វៀតណាម​បូក​សរុប​ការ​ងារ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​កម្ពុជា

ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម នៅ​ចុង​សប្ដាហ៍​នេះ​ផ្សាយ​ថា គណៈកម្មាធិការ​ប្រជា​ជន​នៅ​ខេត្ត​តៃ​និញ បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​អំពី​ការ​បោះ​បង្គោល​ព្រំដែន​តាម​ព្រំ​ប្រទល់​រវាង​ខេត្ត​តៃ​និញ និង​ខេត្ត​បី​របស់​កម្ពុជា គឺ​ខេត្ត​ស្វាយ​រៀង ព្រៃ​វែង និង​កំពង់​ចាម។

ប្រភព​ព័ត៌មាន​វៀតណាម​នេះ​សរសេរ​ថា ការ​បំពេញ​បេសកកម្ម​កំណត់​ព្រំដែន​នេះ ធ្វើ​ឡើង​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅ​នឹង​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ​២០០៥។

សព្វ​ថ្ងៃ​នេះ គណៈកម្មាធិការ​បាន​កំណត់ ៨៩ ​ចំណុច ក្នុង​ចំណោម ១០១ ​ចំណុច ហើយ​បាន​បោះ​បង្គោល​ខណ្ឌ​សីមា​ចំនួន​៩៥ ក្នុង​ចំណោម​បង្គោល​ ១១០ ដែល​ត្រូវ​បោះ​តាម​បណ្ដោយ​ព្រំដែន​រួម​ប្រវែង ២៤០​គីឡូ​ម៉ែត្រ៕