បទវិភាគ៖ ឥទ្ធិពល"អំណាចទន់"របស់មហាអំណាចចិនក្នុងប្រទេសអាស៊ាន CLMV
2015.11.19
ការងើបឡើងរបស់មហាយក្សអាស៊ី-ចិន ក្នុងឆាកនយោបាយពិភពលោក បានបង្កអោយមានការព្រួយបារម្ភពីសំណាក់មហាអំណាចផ្សេងទៀត និងជាពិសេសពីសំណាក់ប្រទេសក្នុងតំបន់អាស៊ីជិតខាងរបស់ខ្លួន។
ដោយឡែកសម្រាប់ប្រទេសក្រីក្រមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ តួយ៉ាងដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ហាក់ស្វាគមន៍ចំពោះការងើបឡើងរបស់មហាអំណាចថ្មីមួយនេះ និងខិតខំបង្កើនកិច្ចសហប្រតិបត្តិការអោយកាន់តែស្អិតល្មួតលើគ្រប់វិស័យតាមតែអាចធ្វើបាន។ ផ្ទុយពីមហាអំណាចពិភពលោកផ្សេងទៀតដែលតែងតែប្រើប្រាស់កម្លាំងយោធា និងសព្វាវុធទំនើបៗធ្វើសង្គ្រាម ដើម្បីពង្រីកឥទ្ធិពល និងផលប្រយោជន៍ជាតិរបស់ខ្លួន មហាអំណាចចិន ជ្រើសរើសការប្រើ "អំណាចទន់" ជាជាងការប្រើធម៌ក្ដៅដើម្បីអន្ទង និងបញ្ចុះបញ្ចូលប្រទេសដទៃទៀត អោយធ្វើកិច្ចសហប្រតិបត្តិការជាមួយខ្លួនក្នុងគោលបំណងសម្រេចអោយបាននូវផលប្រយោជន៍ដែលមហាអំណាចមួយនេះចង់បាន។
តើអ្វីជា "អំណាចទន់”? ហើយមានកត្តាអ្វីខ្លះដែលធ្វើអោយ "អំណាចទន់" របស់ចិន ទទួលបានជោគជ័យនៅក្នុងបណ្ដាប្រទេសអាស៊ាន៤ ស៊ី.អិល.អឹម.វី (CLMV) (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)?
នយោបាយវិទូអាមេរិក លោក ហ្សូសេហ្វ ណៃយ៍ (Joseph Nye) បានអោយនិយមន័យ "អំណាចទន់" ដែលភាសាអង់គ្លេសហៅថា “soft power” ជាសមត្ថភាពរបស់រដ្ឋមួយប្រើប្រាស់ដើម្បីបានទទួលនូវផលប្រយោជន៍ដែលប្រទេសខ្លួនចង់បានដោយប្រើការបញ្ចុះបញ្ចូល ឬការទាក់ទាញដោយគ្មានការបង្ខិតបង្ខំ តាមរយៈវប្បធម៌តម្លៃនយោបាយ និងគោលនយោបាយ ដោយចៀសឆ្ងាយពីការប្រើប្រាស់ចុងអាវុធ ឬការហ៊ុមព័ទ្ធសេដ្ឋកិច្ចជាដើម។
ក្នុងបរិបទអាស៊ី "អំណាចទន់" របស់ចិន មិនផ្ដោតលើវិស័យយោធា និងសន្តិសុខជាតិដូចមហាអំណាចដទៃឡើយ ប៉ុន្តែមហាអំណាចមួយនេះផ្ដោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា វិស័យវប្បធម៌ វិស័យការទូត និងសេដ្ឋកិច្ច ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងឆាកអន្តរជាតិ។និយាយដោយខ្លី "អំណាចទន់" របស់ចិន គឺជាសមត្ថភាពដែលជះឥទ្ធិពលលើគោលនយោបាយរបស់បណ្ដាប្រទេសផ្សេងទៀត ដោយបង្កើតនូវរបៀបវារៈ និងលក្ខខណ្ឌដែលបម្រើដល់ប្រយោជន៍ប្រទេសចិន។
ក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ានទាំង៤ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) មហាអំណាចចិន ហាក់ទទួលបានជោគជ័យជាងមហាអំណាចពិភពលោកផ្សេងទៀតក្នុងការអន្ទងអោយបណ្ដាប្រទេសទាំងនេះអោយធ្វើកិច្ចសហប្រតិបត្តិការជាមួយខ្លួន។ ភាពជោគជ័យនេះ អាស្រ័យលើកកត្តាសំខាន់ចំនួន ៣ គឺកត្តាភូមិសាស្ត្រ កត្តាប្រព័ន្ធនយោបាយ និងឥទ្ធិពលសហគមន៍ចិន ក្នុងប្រទេស។
