ភ្នំនាងកង្រី គឺជាភ្នំមួយដែលទាក់ទងទៅនឹងរឿងព្រេងបុរាណខ្មែរ «ពុទ្ធិសែននាងកង្រី» ឬ រឿង «នាង១២»។ នៅក្នុងចំណោមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍ចំនួន ២៣កន្លែង នៅទូទាំងខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី នៅតែមានភ្ញៀវទេសចរច្រើនគួរសម ចូលទៅទស្សនាដោយផ្ទាល់ ឬទស្សនាពីត្រើយម្ខាងនៃមាត់ទន្លេផ្សារក្រោម។ ស្របពេលគ្នានេះក៏មានភ្ញៀវទេសចរមួយចំនួនបានសម្ដែងការមិនសប្បាយចិត្ត ក្រោយពីត្រឡប់មកពីកម្សាន្តនៅតំបន់នោះវិញ ដោយពួកគាត់បញ្ជាក់ថា ពុំមានការអភិវឌ្ឍ ឬសេវាកម្មទេសចរណ៍អ្វីសម្រាប់ថ្ពក់ចិត្តភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះឡើយ។
ភ្ញៀវទេសចរជាតិម្នាក់មកពីខេត្តព្រៃវែង លោក ញ៉ែម សុខុម មានប្រសាសន៍ថា លោកនិងភ្ញៀវទេសចរចំនួន ១៥នាក់ផ្សេងទៀត បានចំណាយប្រាក់ ៣០ដុល្លារ ដើម្បីជួលទូកដជិះទៅទស្សនាដល់ភ្នំនាងកង្រីផ្ទាល់។
លោកបន្តថា នៅទីនោះលោកពុំឃើញមានអ្នកលក់ដូរម្ហូបអាហារ ឬទឹកសុទ្ធសម្រាប់ភ្ញៀវទេសចរឡើយ ហើយលោកឃើញប្រជាពលរដ្ឋប្រមាណជាង ២០០គ្រួសាររស់នៅក្បែរនោះ ភាគច្រើនមានជីវភាពក្រលំបាក៖ «...សម្រេចចិត្តព្រោះថាភ្នំនេះវាទាក់ទងនឹងប្រវត្តិសាស្ត្រ ហើយយើងចង់ដឹងថា នៅលើហ្នឹងវាមានអ្វីខ្លះ ដល់ពេលទៅហ្នឹងវាមានស្អី មានតែព្រៃហើយរូបសំណាកគេធ្វើតំណាងបន្តិចបន្តួចហ្នឹងណា មិនច្រើនទេ។ តាមកត់សម្គាល់យើងឡើងតាមគណៈកម្មការគេនាំឡើងទៅដល់លើដល់ពេលទៅដល់វាមានរូបសំណាកធ្វើអំពីស៊ីម៉ងត៍ទេ ហើយនាងកង្រីហ្នឹងដេកតាមដំណើរអ៊ីចឹងតាមដំណើរភ្នំនោះណា ដេកផ្អៀងអ៊ីចឹងទៅ ជើងអង្កុញម្ខាង...»។

ចំណែកភ្ញៀវទេសចរម្នាក់ទៀត អ្នកស្រី ឃី សុគន្ធ ថ្លែងថា អ្នកស្រីនិងអ្នកស្រុកព្រៃវែង ជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅហែអង្គកឋិនទាននៅវត្តស្វាយដូនកែវ ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែដោយភាពល្បីល្បាញ និងចង់ឃើញភ្នំនាងកង្រីផងនោះ ក៏សម្រេចចិត្តនាំគ្នាឆៀងចូលមកទស្សនាតែម្ដង។ អ្នកស្រីបន្តថា បើទោះបីជាអ្នកស្រីមិនបានជិះទូកដទៅដល់ភ្នំនាងកង្រីផ្ទាល់ ក៏ប៉ុន្តែអ្នកស្រីបានអង្គុយនៅមាត់ទន្លេផ្សារក្រោម ហើយអាចមើលឃើញយ៉ាងច្បាស់នូវជួរភ្នំ ដែលមានរាងស្រដៀងមនុស្សដេកស្លាប់ ដូចជារឿងព្រេងនិទានបានតំណាលពិតមែន។
