បទវិភាគ៖ ហេតុផលដែលបង្ហាញថា ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ គឺមិនមែនដើម្បីប្រយោជន៍ជាតិ
2021.10.17
សេចក្តីព្រាងច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នជាតិកំពូល ដែលបង្កើតឡើងតាមរយៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកជាការប្រញាប់។តើការប្រញាប់ប្រញាល់កែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយនេះ ធ្វើឡើងដើម្បីប្រយោជន៍ជាតិ ឬដោយសារគំនុំបុគ្គល និងភាពអត្មានិយមនៃមេដឹកនាំខ្មែរ?
ការកែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល និងដែលត្រូវធ្វើឡើងយ៉ាងតក់ក្រហល់ ក្នុងកាលៈទេសៈនេះ ទំនងជាមិនមែន ធ្វើឡើងដើម្បីប្រយោជន៍ជាតិពិតប្រាកដនោះឡើយ។ តទៅនេះ គឺជាទឡ្ហីករណ៍ ឬសម្អាងហេតុ ដែលគាំទ្រដល់ការយល់ឃើញខាងលើ។
ទីមួយ៖ ក្នុងពេលនេះ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាព ដ៏លំបាកលំបិនបំផុតផ្នែកសេដ្ឋកិច្ច និងសង្គម ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។
កំណើនសេដ្ឋកិច្ចកម្ពុជាដែលធ្លាប់កើនដល់ ៧ ភាគរយប្រចាំឆ្នាំ បានធ្លាក់មកក្រោមសូន្យ និងត្រូវការច្រើនឆ្នាំទម្រាំស្តារបានមកវិញ។វិស័យទេសចរណ៍ ក៏ដាំក្បាលចុះដល់ចំណុចសូន្យដែរ។ ជិតពីរឆ្នាំមកនេះ រដ្ឋខ្សោះអស់ថវិកា ទាំងថវិកាបម្រុង ដែលតម្រូវឲ្យរដ្ឋកាត់បន្ថយថវិកាជាតិ សម្រាប់ការចំណាយទូទៅពាក់កណ្តាល។ ប្រជាពលរដ្ឋរាប់លាននាក់បាត់បង់មុខរបរ ការងារ និងប្រភពរកប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ស្របពេលដែលពួកគាត់ជំពាក់បំណុលធនាគារវ័ណ្ឌក។
មិនថាអ្នកនៅក្នុងស្រុកទេ ដែលជួបបញ្ហា ពលករចំណាកស្រុកជិត ២ លាននាក់ ក៏ជួបបញ្ហាលំបាកនេះដែរ។ ពលករជាង ២ម៉ឺននាក់ ឆ្លងជំងឺកូវីដ-១៩ និងមិនទទួលបានការយកចិត្តទុកដាក់ថែទាំសុខភាពពេញលេញពីអាជ្ញាធរប្រទេសថៃ និងអាជ្ញាធរកម្ពុជានោះទេ។ ពលករជាច្រើនសម្រុកមកកម្ពុជាវិញ។ ប៉ុន្តែ ដោយសារគ្មានការងារធ្វើនៅក្នុងស្រុក ពួកគាត់ត្រូវប្រថុយប្រថានឆ្លងដែនទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ទាំងប្រទេសថៃកំពុងតែផ្ទុះជំងឺកូវីដ-១៩ ខ្លាំង។
ក្នុងពេលជាមួយគ្នានេះ អង្គការយូនីសេហ្វ (UNICEF) បានព្រមានកាលពីដើមខែ តុលា ថាកុមារ និងយុវជនខ្មែរជាច្រើន មានបញ្ហាសុខភាពផ្លូវចិត្ត ដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ដែលតម្រូវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ។
បញ្ហាចំពោះមុខទាំងអស់នេះ ត្រូវការដោះស្រាយជាបន្ទាន់ ប៉ុន្តែមិនមានការពាក់ព័ន្ធអ្វីសូម្បីតែបន្តិច ទៅនឹងភាពបន្ទាន់ និងចាំបាច់នៃការកែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ញាតិតែមួយនេះទេ។
