បទ​វិភាគ៖ តើ​ជម្លោះ​រវាង​ចិន​និង​វៀតណាម​អាច​ជំរុញ​ឲ្យ​កម្ពុជា​រើស​យក​មិត្ត​មួយ​ណា?

ដោយ យាង សុជាមេត្តា
2014.05.21
ជម្លោះ​ចិន វៀតណាម ៦១០ បាតុករ​វៀតណាម ស្រែក​ពាក្យ​ស្លោក​ផ្សេងៗ នៅ​មុខ​ស្ថានទូត​ចិន ក្នុង​អំឡុង​ពេល​ហែ​ក្បួន នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០១៤។
AFP

បន្ទាប់ពី​មាន​កុប្បកម្ម​ហិង្សា​ប្រឆាំង​ចិន​នៅ​វៀតណាម ដោយសារ​ជម្លោះ​ដែន​កោះ​ប៉ារ៉ាសែល (Paracel) នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ជាពិសេស បន្ទាប់​ពី​មាន​ជនជាតិ​ចិន ច្រើន​រយ​នាក់​រត់​ចូល​មក​កម្ពុជា ជា​បន្តបន្ទាប់​នោះ នៅ​ឯ​ប្រទេស​កម្ពុជា ឯ​ណេះ​វិញ មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ផុលផុស​អំពី​ជម្លោះ​នេះ ទាំង​ក្នុង​ស្រទាប់​អ្នក​វិភាគ អ្នក​សិក្សា និង​ប្រជាពលរដ្ឋ​ទូទៅ។

កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​ព្រួយ​បារម្ភ​នោះ គឺ​ខ្លាច​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រង​សម្ពាធ​ពី​ប្រទេស​កុម្មុយនិស្ត​ទាំង​២ ដែល​ម្ខាង​ជា​មហាមិត្ត ហើយ​ម្ខាង​ទៀត​ជា​មិត្ត​ម៉ឺន​ឆ្នាំ​របស់​លោក ហើយ​ដែល​សម្ពាធ​នេះ មិន​យូរ​មិន​ឆាប់​អាច​ធ្វើ​ឲ្យ​កម្ពុជា ដើរ​ភ្លាត់​ពី​គន្លង​នយោបាយ​អព្យាក្រឹត និង​អាច​ធ្វើ​ភ្លើង​ខាង​ក្រៅ ឆេះ​រាលដាល​ចូល​ដល់​ក្នុង​ផ្ទះ​របស់​ខ្លួន ដូច​ដែល​កម្ពុជា បាន​ភ្លក់​រស់​ជាតិ​រួច​ហើយ​ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម។

តើ​ជម្លោះ​រវាង​ចិន​និង​វៀតណាម ក្នុង​ពេល​នេះ និង​ក្នុង​ពេល​អនាគត អាច​រុញ​ច្រាន​កម្ពុជា ទៅ​កាន់​ស្ថានភាព​មួយ​ដែល​ត្រូវ​តែ​ចាប់​យក​មិត្ត​មួយ ហើយ​ចោល​មិត្ត​មួយ​ដូច​ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម​ដែរ ឬ​ទេ?

បើ​ទោះ​ជា​ជម្លោះ ជា​ជម្លោះ​រវាង​ចិន​និង​វៀតណាម ក៏​ដោយ​ចុះ តែ​ជម្លោះ​នេះ​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​នៅ​កម្ពុជា។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​ពលរដ្ឋ​ខ្មែរ​យក​ខួរក្បាល​ទៅ​គិត​ពី​រឿង​របស់​ចិន និង​វៀតណាម​នោះ ដោយសារ​ថា ទី​១ វៀតណាម​ជា​អ្នក​មាន​គុណ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​លើក​បន្តុប​លោក​ឲ្យ​កាន់​អំណាច ហើយ​ចំណែក​ចិន​វិញ ចិន​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ដង្ហើម​រស់​ក្នុង​ពេល​បច្ចុប្បន្ន និង​អាច​ទៅ​ថ្ងៃ​អនាគត។

កត្តា​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ត្រូវ​តែ​គិត​នោះ គឺ​ស្រមោល​អតីតកាល​នៃ​សង្គ្រាម​នៅ​វៀតណាម។ សង្គ្រាម​នៅ​វៀតណាម ធ្លាប់​បាន​អូស​ទាញ​កម្ពុជា ឲ្យ​ជាប់​ផុង​ខ្លួន​ម្តង​រួច​មក​ហើយ បើ​ទោះ​ជា​ពេល​នោះ​កម្ពុជា ព្យាយាម​គេច​ចេញ​ពី​ភាព​ជាប់​ផុង​នេះ​ក្តី។ ក្នុង​កាលៈទេសៈ​បែប​នេះ ពលរដ្ឋ​ខ្មែរ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​តែ​មិត្ត​ទាំង​២ ដែល​ជា​សត្រូវ​នឹង​គ្នា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​សម្ពាធ ឬ​អូសទាញ​រូប​លោក​ឲ្យ​ផុង​ខ្លួន​ទៅ​ក្នុង​ជម្លោះ​របស់​ពួកគេ​ជា​ថ្មី​ម្តង​ទៀត។