ភ្នំនាងកង្រី លាតសន្ធឹងពីទិសខាងកើតទៅទិសខាងលិច ប្រវែងប្រមាណជាង ២គីឡូម៉ែត្រ និងមានកម្ពស់ប្រហែល ៦០០ម៉ែត្រ ស្ថិតនៅជាប់ភូមិសំរោង ឃុំពោធិ៍ និងភូមិត្របែក នៃឃុំត្រងិល ស្រុកកំពង់លែង ដែលមានចម្ងាយប្រមាណជា ១៤ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅតំបន់ភ្នំនាងកង្រី ត្រូវចំណាយពេលប្រហែលជាកន្លះម៉ោង ដើម្បីធ្វើដំណើរតាមកាណូត ឬទូកដដែលចតនៅកំពង់ផែផ្សារក្រោមរង់ចាំដឹកភ្ញៀវទេសចរ ដែលមានតម្លៃចាប់ពី ៣០ ទៅ ៤០ដុល្លារ ក្នុងតម្លៃចរចាត្រូវរ៉ូវគ្នា។
បច្ចុប្បន្នតំបន់ភ្នំនាងកង្រី មានចំណុចពិសេសចំនួនពីរ គឺការទស្សនារូបចម្លាក់ថ្មទាក់ទងទៅនឹងរឿងព្រេង ពុទ្ធិសែននាងកង្រី នៅវត្តគិរីភក្ដី និងការទស្សនាព្រៃធម្មជាតិនៅតាមជួរភ្នំ ឬនៅអាស្រមជបនាងកង្រី ស្ថិតនៅភូមិត្របែក នៃឃុំត្រងិល។

មន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង បានអះអាងថា គេនឹងយកតំបន់ភ្នំនាងកង្រីធ្វើជាតំបន់ទេសចរណ៍ធម្មជាតិ ក្រោយពីស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដែលមានចម្ងាយជាង ១៤គីឡូម៉ែត្រ ត្រូវបានតភ្ជាប់នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក ផេង សាលី មានប្រសាសន៍ថា បច្ចុប្បន្នមន្ទីរទេសចរណ៍ និងអាជ្ញាធរបានចេញផែនការអភិវឌ្ឍន៍លើវិស័យទេសចរណ៍នៅតំបន់ភ្នំនាងកង្រីនេះហើយ ក៏ប៉ុន្តែនៅមិនទាន់មានក្រុមហ៊ុន ឬអ្នកដែលមានធនធានណាច្បាស់លាស់ចូលមកវិនិយោគនៅឡើយ។ លោកមានជំនឿថា ក្រោយពីមានការអភិវឌ្ឍតំបន់នេះ ឲ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងមានភ្ញៀវទេសចរកាន់តែច្រើនឡើងចូលមកទស្សនា ហើយប្រជាពលរដ្ឋនៅតំបន់នោះនឹងទទួលបានផលប្រយោជន៍ជាច្រើនពីការអភិវឌ្ឍនេះ៖ «មានផែនការនឹងបង្កើតរមណីយដ្ឋានមួយគឺតំបន់រមណីយដ្ឋានជុំវិញភ្នំនាងកង្រីហ្នឹង គឺថាការរៀបចំជាផ្លូវធ្វើដំណើរ រៀបចំជារោងលំហែ រៀបចំជាទីកន្លែងផ្ញើយានយន្តគ្រប់ប្រភេទ កន្លែងលក់ដូរ ហើយនឮិងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅទីនោះឲ្យចេះធ្វើនំ ឬឲ្យចេះរករបរអ្វីដែលទាក់ទងនឹងការទិញរបស់ភ្ញៀវទេសចរហ្នឹង គឺថាឲ្យគាត់ផលិត ព្រោះថាកំណើនចំណូលថវិការដ្ឋក៏ដូចជាកំណើននៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ គឺកើតចេញពីវិស័យទេសចរណ៍ដែលមានភាគរយច្រើនគួរសមដែរ»។
