បទវិភាគ៖ ហេតុអ្វីលោក ហ៊ុន សែន មិនអាចស្វែងរកសន្តិភាពផ្លូវចិត្តឱ្យពលរដ្ឋខ្មែរបាន?
2022.03.05
លោក ហ៊ុន សែន ដែលត្រូវបានអ្នកនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាចាត់ទុកថាជា ស្ថាបនិកនៃគោលនយោបាយឈ្នះ-ឈ្នះ និងជាអ្នកបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពនៅក្នុងប្រទេសកម្ពុជានោះ កាលពីពេលថ្មីៗនេះ បានសារភាពជាថ្មីថា លោកគ្មានសមត្ថភាពនាំមកនូវសន្តិភាពផ្លូវចិត្តជូនពលរដ្ឋខ្មែរនោះទេ ក្រៅតែពីធានាមិនឱ្យកម្ពុជាមានសង្គ្រាមជាថ្មីទៀត។
តើសន្តិភាពផ្លូវចិត្តដែលពលរដ្ឋចង់ឱ្យលោក ហ៊ុន សែន ផ្តល់ឱ្យនោះគឺជាអ្វីខ្លះ? ហេតុអ្វីលោក ហ៊ុន សែន ដែលត្រូវបានគ្នីគ្នាលោកចាត់ទុកជាស្ថាបនិកសន្តិភាពនៅកម្ពុជានោះ បែរជា សារភាពថា គ្មានសមត្ថភាពរកសន្តិភាពផ្លូវចិត្តឱ្យពលរដ្ឋទៅវិញ?
នៅកម្ពុជា ពាក្យថា «អរគុណសន្តិភាព» ត្រូវបានលោក ហ៊ុន សែន បញ្ជាឱ្យគេសរសេរព្យួរបង្ហាញនៅស្ទើរគ្រប់ទីកន្លែង មិនថា នៅតាមដងផ្លូវ ទីសាធារណៈ អាគារស្ថាប័នរដ្ឋ ឬឯកជន និងមិនថា នៅក្នុងទីក្រុង ឬទីជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ។
«អរគុណសន្តិភាព» លោក ហ៊ុន សែន កំពុងលើកកម្ពស់ គឺដើម្បីឱ្យពលរដ្ឋខ្មែរនាំគ្នារំលឹកទៅដល់ស្នាដៃរបស់លោក ហ៊ុន សែន ដែលបានដាក់ចេញនូវអ្វីដែលលោកហៅថា ជាគោលនយោបាយ ឈ្នះ-ឈ្នះ ឈានដល់ការរំលាយចោលទាំងស្រុង នូវអង្គការចាត់តាំងរបស់ខ្មែរក្រហមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមក។
ពាក្យសន្តិភាពនេះ គេតែងឃើញលោក ហ៊ុន សែន និងមន្ត្រីថ្នាក់ក្រោមរបស់លោកតាំងពីថ្នាក់មូលដ្ឋានតូចតាច រហូតដល់ថ្នាក់ជាតិនិយាយរំលឹកប្រាប់ពលរដ្ឋស្ទើរនៅរាល់ពេលមានកម្មវិធី ជួបជុំម្តងៗ ដូចជាថាបើគ្មានសន្តិភាពទេ ប្រទេសនឹងគ្មានការអភិវឌ្ឍ ឬថាទោះជាក្នុងតំលៃ ណាក៏ដោយ សន្តិភាពត្រូវតែការពារឱ្យបានជាដាច់ខាតជាដើម។
ជាការពិតណាស់ សន្តិភាពគឺជាអ្វីដែលមនុស្សជាតិភាគច្រើននៅលើពិភពលោកចង់បាន។ ការចេញមុខបោះឆ្នោតមិនគាំទ្រ ការឈ្លានពានរបស់រុស្សីលើប្រទេសអ៊ុយក្រែន និងការសម្តែងភាពមិនពេញចិត្តចំពោះ ប្រទេសរុស្សីដោយមនុស្សភាគច្រើននៅលើពិភពលោកជាការសបញ្ជាក់ឱ្យឃើញថា មនុស្សជាតិពិតជាត្រូវការនិងស្រឡាញ់សន្តិភាពជាងអំពើហិង្សា និងសង្គ្រាម។