​យ៉ាង​ណា​ក៏ដោយ​ចុះ បើ​ពិនិត្យ​ទៅ​លើ​បរិបទ​នយោបាយ​ក្នុង​ប្រទេស និង​នយោបាយ​អន្តរជាតិ​ក្នុង​ពេល​បច្ចុប្បន្ន ជម្លោះ​រវាង​ចិន​និង​វៀតណាម ហាក់​មិន​អាច​រុញ​ច្រាន​កម្ពុជា ឲ្យ​ដើរ​ភ្លាត់​ពី​គន្លង​អព្យាក្រឹតភាព ឬ​ក៏​ថា​អាច​អូសទាញ ឬ​បង្ខំ​ឲ្យ​កម្ពុជា ជាប់​ផុង​ខ្លួន​ក្នុង​ជម្លោះ​រវាង​ប្រទេស​កុម្មុយនិស្ត​ទាំង​២​នេះ ដូច​ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម ឬ​សម័យ​សង្គ្រាម​ត្រជាក់​ឡើយ។

​ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម នយោបាយ​អព្យាក្រឹត​របស់​កម្ពុជា មិន​មាន​ភាព​រឹង​មាំ​ឡើយ។ កម្ពុជា ត្រូវ​ប្រឈម​ផ្ទាល់​ជាមួយ​មហា​អំណាច​ដែល​សុទ្ធសឹងតែ​មិន​ចង់​ឃើញ​កម្ពុជា ប្រកាន់​យក​នូវ​នយោបាយ​អព្យាក្រឹត និង​មិន​ចូល​បក្ស​សម្ព័ន្ធ។ ទាំង​អាមេរិក ទាំង​ក្រុម​ប្រទេស​កុម្មុយនិស្ត សុទ្ធតែ​ចង់​អូស​ទាញ​កម្ពុជា ឲ្យ​ស្ថិត​នៅ​ក្រោម​ឆ័ត្រ​មនោគមវិជ្ជា​នយោបាយ​របស់​គេ ក្នុង​គោលបំណង​ដើម្បី​ប្រើប្រាស់​កម្ពុជា ជា​កូនអុក​ក្នុង​ការ​ធ្វើ​សង្គ្រាម ពង្រីក​ដែន​អំណាច និង​ដែន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ឥណ្ឌូ​ចិន។

ក្រៅ​តែ​ពី​សម្ពាធ​ផ្ទាល់​របស់​មហា​អំណាច​លោក​សេរី និង​លោក​កុម្មុយនិស្ត ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដែល​មាន​តែ​ប្រទេស​មហា​អំណាច​ថ្នាក់​កណ្ដាល និង​ប្រទេស​តូចតាច​ចូល​រួម ដែល​ក្នុង​នោះ ក៏​មាន​កម្ពុជា ជា​សមាជិក​ដែរ​នោះ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទប់​ស្កាត់​ការ​គាប​សង្កត់​របស់​មេ​មនោគមវិជ្ជា​នយោបាយ​ពិភពលោក​ទៅ​លើ​ប្រទេស​សមាជិក​របស់​ខ្លួន​ដូចជា​កម្ពុជា​ឡើយ។

លើស​ពី​នេះ បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ពេល​នោះ ក៏​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​នយោបាយ​អព្យាក្រឹត​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ មិន​មាន​ជំហរ​រឹងមាំ​ដែរ។ អ្នក​នយោបាយ​ពេល​នោះ​ត្រូវ​បាន​បែងចែក​ជា​ក្រុម​ផ្សេងៗ ដូចជា​ក្រុម​ខ្មែរ​ខៀវ ដែល​ទោរទន់​ទៅ​រក​អាមេរិក ក្រុម​ខ្មែរ​ក្រហម ដែល​ទោរទន់​ទៅ​រក​ពួក​កុម្មុយនិស្ត និង​ក្រុម​ខ្មែរ​ស​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ប្រកាស​ខ្លួន​ឯង​ថា ជា​អ្នក​អព្យាក្រឹត។