ទីពីរ៖ ទោះបីរបបក្រុងភ្នំពេញ ខំប្រឹងបង្ហាញរូបភាពនៃការយល់ស្រប និងស្រុះគ្នាតាមគំនិតរបស់លោក ហ៊ុន សែនក្តី ក៏កម្ពុជានៅពេលនេះ ពុំមានឯកភាពជាតិនោះទេ ព្រោះគណបក្សប្រជាជនកម្ពុជា បានរម្លាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិត ៣ លាននាក់ ឬស្មើនឹងជិតពាក់កណ្តាលប្រទេស។ ក្រោយរម្លាយគណបក្សប្រឆាំងដ៏ធំជាងគេនេះចោល កម្ពុជាបានក្លាយជារបបឯកបក្ស ទាំងរដ្ឋាភិបាល និងស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។
គណបក្សប្រជាជនកម្ពុជា ខំប្រឹងកៀរគររកអ្នកគាំទ្ររបស់ខ្លួន ឲ្យជួយចេញញ្ញត្តិគាំទ្រលោក ហ៊ុន សែន។ សេចក្តីណែនាំឲ្យចេញញ្ញត្តិគាំទ្រនោះ បានស្នើឲ្យមន្ទីរ និងក្រសួងរដ្ឋនៅគ្រប់ខេត្តក្រុង ចេញញ្ញត្តិគាំទ្រនេះដែរ។ ជាលទ្ធផល ញ្ញត្តិបានចេញព្រមៗគ្នាដូចគេហែកឋិន។
គ្មានញ្ញត្តិណាមួយ ដែលប្រឆាំងនឹងគំនិតរបស់លោក ហ៊ុន សែន នោះឡើយ។ សូម្បីតែស្ថាប័នតុលាការ ដែលគេសង្ឃឹមថាជាស្ថាប័នឯករាជ្យ ក៏បង្ហាញជំហរលម្អៀងចេញញ្ញត្តិគាំទ្រជំហររបស់លោក ហ៊ុន សែន ដែលចង់កែរដ្ឋធម្មនុញ្ញ រឿងកំណត់សញ្ជាតិមួយនេះដែរ។
ប៉ុន្តែញ្ញត្តិទាំងនេះ មិនបានចេញពីប្រជាពលរដ្ឋជិតពាក់កណ្តាលនគរ ដែលបាត់តំណាងរបស់ខ្លួន និងបាត់សំឡេងក្នុងការតវ៉ានោះ។ តំណាងរាស្រ្តណបក្សប្រឆាំងដែលធ្លាប់តតាំងការធ្វើច្បាប់ផ្សេងៗ នៅក្នុងរដ្ឋសភា បានបាត់បង់ឱកាសធ្វើជាតំណាងសំឡេងប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយសារតែគេរម្លាយបក្សរបស់ខ្លួនចោល និងហាមឃាត់សិទ្ធិធ្វើនយោបាយប្រាំឆ្នាំ។
ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិជាង ៥,០០០ នាក់ (៥,០០៧) ដែលឈ្នះការបោះឆ្នោតឃុំសង្កាត់ជិត ៥០០ (៤៨៩) នៅទូទាំងប្រទេស កាលពីឆ្នាំ ២០១៧ ត្រូវគេដកហូតតំណែងស្របច្បាប់នេះចោល និងបាត់ឱកាសចេញសំឡេងតំណាងប្រជារាស្រ្តម្ចាស់ឆ្នោតនៅមូលដ្ឋាន។ ពួកគាត់ជាច្រើន ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេស ឬជាប់ឃុំដោយសារការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីរបបក្រុងភ្នំពេញ។
ការធ្វើច្បាប់ដែលប្រញាប់ និងខ្វះការជជែកដេញដោលឲ្យបានស៊ីជម្រៅ និងមិនមានមតិចូលរួមពីគ្រប់ភាគីពាក់ព័ន្ធបែបនេះ វាអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។
ទីបី៖ ការបោះឆ្នោតជាតិនៅកៀកបំផុត ក៏ត្រូវរង់ចាំដល់ ឆ្នាំ ២០២៣ឯណោះ។ ក្នុងការបោះឆ្នោតជាតិនោះទៀតសោត ក៏ទំនងជាមិនត្រូវការកំណត់សញ្ជាតិតែមួយនេះនោះដែរ ព្រោះវាមិនខុសប្លែកអ្វីពីការបោះឆ្នោតកាលពីឆ្នាំ ២០១៨ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិចោលនោះទេ។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសហើយ ថាលោកនឹងធ្វើជានាយករដ្ឋមន្រ្តីអស់មួយជីវិត។ ការបោះឆ្នោតជាតិខាងមុខ ដែលគ្មានគណបក្សប្រឆាំងធំចូលរួម ក៏គ្មានគូរប្រជែងណា អាចទៅដណ្តើមតំណែងនាយករដ្ឋមន្រ្តីពីលោក ហ៊ុន សែន បានភ្លាមៗនោះដែរ។
