អូស្ត្រាលី​ផ្ដល់​ជំនួយ​២​លាន​ដុល្លារ​បន្ថែម​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី បាន​ប្រកាស​ផ្ដល់​ជំនួយ​ថវិកា​បន្ថែម​ចំនួន ២​លាន​ដុល្លារ​អូស្ត្រាលី ឬ​ស្មើ ២​លាន​១​សែន​ដុល្លារ​អាមេរិក ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរ​ក្រហម។
ដោយ ដែន អយុធ្យា
2011.06.04
Share on WhatsApp
Share on WhatsApp

ទឹក​ប្រាក់ ២​លាន​ដុល្លារ​អូស្ត្រាលី​នេះ គឺ​ត្រូវ​បែងចែក​ទៅ​ឲ្យ​ភាគី​អន្តរជាតិ ១​លាន​ដុល្លារ និង​ភាគី​ជាតិ​ចំនួន ១​លាន​ដុល្លារ។

លោក ឌឹម សុវណ្ណារុំ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​សាលាក្ដី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ដោយ​បាន​ចាត់​ទុក​ជំនួយ​របស់​​​រដ្ឋាភិបាល​អូស្ត្រាលី​ថា ជា​ការ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ចំពោះ​កង្វះខាត​ថវិកា ដែល​សាលាក្ដី​បាន​ជួប​ប្រទះ។

លោក​ថា ខាង​ផ្នែក​ជាតិ​នៅ​ខ្វះ​ថវិកា ១​លាន​ដុល្លារ​ថែម​ទៀត និង​ភាគី​អន្តរជាតិ​នៅ​ខ្វះ​ថវិកា ៩,២​លាន​ដុល្លារ តម្រូវការ​ថវិកា​សម្រាប់​ឆ្នាំ​២០១១។ ដូច្នេះ​ការ​ឆ្លើយ​តប​នេះ គឺ​បាន​ទាន់​ពេល​វេលា​ណាស់ ដោយសារ​តែ​នៅ​ក្នុង​ខែ​មិថុនា​នេះ គឺ​ជា​ឱកាស​ដ៏​សំខាន់​បំផុត​ដែល​សំណុំ​រឿង ០០២ នឹង​ចាប់​ផ្ដើម​ឡើង។

សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ប្រទេស​អូស្ត្រាលី បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ចំពោះ​​​​សាលាក្តី​ខ្មែរ​​ក្រហម​តាំង​ពី​សាលាក្ដី​នេះ បាន​ចាប់​ផ្ដើម​ដំណើរការ​ដំបូង​កាល​ពី​ឆ្នាំ​២០០៧​មក។ បូក​រួម​ទាំង​ជំនួយ​ចុង​ក្រោយ​​ផង ប្រទេស​អូស្ត្រាលី បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​សរុប​ចំនួន​ជិត ១៧​លាន​ដុល្លារ​អូស្ត្រាលី ដល់​សាលាក្ដី​ខ្មែរ​ក្រហម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។