ខ្មែរ​នៅ​បារាំង​និង​នៅ​កម្ពុជា​គ្រោង​ប្រារព្ធ​ទិវា​នំ​បញ្ចុក​ខ្មែរ ឬ​ពិធីបុណ្យ​នំ​បញ្ចុក​សាមគ្គី

ដោយ សេក បណ្ឌិត
2018-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង និង​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​មួយ​ចំនួន នឹង​ប្រារព្ធ​ទិវា​នំ​បញ្ចុក​ខ្មែរ ឬ​ហៅថា​ពិធីបុណ្យ​នំ​បញ្ចុក​សាមគ្គី នៅ​ថ្ងៃអាទិត្យ ទី​២៧ ឧសភា ខាងមុខនេះ។

អ្នក​រៀបចំ​កម្មវិធី​ឲ្យ​ដឹង​ថា ទិវា​នេះ​ធ្វើឡើង​ដើម្បី​លើក​តម្កើង​អាហារ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ពី បុរាណ ជាពិសេស នំ​បញ្ចុក ដែល​ពលរដ្ឋ​ទាំង​ចាស់ ទាំង​ក្មេង​តែងតែ​និយម​ចូលចិត្ត។

ទិវា​នំ​បញ្ចុក​ខ្មែរ ឬ​ពិធីបុណ្យ​នំ​បញ្ចុក​សាមគ្គី​នេះ ក្រៅ​តែ​ពី​ចង់​លើក​តម្កើង​អាហារ​ដែល​ជា​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​នោះ អ្នក​រៀបចំ​កម្មវិធី ក៏​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មាន​ឱកាស រឹត​ចំណង មេត្រីភាព រវាង​ខ្មែរ និង​ខ្មែរ ឲ្យ​បាន​រឹងមាំ។

ទិវា​នេះ​នឹង​ប្រារព្ធ​ឡើង​ព្រម​គ្នា ក្នុង​ថ្ងៃ​តែមួយ ទាំង​នៅ​ប្រទេស​បារាំង និង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​ថ្ងៃអាទិត្យ ទី​២៧ ឧសភា ឆ្នាំ​២០១៨។

តំណាង​អ្នក​រៀបចំ​កម្មវិធី​មួយ​រូប និង​ជា​សមាជិក​សមាគម PSN- France ដែល​ជា​អ្នក​ផ្ដើម​រៀបចំ​កម្មវិធី បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង នឹង​ប្រារព្ធ​ឡើង​នៅ​វត្ត​ខ្មែរ​ចន្ទរង្ស៊ី ដែល​នឹង​មាន​អ្នកចូលរួម​ប្រមាណ ២​រយ​នាក់ ហើយ​អ្នកចូលរួម​ទាំង​អស់​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ឡើយ៖ «ជា​ការ​លើក​តម្កើង​ប្រពៃណី​វប្បធម៌​ខ្មែរ​ដោយសារ​នំ​បញ្ចុក​យើង​អាច​ធ្វើ​បាន ហើយ​យើង​មាន​ទឹក​សម្ល​ខ្មែរ ការី និង​សម្ល​កំពត ដើម្បី​រម្លឹក​ពី​អាហារ​ខ្មែរ​យើង»

តំណាង​អ្នក​រៀបចំ​កម្មវិធី​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សហគមន៍​ខ្មែរ​នៅ​ក្នុង​ស្រុក នឹង​ធ្វើ​នៅ​ទីតាំង​ប្រមាណ ១០​កន្លែង ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​បាត់ដំបង មាន​៦​កន្លែង គឺ​នៅ​ក្រុង​បាត់ដំបង សង្កាត់​អូរចារ ស្រុក​សង្កែ ស្រុក​មោងឬស្សី ស្រុក​រុក្ខគិរី និង​ស្រុក​គាស់ក្រឡ។

ចំណែក​៤​កន្លែង​ទៀត នឹង​ធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង។

នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ជា​ចៅ​សង្កាត់ ជាប់ឆ្នោត នៃ​គណបក្ស​សង្គ្រោះជាតិ នឹង​ដឹកនាំ​រៀបចំ​ធ្វើ​ពិធី​បុណ្យ​នំ​បញ្ចុក​សាមគ្គី​នេះ នៅផ្ទះ​អ្នកភូមិ ដើម្បី​ចូលរួម​ជាមួយ​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង។