ទីបួន៖ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងច្បាស់ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបជាម្ចាស់ប្រទេស។ ខ្លឹមសារនៃបុព្វកថានៃរដ្ឋធម្មនុញ្ញនេះ ចែងថា ប្រជារាស្រ្តខ្មែរទាំងអស់មានកាតព្វកិច្ច និងករណីយកិច្ច ចូលរួមកសាងជាតិ ឲ្យមានភាពសុខុដុមរមនានឹងគ្នា ឈរលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ និងរួមគ្នាទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ។
បុព្វកថានេះ មិនបានចែងកំណត់ថា ទាល់តែពលរដ្ឋមានសញ្ជាតិតែមួយ ទើបស្មោះត្រង់នឹងជាតិនោះដែរ។ គឺចែងថាពលរដ្ឋខ្មែរគ្រប់រូប អាចមានទាំងអ្នកមានសញ្ជាតិតែមួយ សញ្ជាតិពីរ ឬច្រើន គឺសុទ្ធតែអាចជួយកសាងជាតិបានទាំងអស់គ្នា។
ជាងនេះទៅទៀត ប្រវត្តិសាស្រ្តបង្ហាញថា មេដឹកនាំដែលមានសញ្ជាតិតែមួយគត់ រួមទាំងអតីតមេកម្មាភិបាលខ្មែរក្រហមផង បានធ្វើឲ្យជាតិនេះលិចលុង និងស្លាប់មនុស្សរាប់លាននាក់ផង។ ក្នុងពេលជាមួយគ្នានេះ លោក ហ៊ុន សែន ដែលមានសញ្ជាតិខ្មែរតែមួយនេះ ក៏ធ្លាប់ធ្វើជាមេបញ្ជាការកងទ័ពខ្មែរក្រហម និងក្រោយមក បានចូលដៃជាមួយកងទ័ពវៀតណាមជាងមួយសែននាក់ បើកការឈ្លានពានចូលទឹកដីកម្ពុជា ក្រោមរូបភាពរំដោះជាតិនោះដែរ។ ក្រោយមកទៀតលោក ហ៊ុន សែន បើកុំតែបានបរទេសគឺវៀតណាម លើកបន្តុបឲ្យធ្វើមេដឹកនាំ កុំអីលោកមិនបានត្រួតត្រាប្រទេសដល់សព្វថ្ងៃនោះឡើយ។
លើសពីនេះ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលអះអាងថា លោកមានសញ្ជាតិខ្មែរតែមួយគត់នេះ ក៏បានបើកដៃ ឱ្យជនអន្តោរប្រវេសន៍វៀតណាមខុសច្បាប់ ហូរចូលស្រុកខ្មែររាប់សែននាក់ តាំងពីឆ្នាំ ១៩៧៩ មក។ សព្វថ្ងៃជនជាតិបរទេសទាំងនេះជាច្រើន មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលអាចបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានថែមទៀតផង។
ឥឡូវ ឧបមាដូចអ្វីដែលលោក ហ៊ុន សែន អះអាងទៅចុះ គឺលោកថាអ្នកមានសញ្ជាតិតែមួយ ជាអ្នកស្មោះត្រង់នឹងជាតិ ជាងអ្នកមានសញ្ជាតិលើសពីមួយ។
ចុះតើបញ្ហានៃការរំលោភសិទ្ធិមនុស្ស ការវាយនិងចាប់ពលរដ្ឋស្លូតត្រង់ដាក់គុក ព្រមទាំងការបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ រហូតធ្វើឲ្យកម្ពុជារងទុក្ខ ដោយសារទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិ និងត្រូវខ្ចីដង្ហើមចិនដកបែបនេះ ក្រែងកំពុងដឹកនាំដោយអ្នកដែលមានសញ្ជាតិតែមួយ?
