិន​អាច​បំបែក​ក្បាល​ម៉ាស៊ីន​កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន ​គឺ​មិន​អាច​បំបែក​លោក កឹម សុខា ចេញ​ពី​លោក​ សម​ រង្ស៊ី​ បាន​លើក​លែង​តែ​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក​ ហ៊ុន ​សែន​ មិន​បោះ​បង់​ចោល​ការ​ព្យាយាម​បំបែក​នេះ​ទេ។ គោលបំណង​របស់​លោក ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ធ្វើ​ឱ្យ​បក្ស​ សង្គ្រោះ​ជាតិ ​បែក​ជា​បំណែក​តូចៗ ដើម្បី​ចុះ​ខ្សោយ​ងាយ​លោក​ទប់ទល់​ជាង​បក្ស​នេះ​នៅ​មូល​គ្នា។

ការ​គំរាម​បណ្ដើរ បំភ័យ​បណ្ដើរ និង​លួងលោម​បណ្ដើរ​នេះ គឺ​ជា​យុទ្ធសាស្ត្រ​លោក ហ៊ុន សែន ក្នុង​ការ​អន្ទង​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ដែល​និយម​លោក កឹម​ សុខា ចេញ​មក​សុំ​លោក ដើម្បី​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ ​លោក ហ៊ុន សែន​ ប្ដេជ្ញា​មិន​បន្ធូរបន្ថយ ឬ​អនុគ្រោះ​ ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង​ណា​ ដែល​និយម​លោក សម រង្ស៊ី ទេ លើក​លែង​តែ​អ្នក​ទាំង​នោះ​សន្យា​ទៅ​បើក​បក្ស​នយោបាយ​ថ្មី ឬ​ជ្រក​ក្រោម​គណបក្ស​ថ្មី​ក្រៅ​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​ ទើប​លោក​ព្រម​ផ្ដល់​សិទ្ធិ​នេះ​វិញ៖ «ហើយ​គោលដៅ​របស់​យើង​សម្រាប់​ការ​លើក​លែង​ គឺ​មិន​អាច​លើក​លែង​អ្នក​ណា​ក៏​ដោយ ​ដែល​មាន​ការ​ប៉ុនប៉ង​សម្រាប់​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ការ​ចូល​មក​របស់​ សម​ រង្ស៊ី​ ដើម្បី​ចូល​ស្រុក​ គឺ​យើង​មិន​អាច​លើក​លែង​ទេ។ ប៉ុន្តែ​ បើ​មាន​ការ​លើក​លែង​សម្រាប់​បម្រាម​នយោបាយ​ណា​មួយ​ គឺ​សំដៅ​ទៅ​ឆ្ពោះ​ទៅ​រក​តែ​អ្នក​ណា​ ដែល​ចង់​បង្កើត​បក្ស​នយោបាយ​តែ​ប៉ុណ្ណោះ»

មិន​តែ​ប៉ុណ្ណោះ​លោក​ឆ្លៀត​បញ្ចេញ​សារ​គំរាម​កំហែង​បំបាក់​ស្មារតី​មន្ត្រី​គណបក្ស ​សង្គ្រោះ​ជាតិ​ ថា លោក​នឹង​ផ្ដាច់​ឫស​កែវ​នៃ​រចនាសម្ព័ន្ធ​គណបក្ស សង្គ្រោះ​ជាតិ ទាំង​ស្រុង​ឲ្យ​ខាង​តែ​បាន​ថែម​ទៀត​ផង៖ «កម្ចាត់​ចោល​កម្លាំង​ប្រឆាំង​ទាំងអស់​ដែល​ជា​បណ្ដាញ​របស់​អតីត​ សង្គ្រោះ​ជាតិ​ ដោយ​មិន​ឲ្យ​ពួក​នេះ​រើ​ក្បាល​រួច​ ព្រោះ​យើង​មិន​អាច​ឲ្យ​ពួក​អា​ក្រុម​នេះ​រស់​ទេ»

