បទ​វិភាគ៖ ហេតុអ្វី​បាន​ជា​លោក ហ៊ុន សែន ដូរ​មេដឹកនាំ​យោធា​ដាក់​ជំនួស​ដោយ​កូន​របស់​លោក?

0:00 / 0:00

របប​លោក ហ៊ុន សែន បាន​ផ្លាស់ប្ដូរ​តួនាទី​មន្ត្រី​ជាន់ខ្ពស់​យោធា​ដែល​បាន​ប្រព្រឹត្តិ​អំពើ​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​ក្នុង​របប​របស់​លោក ដ៏​គួរ​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់។

ការ​ផ្លាស់ប្ដូរ​មន្ត្រី​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​ទៅ​ស្ថាប័ន​នយោបាយ​វិញ​នេះ តាម​មើល​ទៅ​មិនមែន​ជា​ការ​ព្យួរ​តំណែង​មួយ​រយៈ ដោយសារតែ​ច្បាប់បោះឆ្នោត​រារាំង​តែ​មួយ​មុខ​នោះ​ទេ ផ្ទុយទៅវិញ​ហាក់បីដូចជា លោក ហ៊ុន សែន មាន​យុទ្ធសាស្ត្រ​រុះរើ មន្ត្រី​នៅ​កៀកកើយ​លោក​ឲ្យ​ទៅ​កាន់​ខាង​កិច្ចការ​ស៊ីវិល​វិញ ក្នុង​គោលបំណង​ដើម្បី​មាន​ឱកាស​ដំឡើង​កូនចៅ សាច់ញាតិ​លោហិត​ផ្ទាល់​របស់​លោក ឲ្យ​ទៅកាន់​តួនាទី​យោធា​ជាន់ខ្ពស់​ជំនួស​មន្ត្រី​ទាំងអស់​នោះ​វិញ ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​អំណាច​ក្រុម​គ្រួសារ​របស់​លោក​តទៅ​មុខ​ទៀត​បាន។

រដ្ឋាភិបាល​ថ្មី​មួយ​នឹង​បង្កើត​ឡើង​នៅ​ក្រោយ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ បន្ទាប់ពី​ការរៀបចំ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស ដែល​របប​របស់​លោក​បាន​រំលាយ​បក្ស​ប្រឆាំង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ។

លោក ហ៊ុន សែន ទំនងជា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​ពី​ការផ្លាស់ប្ដូរ​របៀប​ដឹកនាំ រដ្ឋាភិបាល​ជា​ទ្រង់ទ្រាយ​ថ្មី ដែល​លោក​ធ្លាប់​បាន​ប្រកាស​ជាច្រើន​ដង​រួច​ទៅ​ហើយ​ថា លោក នឹង​នៅ​តែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ហើយ​លោក​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​ពី​ការ​រុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​ដោយ​ផ្លាស់ប្ដូរ​ពី​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ជំនួស​មកវិញ ពី​ក្រុម​យុវជន​ក្មេង​ជំនាន់​ក្រោយ ដែល​ជា​បក្សពួក និង​សាច់សាលោហិត​របស់​លោក​ជា​មិនខាន។

នៅ​ពេល​នោះ មន្ត្រី​ជាន់ខ្ពស់​យោធា ដែល​អ្នកខ្លះ​ខិតខំ​ធ្វើការ​បម្រើ​របប​លោក​ជាច្រើន​ទសវត្សរ៍​មក​ហើយ ពេល​ខ្លះ ទោះ​ជា​ប្រើ​សារ​នយោបាយ ឲ្យ​ពលរដ្ឋ​ស្អប់ខ្ពើម​ខ្លួន ក៏​ពួកគេ​ហ៊ាន​ប្រើ​ដែរ ដើម្បី​បំពេញ​បំណង​លោក ហ៊ុន សែន និង​មហិច្ឆតា​របស់​ខ្លួន ឧទាហរណ៍​ដូចជា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ធ្លាប់​ប្រកាស​គំរាម​ពលរដ្ឋ​វាយ​បាក់ធ្មេញ​ចំពោះ​អ្នកណា​ហើយ ដែល​ហ៊ាន​ងើប​តវ៉ា​បាតុកម្ម​ប្រឆាំង​របប​បច្ចុប្បន្ន។ មេទាហាន​ផ្សេងទៀត ក៏​ប្រកាស​ប្ដូរ​ផ្ដាច់ ការពារ​របប​លោក ហ៊ុន សែន ដូចគ្នា​នេះ​ដែរ។

