សារសំខាន់​នៃ​សុភាសិត «ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក»

«ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក» គឺ​ជា​សុភាសិត​បុរាណ​ខ្មែរ​មួយ​ក្នុង​ចំណោម​សុភាសិត​ជាច្រើន​ទៀត ដែល​ដូនតា​ខ្មែរ​បាន​បង្កើត​ឡើង​ក្នុង​បំណង​អប់រំ​ទូន្មាន​កូន​ចៅ​គ្រប់ៗ​ជំនាន់ ឲ្យ​រៀន​ត្រងត្រាប់​ស្ដាប់​ដំបូន្មាន​គ្រូ​អាចារ្យ ដើម្បី​បាន​ចំណេះ​វិជ្ជា​ទុក​ជា​ទ្រព្យ​សម្រាប់​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​ក្រោយ។ ប៉ុន្តែ ទន្ទឹម​គ្នា​នោះ លោក​ក៏​បាន​អប់រំ​ដែរ​ថា ការ​ស្ដាប់ ឬ​ទទួល​យក​ពី​គ្រូ គឺ​ទទួល​តែ​អ្វី​ដែល​ត្រឹមត្រូវ ល្អ និង​មាន​ប្រយោជន៍​ប៉ុណ្ណោះ។

0:00 / 0:00

សម្រាប់​សង្គម​ខ្មែរ​សព្វថ្ងៃ តើ​នៅ​មាន​ការ​អនុវត្ត​តាម​គោលការណ៍​សុភាសិត​នេះ​ដែរ​ឬ​ទេ?

កាល​ពី​សម័យ​ដូនតា​ខ្មែរ​ជំនាន់​មុនៗ លោក​បាន​រិះ​រក​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​អប់រំ​តម្រង់​ផ្លូវ​កូន​ចៅ​ឲ្យ​មាន​ជីវិត​រស់​នៅ​ប្រកប​ដោយ​គន្លង​ធម៌​ល្អ និង​បាន​សេចក្ដី​សុខ​ចម្រើន។ រីឯ​មធ្យោបាយ​ទាំង​នោះ រួម​មាន​ដូច​ជា បង្កើត​នូវ​កម្រង​សុភាសិត​ផ្សេងៗ និង​មាន​ប្រយោគ​ខ្លីៗ ដែល​មាន​ន័យ​បង្កប់​ខ្លះ ន័យ​ត្រង់​ខ្លះ ប្រស្នា​ខ្លះ ឬ​មួយ​ក៏​ជា​ន័យ​ប្រៀបធៀប​ខ្លះ​ក៏​មាន។

ក្នុង​ចំណោម​សុភាសិត​ទាំង​នោះ មាន​សុភាសិត​មួយ​បាន​បញ្ជាក់​ថា «ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក»។ សុភាសិត​នេះ គឺ​លោក​ចង់​សំដៅ​អប់រំ​ទូន្មាន​ដល់​កូន​ចៅ​ខ្មែរ​គ្រប់​រូប ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា រៀន​យក​ចំណេះ​វិជ្ជា​ផ្សេងៗ​ពី​គ្រូ​អាចារ្យ​របស់​ខ្លួន​ម្នាក់ៗ​នោះ គឺ​ឲ្យ​ចេះ​ពិចារណា​ស្វែង​យល់​នូវ​អ្វី​ដែល​គ្រូ​បាន​បង្ហាត់​បង្ហាញ​ថា តើ​ចំណេះ​វិជ្ជា​នោះ​ត្រឹមត្រូវ​អាច​ទទួល​យក​បាន​ដែរ​ឬ​ទេ? ពីព្រោះ​ធម្មតា ពាក្យ​ថា «គ្រូ» គឺ​មាន​ន័យ​ថា គំរូ ហើយ​ចំពោះ​គំរូ​នោះ​មាន​ពីរ​យ៉ាង គឺ​គំរូ​ល្អ និង​គំរូ​អាក្រក់។ ប្រការ​នោះ​ហើយ សុភាសិត​នៅ​ឃ្លា​ខាង​ដើម​ថា «ពុត​គ្រូ​កុំ​ត្រាប់» នោះ គឺ​ដូនតា​ខ្មែរ​អ្នក​បង្កើត​សុភាសិត លោក​ដៅ​ទៅ​លើ​ចរិត​មារយាទ​អាកប្បកិរិយា​របស់​គ្រូ​បង្រៀន​ជា​បុគ្គល​ម្នាក់ៗ។ ថា​ប្រសិន​បើ​គ្រូ​បង្រៀន​និមួយៗ​នោះ​មាន​ចរិត​លក្ខណៈ​ល្អ គឺ​គំរូ​ល្អ នោះ​ក៏​នឹង​ធ្វើ​ឲ្យ​សិស្ស​យក​តម្រាប់​តាម ឬ​ធ្វើ​តាម​ដែរ។ ប៉ុន្តែ បើ​គ្រូ​បង្រៀន​រូប​នោះ​មិន​មាន​ចរិត​ល្អ​ទេ គំរូ​អាក្រក់​នោះ​ក៏​នឹង​ជះ​ឥទ្ធិពល​ទៅ​ដល់​សិស្ស​ដែល​នៅ​ជុំវិញ​គ្រូ​បង្រៀន​នោះ​ដែរ។