យុទ្ធសាស្ត្រ​ត្រជាក់​ក្ដៅ​នេះ​លោក​ ហ៊ុន​ សែន​ ប្រើ​ផ្គួប​គ្នា​ពោល ​គឺ​ខោក​ផង​ អង្អែល​ផង។ លោក ហ៊ុន សែន គ្មាន​ទម្លាប់​តម្លៃ​មនុស្ស​បក្ស​ប្រឆាំង​នោះ​ទេ ​លើក​លែង​តែ​លោក​យល់​ថា​អ្នក​ទាំង​នោះ​ហុច​ផល​ប្រយោជន៍​ដល់​លោក។ ពេល​កាលៈទេសៈ​ហុច​ឲ្យ លោក​អនុវត្ត​ល្បិច​រុញ​ទូក​បណ្ដោយ​ទឹក​ភ្លាម។

ក្រោយ​មាន​មន្ត្រី​បក្ស​ប្រឆាំង​ប្រាំ​រូប​បន្ថែម​ទៀត​ សុំ​សិទ្ធិ​នយោបាយ​លោក​សម្ដែង​ឫក​ធ្វើ​ជា​មនុស្ស​យល់​ចិត្ត​ និង​ឲ្យ​តម្លៃ​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ និង​ទូន្មាន​អ្នក​ដទៃ​កុំ​ឲ្យ​មើល​ងាយ​ពួក​គាត់៖ «កុំ​មើល​ស្រាល​អ្នក​ដែល​គេ​មិន​នៅ​ជា​មួយ​អ្នក​ឯង​ ហើយ​គេ​សុំ​សិទ្ធិ​នយោបាយ​ ដើម្បី​សេរីភាព​របស់​គេ​។មនុស្ស​ទាំង​អស់​នោះ​មិនមែន​ជា​សត្វ​ធាតុ​ ឬ​ជា​វត្ថុ​សម្រាប់​លក់​ទេ។ យើង​ខ្ញុំ​ផ្ដល់​ការ​គោរព​ចំពោះ​សេរីភាព​របស់​មនុស្ស​ទាំង​អស់​ ទោះ​បី​មនុស្ស​នោះ​នៅ​ក្នុង​បក្ស​នយោបាយ​ណា​ក៏​ដោយ។ យើងខ្​ញុំ​ផ្ដល់​ការ​គោរព។ អ្នក​ដែល​ចេញ​មក​សុំ​សិទ្ធិ​នយោបាយ​ យើង​ខ្ញុំ​ក៏​គោរព​អ្នក​ដែល​មិន​សុំ​សិទ្ធិ​ក៏​យើង​ខ្ញុំ​គោរព»

សារ​នេះ​វា​ផ្ទុយ​ស្រឡះ​ទៅ​នឹង​សម្ដី​របស់​លោក​ដែល​តែង​តែង​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ថា​ ជា​ពួក​អាសិរពិស​ ពួក​ចង្រៃ​ឧត្បាត ពួក​ក្បត់​ជាតិ​ ពួក​ឧទ្ទាម​ភេរវករ​ ដែល​ត្រូវ​កម្ចាត់​ចោល​ឲ្យ​ផុត​ពី​ផែន​ដី​នេះ​ជា​ដើម។

ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ​ លោក​មិន​ខ្លាច​អ្វី​នឹង​ធ្វើ​ជា​តួ​ស្លូត​ស្អំ​ចិត្ត​មន្ត្រី​បក្ស​ប្រឆាំង ​ដែល​លោក​ចង់​ឲ្យ​ចេញ​មក​សុំ​សិទ្ធិ​នយោបាយ​ឲ្យ​បាន​ច្រើន ​ដើម្បី​បង្អួត​ប្រាប់​សហភាព​អឺរ៉ុប​ថា ​អ្នក​ទាំង​នោះ​លែង​រង​ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​អ្វី​ទៀត​ហើយ គឺ​ស្រុក​ខ្មែរ​មាន​លំហ​ប្រជាធិបតេយ្យ​ពេញលេញ​ជា​ដើម។