ដោយឡែក សម្រាប់ពលរដ្ឋខ្មែរដែលបានហែលឆ្លងភ្នក់ភ្លើងសង្គ្រាមជិត ៣០ ឆ្នាំ តាំងពីដើម ទសវត្សរ៍ ៧០ មក ប្រាកដណាស់ពួកគេបានឆ្អែតឆ្អន់នឹងសង្គ្រាម ហើយក៏មិនចង់ឃើញ កម្ពុជារអិលធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីវិញដែរ។
ដូច្នេះ សន្តិភាព និងភាពគ្មានសង្គ្រាម ដែលលោក ហ៊ុន សែន និងក្រុមរបស់លោកចង់បាន គឺសុទ្ធសឹងតែជាអ្វីដែលពលរដ្ឋខ្មែរជាទូទៅចង់បានដូចគ្នា។ ប៉ុន្តែបញ្ហាចោទនៅត្រង់ថា តើអត្ថន័យនៃពាក្យថាសន្តិភាពនៅពេលបច្ចុប្បន្ននេះ គឺត្រឹមតែគ្មានសង្គ្រាម ឬគ្មានការប្រយុទ្ធ ប្រដាប់អាវុធឬយ៉ាងណា? ឬក៏ថា បើទោះជាកម្ពុជាគ្មានសង្គ្រាមក្តី តើពលរដ្ឋខ្មែរជាទូទៅពិត ជាបានរស់នៅក្នុងសុខសន្តិភាពពិតប្រាកដហើយឬនៅ
ក្រុមអ្នកជំនាញផ្នែកសុខដុមនីយកម្មសកល និងផ្នែកសន្តិភាព សិក្សាឃើញថា ដើម្បីឱ្យពលរដ្ឋនៅក្នុងសង្គមមួយរស់នៅប្រកបដោយភាពសុខសាន្ត វិបុលភាព និងសន្តិភាពទៅបាន លុះណាតែពលរដ្ឋក្នុងសង្គមនោះ រស់នៅដោយមានសន្តិភាពទាំងក្នុងផ្លូវកាយផង និងផ្លូវ ចិត្តផង។ សន្តិភាពផ្លូវកាយ គឺសំដៅទៅលើភាពគ្មានសង្គ្រាម គ្មានជំលោះប្រដាប់អាវុធ គ្មានចំបាំងរាំងជល់ គ្មានអំពើហិង្សា ឬក៏គ្មានភាពភ័យខ្លាចពីការបៀតបៀនផ្នែកសន្តិសុខ បុគ្គល។ល។ រីឯសន្តិភាពផ្លូវចិត្ត គឺសំដៅទៅលើសង្គមមួយដែលពលរដ្ឋក្នុងសង្គមនោះ រស់នៅមាននីតិរដ្ឋ (មានការគោរពច្បាប់ ស្មើភាពគ្នាចំពោះមុខច្បាប់) មានយុត្តិធម៌សង្គម មានការអភិវឌ្ឍសេដ្ឋកិច្ច មានការបែងចែកផលសេដ្ឋកិច្ចដោយសមធម៌ មានការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ គ្មានអំពើពុករលួយ ពលរដ្ឋមានឱកាសស្មើគ្នាក្នុងផ្នែកអភិវឌ្ឍ សេដ្ឋកិច្ច និងសហគ្រិនភាព មានរដ្ឋាភិបាលមួយដែលមានការទទួលខុសត្រូវខ្ពស់ចំពោះទុក្ខលំបាករបស់ពលរដ្ឋជាទូទៅ ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញចូលរួមក្នុងវិស័យនយោបាយ ដោយគ្មានការរើសអើង ប្រកាន់បក្ខពួក មានការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានគុណភាពអប់រំខ្ពស់ មានប្រព័ន្ធសុខាភិបាលល្អ ឬមានការចេះជួយគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិជាដើម។