កញ្ញា​ឲ្យ​ដឹង​ថា នឹង​ឆ្លៀត​ពេល​ពី​ការងារ​នៅ​ក្នុង​ហាង​នំ​បញ្ចុក​របស់​កញ្ញា ទៅ​ចូលរួម​ជាមួយ​អ្នកភូមិ និង​បង្ហាញ​ស្នាដៃ​ស្ល​ទឹក​សម្ល​នំ​បញ្ចុក​ខ្មែរ​ជាមួយគ្នា និង​ពិសា​ជុំ​គ្នា ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល​សាមគ្គីភាព បង្កើត​ភាព​សប្បាយ​រីករាយ​ក្នុង​ភូមិ និង​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គោល​គំនិត ព្រមទាំង​វត្ថុបំណង​របស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង ក្នុង​ការ​អភិរក្ស​នំ​បញ្ចុក​ខ្មែរ៖ «ខ្មែរ​យើង​តែងតែ​ចូលចិត្ត​ពិសា​នំ​បញ្ចុក មាន​សម្ល​ប្រហើរ មាន​បង់​ប្រហុក ហើយ​គ្រាន់​ជា​ការ​ជួបជុំ ពិសា​នំ​បញ្ចុក​ដែល​ធ្វើ​ដោយ​បងប្អូន​ក្នុង​ភូមិ និង​ជា​ទិវា​មួយ​បង្ហាញ​ថា ខ្មែរ​ចេះ​រួបរួម​គ្នា ចេះ​ស្រឡាញ់​គ្នា​ទោះ​នៅ​ទី​ណា​ក៏ដោយ»

នំ​បញ្ចុក​ជា​អាហារ​ពេញ​និយម​មួយ​របស់​ខ្មែរ​ជាច្រើន​ជំនាន់​មក​ហើយ។ នំ​បញ្ចុក​ក្រៅពី​គេ​ធ្វើ​លក់​នៅ​ទីផ្សារ ពិសា​នៅ​តាម​ផ្ទះ​នោះ ក៏​គេ​និយម​ធ្វើ​ទទួលទាន​នៅ​ក្នុង​ពិធីបុណ្យ​ដារ​លាន ក្រោយ​រដូវ​ច្រូតកាត់ ពិធីបុណ្យ​ដាក់​ទាន និង​ពិធីបុណ្យ​ផ្សេងៗ​ទៀត នៅ​តាម​តំបន់​ជនបទ។

រសជាតិ​ពិសេស របស់​នំ​បញ្ចុក គឺ​សរសៃ​ម្សៅ​ធ្វើ​ពី​អង្ករ ផ្សំ​ជាមួយ​ទឹក​សម្ល​ដែល​មាន​ក្លិន​ឆ្ងុយ​ប្រហុក ស្លឹក​ក្រៃ និង​បន្លែ​ធម្មជាតិ​ស្រស់ៗ រួមមាន​ត្រយូងចេក ផ្កា​ស្នោ សណ្ដែកកួរ ស្លឹក​ល្ងៀង ត្រួយ​រាំង ព្រលឹត លំចង់ និង​ស្លឹក​កន្ធំថេត​ជាដើម។

អ្នកនិពន្ធ​ជាន់​ដើម ក៏បាន​និពន្ធ​នូវ​បទ​ចម្រៀង​ដែល​រៀបរាប់​អំពី​ភាព​វិសេសវិសាល នៃ​ល្បោយ​នំ​បញ្ចុក ហើយ​បទ​នោះ​មាននៅ​ក្នុង​ខ្សែ​ភាពយន្ត​ពី​ជំនាន់​ដើម គឺ​រឿង អន​អើយ​ស្រី​អន ដែល​ជា​ស្នាដៃ របស់ វីរៈសិល្បករ លោក លី ប៊ុនយីម និង​ច្រៀង​រៀបរាប់ ដោយ​អធិរាជ សំឡេង​មាស លោក ស៊ិន ស៊ីសាមុត។

៚ចម្រៀង «ត្រយូងចេក​ក្តិ​ប ខ្សឹប​នាង​ព្រលឹត ត្រួយ​រាំង​ស្នេហ៍ស្និទ្ធ នាង​លំចង់ ផ្កា​ស្នោ​រីក​ខ្ញង់​ចង់​នាង​កន្ធុំថេត...!!»

