សាកលលោកទាំងមូលបានប្រើប្រាស់ឆ្នាំកំណើតព្រះយេស៊ូវគ្រីស្ទ រាប់ជាឆ្នាំសាកល។ ជាមួយគ្នានេះ ឲ្យតែដល់ខែធ្នូ ប្រទេសជាច្រើននៅលើពិភពលោកបាននាំគ្នាប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស (Christmas) ឬបុណ្យនូអែល (Noel) យ៉ាងសប្បាយរីករាយ។
នៅកម្ពុជាវិញ ចំនួនគ្រិស្តបរិស័ទក្នុងប្រទេសនេះ ក៏មានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកធ្វើការក្នុងវិស័យនេះ អះអាងថា បច្ចុប្បន្នមានអ្នកជឿលើព្រះយេស៊ូវប្រមាណ៣% នៃចំនួនប្រជាជនសរុបប្រមាណ១៥លាននាក់ ឬមានចំនួនប្រហែល៤៥ម៉ឺននាក់។
តើគ្រិស្តបរិស័ទរួមចំណែកជួយអ្វីខ្លះដល់សង្គមកម្ពុជា?
តើពួកគេធ្វើអ្វីខ្លះដើម្បីអបអរសាទរឬប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស?
បេសកកម្មនៃអង្គការគ្រីស្ទាន (Christian) នៅកម្ពុជា មានគោលបំណងផ្ដល់នូវសេចក្ដីស្រលាញ់ដល់ប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ចូលរួមចំណែកជួយដោះស្រាយបញ្ហាផ្លូវចិត្ត និងសីលធម៌របស់មនុស្សដើម្បីការរីកចម្រើនប្រទេស ក្នុងការរស់នៅដែលជាកោសិកាសង្គមជាតិ។
នាយកអង្គការនិស្សិតនិងប្រជាជនកម្ពុជាសម្រាប់ព្រះគ្រីស្ទ ហៅកាត់ជាភាសាអង់គ្លេសថា ស៊ីស៊ីស៊ី (CCC) លោក ទូច បូរិន មានប្រសាសន៍ថា ក្រៅអំពីធនធានមនុស្សកត្តាសីលធម៌របស់មនុស្សគឺជាកត្តាស្លាប់រស់មិនអាចខ្វះបាន ដែលអង្គការគ្រីស្ទានយកជំនឿលើព្រះយេស៊ូវគ្រីស្ទ គឺជាគោលក្នុងការអនុវត្តការងារ។ លោកថា គោលការណ៍សំខាន់ដែលអង្គការគ្រីស្ទាននៅកម្ពុជាកំពុងបំពេញគឺការនាំមកនូវសេចក្ដីស្រលាញ់មកឲ្យប្រជាជនកម្ពុជា៖ «នៅក្នុងស្រុកខ្មែរសព្វថ្ងៃមានអង្គការគ្រីស្ទានច្រើនណាស់ចុះមកធ្វើការងារនៅក្នុងស្រុកខ្មែរយើងនេះបានជួយច្រើន ទាក់ទងទៅនឹងការអភិវឌ្ឍន៍សហគមន៍។ ជំនួយទាំងអស់គឺបានមកពីគ្រិស្តបរិស័ទទូទាំងពិភពលោក។ អ្នកខ្លះរត់តាក់ស៊ី អ្នកខ្លះស៊ីឈ្នួលធ្វើនំឲ្យគេ អ្នកខ្លះធ្វើចម្ការបេះប៉មបេះអីឲ្យគេ មិនត្រឹមប៉ុណ្ណេះបងប្អូននៅក្នុងស្រុកក៏បានដាក់ដង្វាយជួយទៅដែរ។ យើងអត់មានគំនិតចែកជូនឲ្យគេជឿព្រះយេស៊ូវអត់ទេ គ្រាន់តែប្រាប់ថានេះគឺជាសេចក្ដីស្រលាញ់យើងស្ដាប់បង្គាប់»។