ទីប្រាំ៖ កម្ពុជាត្រូវការកម្លាំង និងធនធានមនុស្សគ្រប់ស្រទាប់វណ្ណៈ រួមទាំងពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសពីមួយផង។
ភ័ស្តុតាងបានបង្ហាញថា ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និស្សិត បញ្ញវន្ត អ្នកជំនាញ និង អ្នកនយោបាយខ្មែរជាច្រើន ជាច្រើនដែលបានភៀសខ្លួនទៅក្រៅប្រទេស និងមានសញ្ជាតិលើសពីមួយ បានចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
ការទៅរស់នៅស្រុកក្រៅរបស់ពលរដ្ឋខ្មែរទាំងនោះ ទទួលបានសញ្ជាតិបរទេស ដែលជាអត្តសញ្ញាណបន្ថែមមួយ ដែលជាលិខិតបញ្ជាក់ អំពីប្រវត្តិនៃខ្សែជីវិតរបស់ពួកគាត់ ដែលមានដើមកំណើតខ្មែរ។ ទោះពួកគាត់មានសញ្ជាតិបរទេសបន្ថែម ក៏គេនៅតែកំណត់អត្តសញ្ញាណរបស់ពួកគាត់ ថាជាអ្នកមានដើមកំណើតខ្មែរដដែល ឧទាហរណ៍ ជនជាតិអាមេរិកដើមកំណើតខ្មែរ (ឬខ្មែរ-អាមេរិក) ជនជាតិបារាំងដើមកំណើតខ្មែរ (ឬខ្មែរ-បារាំង) ឬជនជាតិអូស្រ្តាលីដើមកំណើតខ្មែរ(ឬខ្មែរ-អូស្រ្តាលី) ជាដើម។
នៅប្រទេសជឿនលឿន និងប្រកាន់លទ្ធិប្រជាធិបតេយ្យ គេបណ្តុះគំនិត និងលើកទឹកចិត្តពលរដ្ឋរបស់ខ្លួន ជាពិសេសក្មេងៗ ឲ្យមានក្តីសុបិនធំៗក្នុងជីវិត រួមទាំងក្តីសុបិនចង់ក្លាយជាមេដឹកនាំប្រទេសផង។
កូនខ្មែរជាច្រើនដែលមានសញ្ជាតិពីរ ក៏មានក្តីសុបិនចង់យកចំណេះវិជ្ជារបស់ខ្លួន ដែលបានក្រេបជញ្ជក់នៅប្រទេសជឿនលឿន ទៅជួយកសាងប្រទេសកម្ពុជាដែរ មិនថាក្នុងមុខតំណែងអ្វីនោះទេ រួមទាំងតំណែងជានាយករដ្ឋមនន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានឧត្តមក្រុមប្រឹក្សាធម្មនុញ្ញផង ឲ្យតែពួកគាត់មានសមត្ថភាព និងប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ។
ប៉ុន្តែ សេចក្តីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិតែមួយនេះ មិនត្រឹមតែអាចជាឧបករណ៍សម្លាប់ក្តីសុបិនរបស់កូនខ្មែរដែលមានសញ្ជាតិពីរ និងដែលចង់កាន់តំណែងកំពូលៗនេះប៉ុណ្ណោះទេ គឺវាជាការរើសអើងជាតិសាសន៍ថែមទៀតផង។ ជាងនេះទៅទៀត ការផាត់ចោលអ្នកមានសញ្ជាតិពីរនោះ ហាក់ដូចជាចាត់ទុក ថាពួកគាត់មិនមែនខ្មែរ។
ដូច្នេះ បើនិយាយអំពីប្រយោជន៍ជាតិ វាស្ទើរតែគ្មានសម្អាងហេតុ ឲ្យសមល្មមអាចទទួលយកបានណាមួយ ដើម្បីគាំទ្រគោលបំណងនៃច្បាប់នេះនោះឡើយ។