ជា​សំណង​ចំពោះ​ភក្ដីភាព​របស់​មេទាហាន​ទាំងនេះ​វិញ លោក ហ៊ុន សែន នាទី​ចុងក្រោយ បាន​ព្យួរ​ឬ​ផ្ទេរ​មុខ​ដំណែង មន្ត្រី​កំពូល​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ៣​រូប ទៅ​ឲ្យ​កូនប្រុស​លោក គឺ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ជំនិត​របស់​លោក​មួយទៀត គឺ​លោក សៅ សុខា។ ឧត្ដមសេនីយ៍​ទាំង​បី​រូប​នោះ​មាន​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផង និង ជា​នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ​ផង និង​លោក មាស សុភា ជា​អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក។

ការ​ព្យួរ​មុខតំណែង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាតិ អះអាង​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កន្លង​មក ថា ដោយសារ​អ្នក​ទាំងនោះ ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​មណ្ឌល​ផ្សេងៗ សម្រាប់​ការប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ។ ការ​ព្យួរ​តំណែង​នេះ តាមមើលទៅ​ពួកគេ​មិន​អាច​វិល​ត្រលប់​ទៅកាន់​ស្ថាប័ន​ដើម និង​កាន់​តួនាទី​ជា​មេដឹកនាំ​ជាន់ខ្ពស់​យោធា​វិញ​ឡើយ។

នរណា​ក៏​ដឹង​ដែរ​ថា ឧត្ដមសេនីយ៍​ទាំងនេះ​ខិតខំ​ធ្វើ​កិច្ចការ​សព្វបែបយ៉ាង ដើម្បី​ការពារ​ក្រុម​គ្រួសារ និង​របប​លោក ហ៊ុន សែន ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ។ លើស​ពី​នេះ​ឧត្ដមសេនីយ៍​ទាំងនោះ ជាប់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អាក្រក់​លើ​ពិភពលោក​ទៀត ដោយសារតែ​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស ក្នុង​នោះ​មានការ​បង្ក្រាប និង​ការ​បាញ់​សម្លាប់​មនុស្ស ជាក់ស្ដែង​ឧត្ដមសេនីយ៍​ទាំង ៣​នាក់ ក្នុង​ចំណោម​ឧត្ដមសេនីយ៍ ១២​រូប ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​របាយការណ៍​ស្ដីពី «បុគ្គល​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់​១២​រូប​របស់​កម្ពុជា៖ ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរអង្វែង​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​លោក ហ៊ុន សែន»។ របាយការណ៍​នេះ លាតត្រដាង​ឲ្យ​ឃើញ​ថា កម្ពុជា​កាន់តែ​ប្រែក្លាយ​ទៅ​រក​របប​ផ្ដាច់ការ និង​ការដឹកនាំ​បែប​ឯក​បក្ស ដោយសារតែ​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់​ទាំង​១២​រូប ក្នុង​ជួរ​កងកម្លាំង​សន្តិសុខ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើជា​ខ្នងបង្អែក​នៃ​របប​នយោបាយ​មួយ​ពោរពេញ​ទៅ​ដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​មាន​ចរិត​ផ្ដាច់ការ​និយម។ ក្នុង​ចំណោម​ឧត្ដមសេនីយ៍​ទាំង ១២​នាក់​នោះ ក៏​មាន លោក គន់ គីម លោក ប៉ុល សារឿន និង​លោក មាស សភា ដែល​ទើប​ព្យួរ​តំណែង ហើយ​ទៅ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្រោយ​ពេល​របាយការណ៍ ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​ខែ​មិថុនា លោក ហ៊ុន សែន ហាក់​បង្ហាញ​កាយវិការ ការពារ​ឧត្ដមសេនីយ៍​ទាំងនោះ ដោយ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ​ឆ្លើយតប​ទៅ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​វិញ ហើយ​អះអាង​ថា ឧត្ដមសេនីយ៍​ទាំងនោះ​ជាមួយ​មន្ត្រី​ស្អាតស្អំ៖ «ត្រឹមតែ​១២​នាក់​វា​មិន​គ្រប់​ទេ គិត​ទាំង​ទាហាន និង​ប៉ូលិស​មាន​១៦​ម៉ឺន​នាក់ អ្នកឯង​ដាក់​ទាំងអស់​ទៅ ព្រោះ​ថ្ងៃមុន​ខ្ញុំ​និយាយ​តែ​ទាហាន​ទេ ដាក់ ប៉ុល សារឿន ដាក់ សៅ សុខា ដាក់​ហ៊ីង ប៊ុនហៀ​ង ដាក់​ផេះ​អី​ប៉ុណ្ណឹង​ ? ដាក់​ទាំងអស់​ហ្មង​ទៅ»។

