បទ​វិភាគ៖ កត្តា​អ្វី​ខ្លះ​ដែល​ថា​កម្ពុជា​អសមត្ថភាព​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន?

ដោយ ជី វិតា
2014-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​លើក​បដា​តវ៉ា​ប្រឆាំង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៤។
ពលរដ្ឋ​លើក​បដា​តវ៉ា​ប្រឆាំង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៤។
RFA/Khe Sonorng

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​ស្រុក​និង​ក្នុង​ស្រុក ព្រមទាំង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ផង កំពុង​មាន​ការ​ព្រួយ​បារម្ភ​អំពី​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ផ្ទេរ​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ មក​អោយ​រស់​នៅ​កម្ពុជា។ ពួក​គេ​យល់​ឃើញ​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​សមស្រប និង​មាន​សមត្ថភាព​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ឡើយ។

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​នាំ​អោយ​មាន​ទស្សនៈ​ថា កម្ពុជា​អសមត្ថភាព​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន?

​សូម​ស្ដាប់​បទ​វិភាគ​អំពី​រឿង​នេះ​របស់​លោក ជី វិតា ដោយ​មាន​ការ​សាកសួរ​ពី​លោក តាំង សារ៉ាដា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖

សំណួរ៖ ថ្មីៗ​នេះ​មាន​ការ​តវ៉ា​ច្រើន​ណាស់​តាម​រូបភាព​ផ្សេងៗ ពី​អង្គការ​ជាតិ​និង​អន្តរជាតិ ក្នុង​នោះ​មាន​ទាំង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ហៅ​កាត់​ថា យូ.អិន.អេច្ឆ.ស៊ី.(UNHCR) ជំទាស់​ទៅ​នឹង​ផែនការ​បញ្ជូន​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​អោយ​មក​រស់​នៅ​កម្ពុជា ដោយ​អះអាង​ថា កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​ទទួល​ជន​ភៀស​ខ្លួន​ទេ។ តើ​ហេតុ​អ្វី​ទៅ?

ចម្លើយ៖ បាទ! អរគុណ លោក តាំង សារ៉ាដា។ ផ្អែក​តាម​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា មាន​ហេតុ​ផល​ធំៗ​មួយ​ចំនួន​ដែល​កម្ពុជា មិន​ទាន់​ក្លាយ​ជា​ប្រទេស​មួយ​ដែល​សម​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ អាច​ទទួល​យក​ជន​ភៀស​ខ្លួន​អោយ​មក​រស់​នៅ​បាន។

ទី​១ ប្រទេស​កម្ពុជា ជា​ប្រទេស​ក្រីក្រ នៅ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ កម្ពុជា​នៅ​សុំ​លុយ​គេ​ដើម្បី​រស់​ជា​រៀង​រាល់​ឆ្នាំ។ ទី​២ បញ្ហា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា មាន​អត្រា​ខ្ពស់​ណាស់។ ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​មនុស្ស​រាប់​សិប​ម៉ឺន​នាក់​ស្វែង​រក​ការងារ​ធ្វើ ប៉ុន្តែ​មាន​តែ ៥ ទៅ ៦​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​អាច​រក​ការងារ​ធ្វើ​បាន។ គ្រាន់​តែ​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​រាប់​សែន​នាក់។

កាតព្វកិច្ច​របស់​ប្រទេស​ម្ចាស់ផ្ទះ​ដែល​ទទួល​ជនភៀសខ្លួន ត្រូវ​ជួយ​បង្ក​លក្ខណៈ​រក​ការងារ​ធ្វើ និង​ផ្តល់​ការ​អប់រំ​ជាដើម។ បើ​និយាយ​ពី​គុណភាព​ការ​អប់រំ​វិញ នៅ​ទន់​ខ្សោយ​ណាស់។ ចំណែក​វិស័យ​សុខាភិបាល​វិញ ក៏​កំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែរ។ ប្រទេស​ដែល​ទទួល​ជន​ភៀស​ខ្លួន ដូចជា​សហរដ្ឋអាមេរិក កាណាដា បារាំង និង​ប្រទេស​អូស្ត្រាលី ខ្លួន​ឯង​ហ្នឹង សុទ្ធតែ​មានកម្ម​វិធី​ទំនុកបម្រុង​ជនភៀសខ្លួន​អោយ​សាង​ជីវិត​ថ្មី ប្រកប​ដោយ​ជោគជ័យ។