និន្នាការ​ខុស​គ្នា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សម្ដេច​ព្រះ នរោត្តម សីហនុ ពិបាក​រក្សា​លំនឹង​នយោបាយ​អព្យាក្រឹត​របស់​ព្រះអង្គ។ បើ​ព្រះអង្គ​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត​ជាក់លាក់ មហា​អំណាច​មនោគមវិជ្ជា​ទាំង​២ មិន​សប្បាយ​ចិត្ត និង​បន្ត​គាប​សង្កត់​ព្រះអង្គ។ បើ​ព្រះអង្គ​ងាក​ទៅ​រក​លោក​សេរី ក្រុម​ប្រទេស​កុម្មុយនិស្ត​នឹង​ជួយ​ជ្រោមជ្រែង​ក្រុម​ខ្មែរ​ក្រហម ដណ្តើម​អំណាច​ពី​ព្រះអង្គ ហើយ​បើ​ព្រះអង្គ​ងាក​ទៅ​រក​លោក​កុម្មុយនិស្ត​វិញ ក្រុម​ខ្មែរ​ខៀវ​មិន​សប្បាយ​ចិត្ត ហើយ​អាច​ស្វែង​រក​ការ​គាំទ្រ​ពី​អាមេរិក ដើម្បី​ទម្លាក់​ព្រះអង្គ​ពី​អំណាច​ដូច​គ្នា។ ដូច្នេះ ដើម្បី​ការពារ​អំណាច​របស់​ព្រះអង្គ​ផង និង​ដើម្បី​ការពារ​កម្ពុជា កុំ​ឲ្យ​ផុង​ជ្រៅ​ទៅ​ក្នុង​សង្គ្រាម​នៅ​វៀតណាម​ផង សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បង្ខំ​ព្រះទ័យ ធ្វើ​នយោបាយ​រេរាំ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ប៉ុន្តែ​នយោបាយ​រារាំង​មិន​ប្រាកដ​ប្រជា​របស់​ព្រះអង្គ​នេះ​ហើយ ត្រូវ​បាន​អ្នក​នយោបាយ​មួយ​ចំនួន​ស្តី​បន្ទោស​ថា បាន​ធ្វើ​ឲ្យ​កម្ពុជា ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​ជិត​ខាង​ទៅ​វិញ។

ឥឡូវ​យើង​ក្រឡេក​មក​មើល​ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​វិញ។ នយោបាយ​អព្យាក្រឹត​របស់​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន មាន​ភាព​រឹងមាំ​ឆ្ងាយ​ណាស់ បើ​ធៀប​ទៅ​នឹង​នយោបាយ​អព្យាក្រឹត​របស់​កម្ពុជា ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ដោយ​ហេតុ​ថា នយោបាយ​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល ជា​ពិសេស​ពី​សំណាក់​មហា​អំណាច​ទាំង​អស់​នៅ​លើ​ពិភពលោក ដែល​ការ​ទទួល​ស្គាល់​នេះ បាន​ស្តែង​ចេញ​តាម​រយៈ​កិច្ច​ព្រមព្រៀង​សន្តិភាព ក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លើស​ពី​នេះ​ទៀត ប្រទេស​ចិន និង​វៀតណាម ដែល​កំពុង​មាន​ជម្លោះ​នឹង​គ្នា​នេះ ក៏​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ដែរ។ ដូច្នេះ ប្រទេស​ទាំង​ពីរ​នេះ មិន​ត្រឹមតែ​មិន​អាច​អូស​ទាញ ឬ​បង្ខំ​កម្ពុជា ឲ្យ​ដើរ​ធ្លាក់​ផ្លូវ​អព្យាក្រឹតភាព​នោះ​ទេ តែ​ពួកគេ​ត្រូវ​មាន​កាតព្វកិច្ច​ចូល​រួម​ថែរក្សា​និង​ការពារ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ប្រទេស​កុម្មុយនិស្ត ដែល​ជា​សត្រូវ​នឹង​គ្នា​ទាំង​២​នេះ នៅ​តែ​គឃ្លើន ហ៊ាន​បំពាន ឬ​បង្ខំ​ឲ្យ​កម្ពុជា ធ្វើ​តាម​ខ្លួន ប្រាសចាក​ពី​គោលការណ៍​អព្យាក្រឹតភាព​នោះ សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស នឹង​ថ្កោលទោស​ពួកគេ​ជា​មិន​ខាន។ នេះ​គឺ​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ អាច​ជួយ​ឲ្យ​កម្ពុជា ជៀស​ផុត​ពី​ការ​ជាប់​ផុង​ណា​មួយ​ក្នុង​ជម្លោះ​រវាង​ចិន​និង​វៀតណាម។

​មួយ​វិញ​ទៀត បើ​ទោះ​ជា​អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន មិន​ទាន់​អាច​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ក្នុង​ប្រទេស​ក្តី តែ​ពួកគេ​ហាក់​មាន​សំឡេង​តែ​មួយ​ចំពោះ​នយោបាយ​អព្យាក្រឹត​របស់​កម្ពុជា។

​កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រើ​សម្តី​ធ្ងន់ៗ ដាក់​សហគមន៍​ជនជាតិ​វៀត ណា​ម​នៅ​កម្ពុជា ដែល​ប៉ុនប៉ង​យក​ទឹកដី​ខ្មែរ ធ្វើជា​កន្លែង​តវ៉ា​ប្រឆាំង នឹង​ផលប្រយោជន៍ ប្រទេស​ចិន ហើយ​គម្រាមថា នឹង​ប្រើ​កម្លាំង​បង្ក្រាប​ទៀតផង ប្រសិនបើ​ជនជាតិ​វៀតណាម នៅតែ​រឹងទទឹង ប្រមូល​ផ្តុំគ្នា ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន ដោយ​មិន​គោរព​ច្បាប់​កម្ពុជា​។ ក្នុងពេល​ជាមួយគ្នា​នោះដែរ រដ្ឋាភិបាល​ចិន បាន​ផ្ញើ​កំណត់​ទូត​មួយ ឲ្យ​កម្ពុជា ជួយ​រក្សា សន្តិសុខ ជនជាតិ​ចិន​នៅ​កម្ពុជា​។ ជាការ​ឆ្លើយតប កម្ពុជា​មិន​ត្រឹមតែ​ទទួលយក​ការ ស្នើសុំ​របស់​ចិន​នោះទេ តែ​ថែមទាំង​ពោលថា តាមពិត​កម្ពុជា​បាន​យកចិត្តទុកដាក់​រក្សា សន្តិសុខ​ជនជាតិ​ចិន តាំង​ពីមុន ពេល​មាន​ព្រឹ​ត្ត​ការណ៍​នៅ​វៀតណាម ម្ល៉េះ​។ ម្យ៉ាងទៀត ភ្លាមៗ​នោះ គណបក្សប្រឆាំង ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ អំពាវនាវ ឲ្យ​ពលរដ្ឋ​ខ្មែរ ផ្តល់​ការជួយជ្រោមជ្រែង​ផ្នែក មនុស្សធម៌​ដល់​ជនជាតិ​ចិន​ទៀតផង​។ ទិដ្ឋភាព​ទាំងអស់នេះ មើលទៅ​ហាក់ដូចជា​កម្ពុជា កំពុងតែ​លំអៀង​ទៅរក​ប្រទេស​ចិន ប៉ុន្តែ​នរណា​ក៏​ដឹង​ដែរ​ថា តាមពិត អ្វីដែល​កម្ពុជា​បានធ្វើ គឺ​ស្របទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ស្របតាម​គោល ការណ៍​អន្តរជាតិ​ឬ ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​។

​ម្យ៉ាង​វិញ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា នឹង​ទៅ​ស្វែង​រក​ការ​គាំទ្រ​ពី​ចិន ឬ​ពី​វៀតណាម ដើម្បី​ទម្លាក់​លោក​ពី​អំណាច ដូច​ដែល​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​ប្រឈម​ជាមួយ​ក្រុម​ខ្មែរ​ខៀវ និង​ខ្មែរ​ក្រហម​នោះ​ដែរ ដោយ​ហេតុ​ថា ទី​១ វា​មិន​មែន​ជា​គោលបំណង​របស់​បក្ស​ប្រឆាំង និង​ទី​២ ដោយ​ហេតុ​ថា ចិន​និង​វៀតណាម ក៏​មិន​ទាន់​ត្រូវ​ការ​បក្ស​ប្រឆាំង​ដែរ។ ប្រទេស​កុម្មុយនិស្ត​ទាំង​២​នេះ សុទ្ធ​តែ​នៅ​ត្រូវការ​លោក ហ៊ុន សែន ដែល​ជា​មហា​មិត្ត និង​មិត្ត​ម៉ឺន​ឆ្នាំ​របស់​ពួកគេ​នៅ​ឡើយ។

​សរុប​សេចក្ដី​មក កម្ពុជា​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ដែល​អាច​ការពារ​ខ្លួន​ពី​ការ​ធ្លាក់​ផុង​ខ្លួន​ទៅ​ក្នុង​ជម្លោះ​រវាង​ចិន​និង​វៀតណាម ទាំង​ធាតុ​ផ្សំ​ផ្នែក​ច្បាប់ ព្រម​ទាំង​នយោបាយ​ក្នុង​ប្រទេស និង​អន្តរជាតិ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ នៅ​តែ​មិន​អាច​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ការពារ​កម្ពុជា ហើយ​បែរ​ជា​ភ្លាត់​ធ្វើ​ឲ្យ​កម្ពុជា ផុង​ខ្លួន​ទៅ​ក្នុង​ជម្លោះ​រវាង​ចិន​និង​វៀតណាម ដោយ​ប្រការ​ណា​មួយ​នោះ វា​គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​អ្នក​ដឹក​នាំ​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។