មហាអំណាចចិន និងប្រទេស ស៊ី.អិល.អឹម.វី (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) ជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។ កត្តាភូមិសាស្ត្រនេះ បានផ្ដល់នូវភាពងាយស្រួលក្នុងការបញ្ជ្រាប "អំណាចទន់" របស់ចិន។ លើសពីនេះ ប្រទេសទាំងប្រាំមានសរសៃឈាមដ៏សំខាន់មួយផ្សារភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយ មិនអាចកាត់ផ្ដាច់បាននោះ គឺទន្លេមេគង្គ ដែលភ្ជាប់ផ្នែកខាងលើពីប្រទេសចិន រហូតដល់ប្រទេសវៀតណាម ផ្នែកខាងក្រោម។ ទន្លេមេគង្គមិនត្រឹមគ្រាន់តែជាសរសៃឈាមផ្សារភ្ជាប់ប្រទេសនឹងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកនៃកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំង៥។
បន្ថែមលើនេះទៅទៀត កត្តាប្រព័ន្ធនយោបាយ និងវប្បធម៌នយោបាយរបស់បណ្ដាប្រទេសអាស៊ាន៤ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) មានលក្ខណៈប្រហាក់ប្រហែលប្រព័ន្ធនយោបាយចិន ពោលគឺក្នុងបណ្ដាប្រទេសទាំងនេះស្ថិតនៅក្នុងអន្តរកាលប្រជាធិបតេយ្យ និងសង្គមនិយម។ ឧទាហរណ៍ នៅកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រីកាន់អំណាចតាំងពីឆ្នាំ១៩៨៥។ នៅប្រទេសឡាវ និងវៀតណាម គ្រប់គ្រងប្រទេសដោយប្រព័ន្ធឯកបក្ស គឺគណបក្សបដិវត្តន៍ប្រជាជនឡាវ និងគណបក្សកុម្មុយនិស្តវៀតណាម។ ចំណែកមីយ៉ាន់ម៉ា រដ្ឋាភិបាលគ្រប់គ្រងដោយរបបយោធានិយមតាំងពីឆ្នាំ១៩៦២ រហូតដល់បច្ចុប្បន្ន។ ភាពប្រហាក់ប្រហែលនៃប្រព័ន្ធនយោបាយ និងវប្បធម៌នយោបាយរបស់បណ្ដាប្រទេស ស៊ី.អិល.អឹម.វី (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) និងប្រទេសចិន គឺជាកត្តានាំអោយប្រទេសទាំងនេះខិតជិតរកគ្នាដោយពុំមានរបាំងផ្នែកនយោបាយ។ ឥទ្ធិពលសហគមន៍ចិន ក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងការផ្សព្វផ្សាយវប្បធម៌ ពង្រីកឥទ្ធិពលមហាអំណាចនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងប្រទេស ស៊ី.អឹម.អិល.វី។
ស្ថិតិរបស់សព្វវចនាធិប្បាយពិភពលោកថ្មី (New world encyclopedia) បង្ហាញថា មានប្រជាជនចិន ប្រមាណជាង ៣,៨លាននាក់ កំពុងរស់នៅក្នុងបណ្ដាប្រទេសអនុតំបន់អាស៊ានទាំង ៤ ដែលក្នុងនោះ មិនទាន់ទាំងរាប់បញ្ចូលអ្នកជាប់សែស្រឡាយចិន នៅឡើយ។ ប្រជាជនចិន ដែលរស់នៅក្នុងប្រទេសទាំងនេះ បានចូលរួមលើកស្ទួយវប្បធម៌ និងឥទ្ធិពលចិន អោយកាន់តែទូលំទូលាយ ស្របពេលដែលប្រជាជនម្ចាស់ស្រុកហាក់ទទួលយកវប្បធម៌ចិន ដោយពេញចិត្តពុំមានទំនាស់នឹងវប្បធម៌ខ្លួន។
ក្រៅពីកត្តាសំខាន់ទាំង៣ នេះ ដើម្បីពង្រីកនូវឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម មហាអំណាចចិន បានប្រើប្រាស់នូវគោលការណ៍ "ការទូត ក ៣" ដែលរួមមាន៖ ក.ទី១ ការទូតវប្បធម៌ ក.ទី២ ការទូតសេដ្ឋកិច្ច និង ក.ទី៣ ការទូតបែបប្រពៃណី។
ក.ទី១ ការទូតវប្បធម៌
អ្នកដឹកនាំចិន រាប់តាំងពីប្រធានាធិបតី ហូ ជីនតាវ (Hu Jintao) រហូតដល់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយវប្បធម៌របស់ខ្លួននៅក្នុងពិភពលោក។ ជាក់ស្ដែង តាំងពីឆ្នាំ២០០៦ រដ្ឋាភិបាលចិន បានអនុម័តផែនការអភិវឌ្ឍវប្បធម៌ ដោយលើកទឹកចិត្តអោយប្រព័ន្ធផ្សព្វផ្សាយ រួមមានការសំដែងសិល្បៈ ភាពយន្តជាដើម ពង្រីកអោយកាន់តែទូលំទូលាយវប្បធម៌ចិន ក្នុងតំបន់និងក្នុងពិភពលោក។ បន្ថែមលើនេះទៅទៀត រដ្ឋាភិបាលចិន បានចំណាយថវិកាជាតិជាង ១២,៣ប៊ីលានយន់ ដើម្បីឧបត្ថម្ភដល់សកម្មភាពវប្បធម៌ចិន នៅឆាកអន្តរជាតិ។ ក្នុងនោះការកសាងវិទ្យាស្ថាន ខុង ជឺ នៅតាមបណ្ដាប្រទេសនៅទូទាំងពិភពលោកក៏ដើរតួយ៉ាងសំខាន់ផងដែរ ក្នុងការផ្សព្វផ្សាយវប្បធម៌ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រចិន។