ទី​៣ គឺ​ថា កម្ពុជា​គឺ​ជា​ប្រទេស​ស្ថិត​ក្នុង​បញ្ជី​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ច្បាប់​អន្តរជាតិ។ យើង​ត្រូវ​ដឹង​ថា ជនភៀសខ្លួន​ទាំង​នេះ​រត់​គេច​ពី​ការ​ភ័យ​ខ្លាច និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នានា ដោយសារ​ហេតុផល​នយោបាយ ជំនឿ​សាសនា និង​ជាតិ​សាសន៍​ជាដើម។ គេ​បារម្ភ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​អាច​នឹង​កើត​មាន​ចំពោះ​ពួកគេ​ទៀត។

សំណួរ៖ តើ​ជន​ភៀសខ្លួន​ទាំង​នោះ​មក​ពី​ប្រទេស​ណា​ខ្លះ លោក ជី វិតា?

ចម្លើយ៖ ជនភៀសខ្លួន​ទាំង​នោះ ភាគ​ច្រើន​មក​ពី​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន ស្រីលង្កា និង​បង់ក្លាដេស ប៉ាគីស្ថាន ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya) ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​ជាដើម។

ជនភៀសខ្លួន​ទាំង​ជាង ១.០០០​នាក់​ដែល​អាច​នឹង​បញ្ជូន​មក​តាំង​ទីលំនៅ​ក្នុង​កម្ពុជា​នេះ បច្ចុប្បន្ន​មិន​មែន​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ទេ។ ពួកគេ​កំពុង​ដាក់​អោយ​រស់​នៅ​ក្នុង​ជំរំ​បណ្ដោះអាសន្ន​នៅ​ក្នុង​ប្រទេស​ណាវរូ (Nauru)។ ណាវរូ ជា​ប្រទេស​តូច​មួយ ជា​កោះ​មួយ​ស្ថិត​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​ត្បូង។ ប្រទេស​កោះ​តូច​មួយ​នេះ មាន​ប្រជាជន​តែ​ជាង ៩​ពាន់ (.៣៧៨) នាក់​តែប៉ុណ្ណោះ។ ប្រទេស​ក្រីក្រ​មួយ​នេះ​ត្រូវ​ការ​លុយ​បាន​ជា​សុខ​ចិត្ត​យល់​ព្រម​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ទទួល​ជន​ភៀស​ខ្លួន​អោយ​រស់នៅ​បណ្ដោះអាសន្ន ទំរាំ​រដ្ឋាភិបាល​អូស្ត្រាលី​រក​ប្រទេស​ទី​៣ បាន ដើម្បី​អោយ​ទៅ​រស់នៅ​ជា​អចិន្ត្រៃយ៍​តែម្ដង។ ឥឡូវ​រដ្ឋាភិបាល​អូស្ត្រាលី រក​ប្រទេស​ទី​៣​បាន​ហើយ គឺ​កម្ពុជា។

