ជំនឿ​និង​ផល​ប៉ះពាល់​ចំពោះ​ការ​បាត់​ព្រះបរមសារីរិកធាតុ​ព្រះពុទ្ធ

ក្រោយ​ពី​មាន​ការ​លួច​ព្រះបរមសារីរិកធាតុ​របស់​ព្រះពុទ្ធ ដែល​គេ​តម្កល់​ទុក​ក្នុង​ព្រះ​សក្យមុនីចេតិយ​នៅ​លើ​កំពូល​ភ្នំ​ព្រះរាជទ្រព្យ ឬ​ភ្នំ​អដ្ឋរស្ស នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នោះ​មក បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គោរព​ព្រះពុទ្ធ​សាសនា ពីព្រោះ​ព្រះបរមសារីរិកធាតុ​នោះ​គេ​ចាត់​ទុក​ថា ជា​រតនវត្ថុ​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​គោរព​បូជា និង​មិន​អាច​កាត់​ថ្លៃ​បាន​ទេ។

0:00 / 0:00

ពុទ្ធសាសនិក​លើ​សកលលោក រួម​ទាំង​ពុទ្ធសាសនិក​ខ្មែរ​ផង អ្វី​ដែល​គេ​មាន​ជំនឿ និង​គោរព​បូជា​ដ៏​ខ្ពង់ខ្ពស់​បំផុត​នោះ គឺ​ព្រះរតនត្រ័យ ឬ​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ឬ​ព្រះ​អរិយសង្ឃ។ ការ​មាន​ជំនឿ​ដូច្នេះ ពីព្រោះ​គេ​បាន​ឃើញ​ព្រះពុទ្ធ​ទ្រង់​ជា​បុគ្គល​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញាណ ឬ​សច្ចធម៌​សម្រាប់​រម្ងាប់​បង់​អស់​នូវ​អាសវ​កិលេស លោភៈ ទោសៈ មោហៈ ដែល​ជា​ឫសគល់​នៃ​ទុក្ខ ឬ​គ្រឿង​សៅហ្មង​ទាំង​ឡាយ។ ក្រោយ​ពី​បាន​ត្រាស់​ដឹង​នូវ​សច្ចធម៌​នោះ ព្រះពុទ្ធ​ទ្រង់​បាន​សម្ដែង​ទូន្មាន​ប្រាប់​ដល់​មនុស្ស​សត្វ​ទូទៅ ដោយ​មិន​រើស​មុខ ដើម្បី​ឲ្យ​គេ​បាន​រួច​ចេញ​ពី​កង​ទុក្ខ​ទាំងអស់​នោះ​ដែរ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​បរិនិព្វាន​ទៅ​អស់​រយៈពេល​ជាង ២.៥០០​ឆ្នាំ​ហើយ (២.៥៥៧) ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រះធម៌​ដែល​ទ្រង់​បាន​ត្រាស់​សម្ដែង​ចំនួន ៨៤.០០០​ព្រះ​ធម្មក្ខន្ធ នៅ​គង់​ធរមាន​នៅ​ឡើយ​ទេ ដើម្បី​ឲ្យ​មនុស្ស​បាន​បន្ត​បដិបត្តិ​ធម៌​ត​ទៅ​ទៀត។

ប្រការ​សំខាន់​មួយ​ទៀត បើ​ទោះ​បី​ជា​ព្រះសម្មាសម្ពុទ្ធ​យាង​ចូល​និព្វាន​ក៏​ពិត​មែន ប៉ុន្តែ​ព្រះបរមសារីរិកធាតុ ឬ​ព្រះ​អដ្ឋិ​របស់​ព្រះអង្គ​នៅ​មាន​សេសសល់​ទុក​ឲ្យ​ពុទ្ធ​បរិស័ទ នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​សកលលោក គោរព​បូជា ដូច​ជា​ប្រទេស​ឥណ្ឌា សិរីលង្កា ប្រទេស​ភូមា ជាដើម។

សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​គោរព​ព្រះពុទ្ធ​សាសនា​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​ឡាយ​នោះ ក៏​មាន​តម្កល់​ទុក​នូវ​ព្រះបរមសារីរិកធាតុ​ដែរ គឺ​នៅ​ឯ​ព្រះ​សក្យមុនីចេតិយ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១៣ ក៏​ស្រាប់​តែ​មាន​អំពើ​អកុសល​ចោរកម្ម​លប​លួច​យក​ព្រះបរមសារីរិកធាតុ​នោះ​ទៅ​បាត់។