លោក ហ៊ុន សែន ថែម​ទាំង​ទាញ​ភ្ជាប់​កងកម្លាំង​យោធា និង​នគរបាល​ទាំងអស់​ទៅ​នឹង​រឿង​មន្ត្រី​បាតដៃ​កខ្វក់​នេះ ទំនងជា ហាក់​ចង់​បញ្ឆេះ​កំហឹង​កងកម្លាំង​ទ័ព និង​នគរបាល​ទាំងអស់ របស់​ជាតិ​ឲ្យ​ខឹង​អង្គការ​អន្តរជាតិ​មួយ​នេះ ហើយក៏​អាច​ដើម្បី​លួង​ចិត្ត​ឧត្ដមសេនីយ៍​ទាំង​១២​រូប ដែល​ជាប់​ឈ្មោះ​អាក្រក់​ដោយសារតែ​ការពារ​អំណាច​លោក​នោះ​ផង។ ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​បែបនេះ នឹង​មិន​ជោគជ័យ​ឡើយ លោក ហ៊ុន សែន ហាក់​ភ្លេចខ្លួន​ថា ឧត្ដមសេនីយ៍​ទាំងអស់ និង​យោធា នគរបាល​ជាច្រើន​ទៀត​របស់​ជាតិ ពួកគាត់​ក៏​មាន​ទឹកចិត្ត​ស្នេហា​ជាតិ និង​ជា​មនុស្ស​ស្មោះត្រង់​នឹង​ជាតិ​ដែរ។ រីឯ​កងទ័ព នគរបាល​មួយ​ចំនួន​ធំ​ទៀត ខិតខំ​ធ្វើការ​បម្រើ​ជាតិ អ្នកខ្លះ​ទៀត​ហ៊ាន​ពលី​ជីវិត នៅ​សមរភូមិ មិនបាន​ឡើង​បុណ្យ​ស័ក​ឡើយ ផ្ទុយ​ទៅវិញ ប្រាក់​បៀវត្សរ៍​ក៏​តិច ពេលខ្លះ​បើក​មិន​ទៀងទាត់ ពេល​ខ្លះ​ថ្នាក់​លើ​កាត់​ប្រាក់ខែ​ទៀត នេះ​បើ​យោង​តាម​ការ​ត្អូញត្អែរ​ពី​មេទាហាន នគរបាល​កន្លងមក។