លោក​ព្រឹទ្ធាចារ្យ​មួយ​រូប​ឈ្មោះ មាស លី នៅ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​អំពី​សុភាសិត​ក្នុង​ឃ្លា ពុត​គ្រូ​កុំ​ត្រាប់ នេះ​ថា គឺ​អស់​លោក​បុរាណាចារ្យ​ខ្មែរ​ចង់​និយាយ​អំពី​ពុត​ត្បុត​របស់​គ្រូ​បង្រៀន​ជា​បុគ្គល។ រីឯ​ពាក្យ​ថា ពុត​ត្បុត​នៅ​ទី​នេះ មាន​ន័យ​ថា គឺ​ជា​ការ​ប្រព្រឹត្ត​របស់​គ្រូ​នូវ​អំពើ​អ្វីៗ​ដែល​មិន​សមរម្យ ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​វាចា និង​ផ្លូវ​ចិត្ត ដូច​ជា បញ្ចេញ​អាកប្បកិរិយា​ច្រងេងច្រងាង ពោល​ពាក្យ​សម្ដី​អសប្បុរស ឬ​ជេរ​ប្រទេច​អាមឹង ទ្រគោះ​បោះបោក ប្រព្រឹត្ត​គ្រឿង​ស្រវឹង គ្រឿង​ញៀន ប្រព្រឹត្ត​ល្បែង​ភ្នាល់​ស៊ី​សង​បៀប៉ោ​ជាដើម។

លោក​ព្រឹទ្ធាចារ្យ មាស លី៖ «ទ្រឹស្ដី​របស់​អ្នក​ប្រាជ្ញ​ហ្នឹង​ក៏​តៗ​គ្នា​មក ដើម្បី​ប្រៀន​ប្រដៅ​កូន​ខ្មែរ។ ពុត​គ្រូ​ហ្នឹង​វា​មាន​ល្បិច​កល​ច្រើន​ដែរ ការ​បង្រៀន​របស់​គ្រូ​ហ្នឹង។ លក្ខណៈ​របស់​គ្រូ​ហ្នឹង គឺ​លោក​បង្រៀន​ចង់​ឲ្យ​សិស្ស​ចេះ ប៉ុន្តែ​លក្ខណៈ​ដែល​ជា​ចរិត​អត្តចរិត​របស់​គ្រូ​ហ្នឹង ជួន​កាល​គ្រូ​ខ្លះ​កាច ជួន​កាល​គ្រូ​ខ្លះ​រាយមាយ ជួន​កាល​គ្រូ​ខ្លះ​ធ្វើ​អំពើ​អត់​ប្រយោជន៍។ ទាំងអស់​ហ្នឹង កុំ​យក​ទៅ​តាម​ពុត​ហ្នឹង លោក​មិន​ឲ្យ​ត្រាប់​ទេ»