ចំណែក អ្នកនិពន្ធ​សម័យថ្មី​នេះ គឺ​លោក កែវ ចិន្តា និង​ច្រៀង​ដោយ​កញ្ញា អូ រស្មី ក៏​បាន​ច្រៀង​រៀបរាប់​អំពី​រសជាតិ វិសេសសាល នៃ​នំ​បញ្ចុក​នេះ​ដែរ ដែល​បទ​នេះ​មាន​ចំណងជើង​ថា « នំ​បញ្ចុក​ខ្មែរ»

អ្នក​រៀបចំ​ទិវា​នំ​បញ្ចុក​ខ្មែរ​នៅ​ក្រុង​ប៉ារីស បាន​ឲ្យ​ដឹង​ទៀត​ថា៖ ការ​ខិតខំ​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស គឺ​ចង់​ឲ្យ​អាហារ​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរ មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្រៅ​ប្រទេស​ខណៈ​ជាតិ​សាសន៍​ដទៃ គេ​ក៏​កំពុង​លើកស្ទួយ​មុខម្ហូប​របស់​ពួកគេ​ខ្លាំង​ណាស់​ដែរ៖ «យើង​ចង់​រក្សា​អ្វីមួយ​ដែល​ជា​របស់​ខ្មែរ​កុំ​ឲ្យ​បាត់បង់ ជា​ការ​រម្លឹក​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ថា​អាហារ​នេះ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ»

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សមាគម PSN- France លោក សុក សុផាត មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ពិធីបុណ្យ​នំ​បញ្ចុក​សាមគ្គី ឬ​ទិវា​នំ​បញ្ចុក​ខ្មែរ ក្រៅ​តែ​ចង់​អភិរក្ស និង​លើកស្ទួយ នូវ​តម្លៃ​អាហារ ដែល​ជា​អត្តសញ្ញាណ​ខ្មែរ ឲ្យ​ពេញ​និយម​នៅ​បរទេស​នោះ សមាគម​លោក​ដែល​អ្នក​ផ្ដើម​រៀបចំ ក៏​មាន​បំណង​សំខាន់​មួយទៀត​ដែរ គឺ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ចេះ​សាមគ្គី​គ្នា មាន​ទំនាក់ទំនង​គ្នា​ល្អ មាន​មេត្រីភាព រវាង​គ្នា និង​គ្នា ទោះជា​នៅ​ទី​ណា កន្លែង​ក៏ដោយ គឺ​ខ្មែរ​តែមួយ៖ «កាលណា​យើង​ជួបជុំគ្នា យើង​សាមគ្គី​គ្នា យើង​ស្រឡាញ់​គ្នា ហើយ​បងប្អូន​ណា​ដែល​មាន​ទុក្ខ​យើង​មាន​ឱកាស​ជួបពិភាក្សា​គ្នា ដើម្បី​ជួយ​ដោះស្រាយ​គ្នា ហើយ​អាច​ជួយ​ឲ្យ​ប្រទេសជាតិ​យើង​រីកចម្រើន...»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រារព្ធ​លើក​នេះ គឺជា​លើក​ទី​២​ហើយ ដែល​កាល​ពី​លើកទីមួយ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧។ លោក​ថា នៅ​ឆ្នាំ​២០១៨​នេះ នឹង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​កន្លងទៅ ហើយ​បំណង​របស់​សហគមន៍ គឺ​ចង់​ពង្រីក​ទិវា​នេះ​ឲ្យ​ធំ​ទូលំទូលាយ​នៅ​ឆ្នាំ​ខាង​មុខៗ​ទៀត និង​សូម​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ស្ទួយ​តម្លៃ​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Kem Lay

ពី California, USA

I support that. The organizers should let the Khmer-American and the Khmer-Australian knew too.

May 24, 2018 08:42 PM

Pisnuka

ពី Washington DC

What a Wonderful Idea!
ជាគំនិតដ៏ប្រពៃណាស់!
ខ្ញុំកោតសរសើរសាទរ។
ពិស្ណុុការ

May 24, 2018 03:46 PM

គេហទំព័រ​ទាំងមូល