ក.ទី២ ការទូតសេដ្ឋកិច្ច
ប្រទេសអាស៊ាន៤ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) សុទ្ធតែជាប្រទេសដែលឆ្លងកាត់ការហែកហួរដោយសង្គ្រាម ហើយបណ្ដាប្រទេសទាំងនេះបានផ្លាស់ប្ដូរពីរបបសេដ្ឋកិច្ចផែនការមកកាន់របបសេដ្ឋកិច្ចទីផ្សារសេរី។ កត្តានេះចៀសមិនផុតចាំបាច់ត្រូវការជំនួយសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ដែលក្នុងនោះមហាអំណាចចិន បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសក្រីក្រទាំងនេះ តាមរយៈជំនួយគ្មានលក្ខខណ្ឌផ្សារភ្ជាប់នឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេស។ ដើម្បីពង្រីកឥទ្ធិពលជាមហាអំណាចពិភពលោក ចិនបានប្រើប្រាស់ការផ្ដល់ជំនួយសេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសក្រីក្រដើម្បីលើកស្ទួយកិត្យានុភាពជាតិ។
ជាឧទាហរណ៍ ជំនួយរបស់លោកខាងលិចផ្ដោតលើលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការធ្វើអោយប្រសើរឡើងលើបញ្ហាសិទ្ធិមនុស្ស។ ដោយឡែកចិន គោរពគោលការណ៍អធិបតេយ្យភាព មិនជ្រៀតជ្រែកនយោបាយផ្ទៃក្នុង និងផ្ដល់ជំនួយដោយគ្មានចំណង ឬកម្ចីដែលមានការប្រាក់ទាប។ ជាឧទាហរណ៍ មីយ៉ាន់ម៉ា បានទទួលជំនួយដ៏សន្ធឹកសន្ធាប់ពីចិន ដែលមានទំហំទឹកប្រាក់ប្រមាណ ២ប៊ីលានដុល្លារដល់របបយោធានិយមតាំងពីឆ្នាំ១៩៨៨ ហើយចិន សន្យាផ្ដល់ប្រាក់កម្ចីប្រមាណ ៥ប៊ីលានដុល្លារក្នុងការវិនិយោគលើគម្រោងវារីអគ្គិសនី ការរុករកប្រេងកាត និងឧស្ម័ន និងគម្រោងកសិកម្មជាច្រើនទៀត។ ដោយឡែកនៅកម្ពុជា ដែលជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរបស់ចិន បានទទួលជំនួយប្រមាណ ២,៨៥ប៊ីលានដុល្លារតាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៤ ដែលភាគច្រើនផ្ដោតលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យយោធា។
ក.ទី៣ ការទូតបែបប្រពៃណី
ក្នុងទំនាក់ទំនងការទូតរវាងប្រទេសចិន និង អាស៊ាន ៤ មានពីរកម្រិត គឺកម្រិតទ្វេភាគី និងពហុភាគី។ កិច្ចសហការកម្រិតទ្វេភាគីនិងពហុភាគី មហាអំណាចចិន តែងបង្ហាញនូវភាពជិតស្និទ្ធ និងភាពកក់ក្ដៅតាមរយៈការគោរពក្នុងភាពជាដៃគូដោយមិនគិតថា ប្រទេសតូច ឬប្រទេសធំជាមួយសមភាគីរបស់ខ្លួន។ ជាក់ស្ដែង មេដឹកនាំចិន ធ្វើទស្សនកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ញឹកញាប់ជាងមន្ត្រីជាន់ខ្ពស់ប្រទេសលោកខាងលិច ដូចជា អាមេរិក ជាដើម។ ក្នុងន័យម្យ៉ាងទៀត ក្នុងទំនាក់ទំនងការទូតជាមួយប្រទេសចិន មេដឹកនាំអាស៊ានទាំង ៤ទទួលបានការគោរពពីសំណាក់មេដឹកនាំចិន ជាងសមភាគីប្រទេសលោកខាងលិចរបស់ខ្លួន។ ខុសពីសហរដ្ឋអាមេរិក ដែលតែងតែលើកយកបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ាន៤ ប្រទេសចិន រក្សាជំហរអព្យាក្រឹត ដោយមិនជ្រៀតជ្រែកក្នុងនយោបាយរបស់ប្រទេសជាដៃគូរបស់ខ្លួន។ ជាពិសេសជាងនេះទៅទៀត ជោគជ័យ "អំណាចទន់" របស់ប្រទេសចិន នៅក្នុងអនុតំបន់នេះ ដោយសារប្រទេសចិន និងអាស៊ានទាំង ៤ មានចំណុចប្រហាក់ប្រហែលគ្នា គឺ "តម្លៃអាស៊ី" ដូចគ្នា៕