ចំណុច​មួយ​ខ្ញុំ​ចង់​បញ្ជាក់ គឺ​ថា មុន​ពេល​យក​ជន​ភៀស​ទៅ​ដាក់​នៅ​ប្រទេស​ណាវរូ រដ្ឋាភិបាល​អូស្ត្រាលី និង​រដ្ឋាភិបាល​ណាវរូ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​រក​ប្រទេស​ទី​៣ ដែល​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ទាំង​នោះ។ ឥឡូវ​រដ្ឋាភិបាល​អូស្ត្រាលី រក​ឃើញ​ហើយ​ប្រទេស​ទី​៣ គឺ​កម្ពុជា។ ប៉ុន្តែ​សួរ​ថា តើ​កម្ពុជា ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​គ្នា​ជាមួយ​រដ្ឋាភិបាល​ណាវរូ​ដែរ ឬ​អត់? បញ្ហា​នេះ រដ្ឋាភិបាល​អូស្ត្រាលី កំពុង​រង​ការ​រិះគន់​ធ្ងន់ធ្ងរ​ណាស់​ពី​គ្រប់​ទិសទី រួម​ទាំង​ពី​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ថា​រំលោភ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ណាវរូ ផង និង​រំលោភ​អនុសញ្ញា​ការពារ​ជនភៀសខ្លួន​ផង។

ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ( Human Rights Watch) ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា កិច្ច​ព្រម​ព្រមព្រៀង​កម្ពុជា-​អូស្ត្រាលី គឺ​ជា​ការបំផ្លាញ​ចោល​នូវ​កិច្ច​ប្រឹងប្រែង​នៃ​ការ​គាំពារ​ជនភៀសខ្លួន​នៅ​ក្នុង​តំបន់។ ហើយ​ការ​ដែល​រដ្ឋាភិបាល​អូស្ត្រាលី ជ្រើសរើស​កម្ពុជា​នេះ នឹង​បង្កើត​អោយ​មាន​គំរូ ឬ​ទម្លាប់​មិនល្អ​មួយ​ដល់​ប្រទេស​ជឿនលឿន​ដទៃ​ទៀត។ ពីព្រោះ​ថា ការ​ធ្វើ​បែប​នេះ វា​នឹង​បើក​ឱកាស​អោយ​ប្រទេស​ផ្សេង​ទៀត​ធ្វើ​ដូច​អូស្ត្រាលី​ដែរ ពោល​គឺ​នៅ​ពេល​ពួកគេ​មិន​ចង់​ទទួល​យក​ជនភៀសខ្លួន ក៏​ប្រើប្រាស់​ទឹក​លុយ​ទិញ​ទឹក​ចិត្ត​ប្រទេស​ណា​មួយ ដូច​កម្ពុជា​អ៊ីចឹង ដែល​រដ្ឋាភិបាល​អោយ ៤០​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​ទទួល​យក​ជនភៀសខ្លួន​មួយ​ពាន់ (.០០០) នាក់​នោះ។

ប្រការ​នេះ វា​ក៏​ជា​ការ​ផ្ទុយ​នឹង​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ថា នឹង​បញ្ជូន​ជន​ភៀសខ្លួន​ទាំង​នោះ​ទៅ​ប្រទេស​ទី​៣ ដែល​មាន​សុវត្ថិភាព ពីព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​រំលោភ​អនុសញ្ញា​ការពារ​ជនភៀសខ្លួន​ឆ្នាំ​១៩៥១ បន្ទាប់​ពី​ចាប់​បញ្ជូន​ជនភៀសខ្លួន​មួយ​ចំនួន​ត្រឡប់​ទៅ​ប្រទេស​ដើម​របស់​ពួកគេ​វិញ។

សំណួរ៖ កន្លង​មក​តើ​ជនភៀសខ្លួន​ណា​ខ្លះ​ដែល​មក​ដល់​កម្ពុជា ហើយ​រដ្ឋ​អំណាច​កម្ពុជា បាន​ចាប់​បង្ខំ​បញ្ជូន​ទៅ​ប្រទេស​ដើម​របស់​គេ​វិញ​នោះ?