ការ​អន្ទង​មន្ត្រី​ដែល​និយម​លោក កឹម​ សុខា​ ចេញ​មក​សុំ​សិទ្ធិ​នយោបាយ​លោក​ ហ៊ុន​ សែន​ ចំណេញ​ពីរ​ផ្លូវ។ ទី​មួយ ចំណេញ​បាន​បំបែក​សំឡេង​ប្រឆាំង។ ទីពីរ លោក​អាច​សង្ឃឹម​ថា នឹង​ស្រប​តាម​ផ្នែក​ខ្លះ​នៃ​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។ ក្នុង​ចំណោម​សំណើ​មួយ​របស់​សហភាព​អឺរ៉ុប​ គឺ​ការ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន​ សែន​ បើក​ចំហ​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ ដែល​រួម​មាន ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​ផង។ ហេតុ​ដូច្នេះ​ហើយ​ ទើប​លោក​ ហ៊ុន​សែន​ នៅ​តែ​ខំ​ប្រឹង​បញ្ចុះបញ្ចូល​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ព្រម​សុំ​ធ្វើ​នយោបាយ​វិញ​នេះ។ ស្រប​ពេល​ដែល​អ្នក​ដាក់​ពាក្យ​សុំ​មាន​ចំនួន​តិចតួច​ លោក​ ហ៊ុន ​សែន​ បារម្ភ​ រហូត​ឆេះ​ដុំ​ខ្លាំង ​និង​គំរាម​បិទ​ច្រក​នេះ​ផង៖ «ខ្ញុំ​គ្រាន់តែ​ឲ្យ​សារ​ចុង​ក្រោយ​សម្រាប់​អ្នក​ហើយ​បើ​អ្នក​ព្រងើយ​កន្តើយ​ទ្វារ​នឹង​អាច​បិទ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ​ទោះ​បី​អ្នក​ដាក់​លិខិត​សុំ​ ក៏​ខ្ញុំ​មិន​អើពើ។ រឿង​វា​តែ​ប៉ុណ្ណឹង! ដើម្បី​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ឲ្យ​អ្នក ហើយ​បញ្ជាក់​នៅ​មុខ​ទូត​ជប៉ុន​ទៀត​ផង​ ដើម្បី​ឲ្យ​អ្នក​ឯង​បាន​ដឹង»

ស្រប​ពេល​ដែល​លោក​ហ៊ុន​ សែន​ កំពុង​ដំឡើង​សំឡេង​ថា មិន​ខ្ចី​ខ្វល់​នឹង EBA នេះ របប​លោក​បាន​ប្រឹង​ចរចា​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ុប​ជា​ច្រើន​លើក​ច្រើន​សា ទាំង​ក្រោម​តុ និង​លើ​តុ​ផង ដើម្បី​សុំ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នេះ។ មន្ត្រី​គណបក្សប្រជាជន​កម្ពុជា​លោក ឈាង វុន ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​តាំង​ពី​ខែ​តុលា ឆ្នាំ២០១៨ ថា ការ​ចរចា​ក្រោម​តុ​មាន​ជា​ហូរហែ​ហើយ៖ «យើង​ធ្វើ​ការ​ក្រោម​តុ​ច្រើន​យើង​និយាយ​ នៅ​ក្នុង​វេទិកា​អ្នក​ការ​ទូត​សភា ​គឺ​ការងារ​ភាគ​ច្រើន ​គឺ​ការងារ​ក្រោម​តុ​ហ្នឹងហើយ។ អាច​មាន​ការ​ជជែក​គ្នា​ក្រៅ​ផ្លូវការ»