ចំណែក​ឯ​ឃ្លា​ខាង​ក្រោយ​នៃ​សុភាសិត​ថា «ច្បាប់​គ្រូ​ឲ្យ​យក» គឺ​មាន​ន័យ​ថា អ្វីៗ​ដែល​ជា​ច្បាប់​ក្រម​របស់​គ្រូ ឬ​ចំណេះ​វិជ្ជា​ទាំង​ឡាយ​ដែល​គ្រូ​បាន​បង្ហាត់​បង្រៀន​ដល់​សិស្ស ដូច​ជា អក្សរសាស្ត្រ លេខ​នព្វន្ត។ល។ ទាំងអស់​នេះ គឺ​សិស្ស​គប្បី​ទទួល​យក​មក​ទុក​ជា​សម្បត្តិ​របស់​ខ្លួន ពីព្រោះ​វិជ្ជា​ទាំង​ប៉ុន្មាន​នេះ គឺ​សុទ្ធសឹងតែ​មាន​ប្រយោជន៍​ដែល​អាច​ឲ្យ​សិស្ស​មាន​ធនធាន​ចំណេះ​ដឹង ហើយ​អាច​យក​ចំណេះ​ដឹង​នោះ​ទៅ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​អនាគត​បាន។

ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន ដែល​មាន​ជីវិត​ឆ្លង​កាត់​របប​ច្រើន​ជំនាន់ ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៦០ រហូត​មក​ពេល​នេះ បាន​បញ្ជាក់​ថា សុភាសិត​បុរាណ​ខ្មែរ «ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក» គឺ​ជា​ក្បួន​ច្បាប់​មួយ​មាន​សារសំខាន់ និង​មាន​ប្រយោជន៍​សម្រាប់​កូន​ចៅ​ខ្មែរ​គ្រប់​ជំនាន់ ប្រសិន​បើ​គេ​បាន​យក​ចិត្ត​ទុក​ដាក់​យក​សុភាសិត​នេះ​ទៅ​អនុវត្ត​តាម។ លោក​បាន​បន្ត​ថា នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ដែល​ទទួល​ឥទ្ធិពល​ពី​វិទ្យាសាស្ត្រ​ទំនើប ហាក់​មិន​សូវ​ចាប់​អារម្មណ៍ និង​ឲ្យ​តម្លៃ​ទៅ​លើ​សុភាសិត​នោះ​ប៉ុន្មាន​ទេ។ ម្យ៉ាង​ទៀត ដោយសារ​បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន​សព្វថ្ងៃ​មាន​កម្រិត​ទាប ធ្វើ​ឲ្យ​ជីវភាព​យ៉ាប់យ៉ឺន​ផង រឹងរឹតតែ​ជំរុញ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​សុភាសិត​នេះ​កាន់​តែ​ខ្លាំង។

អតីត​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​បារាំង-ខ្មែរ លោក ធន ហ៊ិន បាន​មាន​ប្រសាសន៍​ថា សុភាសិត​បុរាណ​ខ្មែរ​ជាច្រើន​ដែល​បន្សល់​ទុក​ពី​សម័យ​មុន គឺ​ឃើញ​នៅ​តែ​ក្នុង​សៀវភៅ​ទេ​សព្វថ្ងៃ​នេះ។ រីឯ​ការ​យក​មក​អនុវត្ត​តាម គឺ​មាន​ភាគ​តិច​បំផុត។ លោក​បន្ត​ថា ប្រការ​ដែល​នាំ​ឲ្យ​តម្លៃ​សុភាសិត​ធ្លាក់​ចុះ ក៏​បណ្ដាល​មក​ពី​កត្តា​សង្គម​ជាតិ​ទាំង​មូល ដែល​មិន​រួប​រួម​គ្នា​លើក​ស្ទួយ និង​ឲ្យ​តម្លៃ​ដល់​ក្បួន​ច្បាប់​នេះ ពិសេស​គឺ​អ្នក​ដែល​មាន​តួនាទី​ក្នុង​វិស័យ​អប់រំ។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​កន្លង​មក​មាន​ការ​ប្រឹងប្រែង​អប់រំ​កូន​សិស្ស​ពី​សំណាក់​គ្រូ​ក៏​ពិត​មែន ប៉ុន្តែ​ការ​ឲ្យ​តម្លៃ​ទៅ​លើ​គ្រូ​បង្រៀន​វិញ ដើម្បី​ឲ្យ​សិស្ស​កោតក្រែង​អនុវត្ត ឬ​គោរព​គ្រូ​ដូច​សុភាសិត​នោះ គឺ​មាន​បញ្ហា​ស្រុត​ចុះ​ខ្លាំង​ណាស់​សព្វថ្ងៃ​នេះ។