ផ្អែកលើនិយមន័យសន្តិភាពខាងដើមនេះ ប្រាកដណាស់ លោក ហ៊ុន សែន ដែលជាស្ថាបនិក សន្តិភាពនៅកម្ពុជាមិនទាន់រកបានសម្រាប់ពលរដ្ឋខ្មែរទូទៅនៅឡើយទេ បើទោះជាលោក បានកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំមកហើយក្តី។
ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ បើទោះណាជាលោក ហ៊ុន សែន ត្រូវបានមន្ត្រីក្រោមឱវាទ របស់លោកដាក់ងារជា «ស្ថាបនិកសន្តិភាព» ក្តី តែលោក ហ៊ុន សែន ហាក់បានយល់ឃើញ អត្ថន័យនៃសន្តិភាពផ្លូវចិត្តបែបផ្សេង ខុសពីអ្នកជំនាញផ្នែកសន្តិភាពជាសកលទៅវិញ។ មែនទែនទៅ នៅក្នុងប្រទេសដែលមានមេដឹកនាំមានការទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខរបស់ពលរដ្ឋជាទូទៅ គេបានរកឃើញហើយសន្តិភាពផ្លូវចិត្តសម្រាប់ពលរដ្ឋរបស់គេ បើទោះជាខ្លះ មិនទាន់បានពេញលេញក្តី ក៏បានក្នុងកម្រិតអាចទទួលយកបានដែរ។ ប៉ុន្តែចំពោះ លោក ហ៊ុន សែន បានសារភាពទៅវិញថា លោកគ្មានសមត្ថភាពរកសន្តិភាពផ្លូវចិត្តឱ្យពលរដ្ឋនោះទេ។
កាលពីថ្ងៃទី២ ខែមីនា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត លោក ហ៊ុន សែន ហាក់ចាត់ទុកសន្តិភាពផ្លូវចិត្តដែលពលរដ្ឋខ្មែរចង់បាន គឺជារឿងស្រមើស្រមៃមិនអាចរកបានទៅវិញ៖ «ប៉ុន្តែខ្ញុំនៅបញ្ជាក់សាជាថ្មីថា ខ្ញុំមិនអាចរកសន្តិភាពខាងផ្លូវចិត្តជូន អស់លោកអ្នកបានទេ ព្រោះឥលូវហ្នឹងគេអត់និយាយអីទេ គេប្រឹងឱ្យខ្ញុំរកសន្តិភាពផ្លូវចិត្តឱ្យគេ។ ព្រោះគេថាបើអត់ មានសន្តិភាពផ្លូវចិត្តទេ គឺមិនអាចហៅថា សន្តិភាព អ៊ីចឹងសូមអ្នកឯងទៅរក នៅឋានព្រះឥន្ទទៅ។ នៅឋានព្រះឥន្ទក៏មិនប្រាកដថាមានសន្តិភាពផ្លូវចិត្តទេ […] អ៊ីចឹង អ្នកដែលសុំឱ្យខ្ញុំធានាសន្តិភាពផ្លូវចិត្តឱ្យគេ សុំទៅរកខ្លួនឯងទៅ អាត្មាមិនទៅរកបានទេ»។
ជាការពិតណាស់ សន្តិភាពផ្លូវចិត្តដែលពលរដ្ឋខ្មែរកំពុងទទូចឱ្យលោក ហ៊ុន សែន ផ្តល់ឱ្យក្នុងនាមលោកជាមេដឹកនាំ មិនមែនឱ្យលោក ហ៊ុន សែន មកដោះស្រាយបញ្ហាឯកជនក្នុងជីវិត របស់ពួកគេ ដូចជាបញ្ហាជីវិតស្នេហាឯកជន ឬរឿងរ៉ាវគ្រួសារឯកជនរបស់បុគ្គលនោះទេ ប៉ុន្តែពលរដ្ឋចង់បានឱ្យមានភាពយុត្តិធម៌ស្មើគ្នានៅក្នុងសង្គម គ្មានអំពើអំពើហិង្សា