ចម្លើយ៖ បាទ! មាន​ជនភៀសខ្លួន​អ៊ុយហ្គ័រ៍ ដែល​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ចិន។ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៩ រដ្ឋាភិបាល​ភ្នំពេញ បាន​ចាប់​បង្ខំ​ជនភៀសខ្លួន​អ៊ុយហ្គ័រ៍ ចំនួន ២០​នាក់ តាម​ការ​ស្នើ​របស់​រដ្ឋាភិបាល​ចិន។ ពេល​នោះ​បាន​ធ្វើ​អោយ​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​យ៉ាង​ខ្លាំង ថា​កម្ពុជា​រំលោភ​អនុសញ្ញា​ការពារ​ជនភៀសខ្លួន ដែល​កម្ពុជា ជា​ហត្ថលេខី។

ក្រោយ​ពេល​ទៅ​ដល់​ប្រទេស​ចិន ជនភៀសខ្លួន​អ៊ុយហ្គ័រ៍ ទាំង ២០​នាក់​នោះ រួមមាន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ផង ត្រូវ​បាន​អាជ្ញាធរ​ចិន​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​យ៉ាង​យូរ។ ចំណែក​រដ្ឋាភិបាល​កម្ពុជា​វិញ ជា​រង្វាន់​លើក​ទឹក​ចិត្ត ចិន​បាន​អោយ​លុយ ១​ពាន់​លាន​ដុល្លារ​ជា​ប្រាក់​កម្ចី និង​ប្រាក់​ជំនួយ។ កម្ពុជា​ក៏​ធ្លាប់​បាន​បញ្ជូន​ជនជាតិ​ម៉ុងតាញញ៉ា ទៅ​ប្រទេស​វៀតណាម វិញ​ដែរ បន្ទាប់​ពី​ជនភៀសខ្លួន​ទាំង​នោះ​បាន​រត់​គេច​ពី​ការ​ធ្វើ​បាប​ដោយ​អាជ្ញាធរ​វៀតណាម។ សូម្បី​តែ​ខ្មែរ​កម្ពុជា​ក្រោម ក៏​រដ្ឋាភិបាល​កម្ពុជា មិន​លើកលែង​ដែរ។ ឧទាហរណ៍៖ ព្រះសង្ឃ ទឹម សាខន ដែល​បាន​អនុញ្ញាត​អោយ​អ្នក​ភៀសខ្លួន​មក​ពី​កម្ពុជា​ក្រោម ស្នាក់​នៅ​ក្នុង​វត្ត​របស់​ព្រះអង្គ នៅ​ខេត្ត​តាកែវ ក៏​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ផ្សឹក​នៅ​ឆ្នាំ​២០០៧ និង​បញ្ជូន​ទៅ​អាជ្ញាធរ​វៀតណាម ដាក់​គុក​អស់​រយៈពេល ២​ឆ្នាំ​ដែរ។

ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា មិន​គោរព​ច្បាប់​អន្តរជាតិ​ការពារ​ជន​ភៀស​ខ្លួន​នេះ​ហើយ ទើប​ឥឡូវ​នេះ​មាន​ប្រតិកម្ម​ខ្លាំង​ណាស់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ នៅ​ពេល​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​យល់​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​រដ្ឋាភិបាល​អូស្ត្រាលី។ ក្រៅ​ពី​បញ្ហា​រំលោភ​ច្បាប់​អន្តរជាតិ និង​បញ្ហា​សមត្ថភាព​ទទួល​ថែទាំ​ជនភៀសខ្លួន ពួកគេ​ក៏​បារម្ភ​ដែរ​ថា តើ​កម្ពុជា​អាច​នឹង​បញ្ជូន​ជនភៀសខ្លួន​ទាំង​នេះ​ទៅកាន់​ប្រទេស​ដើម​វិញ​របស់​គេ​វិញ​ទេ ប្រសិន​រដ្ឋាភិបាល​នៃ​ប្រទេស​ដើម​ទាំង​នោះ​ផ្តល់​ជំនួយ ឬ​លុយ​មួយ​ចំនួន​ដល់​កម្ពុជា នោះ ដូច​ដែល​ចិន​បាន​ធ្វើ​កន្លង​មក។

សំណួរ៖ បើ​តាម​មើល​ទៅ រដ្ឋាភិបាល​អូស្ត្រាលី មិន​មែន​មិន​ដឹង​ទេ​ថា កម្ពុជា​ជា​ប្រទេស​ក្រីក្រ មាន​ប្រវត្តិ​មិន​ការពារ​ជនភៀសខ្លួន និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ថែម​ទៀត​មែន​ទេ លោក ជី វិតា?