លោក ធន ហ៊ិន៖ «ព្រោះ​ថា គ្រូ​ខ្លះ​កូន​សិស្ស​មើល​ងាយ​មើល​អី​អ៊ីចឹង មិន​មែន​ដូច​ពី​ដើម​ឯណា យើង​គោរព​គ្រូ​ហ្នឹង។ គ្រូ​ហ្នឹង​មិន​ចាំបាច់​ថា​ជា​គ្រូ​ផ្ទាល់​ទេ ឲ្យ​តែ​គ្រូ​នៅ​ក្នុង​សាលា យើង​គោរព​កោត​ខ្លាច​ទាំងអស់។ ឥឡូវ​ហ្នឹង​វា​ខុស​ពី​ជំនាន់​មុន បើ​និយាយ​ទៅ គឺ​ថា ក្មេង​ខ្លះ​គេ​ថា​ខ្លួន​គេ​ត្រូវ ប៉ុន្តែ​ផ្នែក​អនុវត្ត​នោះ អត់​អនុវត្ត​កើត ដោយសារ​សង្គម​យើង​វា​អ៊ីចឹង។ ទោះ​បី​យើង​ថា​យក​សុភាសិត​ហ្នឹង​ទៅ​សរសេរ​ដាក់​ពេញៗ​បន្ទប់​រៀន​គ្រប់ៗ​បន្ទប់​ទៅ ក៏​វា​គ្មាន​បាន​ការ​អ្វី​ដែរ គ្មាន​អ្នក​ណា​គេ​មើល​ទេ។ តែ​បើ​មើល គឺ​គ្រាន់​តែ​មើល​អត់​មាន​យក​ទៅ​ពិចារណា ហើយ​អនុវត្ត​តាម​អី​ទេ។ អា​ហ្នឹង​វា​អ៊ីចឹង សង្គម​យើង​ឥឡូវ​ហ្នឹង»

ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ក្នុង​សង្គម​ជាតិ​មួយ​ដែល​អាច​រីក​ចម្រើន និង​រុងរឿង​ទៅ​បាន ក៏​អាស្រ័យ ឬ​ពឹង​ផ្អែក​ទៅ​លើ​មនុស្ស​ដែល​មាន​ធនធាន​ចំណេះ​ដឹង​ខ្ពស់ និង​មាន​សីលធម៌​ល្អ ដោយ​ចេះ​ត្រងត្រាប់​ស្ដាប់​ដំបូន្មាន​ត្រកូល​រៀម​ច្បង​ដែល​បាន​បង្ហាញ​ផ្លូវ​ល្អ​ឲ្យ​អនុវត្ត​ផង​ដែរ។ លោក​បន្ត​ថា ការ​បង្ហាញ​ផ្លូវ​ល្អ​របស់​ត្រកូល​រៀម​ច្បង​ឲ្យ​អនុវត្ត​នោះ មាន​ដូច​ជា​សុភាសិត «ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក» នោះ​ជាដើម ដែល​ជា​វិធីសាស្ត្រ​មួយ ឬ​ជា​ក្បួន​ច្បាប់​មួយ​ជួយ​ក្រើន​រំលឹក​ដាស់​ស្មារតី និង​ជួយ​កសាង​ធនធាន​មនុស្ស​ក្នុង​សង្គម​ខ្មែរ​ឲ្យ​មាន​សក្ដានុភាព ឬ​ភាព​អង់​អាច​ដោយ​បញ្ញា និង​កម្លាំង សម្រាប់​ធ្វើ​អ្វី​មួយ​ជា​ប្រយោជន៍​ខ្លួន​ឯង​ផ្ទាល់​ផង និង​ប្រយោជន៍​ប្រទេស​ជាតិ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។