លោក ទូច បូរិន មានប្រសាសន៍ទៀតថា មូលហេតុតែមួយគត់សម្រាប់គ្រីស្ទាន ឬអ្នកមានជំនឿលើព្រះយេស៊ូវ ដែលនាំគ្នាប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស (Christmas) ឬបុណ្យនូអែល (Noel) គឺជាថ្ងៃរំលឹកពីកំណើតរបស់ព្រះដែលបានយាងមកប្រសូតលើផែនដី ដែលជាកាដូសង្គ្រោះមនុស្សកាលពីជាង ២ពាន់ឆ្នាំមុន៖ « នៅក្នុងគម្ពីរយ៉ូហានជំពូក៣ ខ១៦ព្រះអង្គមានព្រះបន្ទូលថា ត្បិតព្រះទ្រង់ស្រលាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះនឹងមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ ព្រះរាជបុត្រារបស់ព្រះអង្គនេះ ។ ព្រះរាជបុត្រារបស់ព្រះអង្គគឺជាអំណោយដែលគិតថ្លៃ ទោះបីជាអ្នកឯងមិនគួរនឹងទទួលនេះក៏ដោយ ពីព្រោះអំណោយព្រះអង្គឥតលក្ខខណ្ឌ។ ព្រះយេស៊ូវគ្រីស្ទគឺជាអំណោយនៃមនុស្ស បានជាគ្រិស្តបរិស័ទយករូបភាពនេះឲ្យកាដូគ្នាទៅវិញទៅមក » ។
នៅក្នុងព្រះគម្ពីរបរិសុទ្ធ បានកត់ត្រាថា មានព្រឹត្តិការណ៍នៅភូមិបេថ្លេហ៊ឹម ក្នុងស្រុកយូដា ប្រទេសអ៊ីស្រាអែល ដោយទេព្ដាបានលេចមកប្រាប់ដល់អ្នកគង្វាលហ្វូងចៀមនៅពេលរាត្រីត្រជាក់ ថានឹងមានអង្គរាជបុត្រាមួយអង្គព្រះនាម ព្រះយេស៊ូវគ្រីស្ទ យាងមកប្រសូតលើផែនដីនេះ សម្រាប់ជួយមនុស្សឲ្យរួចពីអំពើបាប ដែលជាអំណោយរបស់ព្រះសម្រាប់មនុស្ស។ ទំនាយជាង៣រយទំនាយដែលបានទាយទុកដោយហោរ៉ាបានសម្រេចលើរូបអង្គព្រះយេស៊ូវគ្រីស្ទ ដែលយាងមកប្រសូតជាមនុស្សនៅលើផែនដី គឺមានចម្លើយតែមួយគត់ឲ្យមនុស្សទទួលបាននូវជីវិតរួចពីអំពើបាប គឺជាជីវិតអស់កល្បជានិច្ច។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យគ្រីស្ទម៉ាសនេះ នៅប្រទេសកម្ពុជា មិនថាតែអ្នកជឿលើព្រះយេស៊ូវ ដែលគេធ្វើនៅតាមព្រះវិហារ និងនៅតាមផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែនៅតាមសាលាឯកជន ក្រុមហ៊ុន ផ្សារទំនើប និងហាងលក់ដូរនានា ក៏ត្រូវបានគេតុបតែងដើមឈើស្រល់យ៉ាងធំ ដែលគេហៅថា ដើមគ្រីស្ទម៉ាស ឬChristmas tree តាំងលំអ និងមានដាក់តាំងដោយអំពូលភ្លើងពណ៌ បូក្រហម កណ្ដឹង និងវត្ថុភ្លឺផ្លេក រួមទាំងកាដូតូចធំជាច្រើនទៀត អមដោយបទចម្រៀងលាន់ឮរំពង ដើម្បីទាក់ទាញភ្ញៀវ និងលក់បញ្ចុះតម្លៃទៀតផង។
ក្រុមជំនុំនៃព្រះវិហារជីវិតថ្មី រាជធានីភ្នំពេញ បានប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស ឬបុណ្យណូអែល កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ដោយការច្រៀងអបអរសាទរនៅក្នុងពេលប្រារព្ធ។
ឱកាសមួយខែពេញនៅអំឡុងខែធ្នូ សម្រាប់ប្រទេសអឺរ៉ុប គេតែងឈប់សម្រាកពីការងារ ដែលគេហៅថា វ៉ាកង ឬហៅជាភាសាអង់គ្លេសថា ហូលីដេ (Holiday) វេលាឈប់សម្រាកនេះហើយដែលអាចឲ្យពួកគេជួបជុំក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយ ទទួលទានអាហាររួមគ្នា និងជូនវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។