ចំពោះ​ការ​បាត់​បង់​នូវ​រតនវត្ថុ​នេះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ពុទ្ធ​បរិស័ទ ដោយ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា មិន​គួរ​មាន​រឿង​បែប​នោះ​ទេ មិន​គួរ​ជនជាតិ​ខ្មែរ​ជួប​ប្រទះ​នឹង​បញ្ហា​អកុសល​ធម៌​យ៉ាង​នេះ​ឡើយ។

ក្នុង​ចំណោម​ពុទ្ធ​បរិស័ទ​ទាំង​នោះ ឧបាសិកា​មួយ​រូប​ឈ្មោះ ណារិន នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ព្រះបរមសារីរិកធាតុ គឺ​ជា​តំណាង​ព្រះពុទ្ធ​បរម​គ្រូ ជា​តំណាង​នូវ​ភាព​ត្រជាក់ត្រជុំ​សម្រាប់​ប្រទេស​កម្ពុជា ដូច្នោះ​បើ​ព្រះបរមសារីរិកធាតុ​ត្រូវ​គេ​លួច​យក​ទៅ​បាត់​នោះ គឺ​ដូច​ជា​បាត់​បង់​នូវ​ព្រះ​បរម​សាស្ដាចារ្យ​ដ៏​កំពូល​ពី​ប្រទេស ហើយ​និង​បាត់​បង់​នូវ​ភាព​សុខដុមរមនា​ដែរ៖ «សូម​ឲ្យ​រាជ​រដ្ឋាភិបាល និង​ក្រសួង​ធម្មការ ខំ​ប្រឹង​ឲ្យ​ខ្លាំង​មែន​ទែន​ក្នុង​ការ​ស្វែង​រក​ព្រះ​សារីរិកធាតុ​យក​មក​តម្កល់​ទុក​វិញ ដើម្បី​ខ្មែរ​យើង​គោរព​បូជា ដើម្បី​ត្រជាក់ត្រជុំ​ដល់​ប្រទេស​ជាតិ»

ទាក់ទង​នឹង​ការ​បាត់​បង់​នូវ​ព្រះបរមសារីរិកធាតុ​ពី​ប្រទេស​កម្ពុជា អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​មួយ​ចំនួន បាន​បញ្ជាក់​ប្រាប់​ដែរ​ថា គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​សង្គម​ខ្មែរ​ទាំងអស់​គ្នា ទាំង​ថ្នាក់​ដឹក​នាំ និង​ប្រជារាស្ត្រ ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ឲ្យ​បាន​ឆាប់​យាង​ព្រះបរមសារីរិកធាតុ​មក​តម្កល់​ទុក​ក្នុង​ប្រទេស​វិញ។

លោក​បាន​បន្ត​ថា ព្រះបរមសារីរិកធាតុ​ពិត​ជា​រតនវត្ថុ​ដ៏​មាន​សារសំខាន់​ខ្លាំង​ណាស់ ពីព្រោះ​ព្រះបរមសារីរិកធាតុ​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រះ​សរីរៈ ឬ​ព្រះ​រូបកាយ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ពុទ្ធ​បរិស័ទ​ទាំងអស់​គោរព​បូជា​ដ៏​ខ្ពង់ខ្ពស់។

អគ្គលេខាធិការ​នៃ​ពុទ្ធិក​បណ្ឌិតសភា​នៃ​សកលវិទ្យាល័យ បញ្ញា​សាស្ត្រ​កម្ពុជា លោក ធម្មានន្ទ បាន​មាន​ប្រសាសន៍​ថា ពុទ្ធសាសនិក​ទាំងអស់​បាន​គោរព និង​លើក​គុណ​តម្លៃ​ព្រះបរមសារីរិកធាតុ ដែល​ជា​ព្រះ​អដ្ឋិធាតុ​របស់​ព្រះពុទ្ធ​នោះ គឺ​សំដៅ​គោរព​ដល់​ព្រះ​គុណូបការៈ ឬ​គុណ​សម្បត្តិ​ដ៏​ល្អ​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ ដូច​ជា​ទ្រង់​មាន​ព្រះទ័យ​មេត្តា​អាណិត​អាសូរ​ឥត​ព្រំដែន ក្នុង​ការ​សម្ដែង​ធម្មទេសនា​ពន្យល់​អប់រំ​ប្រោស​មនុស្ស​ទូទៅ​ឲ្យ​បាន​យល់​ធម៌ ហើយ​រំដោះ​ខ្លួន​ឲ្យ​រួច​ចេញ​ពី​ទុក្ខ។