ការ​ចរចា​ផ្លូវការ​ក៏​ចាប់​ផ្ដើម​មាន​ជា​បន្ត​បន្ទាប់​ដែរ។ លោក​ ហ៊ុន​ សែន​ បាន​បញ្ជូន​គណៈ​ប្រតិភូ​ខ្មែរ​មួយ​ក្រុម​ពី​ក្រសួង​ការ​បរទេស​ ដឹក​នាំ​លោក សុខ​ ស៊ីផាន់ណា ដែល​ជា​មេធាវី​ និង​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ទៅ​បំពេញ​បេសកកម្ម​ពីរ​សប្ដាហ៍​នៅ​សហគមន៍​អឺរ៉ុប ​ដើម្បី​ជួប​ចរចា​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ុប ​កាល​ពី​ចុង​ខែ​មិថុនា​ ឆ្នាំ២០១៨។ ជាង​បី​ខែ​ក្រោយ​មក​ទៀត​ លោក​ ហ៊ុន​ សែន ​ផ្ទាល់​បាន​ស្កាត់​ជួប​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប គឺ​អ្នកស្រី ហ្វេដេរីកា មូហ្គែរីនី (Federica Mogherini) នៅ​ទីក្រុង​ប្រ៊ុចស្សែល ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ខែ​តុលា ឆ្នាំ២០១៨។

ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​របប​លោក​ ហ៊ុន​ សែន​ ក្នុង​ការ​ចរចា​នេះ​ទំនង​ជា​ធ្វើ​គ្រាន់​តែ​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ ​ព្រោះ​មិន​បាន​លទ្ធផល​ជា​វិជ្ជមាន​អ្វី​ទាំង​អស់។ ស្ថានភាព​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​ និង​ ប្រជាធិបតេយ្យ​ នៅ​តែ​មិន​ប្រសើរ​ ព្រោះ​ចំណុច​សំ​ខាន់ៗ ដែល​សហភាព​អឺរ៉ុប​ចង់​បាន ​នៅ​តែ​មិន​ឃើញ​កែ។ មិន​តែ​ប៉ុណ្ណោះ​ សហភាព​អឺរ៉ុប​បាន​កំណត់​ឱសានវាទ​ក្នុង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នោះ​ថែម​ទៀត​ផង។

លោក​ហ៊ុន​ សែន​ នៅ​បន្ត​អូស​ក្រឡាត​ទៅទៀត​ដោយ​កាលពី​ថ្ងៃ​ទី២០ ខែ​មីនា​ថ្លែង​ប្រាប់​កម្មករ​រោងចក្រ​ថា កុំ​ភ័យ​រឿង​អត់​ប្រាក់​ខែ​បើក​ ព្រោះ​របប​លោក​គ្រោង​នឹង​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ថ្មី​ ដើម្បី​ទប់ទល់​បញ្ហា​អត់ EBA នេះ​ហើយ៖ «ឱ្យ​បើ​គេ​ដក​ភាព​អនុគ្រោះ​ពី​យើង​ ក៏​មិន​ធ្វើ​ឲ្យ​យើង​ស្លាប់​ដែរ។ យល់​ទេ អា​កន្លែង​ហ្នឹង​? បញ្ហា​ធំ​ស្ថិត​ត្រង់​យើង​កែ​ទម្រង់​នេះ។ ថ្ងៃ​ទី២៩​ ខែ​មីនា​ ខាង​មុខ​ នឹង​ប្រកាស​ជា​កញ្ចប់​នៃ​កំណែ​ទម្រង់​នេះ​តែ​ម្ដង»

មិន​ដឹង​ថា ​កម្មករ​អាច​ទទួល​យក​បាន​ប៉ុណ្ណា​នោះ​ឡើយ ចំពោះ​ការ​ពន្យល់​របស់​លោក ហ៊ុន សែន ព្រោះ​សូម្បី​តែ​សហជីព​ដែល​តំណាង​ឲ្យ​ថៅកែ​រោងចក្រ និង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ស្ថាប័ន​ជំនួញ​ធំៗ ដែល​ស្និទ្ធ​នឹង​របប​លោក​ក៏​សុទ្ធតែ​បាន​ថ្លែង​ពី​ក្ដី​បារម្ភ​ខ្លាំង​របស់​ខ្លួន ចំពោះ​ផល​ប៉ះពាល់​នេះ​ដែរ។គ្រាន់តែ​ផ្នែក​កម្មករ​រោងចក្រ​កាត់ដេរ​មួយ កម្មករ​រាប់​សែន​នាក់​ពឹងផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​កម្ពុជា​ចំណេញ​ការ​បង់ពន្ធ​ជិត ៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ មិនទាន់​ឃើញ​ស្ថាប័ន​ណា​មួយ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា កំណែ​ទម្រង់​ថ្មី ដែល​លោក ហ៊ុន សែន គ្រោង​ប្រកាស​នេះ អាច​ជួយ​អ្វី​បាន​ដល់​ស្ថានភាព​សេដ្ឋកិច្ច​ខ្មែរ ដែល​ពឹង​ខ្លាំង​លើ​ទីផ្សារ​សហភាព​អឺរ៉ុប​នោះ​ទេ។