ផ្ទុយទៅវិញ បើសិនជា​មិនមែន​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​អំណាច​ក្រុម​គ្រួសារ​លោក​ទេ​នោះ តាម​មើល​ទៅ លោក​មិនមែន​យក​តួនាទី​របស់​ឧត្ដមសេនីយ៍​ទាំងនោះ ទៅ​ប្រគល់​ជូន​កូន​របស់​លោក និង មនុស្ស​ជំនិត​របស់​លោក​ដូច្នេះ​ទេ។ ការ​ពង្រឹង​អំណាច​របស់​ខ្លួន និង​ក្រុម​គ្រួសារ​នេះ លោក ហ៊ុន សែន បាន​រៀប​សេណារីយូ ដក​សិទ្ធិ​អំណាច​មន្ត្រី​គ្រាក់ៗ នៅ​ក្បែរ​លោក​បន្តិច​ម្ដងៗ ជាក់ស្ដែង​ដូចជា​លោក​ឧត្ដមសេនីយ៍ គន់ គីម ដែល​ធ្លាប់​ជា​មន្ត្រី​មានអំណាច​ផ្អៀង​ផែនដី​នោះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​ហាក់បីដូចជា​គ្មាន​ឥទ្ធិពល​ខ្លាំង​ដូច​កាលពីមុន​ឡើយ តាំងពី​មុន​ពេល​ព្យួរ​តួនាទី​លោក​មក​ម្ល៉េះ។

លោក​បណ្ឌិត កែម ឡី ធ្លាប់​លើកឡើង​ក្នុង​បទ​វិភាគ​របស់​លោក​កន្លង​មក ដោយ​ប្រៀបធៀប​លោក​នាយករដ្ឋមន្ត្រី​ថា ជា​ខ្លា ហើយ​ថា​អ្នក​ដែល​នៅ​ក្បែរៗ​នឹង​ខ្លា​នោះ មិន​ប្រាកដ​ថា​ជា​អ្នក​ពេញចិត្ត​ខ្លា​នោះ​ឡើយ៖ «នៅ​ពេល​យើង​មើល​ឃើញ ឧទាហរណ៍​ទ្រង់​ខ្លា​មួយ​នៅ​ពេល​យើង​មើល​ឃើញ​ខ្លា​ស៊ី​ស្វា ស៊ី​សត្វ​ច្រើន​នៅ​ក្នុង​ហ្នឹង សូម្បី​យើង​មើល​ឃើញ​ពី​ចម្ងាយ​ក៏​យើង​ខ្លាច​ដែរ ចុះ​ល្មម​ដល់​សត្វ​នៅ​ក្បែរៗ​ហ្នឹង គឺ​សត្វ​ដែល​នៅ​ក្បែរៗ​ខ្លា គឺ​រងគ្រោះ​ជាង​ហើយ​នៅ​ឆ្ងាយ​ទៅទៀត»។

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន​ក៏​បង្កើត​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ច្បាប់​នេះ មាន​សិទ្ធិ​អំណាច ក្នុង​ការ​តែងតាំង និង​ដក​តួនាទី រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ ទោះបីជា​ច្បាប់​នេះ​រង​ការរិះគន់ និង​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាងណាក្ដី។