លោកបញ្ជាក់ថា កំណើនភ្ញៀវទេសចរនៅទូទាំងខេត្តកំពង់ឆ្នាំង មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្ដថា រយៈពេល ៩ខែដើមឆ្នាំ២០១៣ ចំនួនភ្ញៀវទេសចរជាតិមានជាង ១ម៉ឺន៨ពាន់នាក់ (១៨.៥៥១) និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២ពាន់៧រយ៤៤នាក់ (២.៧៤៤)។ តាមតួលេខនេះបង្ហាញថា ចំនួនភ្ញៀវទេសចរបានកើនឡើងច្រើន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាទៅនឹង ៩ខែដើមឆ្នាំ២០១២ ក្នុងនោះភ្ញៀវទេសចរជាតិបានកើនឡើងចំនួនជាង ៨ពាន់នាក់ និងភ្ញៀវអន្តជាតិមានចំនួនជាង ១០០នាក់។

ប្រជាពលរដ្ឋមួយចំនួនមានភាពភ័យខ្លាចនឹង គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជនទៅលើទីតាំងណាមួយ ដោយសារតែកន្លងមកគេមើលឃើញថា បញ្ហា ឬជម្លោះដីធ្លីបានកើតចេញពីគម្រោងអភិវឌ្ឍន៍ទាំងនោះ។ ទោះជាយ៉ាងណាមន្ត្រីរបស់មន្ទីរទេសចរណ៍ និងអាជ្ញាធរឃុំពោធិ៍ ស្រុកកំពង់លែង មានជំនឿថា ការអភិវឌ្ឍវិស័យទេសចរណ៍នេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញវានឹងធ្វើឲ្យអ្នកភូមិនៅតំបន់នោះមានមុខរបរច្បាស់លាស់ និងជីវភាពកាន់តែធូរធារទៀតផង។
មេឃុំពោធិ៍លោក អឿ សេងហុង មានប្រសាសន៍ថា អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងឃុំពិតជាមានការសប្បាយចិត្ត និងចង់ឃើញការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកបន្តថា ប្រជាពលរដ្ឋជាង២រយគ្រួសារ រស់នៅភូមិសំរោង នៃឃុំពោធិ៍ជាប់ភ្នំនាងកង្រី នឹងទទួលបានផលប្រយោជន៍ច្រើន ប្រសិនបើគម្រោងអភិវឌ្ឍន៍នេះត្រូវបានគេដំណើរការពិនមែន៖ «ខ្ញុំតែងតែឮសូរគម្រោងខាងលើៗហ្នឹងទី១ គឺគេរៀបចំផ្លូវ ទី២ គឺខ្ញុំបានឮសូរថាខាងឧកញ៉ា អ៊ឹង ប៊ុនហូវ គឺលោកនឹងរៀបចំទីកន្លែងត្រង់ហ្នឹងឲ្យទៅជាតំបន់ទេសចរណ៍»។

ទាក់ទងនឹងរឿងពុទ្ធិសែននាងកង្រី អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលកាលនោះដឹកនាំដោយលោក ភោគ សាមឿន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ បានកសាងរូបសំណាកពុទ្ធិសែននាងកង្រីដ៏ធំមួយនៅលើសួនច្បារផ្សារក្រោម។ លុះមកដល់ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ដែលដឹកនាំដោយលោក ស៊ូ ភារិន្ទ បានផ្លាស់ប្ដូរទីតាំងរូបសំណាកនោះពីផ្សារក្រោមមកនៅលើសួនច្បារក្បែរវិមានឯករាជវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