ចម្លើយ៖ បាទ! ប្រហែលជា​ដឹង​មើល​ទៅ។

សំណួរ៖ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​ដ៏​ជឿនលឿន​មួយ​នៅតែ​ចង់​បញ្ជូន​ជនភៀសខ្លួន​មក​កម្ពុជា​ទៀត?

ចម្លើយ៖ សួរ​បាន​ល្អ​ណាស់ លោក តាំង សារ៉ាដា។ សម្រាប់​ជនភៀសខ្លួន​ទាំង​នោះ កម្ពុជា​មិន​មែន​ជា​ប្រទេស​ទី​១​ទេ ដែល​រដ្ឋាភិបាល​អូស្ត្រាលី បាន​ស្នើ​អោយ​ទទួល​ជនភៀសខ្លួន​មួយ​ពាន់​នាក់​នោះ។ ប្រទេស​ទី​១ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​បដិសេធ​មិន​ទទួល​យក​ទើប​រដ្ឋាភិបាល​អូស្ត្រាលី ងាក​មក​កម្ពុជា។ គោលបំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី គឺ​ត្រូវតែ​បញ្ជូន​ជនភៀសខ្លួន​ទាំង​នោះ​អោយ​អស់​ អោយ​ផុត​ពី​ការ​ទទួល​បន្ទុក​របស់​ខ្លួន និង​ទប់ស្កាត់​មិន​អោយ​មាន​ជនភៀសខ្លួន​មក​កាន់​អូស្ត្រាលី​ទៀត។ កម្ពុជា​សុខ​ចិត្ត​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី ជា​ថ្នូរ​នឹង​ទឹកប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ ប្រហែល​ជា​ត្រូវ​ចិត្ត​រដ្ឋាភិបាល​អូស្ត្រាលី មែន​ទែន។

ត្រូវ​ចិត្ត ពីព្រោះ​ការ​ដែល​កម្ពុជា ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី គឺ​ជា​សញ្ញា​មួយ​ព្រមាន​ប្រាប់​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​នានា​ថា ពួកគេ​ត្រូវ​គិត​ពិចារណា​អោយ​បាន​ហ្មត់ចត់​មែន​ទែន មុន​នឹង​សម្រេច​ចិត្ត​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ពីព្រោះ​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​អូស្ត្រាលី ចាប់​បញ្ជូន​អោយ​ទៅ​រស់​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ និង​រំលោភ​សិទ្ធិ​មនុស្ស។ ដូច្នេះ​ជ្រើសរើស​កម្ពុជា អាច​ជួយ​ទប់ស្កាត់​អូស្ត្រាលី មិន​អោយ​ជនភៀសខ្លួន​ចង់​ធ្វើដំណើរ​ទៅ​ប្រទេស​មួយ​នេះ។ សហគមន៍​អន្តរជាតិ កំពុង​ថ្កោលទោស​រដ្ឋាភិបាល​អូស្ត្រាលី​ថា មិន​បាន​គិត​អំពី​ការ​គោរព​សិទ្ធិមនុស្ស​ទេ ធ្វើ​យ៉ាងម៉េច​អោយ​តែ​សម្រេច​គោល​បំណង​របស់​ខ្លួន បញ្ជូន​ជន​ភៀសខ្លួន​ចេញ​អោយ​រួច​ផុត​ពី​បន្ទុក​របស់​ខ្លួន។

សំណួរ៖ បាទ! លោក ជី វិតា ប្រទេស​អូស្ត្រាលី ជា​ប្រទេស​រីកចម្រើន ជឿនលឿន កាន់​ប្រជាធិបតេយ្យ​សេរី និង​មាន​ផ្ទៃដី​ធំ​សម្បើម​ជិត​ប៉ុន​សហរដ្ឋអាមេរិក ហើយ​ប្រជាជន​ក៏​មាន​តិច ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​អូស្ត្រាលី មិន​ទុក​ជនភៀសខ្លួន​ទាំង​នោះ​អោយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន?