នៅ​ត្រង់​ចំណុច​នេះ នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន មិនមែន​ត្រឹមតែ​លោក រិះរក​វិធី​គ្រប់​បែប​យ៉ាង ដើម្បី​បន្សាប​ឥទ្ធិពល ឬ​រំលាយ​ក្រុម​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ សូម្បីតែ​សែស្រឡាយ អតីត​មេ​បក្ស​របស់​លោក គឺ លោក ជា ស៊ីម ក៏​លោក​បន្សាប​ឥទ្ធិពល​ដែរ។ លោក ហ៊ុន សែន បាន​ដក​តួនាទី លោក កែ គឹមយ៉ាន ពី​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ទៅជា​ប្រធាន​អាជ្ញាធរ​ជាតិ​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ​២០០៩។ លោក បាន​ថ្លែង​ក្រោយពី​ដក​តួនាទី​លោក កែ គឹមយ៉ាន ភ្លាមៗ​ថា ជា​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ប្រកបដោយ​ឆន្ទៈ​នយោបាយ​មោះមុត។ បន្ទាប់​មក​ទៀត នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១១ តុលាការ​របស់​លោក ក៏​ចាប់ខ្លួន លោក​ឧត្តមសេនីយ៍​ផ្កាយ​បី ឈឿន ចាន់ថន ប្រធាន​កង​អង្គរក្ស​លោក ជា ស៊ីម និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ចោទប្រកាន់​ជាច្រើន​ករណី ដូចជា​កាន់កាប់​អាវុធ​ខុសច្បាប់ ចែកចាយ​អាវុធ រំលោភ​សេចក្ដី​ទុកចិត្ត និង​ករណី​ផ្សេងៗ​ទៀត។ ដែល​សំណុំរឿង​ខ្លះ តុលាការ​ផ្ដន្ទាទោស ៧​ឆ្នាំ ១០​ឆ្នាំ និង​សំណុំរឿង​ខ្លះ​ទៀត ជាង​២០​ឆ្នាំ​ជាដើម។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន បាន​បន្សាប​ឥទ្ធិពល​លោក ស ខេង ដែល​លោក​ជា​ប្អូនថ្លៃ​លោក ជា ស៊ីម បន្តិច​ម្ដងៗ​ដែរ តាមរយៈ​ចាប់​យក​អភិបាលខែត្រ​ទាំងអស់ ដែល​នៅ​ក្រោម​ចំណុះ​របស់​ក្រសួង​មហាផ្ទៃ​នោះ មក​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក ដើម្បី​បន្សាប​ឥទ្ធិពល​របស់​លោក ស ខេង ផង និង​ដើម្បី​ឲ្យ​លោក​ងាយ​គ្រប់គ្រង និង​ក្ដោប​ក្ដាប់​អភិបាលខែត្រ​ទាំងនោះ​ដោយ​ផ្ទាល់ ក្នុង​នោះ លោក​ក៏​មាន​សិទ្ធិ​ក្នុង​ការ​លើក​បន្តុប​អ្នកណាម្នាក់​ទៅជា​អភិបាលខែត្រ ឬ​ដក​ចេញពី​តួនាទី​ពី​អភិបាល​ខែត្រ​វិញ​ដែរ។

ជាង​នេះ​ទៅ​ទៀត តាមមើលទៅ តួនាទី​របស់​លោក ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នេះ ក៏​មិន​អាច​នៅ​គង់វង្ស​បាន​យូរ​អង្វែង​ដែរ លោក ហ៊ុន សែន ប្រហែលជា​នឹង​អាច​ដំឡើង​លោក ស ខេង ឲ្យ​កាន់តែ​ខ្ពស់ នៅ​ក្រោយ​ពី​បង្កើត​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦​នេះ ក្រោម​រូបភាព​ធ្វើ​កំណែ​ទម្រង់ និង​លើកទឹកចិត្ត។ លោក ស ខេង អាច​នឹង​ទៅកាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​វិញ​ក៏​ថា​បាន នៅ​គ្រា​ដែល​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ទៀត លោក សាយ ឈុំ ជា​ប្រធាន​ព្រឹទ្ធសភា​រួចទៅ​ហើយ​នោះ។ រីឯ​លោក ហេង សំរិន អាច​នឹង​ត្រូវ​ដំឡើង​ទៅជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជាដើម។ ហើយ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ហ៊ុន សែន នឹង​តែងតាំង ក្មួយ​ប្រសា​របស់​លោក​គឺ​លោក នេត សាវឿន ជំនួស​លោក ស ខេង រី​ឯ​កូន​ប្រសារ​របស់​លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​របស់​លោក ហ៊ុក ឡង់ឌី នោះ នឹង​ត្រូវ​តែងតាំង​ជា​អគ្គស្នងការ​នគរបាល​ជាតិ​វិញ​ក៏​ថា​បាន។