លោក ធម្មានន្ទ៖ «ដូច្នេះ សម្រាប់​ព្រះ​បរម​ធាតុ​នេះ ពុទ្ធសាសនិក​ជន​ចាត់​ទុក​ថា​ជា​វត្ថុ​មួយ​ដ៏​ក្រៃលែង ពីព្រោះ​ជា​សរីរកាយ​របស់​ព្រះពុទ្ធ។ ដូច​កាល​ពី​សម័យ​ព្រះអង្គ​ទើប​បរិនិព្វាន​ទៅ​អ៊ីចឹង នគរ​ទាំង​៨ បាន​អារាធនា​ព្រះធាតុ​ព្រះអង្គ​ទៅ​តម្កល់​ក្នុង​ព្រះ​ចេតិយ ធ្វើ​បុណ្យ ៧​យប់ ៧​ថ្ងៃ គ្រប់​ទី​កន្លែង​ទាំងអស់។ រហូត​ដល់​សម័យ​ស្ដេច​អសោកមហារាជ ដែល​ជា​ស្ដេច​មាន​ឥទ្ធិពល​គ្រប់គ្រង​ទឹក​ដី​ប្រទេស​ឥណ្ឌា យក​ព្រះធម៌​ជា​ធំ ព្រះអង្គ​ទ្រង់​បាន​ស្វះ​ស្វែង​លើក​ព្រះធាតុ កសាង​ព្រះ​ចេតិយ​ឡើង​តម្កល់ ហើយ​និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ព្រះ​បរម​ធាតុ​នៅ​ក្នុង​ទឹក​ដី​ឥណ្ឌា ហើយ​និង​ផ្សព្វផ្សាយ​នៅ​កោះ​សិរីលង្កា។ ដូច្នេះ គឺ​ថា​សំខាន់​ណាស់​សម្រាប់​ពុទ្ធសាសនិក​ជន»

ចំពោះ​ព្រះបរមសារីរិកធាតុ​ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​បាត់​នោះ គឺ​ជា​ព្រះ​សារីរិកធាតុ​ដែល​ព្រះ​មហា​វីរក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ទ្រង់​គង់​ព្រះជន្ម​នៅ គឺ​ទ្រង់​បាន​ទទួល​ពី​សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ប្រទេស​សិរីលង្កា ក្នុង​អំឡុង​ពុទ្ធសករាជ ២៥០០ ពាក់​កណ្ដាល​ពុទ្ធសាសនា ត្រូវ​នឹង​គ្រិស្ដសករាជ ១៩៥៧។

ក្រោយ​ពី​បាន​ទទួល​ព្រះបរមសារីរិកធាតុ ព្រះមហាក្សត្រ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​មាន​ការ​សាង​ព្រះ​សក្យមុនីចេតិយ នៅ​ខាង​មុខ​រាជ​អយស្ម័យយាន ឬ​រ៉ា​រទេះ​ភ្លើង​ក្រុង​ភ្នំពេញ ក្នុង​អំឡុង​គ្រិស្ដសករាជ ១៩៩៦ ហើយ​បាន​ប្រារព្ធ​ពិធី​បុណ្យ​យ៉ាង​អធិកអធម ដើម្បី​តម្កល់​ព្រះបរមសារីរិកធាតុ​នៅ​ទី​នោះ។ បន្ទាប់​មក នៅ​ឆ្នាំ​២០០២ ព្រះបរមសារីរិកធាតុ​ត្រូវ​បាន​ដង្ហែ​ទៅ​តម្កល់​ទុក​នៅ​ព្រះ​មហា​សក្យមុនីចេតិយ​លើ​កំពូល​ភ្នំ​ព្រះរាជទ្រព្យ ឬ​ភ្នំ​អដ្ឋរស្ស នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល រហូត​ដល់​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ក៏​មាន​ការ​លួច​យក​រតនវត្ថុ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នេះ។