ចំណែក​អ្នកវិភាគ​គោលនយោបាយ​វិញ​គ្មាន​ជំនឿ​ថា​ កំណែ​ទម្រង់​សេដ្ឋកិច្ច​នោះ​អាច​ធ្វើ​ទៅ​រួច​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​ នៅ​តែ​មាន​ភាព​ទន់ខ្សោយ​ និង​ពឹង​ពាក់​ខ្លាំង​លើ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ​និង​កម្ចី​ពី​បរទេស​នៅ​ឡើយ។ សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ការ​ទូត និង​ពិភពលោក​ នៃ​សាកល​វិទ្យាល័យ​អុកស៊ីដិនថល (Occidental College) នៅ​ទីក្រុង​ឡូស​ អែនជីឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក បណ្ឌិត អៀ សុផល លើក​ឡើង​បន្ថែម​ថា ​បញ្ហា​អំពើ​ពុក​រលួយ​ដ៏​រ៉ាំរ៉ៃ​ពី​លើ​ដល់​ក្រោម​ រឹត​តែ​ធ្វើ​ឲ្យ​កំណែ​ទម្រង់​នេះ​មិន​ជោគជ័យ។

ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ប្រទេស​ពុក​រលួយ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។នៅ​ក្នុង​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ២០១៨​ របស់​អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា​ ប្រទេស​កម្ពុជា​ជាប់លេខ​រៀង​ទី ១៦១ ពោល​គឺ​ធ្លាក់​ដល់​ជិត​បាត​តារាង ក្នុង​ចំណោម​ប្រទេស ១៨០ ឬ​ជាប់​ពិន្ទុ ២០ លើ ១០០ ដែល​ពិន្ទុ ១០០ គឺ​ស្អាតស្អំ​បំផុត និង​ពិន្ទុ ០ ពុក​រលួយ​បំផុត។

ឥឡូវ​នេះ​នាឡិកា​ម៉ោង​កំណត់​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នោះ​រំកិល​ទៅ​មុខ​ មិន​ថយ​ក្រោយ​វិញ​ទេ។សំណួរ​ គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​លោក ហ៊ុន សែន អាច​បន្ត​អូស​ក្រឡា​បាន​យូរ​ប៉ុណ្ណា​ទៀត ទម្រាំ​ដល់​ពេល​គាត់​ស៊ូ​ទ្រាំ​នឹង​សម្ពាធ​នេះ​លែង​បាន?

តាំងពី​មុន​ការ​រម្លាយ​គណបក្ស​ សង្គ្រោះ​ជាតិ​ មក​ម្ល៉េះ ​លោក​ ហ៊ុន​ សែន​ មិនមែន​មិន​ដឹង​អំពី​ផល​វិបាក​នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នោះ​ទេ។ ប៉ុន្តែ លោក ហ៊ុន សែន ច្បាស់​ជា​គិត​ថា នៅ​ទីបំផុត​យ៉ាង​ច្រើន​ធ្វើ​តាម​សំណូមពរ​អន្តរជាតិ គាត់​អាច​រួច​ខ្លួន និង​ចំណេញ​បាន​រម្លាយ​ដៃគូ​ប្រកួត និង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ។ ចំពោះ​លោក ហ៊ុន សែន ការ​ងាក​ទៅ​ធ្វើ​តាម​សហភាព​អឺរ៉ុប គឺ​គ្មាន​ខាត​បង់​អ្វី​ទាំង​អស់ សម្រាប់​លោក និង​បក្ស​កាន់​អំណាច។ ចំណុច​នេះ គឺ​វា​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹក ដែល​លោក​បាន​ប្រកាស​តាម​ហ្វេសប៊ុក​លោក កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨។