ចំពោះ​តួនាទី​លោក ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វិញ ក៏​នឹង​អាច​ផ្លាស់ប្ដូរ​ដែរ តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នេះ តាមមើលទៅ​គ្មាន​អ្នកណា​ក្រៅពី​កូន​សំណព្វ​ចិត្ត​របស់​លោក គឺ លោក ហ៊ុន ម៉ាណែត នោះ​ឡើយ ដើម្បី​ឲ្យ​សាធារណជន​មើល​ឃើញ​ពី​ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ស្ថាប័នរដ្ឋ ដែល​ធ្លាប់តែ​ដឹកនាំ​ដោយ​ក្រុម​មនុស្ស​មាន​វ័យ​ចំណាស់ ជំនួស​មកវិញ​ដោយ​ក្រុម​មនុស្ស​វ័យក្មេង​ឈាម​ថ្មី ដែល​ចេញពី​វង្ស​ត្រកូល​លោកនាយក​រដ្ឋមន្ត្រី។

នៅ​ពេល​នោះ អំណាច​ទាំងមូល​នឹង​នៅ​ក្នុង​កណ្ដាប់ដៃ លោក ហ៊ុន សែន ហើយ​លោក​ក៏​នឹង​កាត់​បន្ថយ​ការ​ភ័យខ្លាច អំពី​ការបះបោរ​ណាមួយ​ពី​ក្រុម​ផ្ទៃក្នុង​បក្ស​របស់​លោក ឬ​ហៅថា ដង្កូវ​ផុស​ចេញ​ពី​ក្នុង​សាច់​ក៏​ថា​បាន ព្រោះថា​កន្លងមក លោក ហ៊ុន សែន តែងតែ​គំរាម​ថា បើ​អត់​ពី​លោក​នឹង​មាន​សង្គ្រាម​នោះ ទំនងជា​លោក​ព្រួយបារម្ភ​មាន​ចលនា​ងើប​បះបោរ​ពី​ក្រុម​នៅ​ជួរ​បក្ស​របស់​លោក​ក៏​ថា​បាន ព្រោះ​ក្រុម​បក្ស​ប្រឆាំង ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​សហគមន៍​រងគ្រោះ​ផ្សេងទៀត គ្មាន​អាវុធ​នៅ​ដៃ ដូច​ពី​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឡើយ។

អ្វី​ដែល​ជា​គោលបំណង​ធំ ដែល​លោក ហ៊ុន សែន រៀបចំ​សេណារីយូ នយោបាយ​បែបនេះ គឺ​លោក​ចង់​ទាញ​ប្រទេស​កម្ពុជា​ទៅជា​របប​យោធា និង​ក្រុម​គ្រួសារនិយម មិន​ខុស​ពី​របប​កុម្មុយនិស្ត​កូរ៉េខាងជើង ដែល​តំណែង​ឪពុក​នឹង​ត្រូវ​រក្សាទុក​បន្ត​ឲ្យ​កូន​នោះ​ឡើយ។ ហើយ បញ្ហា​សំខាន់​លោក​ចង់​ឲ្យ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​កម្ពុជា​បន្ត​ពី​លោក តែ​លោក​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ការពារ​អំណាច​នេះ​ឲ្យ​បាន​រឹងមាំ​ជា​មុន​សិន ដោយ​លោក​ក្ដោប​ក្ដាប់​ប៉ូលិស ទាហាន បាន​ទាំងស្រុង ហើយ​រយៈពេល​ពីរ​អាណត្តិ​ទៀត តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​នេះ នឹង​ប្រគល់​ជូន​លោក ហ៊ុន ម៉ាណែត ដូច​ដែល​លោក​ធ្លាប់​អះអាង​ជាច្រើនលើក​ថា លោក​ត្រូវ​ការ​ដឹកនាំ​ប្រទេស តែ​ពីរ​អាណត្តិ​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។