ចម្លើយ៖ ប្រទេស​អូស្ត្រាលី ក៏​ធ្លាប់​ទទួល​យក​ជនភៀសខ្លួន​តាម​ទូក​ដែរ ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ និង​១៩៩០។ ប៉ុន្តែ​ក្រោយ​មក​ជនភៀសខ្លួន​តាម​ទូក​កាន់​តែ​ច្រើន ហើយ​និន្នាការ​នយោបាយ​ក្នុង​ស្រុក​ផ្លាស់ប្ដូរ​ទៅ​រក​មនោគមន៍​ជាតិ​និយម​កាន់​តែ​ច្រើន​ទៀត ធ្វើ​អោយ​រដ្ឋាភិបាល និង​អ្នក​នយោបាយ​អូស្ត្រាលី ប្រែប្រួល​ទៅ​រក​ការ​ចង់​បាន​របស់​ប្រជាជន ឬ​ម្ចាស់​ឆ្នោត​របស់​ខ្លួន។ នៅ​ឆ្នាំ​២០១៤​នេះ ការ​ស្ទង់មតិ​នានា​បង្ហាញ​ថា ភាគច្រើន​នៃ​ប្រជាជន​អូស្ត្រាលី គឺ​ជាង ៧០​ភាគរយ មិន​ចង់​អោយ​រដ្ឋាភិបាល​របស់​ពួកគេ​ទទួល​ជនភៀសខ្លួន​ទៀត​ឡើយ។

សំណួរ៖ រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បាន​ចុះហត្ថលេខា​ទទួល​យក​ជន​ភៀស​ខ្លួន​មក​កម្ពុជា រួច​ហើយ។ ឥឡូវ​យើង​ពិនិត្យ​ចំណុច​ល្អ​វិញ​ម្ដង តើ​ការ​ទទួល​យក​ជនភៀសខ្លួន​ទាំង​នោះ​អោយ​មក​រស់​នៅ​កម្ពុជា មាន​ផល​វិជ្ជមាន​ដល់​កម្ពុជា​ខ្លះ​ទេ?

ចម្លើយ​៖ សម្រាប់​ប្រយោជន៍​ដល់​សង្គម​កម្ពុជា អាច​មាន ប្រសិនបើ​ជនភៀសខ្លួន​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ប្រាជ្ញ បញ្ញវន្ត មាន​ចំណេះ​ដឹង និង​មាន​បទពិសោធន៍​ខ្ពស់​លើ​វិស័យ​សំខាន់​នានា ដូចជា ផ្នែក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​នានា ពេទ្យ បច្ចេកវិទ្យា​ទំនើបៗ មាន​ជំនាញ​ផ្សេងៗ​ទៀត ជាដើម ដែល​អាច​ជួយ​អោយ​កម្ពុជា​រីក​ចំរើន។ ម្យ៉ាង​ទៀត បើ​លុយ ៤០​លាន​ដុល្លារ ដែល​អូស្ត្រាលី​សន្យា​ប្រគល់​អោយ​នោះ រដ្ឋាភិបាល​កម្ពុជា យក​មក​អភិវឌ្ឍន៍​ជាតិ ដោយ​តម្លាភាព​ទៀត​នោះ វា​ក៏​អាច​នឹង​ជួយ​អោយ​កម្ពុជា បាន​ផល​ចំណេញ​ដែរ​ពី​ការ​ទទួល​យក​ជនភៀសខ្លួន​នេះ។ ប្រទេស​ថៃ ធ្លាប់​ចំណេញ​ច្រើន​ណាស់​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​ខ្លួន​ក្នុង​ការ​ទទួល​អោយ​ជនភៀសខ្លួន​ខ្មែរ វៀតណាម ម៉ុង ឡាវ និង​ភូមា ស្នាក់​នៅ​បណ្ដោះអាសន្ន មុន​នឹង​ទៅ​តាំងទី​លំនៅ​នៅ​ប្រទេស​ទី​បី កាល​ពី​ទស្សវត្ស​ឆ្នាំ​១៩៨០ និង​១៩៩០។