ជាពិសេស​ជាង​នេះ​ទៅ​ទៀត​ ក្រោយ​រម្លាយ​គណបក្ស​ប្រឆាំង​ លោក​ ហ៊ុន​ សែន​ អាច​បន្ត​ក្រាញ​អំណាច​យ៉ាង​ហោច​ណាស់​ ក៏​បាន​មួយ​អាណត្តិ​នេះ​ទៀត ​និង​បាន​ឆ្លៀត​ឱកាស​ដំឡើង​ឋានៈ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក​ ហ៊ុន​ ម៉ា​ណែត ឲ្យ​ឡើង​ដល់​ឧត្ដមសេនីយ៍​ផ្កាយ​បី និង​លើក​បន្តុប​តំណែង​កំពូលៗ ក្នុង​ជួរ​កងទ័ព​ឲ្យ​កូន​ប្រុស​នេះ ដើម្បី​ត្រៀម​ជើង​ព្រួល​ឲ្យ​ហើយ ងាយ​ស្រួល​បន្ត​តំណែង​ត​ពូជ​ពង្ស​វង្ស​ត្រ​កូល ហ៊ុន ពេល​អត់​ពី​លោក​ទៅ។

កូន​ប្រុស​លោក​ម្នាក់ទៀត​ គឺ​លោក​ ហ៊ុន​ ម៉ា​នី​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជា​ច្រើន ក៏​បាន​កាន់​តំណែង​ខ្ពស់​ជា​ប្រធាន​គណៈកម្មការ​រដ្ឋសភា​មួយ​ដែរ។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​កាន់​អំណាច​ក៏​បាន​ឆ្លៀត​ប្រញាប់ប្រញាល់​ដំឡើង​ឋានៈ​របស់​កូនៗ របស់​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​ ឲ្យ​កាន់​ការ​ជា​អភិបាល​ខេត្ត​ និង​តំណែង​សំខាន់ៗ ជា​ច្រើន​ផ្សេង​ទៀត​ទាន់​ឱកាស​នៅ​មាន។

ជោគជ័យ​ដ៏​សម្បើម​របស់​លោក​ ហ៊ុន​ សែន​ និង​គណបក្ស ប្រជាជន​កម្ពុជា ​មួយ​ទៀត ​គឺ​ការ​បំបាត់​ដៃគូ​ប្រកួត​ក្នុង​ឆាក​នយោបាយ​ក្រោយ​រម្លាយ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ដោយ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​បក្ស​នេះ​ចំនួន ១១៨រូប និង​រម្លាយ​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​របស់​បក្ស​នេះ​ទាំង ៥.០០៧រូប។

ស្រប​ពេល​ជាមួយគ្នា​ដែរ​របប​លោក​ ហ៊ុន​ សែន ​ក៏​ជោគជ័យ​ក្នុង​ការ​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល​ ដូចជា ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក (NDI) បិទ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជាង ៤០ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចាប់​អ្នក​សារព័ត៌មាន​ដាក់​គុក​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នកវិភាគ​មន្ត្រី​សហជីពកម្មករ​ឯករាជ្យ និង​សកម្មជន​សិទ្ធិមនុស្ស​ដីធ្លី​ បរិស្ថាន​ជា​ដើម។

ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​នេះ​ លោក ហ៊ុន សែន ប្រឹង​លេង​ល្បែង​យក​ចិត្ត​កម្មករ​រោងចក្រ​កាត់ដេរ​យ៉ាង​ចម្លែក​ និង​មិន​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ជា​មេ​ដឹក​នាំ​ក្រាញ​អំណាច​ជាង ៣០ឆ្នាំ​មក​នេះ។ ការ​លួង​ចិត្ត​កម្ម​ករ​ដោយ​ចែក​លុយ​ម្នាក់ ៥ដុល្លារ​រាល់​ពេល​ចុះ​ជួប​ម្តងៗ និង​ការ​ដំឡើង​ប្រាក់​ខែ​ខ្លះ​ធ្វើ​ឲ្យ​លោក​ ហ៊ុន​ សែន​ មាន​អំនួត​ថា​ លោក​អាច​ទិញ​ចិត្តកម្ម​ករ​បាន​ហើយ៖ «ខ្ញុំ​កំពុង​ច្បាម​នៅ​មុខ​សញ្ញា​កម្មករ​ ដែល​ខ្ញុំ​គិត​ថា​ វា​នឹង​អាច​ឱ្យ​ក្នុង​ជួរ​កម្មករ​ប្រែ​ពណ៌​ ដែល​មុន​នេះ​ បងប្អូន​យើង​គិត​ថា​ កម្មករ​ គឺ​ជា​កម្លាំង​គាំទ្រ​បក្ស​ប្រឆាំង។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ទេ ​ឥឡូវ​នេះ​ស្ថានភាព​នៅ​ក្នុង​ជួរ​កម្មករ​មាន​ការ​ប្រែ​ពណ៌​ហើយ»

ក្រោយ​បោះឆ្នោត​ភ្លាម​លោក​ ហ៊ុន​ សែន​ សម្រេចជោគជ័យ​មួយ​ថ្មីទៀត​ក្នុង​ល្បែង​ឆ្ពិន​ភ្នែក​របស់​លោក​នោះ​គឺ​ការ​បង្កើត​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ដែល​ជា​បណ្ដុំ​គណបក្ស​នយោបាយ​មិន​ជាប់​ឆ្នោត។ លោក​ ហ៊ុន​ សែន បាន​ប្រគល់​តំណែង​ស្មើ​រដ្ឋមន្ត្រី និង​ប្រាក់ខែ​ ទៅ​ឲ្យ​ប្រធាន​គណបក្ស​ទាំង​នោះ និង​បង្កើត​ឲ្យ​មាន​រូបភាព​មួយ​ទំនង​ជា​ចង់​ឲ្យ​គេ​ជឿ​ថា ក្រុម​ប្រឹក្សា​នេះ​អាច​ជំនួស​គណបក្ស​ប្រឆាំង​បាន និង​ថា កម្ពុជា​មាន​ភាព​ពហុ​និយម​ផ្នែក​គណបក្ស​នយោបាយ ព្រោះ​មាន​បក្ស​ច្រើន​ចូលរួម​ផ្ដល់​យោបល់​ដល់​របប​នេះ។

ពាក្យចាស់​លោក​ថា​ "អូស​ទូក​កុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​កុំ​ឲ្យ​ល្អក់​ទឹក"។ ប៉ុន្តែ​លោក​ ហ៊ុន​ សែន​ ជ្រើស​យក​យុទ្ធសាស្ត្រ​ ចាប់​ត្រី​បាន​មិន​ខ្វល់​រឿង​ល្អក់​ទឹក។ ចាប់​ត្រី​បាន​មានន័យ​ថា​ លោក​រម្លាយ​គណបក្ស​ សង្គ្រោះ​ជាតិ ​បាន​សម្រេច​ និង​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​ ដែល​នៅ​សេ​សល់​របស់​បក្ស​នេះ​ពិបាក​ប្រមូល​ផ្ដុំ​កម្លាំង​ដោយសារ​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ឥត​ស្រាក​ស្រាន្ត​ពី​របប​លោក​។ចំណែក​ទឹកល្អក់​វិញ​ គឺ​មានន័យថា​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​ និង​ នីតិរដ្ឋ​នៅ​កម្ពុជា​រង​ភាព​អាម៉ាស់​យ៉ាង​ដំណំ​ក្នុងចំណោម​អ្នក​និយម​ប្រជាធិបតេយ្យ​ខ្មែរ​ និង​នៅ​លើ​ឆាក​អន្តរជាតិ។