គ្មានការចាប់ចងដាក់គុកច្រវាក់តាមទំនើងចិត្ត គ្មានការរំលោភបំពានសិទ្ធិសេរីភាព មានការប្រកួតប្រជែង នយោបាយដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតុលាការឯករាជ្យ មានរដ្ឋសភាដែលមានប្រសិទ្ធភាព មានស្ថាប័នបោះឆ្នោតអព្យាក្រឹត មិនមានការរំលោភបំពានដីធ្លី ការបណ្តេញចេញដោយបង្ខំ ឬក៏មានសមត្ថភាពដោះស្រាយវិវាទការងារនៅតាមរោងចក្រ សហគ្រាសដោយយុត្តិធម៌ ។ល។
ផ្ទុយទៅវិញ គេសង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់មិនសូវបានយកចិត្តទុកដាក់គិតគូរពីរឿងទាំងអស់នេះទេ។ មែនទែនទៅ លោក ហ៊ុន សែន ហាក់នៅមានរឿងច្រើន គួរសមត្រូវដោះស្រាយដើម្បីអាចរកសន្តិភាពផ្លូវចិត្តអោយពលរដ្ឋខ្មែរ ហើយវាក៏ប្រហែលមិន មែនជារឿងស្រមើស្រមៃមិនអាចរកបាន និងទាល់តែត្រូវទៅរកនៅឋានព្រះឥន្ទដូចការលើកឡើងរបស់លោក ហ៊ុន សែន នោះដែរ។
កម្ពុជាបច្ចុប្បន្ន មិនសូវទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងតារាងសុខដុមនីយកម្មសកល តារាងសន្តិភាព តារាងនៃការលុបបំបាត់អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស សេរីភាព បញ្ចេញមតិ សេរីភាពសារព័ត៌មាន ឬការបើកចំហផ្នែកនយោបាយនោះទេ។
ជាក់ស្តែងនៅក្នុងវិស័យនយោបាយ លោក ហ៊ុន សែន បានរំលាយបក្សប្រឆាំងដែលជាគូប្រជែងប្រកបដោយសក្ដានុពលរបស់ខ្លួន ចាប់សកម្មជនប្រឆាំងដាក់គុក ចោទប្រកាន់អ្នកនយោបាយប្រឆាំងទៅកាន់តុលាការតាមទំនើងចិត្ត។ ក្នុងផ្នែកសង្គម រដ្ឋាភិបាលបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនឈឺឆ្អាលបញ្ហាសង្គម អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន សកម្មជនបរិស្ថាន សហជីព រឹបអូសដីធ្លីទ្រព្យសម្បត្តិពលរដ្ឋគ្មានដំណោះស្រាយសមរម្យ និងចាប់ដាក់គុកក៏មាន។ កម្ពុជាគ្មានប្រព័ន្ធតុលាការមួយដែលឯករាជ្យ គ្មានស្ថាប័នរៀបចំការបោះឆ្នោតមួយដែលអព្យាក្រឹត ពោរពេញទៅដោយ បក្ខពួកនិយមធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្តទៅលើស្ថាប័នធំៗរបស់រដ្ឋ ទាំងក្នុងផ្នែកនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ វិស័យតុលាការ និងកងកម្លាំងប្រដាប់អាវុធ។