ប៉ុន្តែ បើនិយាយអំពីហេតុផលផ្សេងពីនេះ វាដូចទំនងជាងនេះ។ ឥឡូវ យើងសាកងាកត្រឡប់ទៅក្រោយវិញបន្តិច ទៅមើលព្រឹត្តិការណ៍មុនលោក ហ៊ុន សែន ផ្តួចផ្តើមឲ្យធ្វើច្បាប់នេះ។
កាលពីថ្ងៃទី៥ ខែតុលា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចេញសេចក្តីអំពាវនាវមួយ ដោយចោទលោក ហ៊ុន សែន ថាជាជនក្បត់ជាតិ ចង់រត់ចោលស្រុក ព្រោះសម្អាងលើអត្ថបទចេញផ្សាយរបស់កាសែតអង់គ្លេស ឌឹហ្កាឌាន (the Guardian) ដែលចុះផ្សាយមុននេះ ថាលោក ហ៊ុន សែន បានទិញលិខិតឆ្លងដែនសញ្ជាតិស៊ីប (Cyprus)។ លោក សម រង្ស៊ី អំពាវនាវឲ្យប្រជារាស្រ្តខ្មែរ និងកងកម្លាំងប្រដាប់ផង ត្រូវជំរុញឲ្យរបបលោក ហ៊ុន សែន ដួលរលំ និងត្រូវរៀបចំប្រទេសកម្ពុជាឡើងវិញ ឲ្យប្រជារាស្រ្តខ្មែរ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ក្រោយសាររបស់លោក សម រង្ស៊ី នេះភ្លាម ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ថា ការផ្សាយរបស់កាសែតអង់គ្លេសនោះមិនពិត លោកគួរតែសុំការបំភ្លឺភ្លាម។ ផ្ទុយទៅវិញ លោកបែរជាឆ្លៀតឱកាសនោះ ស្នើកែរដ្ឋធម្មនុញ្ញដើម្បីកំណត់សញ្ជាតិតែមួយនេះទៅវិញ។ លោក ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៥ ខែតុលា ដដែលនោះ ថា៖ «បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូល ពិសេសតំណែងនាយករដ្ឋមន្ត្រី»។
ភ្លាមនោះ ញ្ញត្តិគាំទ្រសេចក្តីស្នើច្បាប់នេះ បានធ្លាក់មកដូចភ្លៀងបាក់មេឃ គឺធ្លាក់មកពីគ្រប់ទិសទី។ទាល់តែថ្ងៃបន្ទាប់ គឺថ្ងៃទី៦ ខែតុលា ទើបក្រសួងការបរទេសកម្ពុជា សរសេរលិខិតតវ៉ា ដោយសុំការបញ្ជាក់ឡើងវិញ ជុំវិញការផ្សាយរបស់កាសែតអង់គ្លេសនេះ។
នៅថ្ងៃទី៦ ខែតុលានោះដែរ កាសែតអង់គ្លេស បានកែតម្រូវអត្ថបទរបស់ខ្លួន ដោយដកឈ្មោះលោក ហ៊ុន សែន ពីអ្នកទិញសញ្ជាតិស៊ីប។ ប៉ុន្តែសរសេរឃ្លាបន្ថែមថា៖ «មនុស្សសំខាន់ៗដែលជាជំនិតរបស់លោក ហ៊ុន សែន» បានទិញសញ្ជាតិស៊ីបនេះ។
មជ្ឈដ្ឋានទូទៅចោទជាសំណួរថា ចុះបើគ្រាន់តែកាសែតសរសេរខុស លោក សម រង្ស៊ី ដកស្រង់សម្តីតាម លោក ហ៊ុន សែន គួរគ្រាន់តែសុំឲ្យកាសែតនោះកែតម្រូវទៅជាការស្រេចទៅហើយ ចាំបាច់អ្វីរហូតដល់ទៅស្នើកែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិតែមួយទៅវិញ?
លោក ហ៊ុន សែន ធ្លាប់និយាយ និងលេបសម្តីខ្លួនលោករាប់ភ្លេច រឿងថាលែងជ្រលក់មាត់ ឬលែងនិយាយអំពីលោក សម រង្ស៊ី។ ប៉ុន្តែលោក ហ៊ុន សែន ប្រហែលមានជំងឺភ័យខ្លាច និងមានភាពមិនទុកចិត្តខ្លួនឯង ខ្លាចបាត់អំណាចពេក ទោះលោកបានរម្លាយគណបក្សសង្គ្រោះជាតិរួចហើយ និងបានប្តឹងផ្តល់លោក សម រង្ស៊ី ជាច្រើនករណីទៅតុលាការហើយក៏ដោយ ក៏លោក ហ៊ុន សែន ទំនងជានៅតែមើលឃើញថាលោក សម រង្ស៊ី នៅតែជាស្រមោលអន្ទោលតាមប្រាណលោក ហ៊ុន សែន គ្រប់ពេលគ្រប់វេលា។
នៅមុនលោក ហ៊ុន សែន ស្នើច្បាប់កំណត់សញ្ជាតិបំណងបិទផ្លូវលោក សម រង្ស៊ី កុំឲ្យធ្វើនាយករដ្ឋមន្រ្តីបាននេះ សមាជិកសភាអាមេរិករួមគ្នា អនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរបបក្រុងភ្នំពេញ។ ច្បាប់ដាក់ទណ្ឌកម្មនេះ ត្រូវសភាអាមេរិកអនុម័ត ក្នុងពេលលោក សម រង្ស៊ី និងមន្រ្តីគណបក្សសង្គ្រោះជាតិជាច្រើនរូបផ្សេងទៀត បំពេញទស្សនកិច្ចនៅអាមេរិក និងជួបតំណាងរាស្រ្តអាមេរិកជាច្រើន។
ដូច្នេះ ការណ៍ដែលលោក ហ៊ុន សែន ប្រញាប់ស្នើច្បាប់សំដៅលើការបិទផ្លូវលោក សម រង្ស៊ីនេះ ក៏អាចជាចេតនានយោបាយរបស់លោក ហ៊ុន សេន ដើម្បីប៉ុនប៉ងផ្តាច់ក្តីសង្ឃឹមរបស់អ្នកគាំទ្របក្សប្រឆាំង ដើម្បីឲ្យពួកគាត់យល់ថាលោក សម រង្ស៊ី នឹងមិនអាចវិលមកកាន់គណបក្សប្រឆាំងនេះវិញបាន។
ជារួមអ្វីដែលលោក ហ៊ុន សែន ប្រញាប់ធ្វើច្បាប់ទាំងតក់ត្រហល់នេះ គឺអាចគ្រាន់តែដើម្បីរម្ងាប់បញ្ហាផ្លូវចិត្តរបស់លោក ដែលខ្លាចលោក សម រង្ស៊ី ដណ្តើមតំណែងជានាយករដ្ឋមន្រ្តី និងដើម្បីប្រយោជន៍បន្តក្រាញអំណាចយូរអង្វែងរបស់លោក និងក្រុមគ្រួសាររបស់លោកតទៅទៀតតែប៉ុណ្ណោះ។
បើទោះបីជាយ៉ាងនេះក្ដី ការបង្ខំកែរដ្ឋធម្មនុញ្ញធ្វើច្បាប់សញ្ជាតិតែមួយរបស់លោក ហ៊ុន សែននេះ ក៏អាចជាការឆក់ឱកាសរបស់លោក ដោយយកសម្ដីចោទប្រកាន់របស់លោក សម រង្ស៊ី ជាលេសទៅកែរដ្ឋធម្មនុញ្ញដើម្បីធានាថា មិនមានខ្មែរមកពីបរទេសណាម្នាក់ អាចដណ្តើមតំណែងនាយករដ្ឋមន្ត្រីនេះបានឡើយ គឺដើម្បីលោកហ៊ុន សែន ទុកតំណែងនេះឱ្យគ្រួសារ និងបក្សពួករបស់លោក ទៅពេលខាងមុខ។
ទោះបីក្នុងបំណងណាមួយរបស់លោក ហ៊ុន សែន ក៏ដោយ បើយោងតាមសម្អាងហេតុខាងលើ ការកែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល និងដែលត្រូវធ្វើឡើងទាំង «មិនមានពេលដេកពួន» ក្នុងកាលៈទេសៈបែបនេះ គ្មានហេតុផលសមស្របណាមួយ ដែលថាធ្វើដើម្បីប្រយោជន៍ជាតិនោះឡើយ។
ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីគ្រាន់តែបំពេញភាពអាត្មានិយម ជម្រុញឱ្យមានការរើសអើងខ្មែរគ្នាឯង ដែលមានសញ្ជាតិពីរឬច្រើន និងបង្ហាញអំពីភាពដឹកនាំបែបផ្តាច់ការ តាមអារម្មណ៍ភ័យខ្លាចបាត់អំណាចតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។