ក៏​ប៉ុន្តែ​លោក ​ហ៊ុន​ សែន ​ប្រហែល​ជា​មិន​ខ្វល់​ទៅ​នឹង​មុខ​មាត់​របស់​កម្ពុជា​នេះ​ទេ។ លោក​ខ្វល់​តែ​ការ​បន្ត​ការ​ក្រាញ​អំណាច​យូរ​ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ ព្រោះ​ចុង​ក្រោយ​លោក​អាច​ក្រឡះ​ចិត្ត​ងាក​មក​ធ្វើ​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប។ ការ​ផ្លាស់​ប្ដូរ​ចិត្ត​របស់​លោក​ ហ៊ុន​ សែន​ ពី​ដាច់​ខាត​មក​បន្ទាន់​ឥរិយាបថ​តាម​សម្ពាធ​អន្តរជាតិ​ នេះ​មិន​មែន​ជា​រឿង​អ្វី​ចម្លែក​នោះ​ទេ។ លោក​ ហ៊ុន​ សែន​ ធ្លាប់​បំពាន​ពាក្យ​សន្យា ​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ឡើង​ស៊ាំ​ជា​ទម្លាប់​ទៅ​ហើយ។ លោក​ធ្លាប់​ប្ដេជ្ញា​ កាល​ពី​ដើម​ឆ្នាំ២០០២ ថា បើ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មិន​បាន​ទេ ​លោក​សុខ​ចិត្ត​កាត់​ក្បាល​លោក​ចោល​ទៀត​ផង៖ «សុំ​សាកល​មើល​ទៅ​ បើ​មិន​គោរព​ ក៏​សុំ​សាក​បើ​មិន​ដក​យក​ព្រៃ​បិទ​រោងចក្រ​ទេ ​ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​ក្រវាត់​ចោល»។ ១៥ឆ្នាំ ក្រោយ​មក​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​កើត​ឡើង​ពេញ​បន្ទុក។ អង្គការ​អន្តរជាតិ​នៅ​ទី​ក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស​ឈ្មោះ​ ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ឬ អ៊ី​.អាយ​.អេ​(EIA​)បាន​ចេញ​របាយការណ៍​មួយ​កាលពី​ខែឧសភា​ ឆ្នាំ​ ២០១៧​ រក​ឃើញ​ថា​អាជ្ញាធរ​ពុករលួយ​នៃ​ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម​ បាន​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ឲ្យ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា នៅ​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម រួម​ទាំង​ជួយ​ប្រែ​ក្លាយ​ធ្វើ​ឈើ​ឲ្យ​ខុសច្បាប់​ទាំង​នោះ​ឲ្យ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ។

ថ្មីៗ នេះ​ទៀតសោត លោក​ប្ដេជ្ញា​ថា មិន​ជ្រលក់​មាត់​រក​លោក​ សម​ រង្ស៊ី ដើម្បី​កុំ​ឲ្យ​លោក សម រង្ស៊ី បាន​ចិត្ត។ ប៉ុន្តែ​តាំង​ពី​សន្យា​នោះ​មក​ លោក​ឆ្លើយឆ្លង​ដាក់​លោក សម រង្ស៊ី ស្ទើរ​គ្រប់​វេទិកា​សាធារណៈ។

ទោះបីជា​នៅទីបំផុត​លោក​ ហ៊ុន​ សែន​ អាច​នឹង​ប្ដូរ​ចិត្ត​មក​ធ្វើ​តាម​សហភាព​អឺរ៉ុប​ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​យ៉ាង​ណា​ក្ដី​ ក៏​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ​សហភាព​អឺរ៉ុប​ និង​សហគមន៍​អន្តរជាតិ​ នឹង​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​ក្នុង​ស្ថានភាព​ប្រយ័ត្នប្រយែង​ជាង​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។