តើបញ្ហាទាំងអស់នេះ លោក ហ៊ុន សែន អាចមានសមត្ថភាពដោះស្រាយបានដែរឬទេ? ជាបុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ប្រហែលជាអាចមានសមត្ថភាពដោះស្រាយបញ្ហា ទាំងនេះបាន ប៉ុន្តែលោក ហ៊ុន សែន ប្រហែលជាគ្មានឆន្ទៈដើម្បីដោះស្រាយបញ្ហាទាំងអស់នេះច្រើនជាង។
ក្នុងរយៈពេលជិត ៤០ឆ្នាំនៃការកាន់អំណាចរបស់លោក ជាពិសេសចាប់តាំងពីការបិទបញ្ចប់ សង្គ្រាមប្រដាប់អាវុធនៅកម្ពុជានៅឆ្នាំ១៩៩៨ មក ប្រសិនបើលោក ហ៊ុន សែន មានឆន្ទៈពិត ប្រាកដនោះ ម្ល៉េះពលរដ្ឋខ្មែរប្រហែលជាទទួលបានផលនៃសន្តិភាពផ្លូវចិត្តមិនតិចដែរទេ។
ទោះជាយ៉ាងណា គេប្រហែលជាសន្និដ្ឋានបានថា លោក ហ៊ុន សែន គ្មានឆន្ទៈពិតប្រាកដធ្វើកំណែទម្រង់ដើម្បីរកសន្តិភាពផ្លូវចិត្តជូនដល់ពលរដ្ឋខ្មែរជាទូទៅនោះឡើយ ព្រោះថា កំណែទម្រង់ធំៗមួយចំនួន ឬការផ្លាស់ប្ដូរឥរិយាបថមករកផ្លូវត្រឹមត្រូវវិញ អាចធ្វើឱ្យលោក ហ៊ុន សែន និងគ្រួសារលោកឈានដល់ការបាត់បង់អំណាចក៏អាចថាបាន។
ជាការពិតណាស់ លោក ហ៊ុន សែន ប្រហែលជាមិនហ៊ានឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញឡើយ ប្រហែលជាមិនហ៊ានអនុញ្ញាតឱ្យ សម រង្ស៊ី ត្រឡប់ចូលស្រុកដឹកនាំគណបក្សប្រឆាំងជាថ្មីឡើយ ហើយក៏ប្រហែលជាមិនហ៊ានបន្ធូរដៃឱ្យសកម្មជនបក្សប្រឆាំង ឬដោះលែងពួកគេចេញពីពន្ធនាគារទាំងអស់វិញដែរ។ លើសពីនេះ លោក ហ៊ុន សែន ប្រហែលជាមិនក្លាហានធ្វើឱ្យស្ថាប័ន គ.ជ.ប ក្លាយជាស្ថាប័នអព្យាក្រឹតពិតប្រាកដ ធ្វើឱ្យប្រព័ន្ធតុលាការឯករាជ្យមិន ឋិតក្រោមឥទ្ធិពលរបស់លោក ឬមិនហ៊ានធ្វើឱ្យមានអព្យាក្រឹតភាពកងកម្លាំងប្រដាប់អាវុធនោះដែរ។
សរុបសេចក្តីមក លោក ហ៊ុន សែន ប្រហែលជាអាចមានសមត្ថភាពរកសន្តិភាពផ្លូវចិត្តឱ្យពលរដ្ឋខ្មែរជាទូទៅបាន បើលោកមានឆន្ទៈពិតប្រាកដ និងប្រសិនជាលោកហ៊ានប្រថុយ លះបង់ចោលនូវផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ក្រុមគ្រួសារ រួចមកគិតពីផលប្រយោជន៍រួមរបស់ជាតិ។ ប៉ុន្តែបើលោក ហ៊ុន សែន បន្តគ្មានឆន្ទៈ ឬមិនហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប្រាកដណាស់ សន្តិភាពផ្លូវចិត្តនឹងមិនអាចកើតមានចំពោះពលរដ្ឋខ្មែរនោះឡើយ ហើយការដង្ហោយហៅរកសន្តិភាពផ្លូវចិត្តរបស់ពលរដ្ឋក៏នឹងបន្តកើតមានជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។