ប៉ុន្តែ​សម្រាប់​កម្ពុជា ដែល​យល់​ព្រម​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី នៅ​ពេល​នេះ ស្តាប់​ទៅ​ដូច​អោយ​ជនភៀសខ្លួន​ទាំង​នោះ​រស់នៅ​ជា​អចិន្ត្រៃយ៍​តែម្ដង។ ដូច្នេះ បើ​មិន​បាន​ពិនិត្យ និង​គិតគូរ​អោយ​បាន​ហ្មត់ចត់​ទេ វា​នឹង​ក្លាយ​ជា​បន្ទុក​ធ្ងន់​បន្ថែម​មួយ​ទៀត​ទៅលើ​បញ្ហា​រាប់ពាន់​ជំពូក​ដែល​កម្ពុជា​កំពុង​ប្រឈម​ស្រាប់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

KONE KHMER

ពី PHNOM PENH

AUSTRALIAN GOVERNMENT:
AUSTRALIAN GOVERNMENT COOPERATE WITH THE CAMBODIAN GOVERNMENT TO KILL THE REFUGEE.
AUSTRALIAN HIRE THE KHMER HUN SEN TO KILL THE REFUGEE.

Sep 30, 2014 07:35 AM

អ្នក​អាន​អនាមិក

ដីខ្មែរសំរាប់លក់ និងជួល!!!!
ជួលរយៈពេលយូរ យ៉ាងតិច៩៩ឆ្នាំ!
បើទិញ មានចុះតំលៃពិសេស!
បើអស់លោកចាប់អារម្មណ៍សូមទាក់ទងមកខ្ញុំបាទដល់ផ្ទះ៖
ផ្ទះលេខ វិមានសន្តិភាព
ផ្លូវសងព័ន្ធរុស្សី ក្រុងអំពេញលិចទឹក!!!
កុំភ្លេចបើមកក្នុងរដូវវស្សារសូមយកទូកមកជាមួយផង!!

Sep 30, 2014 06:14 AM

អ្នក​អាន​អនាមិក

សូមបងប្អូនរួមខេមរាជ្រាប!ប្រភពជួញដូរមនុស្សកើតនៅ
ប្រទេសខ្មែរនេះគឺរបបលោកហ៊ុន សែនគួរអោយអាសូរទាំង
រាស្ត្រខ្មែរទាំងជនភៀសខ្លួន!បើបានសំលាប់កាន់តែបានលុ
យ!មានការសំលាប់នៅស្ពានកោះពេជជាគំរូស្រាប់!គ្មាននណា
ខ្វល់ឬរករឿងឡើយ!ថ្វីដៃលោក.......ដើម្បីលុយ

Sep 30, 2014 02:52 AM

David

ពី Australia

The leaders of this corrupt country have brainwash, they want only money. But remember, they cannot corrupt when they are in hell.

Sep 29, 2014 10:37 PM

ភាពភ្នំពេញ

ពី Phnom Penh

ខ្ញុំសង្កេតឃើញថាសមាជិកសភាបក្សប្រឆាំងធ្វើអីមិនកើតដដែល ៥៥កៅអី ក៏ដូចជា២៩ ដ៏ជាគ្មានប្រសិទ្ធភាពអីសោះ។ លោកសមរង្ស៊ីប្រាប់ឲ្យអ្នកគាំទ្ររង់ចាំមើល តែដូចជាគ្មានសកម្មភាពអីខ្លាំងក្លាសោះ បើចឹងនៅក្រៅសភាល្អជាង!!!!!!

Sep 29, 2014 10:18 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល