មូលហេតុ​ដែល​ពលរដ្ឋ​ចេញ​តវ៉ា​តាម​ផ្លូវ​ថ្នល់

ដោយ ជីវិតា
2020.10.01
ការតវ៉ា ​គ្រួសារ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ 100120 ក្រុម​គ្រួសារ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ នាំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី១ ខែ​តុលា ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ទាំង​នោះ​​វិញ។
រូប៖ ពលរដ្ឋ

ក្រសួង​យុត្តិធម៌​ព្រមាន​ថា ការ​ចេញ​តវ៉ា​របស់​ពលរដ្ឋ​នៅ​ខាង​មុខ​តុលាការ គឺ​ជា​ការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ និង​ជា​អំពើ​ខុស​ច្បាប់ ដែល​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។ មន្ត្រី​ក្រសួង​យុត្តិធម៌​ណែនាំ​ឱ្យ​អ្នក​តវ៉ា​ស្វះស្វែង​រក​មេធាវី​ល្អៗ ទៅ​តតាំង​ក្ដី​គ្នា​នៅ​ក្នុង​តុលាការ​វិញ។ ប៉ុន្តែ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ឆ្លើយ​តប​ថា នេះ​ជា​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​ដែល​គួរ​ឱ្យ​ចង់​សើច។

ហេតុ​អ្វី​បាន​ជា​ការ​លើក​ឡើង​បែប​នេះ​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌ គួរ​ឱ្យ​អស់​សំណើច​ទៅ​វិញ?

នៅ​ពេល​ប្រទេស​មួយ​មាន​ប្រព័ន្ធ​ច្បាប់​ល្អ ប្រកប​ដោយ​យុត្តិធម៌​ហើយ​នោះ គ្មាន​ហេតុ​ផល​ណា​មួយ ដែល​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នោះ ចាំបាច់​ត្រូវ​ចំណាយ​ពេល​វេលា​ទៅ​លើ​ការ​តវ៉ា​នៅ​មុខ​តុលាការ​ទាមទារ​រក​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ណា​មួយ​នោះ​ទេ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស វ៉ច្ឆ (HRW) ទទួល​បន្ទុក​តំបន់​អាស៊ី លោក ប្រ៊េដ អាដាមស៍ (Brad Adams) បញ្ជាក់​ថា ប្រជាជន​ក្នុង​ប្រទេស ដែល​ប្រកាន់​ខ្ជាប់​របប​ប្រជាធិបតេយ្យ ពួក​គេ​មិន​ចាំបាច់​ចេញ​ទៅ​តវ៉ា​តាម​ថ្នល់ ដើម្បី​ដាក់​សម្ពាធ​លើ​តុលាការ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កាត់​សេចក្ដី​លើ​សំណុំ​រឿង​ណា​មួយ​ឡើយ៖ «ពីព្រោះ​ប្រជាពលរដ្ឋ​រំពឹង​ថា តុលាការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​មាន​មេធាវី​ល្អ​ទាំង​សង​ខាង​នៃ​ភាគី​ជម្លោះ​ផង​នោះ ដែល​នឹង​នាំ​មក​នូវ​លទ្ធផល​សម្រេច​ក្តី​ដែល​មាន​យុត្តិធម៌។ នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី។ ហេតុ​នោះ​ហើយ ទើប​យើង​ឃើញ​ម្តាយៗ ឬ​ប្រពន្ធ​កូន​អ្នក​ជាប់​ឃុំ និង​យុវជន កម្មករ​សហជីព និស្សិត ព្រម​ទាំង​អ្នក​នយោបាយ​ផង ចេញ​តវ៉ា​ដោយ​អហិង្សា ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​មនុស្ស។ យោង​តាម​បទ​ពិសោធន៍​របស់​ខ្ញុំ គឺ​ថា ស្ទើរ​គ្រប់​អំពើ​ហិង្សា​ទាំង​អស់​កើត​ឡើង​ក្នុង​ពេល​តវ៉ា គឺ​បង្ក​ឡើង​ដោយ​ក្រុម​ប៉ូលិស ឬ​អាជ្ញាធរ។ គ្រាន់​តែ​រិះគន់​រដ្ឋាភិបាល និង​អំពាវនាវ​ឱ្យ​តុលាការ​គោរព​ច្បាប់ វា​គ្មាន​កំហុស​អ្វី​ទេ។ ប្រសិន​បើ​រដ្ឋាភិបាល​ចាត់​ទុក​ថា ការ​ស្នើសុំ​របស់​ពលរដ្ឋ ឱ្យ​តុលាការ​គោរព​ច្បាប់ និង​សម្រេច​ក្តី​ដោយ​យុត្តិធម៌​នោះ ជា​បទ​ល្មើស​ព្រហ្មទណ្ឌ វា​មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រែ​ក្លាយ​ប្រទេស​នេះ​ឱ្យ​ដូច​គ្នា​ទៅ​នឹង​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាង​ជើង​ដែរ ពី​ព្រោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នេះ ចាប់​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​អ្វី​មួយ​នៅ​ទី​សាធារណៈ​ដាក់​ពន្ធនាគារ»

ការ​ពន្យល់​បក​ស្រាយ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ ដែល​លើក​ឡើង​ជា​បន្ត​បន្ទាប់​ថា ការ​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ជន​ត្រូវ​ចោទ គឺ​ជា​អំពើ​ដាក់​គំនាប​លើ​តុលាការ និង​ផ្ទុយ​ពី​ច្បាប់។

កាល​ពី​ថ្ងៃ​ទី៣ ខែសីហា គឺ​ពីរ​ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន​មេ​សហជីព លោក រ៉ុង ឈុន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «សកម្មភាព​ប្រមូល​ផ្តុំ​មនុស្ស​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​តុលាការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុង ឈុន ពុំ​មែន​ជា​ទង្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ទង្វើ​ដាក់​សម្ពាធ​លើ​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​អំពី​បទ​ព្រហ្មទណ្ឌ (តាម​មាត្រា ៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ

លោក ប្រ៊ែដ អាដាមស៍ ដែល​ជា​មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​ផង​នោះ ច្រាន​ចោល​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​យុត្តិ ដែល​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ គឺ​ជា​ការ​ដាក់​សម្ពាធ​លើ​តុលាការ​នោះ៖ «ជា​រឿង​ទប់​សំណើច​មិន​បាន​ទេ នៅ​ពេល​ឮ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ស្រែក​ថា ប្រជាពលរដ្ឋ​ជា​អ្នក​ដាក់​សម្ពាធ​លើ​តុលាការ ពី​ព្រោះ​នៅ​កម្ពុជា ពលរដ្ឋ​កម្ពុជា​ដឹង​ច្បាស់​ថា អ្នក​មាន​អំណាច​អាច​ដាក់​សម្ពាធ​លើ​តុលាការ ដើម្បី​ឱ្យ​ចេញ​សេចក្ដី​សម្រេច​ណា​មួយ​នោះ គឺ​មិនមែន​ប្រជាពលរដ្ឋ​ទេ។ អ្នក​ដែល​លូក​ដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​នោះ គឺ​មាន​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទាហាន នគរបាល និង​រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​មូល ដែល​នោះ​ហើយ​ជា​ទង្វើ​បំពាន​ច្បាប់​នោះ»

លិខិត​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ដដែល​បន្ត​ថា៖ ក្នុង​សង្គម​នីតិរដ្ឋ ការ​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​អំពី​បទ​ល្មើស​ណា​មួយ​របស់​អង្គការ​អយ្យការ ត្រូវ​ធ្វើ​ឡើង​តាម​ផ្លូវ​ច្បាប់ ចំពោះ​មុខ​តុលាការ។ ក្នុង​ន័យ​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុង ឈុន មាន​សិទ្ធិ​ពេញលេញ​ស្រប​ច្បាប់​តាម​រដ្ឋធម្មនុញ្ញ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក្នុង​ការ​ស្វែងរក និង​ពឹង​ពាក់​មេធាវី​ពូកែៗ មួយ​រូប ឬ​ច្រើន​រូប ដើម្បី​ការពារ​សុចរិតភាព និង​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់។

ទោះ​ជា​យ៉ាង​ណា អ្វី​ដែល​គួរ​ឱ្យ​កត់​សំគាល់​នោះ គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា រាល់​សំណុំរឿង​នយោបាយ ឬ​សំណុំ​រឿង​ចោទ​ប្រកាន់​អ្នក​ការពារ​សិទ្ធិមនុស្ស ព្រះរាជអាជ្ញា​តែងតែ​ឈ្នះ​ក្ដី​ជា​និច្ច។ និយាយ​ម៉្យាង​ទៀត​ថា មេធាវី​ដែល​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ​ជា​អ្នក​នយោបាយ​ក្ដី ជា​សកម្មជន​បរិស្ថាន​ក្ដី ឬ​ជា​សកម្មជន​សហជីព​ក្ដី តែងតែ​ចាញ់​ក្ដី​ជា​និច្ច។

លោក សំ សុខគង់ មេធាវី​ជា​ប្រចាំ​ការិយាល័យ​មេធាវី ប៊ីភីស៊ី (BPC) ដែល​តែង​ទទួល​ការពារ​ក្ដី​ឱ្យ អ្នក​យោបាយ និង​ក្រុម​សង្គម​ស៊ីវិល​អស់​រយៈ​ពេល ១៣ឆ្នាំ​កន្លង​ទៅ​នេះ​និយាយ​ថា ចៅក្រម​មិន​ដែល​សម្រេច​ឱ្យ​លោក​ឈ្នះ​ក្តី​ប្រភេទ​នេះ​ម្ដង​ណា​ទេ៖ «ជា​បទ​ពិសោធន៍​របស់​ខ្ញុំ​កន្លង​មក ដែល​ខ្ញុំ​ការពារ​ឱ្យ​ក្រុម​គណបក្ស​ប្រឆាំង ក៏​ដូច​ជា​សង្គម​ស៊ីវិល ក៏​ដូច​ជា​សមាគម​ផ្សេងៗ ហ្នឹង គឺ​មិន​ដែល​ឈ្នះ​ក្ដី​ទេ។ មូលហេតុ​ដែល​ខ្ញុំ​មិន​ដែល​ឈ្នះ​ក្ដី​នៅ​ក្នុង​តុលាការ​ប្រទេស​កម្ពុជា​ហ្នឹង ដោយសារ​តុលាការ​យើង​មិន​ទាន់​មាន​ភាព​ឯករាជ្យ និង​ពាក់ព័ន្ធ​នឹង​នយោបាយ​ផង។

ចំណែក​មេធាវី​ជើង​ចាស់ និង​មាន​ថ្វី​មាត់​ក្នុង​សវនាការ​មួយ​រូប​ទៀត គឺ​លោក ជួង ជូងី នៃ​ការិយាល័យ​ច្បាប់​សីលា បញ្ជាក់​ថា លោក​ក៏​ជួប​ប្រទះ​បញ្ហា​នេះ​ដូច​គ្នា​ដែរ។ លោក​ថា បើ​ទោះ​ជា​លោក​បាន​ប្រឹងប្រែង​ការពារ​កូន​ក្ដី​របស់​លោក​ត្រឹមត្រូវ​តាម​ច្បាប់​យ៉ាង​ណា​ក៏​ដោយ​ចុះ ក៏​មិន​ដែល​ឈ្នះ​ក្តី​ក្នុង​សំណុំរឿង​នយោបាយ និង​សំណុំ​សកម្មជន​សង្គម​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​ថា សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​មាន​ឥទ្ធិពល​លើ​តុលាការ៖ «ខ្ញុំ​ចែក​កូន​ក្តី​របស់​ខ្ញុំ​ជា​ពីរ​ផ្នែក។ កូន​ក្តី​មួយ​ផ្នែក​ជា​សកម្មជន​នយោបាយ ជា​សកម្មជន​ដីធ្លី សកម្មជន ដែល​តវ៉ា​ពាក់ព័ន្ធ​នឹង​ការ​គោរព​ច្បាប់​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ដូច​ករណី​លោក គ្រូ រ៉ុង ឈុន លោក គឹម សុខ ដូច​ករណី​ស្ត្រី​រង​ការ​បំពាន​ហិង្សា​កន្លង​មក​ហ្នឹង ហើយ​អតីត​កាល ដូច​ជា​ករណី ឯកឧត្ដម អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា និយាយ​រួម​សកម្មជន​គណបក្ស​នយោបាយ ក៏​ដូច​សកម្មជន​សង្គម​ដែរ។ គឺ បើ​យើង​ឈ្នះ​ជា​សាលក្រម ជា​សេចក្ដី​សម្រេច​របស់​តុលាការ គឺ​អត់​មាន​ទេ ដូច​ជា​ពេល​ថ្មីៗ ហ្នឹង កាល​ពី​ចុង​ឆ្នាំ២០១៩ ហ្នឹង ពេល​ដែល​មាន​ដំណឹង​ថា លោក សម រង្សី ចូល​ស្រុក​ហ្នឹង មាន​ការ​ចាប់​ខ្លួន​សកម្មជន​ទ្រង់ទ្រាយ​ធំ​ជិត ១០០នាក់ ហើយ​ពួក​ខ្ញុំ (ជា​មេធាវី) ខិតខំ​ធ្វើ​ការ​យ៉ាងម៉េច​ក៏​អត់​បាន​លទ្ធផល​ល្អ​ដែរ។ ប៉ុន្តែ​នៅ​ពេល​សម្ដេច​នាយក មាន​ប្រសាសន៍​តែ​ប៉ុន្មាន​ម៉ាត់​នៅ​ខេត្ត​កំពត ដោះលែង​អស់​រលីង​ភ្លាម។ អ៊ីចឹង​ជា​ទម្រង់ សកម្មជន​ទាំង​អស់​ហ្នឹង​មិន​អាច​ឈ្នះ​តាម​មេធាវី​ការពារ​ទេ។ ដល់​ពេល​ងាក​ទៅ​រឿង​ក្តី​ប្រជាពលរដ្ឋ​សាមញ្ញ​វិញ គឺ​មាន​ចាញ់​មាន​ឈ្នះ​ជា​ធម្មតា ដូច​មេធាវី​ផ្សេងៗ ទៀត​ដែរ។​

មេធាវី​ការពារ​ក្តី​សំណុំ​រឿង​នយោបាយ និង​សំណុំរឿង​សកម្មជន​សង្គម​ទាំង​ពីរ​រូប​នេះ​បន្ថែម​ថា បើ​ទោះ​ជា​ចៅក្រម​សម្រេច​ឱ្យ​លោក​ចាញ់​ក្ដី​ប្រភេទ​នេះ​រាល់​ពេល​ក៏​ដោយ ក៏​កូន​ក្តី​របស់​លោក​តែង​ពេញ​ចិត្ត ចំពោះ​ការ​ប្រឹងប្រែង​តាម​វិជ្ជាជីវៈ​មេធាវី​ប្រកប​ដោយ​សុចរិតភាព​របស់​លោក​ទាំង​ពីរ​ដែរ។

លោក ប្រ៊េដ អាដាមស៍ នៃ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ បន្ថែម​ថា សារ​ផ្ដាំ​ផ្ញើ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​ទៅ​ក្រុម​គ្រួសារ​របស់​ជន​ត្រូវ​ចោទ​ឱ្យ​រក​មេធាវី​ល្អៗ ដើម្បី​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ ជា​ជាង​នាំ​គ្នា​ចេញ​តវ៉ា​តាម​ថ្នល់​នោះ គឺ​ជា​ការ​និយាយ​ឱ្យ​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ពិត​ណាស់ លោក​នឹង​ផ្តល់​ឱវាទ​ដល់​ជន​ត្រូវ​ចោទ​ឱ្យ​រក​មេធាវី​ល្អៗ ដើម្បី​ការពារ​ខ្លួន​ក្នុង​តុលាការ ប្រសិន​បើ​កម្ពុជា​មាន​ប្រព័ន្ធ​តុលាការ ដែល​ធានា​យុត្តិធម៌​ដល់​ជន​គ្រប់​រូប​ដោយ​គ្មាន​ការ​រើសអើង ពីព្រោះ​ក្នុង​លក្ខខណ្ឌ​បែប​នេះ ជន​ជាប់​ចោទ​នឹង​មាន​ក្តី​សង្ឃឹម​ខ្លះ​ថា ចៅក្រម​អាច​សម្រេច​ក្តី​ដោយ​ឯករាជ្យ ផ្អែក​តាម​អង្គហេតុ និង​ភស្តុតាង៖ «ប៉ុន្តែ យើង​ដឹង​ហើយ​ថា នៅ​កម្ពុជា ពេល​ណា​លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា ឬ​នគរបាល ចង់​ឱ្យ​អ្នក​ណា​ម្នាក់​ជាប់​ទោស​ឧក្រិដ្ឋ​ក្នុង​រឿង​នយោបាយ អ្នក​នោះ​នឹង​ជាប់​ភ្លាម។ ដូច្នេះ បើ​ទោះ​ជា​មាន​មេធាវី​ល្អៗ លំដាប់​ពិភពលោក​ក៏​ដោយ​ចុះ ក៏​មិន​អាច​ផ្លាស់ប្ដូរ​បាន​ដែរ ពីព្រោះ​ចៅក្រម​មិន​បាន​សម្រេច​ក្ដី​ផ្អែក​លើ​អង្គហេតុ និង​ភស្តុតាង​ទេ។ ចៅក្រម​កម្ពុជា​បច្ចុប្បន្ន​នេះ កាត់​សេចក្ដី​ផ្អែក​លើ​ការ​ណែនាំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​សម្រេច​ក្ដី​ក្រោម​ការ​ភ័យ​ខ្លាច​ថា នឹង​មាន​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​ពួក​គេ ប្រសិន​បើ​ពួក​គេ​មិន​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា ឱ្យ​អ្នក​រិះគន់​រដ្ឋាភិបាល ឬ​សត្រូវ​នយោបាយ​របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​ទោស​ទេ​នោះ។ ក្នុង​ករណី​បែប​នេះ ការ​ជួល​មេធាវី​ល្អៗ ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ មិន​អាច​ជួយ​ឱ្យ​មាន​ការ​ដោះ​លែង​ញាតិ​មិត្ត​ជា​ទី​ស្រឡាញ់ សកម្មជន​សង្គម សកម្មជន​នយោបាយ ឬ​សកម្មជន​សហជីព​បាន​ឡើយ»

លោក ប្រ៊េដ អាដាមស៍ ថា ហេតុ​ដូច​នេះ​ហើយ ការ​ដាក់​សម្ពាធ​សាធារណៈ ដោយ​ការ​ចេញ​តវ៉ា​តាម​ផ្លូវ​ថ្នល់​ដោយ​សន្តិវិធី ពេល​ខ្លះ​ទទួល​បាន​ជោគជ័យ។ លោក​ថា ការ​ដាក់​សម្ពាធ​ពី​មហាជន​ទៅ​លើ​ស្ថាប័នរដ្ឋ ដើម្បី​បង្ខំ​ឱ្យ​ធ្វើ​រឿង​ត្រឹមត្រូវ​មួយ វា​ជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ។ លោក​ថា អ៊ីចឹង​ហើយ ទើប​ប្រជាពលរដ្ឋ​កម្ពុជា​សម្រេច​ចិត្ត​ថា ត្រូវ​តែ​ចេញ​តវ៉ា​តាម​ផ្លូវ​ថ្នល់ នៅ​ពេល​ដែល​ការ​តស៊ូ​ក្ដី​នៅ​ក្នុង​តុលាការ​របស់​ពួក​គេ មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​មាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ​នោះ។ រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​តម្រូវ​ឱ្យ​តុលាការ​ឯករាជ​ពី​រដ្ឋាភិបាល​នោះ អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

មាត្រា៣៥ ចែង​ថា៖ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

ផ្អែក​លើ​គោលការណ៍​ធម្មនុញ្ញភាព​នៃ​ច្បាប់ រាល់​ច្បាប់ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋសភា និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ទាំង​អស់​តាក់តែង​ឡើង​ដោយ​រដ្ឋាភិបាល ត្រូវ​តែ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​នៃ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។