អ្នក​ប្រាជ្ញ​ព្រះពុទ្ធ​សាសនា បាន​បញ្ជាក់​ថា ក្រោយ​ពី​ព្រះពុទ្ធ​ទ្រង់​បរិនិព្វាន​ទៅ ពុទ្ធ​បរិស័ទ​បាន​គោរព​បូជា​ដល់​គុណ​សម្បត្តិ​របស់​ព្រះអង្គ ដោយ​យក​ព្រះធម៌​ដែល​ទ្រង់​បាន​សម្ដែង​មក​បដិបត្តិ និង​គោរព​បូជា​ព្រះបរមសារីរិកធាតុ គោរព​ព្រះ​មហា​ពោធិព្រឹក្ស ដែល​ទ្រង់​បាន​គង់​ប្រថាប់​ចម្រើន​ធម៌​នៅ​ក្រោម​ដើម​ឈើ​នោះ រហូត​បាន​ត្រាស់​ដឹង គោរព​ព្រះ​ចេតិយ​ទី​តម្កល់​ព្រះបរមសារីរិកធាតុ ហើយ​និង​គោរព​ព្រះពុទ្ធ​រូប​ជាដើម។

ព្រះតេជព្រះគុណ ខេមចារោ យស់ ហ៊ុត ប្រធាន​សមាគម​ធម្មទូត​នៅ​ភ្នំពេញ បាន​មាន​ព្រះ​ថេរ​ដីកា​ថា ការ​ធ្វើ​បទ​នមស្ការ ដោយ​សូត្រ​ទន្ទេញ​តែ​មួយ​មុខ​នោះ មិន​គ្រប់គ្រាន់​ក្នុង​ការ​គោរព​ព្រះពុទ្ធ​ទេ សំខាន់​គឺ​ទាមទារ​ឲ្យ​ពុទ្ធ​បរិស័ទ​នាំ​គ្នា​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​របស់​ព្រះពុទ្ធ៖ «រៀន​សន្សំ​កុសល​ដូច​ដែល​ព្រះអង្គ​ទ្រង់​បាន​បំពេញ​ជា​គំរូ​ដល់​យើង ដោយ​បាន​ទេសនា​បង្រៀន​យើង​ឲ្យ​ធ្វើ​តាម ដើម្បី​សេចក្តី​សុខ សេចក្ដី​ចម្រើន សន្តិភាព សុខ​សប្បាយ​ទាំងអស់​គ្នា ចម្រើន​ពរ!»

ព្រះតេជព្រះគុណ បាន​បន្ថែម​ថា ទាក់ទង​ទៅ​នឹង​ការ​បាត់​បង់​ព្រះបរមសារីរិកធាតុ គឺ​អាច​បណ្ដាល​មក​ពី​ជនជាតិ​ខ្មែរ​ខ្លះ​មិន​ទាន់​បាន​យល់​ច្បាស់​ពី​គុណ​តម្លៃ​របស់​ព្រះពុទ្ធ ហើយ​មិន​ទាន់​បាន​អនុវត្ត​តាម​ការ​ទូន្មាន​របស់​ព្រះអង្គ​ឲ្យ​បាន​ពេញ​លេញ និង​ត្រឹមត្រូវ​នៅ​ឡើយ​ទេ ដូច​ជា​ខ្វះ​ការ​រក្សា​សីល​៥ ដែល​រួម​មាន មិន​សម្លាប់ មិន​លួច មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម មិន​ភូត​កុហក មិន​សេព​គ្រឿង​ស្រវឹង​គ្រឿង​ញៀន​ជាដើម។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា បាន​បញ្ជាក់​ថា ការ​លួច​រតន​សម្បត្តិ​នៃ​ព្រះ​បរម​សារីរិកធាតុ​នៃ​ព្រះពុទ្ធ​នោះ គឺ​ជា​ទោស​មួយ​យ៉ាង​ធ្ងន់​បំផុត ទាំង​ក្នុង​ច្បាប់​លោកិយ និង​ច្បាប់​ធម្មជាតិ។ លោក​បន្ត​ថា ជនជាតិ​ខ្មែរ​គ្រប់​រូប​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​គោរព​ព្រះពុទ្ធ​សាសនា គប្បី​មាន​ឆន្ទៈ​រក្សា​ការពារ​រតនវត្ថុ​នេះ​ឲ្យ​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​នាំ​មក​នូវ​សេចក្តី​សុខ សន្តិភាព​ក្នុង​ប្រទេស​ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។