មូលហេតុ​នៃ​ការ​ជូន​អំណោយ​និង​កាដូ​ក្នុង​ឱកាស​បុណ្យ​គ្រីស្ទម៉ាស

ដោយ ខែ សុណង
2016-12-25
Share
បុណ្យ​គ្រីស្ទម៉ាស ២០១៦ ៨៥៥ អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល នៅ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng
RFA/Kher Sonorng

ឱកាស​មួយ​ខែ​ពេញ​នៅ​អំឡុង​ខែ​ធ្នូ ជា​រដូវ​បុណ្យ​គ្រីស្ទម៉ាស (Christmas) ឬ​បុណ្យ​ណូអែល សម្រាប់​ប្រទេស​អឺរ៉ុប គេ​តែង​ឈប់​សម្រាក​ពី​ការងារ ដែល​គេ​ហៅ​ថា​វ៉ាកង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ហូលីដេ (Holiday)។ វេលា​ឈប់​សម្រាក​នេះ​ហើយ ដែល​អាច​ឲ្យ​ពួក​គេ​ជួបជុំ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ជិត​ឆ្ងាយ ទទួល​ទាន​អាហារ​រួម​គ្នា និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

សម្រាប់​គ្រីស្ទាន (Christian) ឬ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​វិញ ការ​ជូន​កាដូ​គ្នា​នេះ​មាន​អាថ៌កំបាំង​មួយ ដែល​មាន​អត្ថន័យ​សម្រាប់​ពិធី​បុណ្យ​នេះ។

ហេតុ​អ្វី​បាន​ជា​គេ​ជូន​កាដូ និង​អំណោយ​ឲ្យ​គ្នា​នៅ​ក្នុង​ឱកាស​នេះ?

អំណោយ​ស្ករ​សូកូឡា កាដូ និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើន ត្រូវ​បាន​ហាង​ទំនិញ​ដាក់​លក់​យ៉ាង​ព្រោងព្រាត និង​ហាង​ទំនិញ​មួយ​ចំនួន​ដាក់​លក់​បញ្ចុះ​តម្លៃ​ក្នុង​ឱកាស​ខែ​ធ្នូ ដែល​ជា​រដូវ​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល​ចូល​មក​ដល់។

គ្រូ​គង្វាល​ជំនួយ​នៃ​ព្រះវិហារ​បេសកកម្ម​ដំណឹង​ល្អ លោក រ័ត្ន ប៊ុនសំ បាន​ឲ្យ​ដឹង​ថា អាថ៌កំបាំង​មួយ​នៃ​ការ​ជូន​អំណោយ និង​ជូន​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស​នោះ គឺ​បាន​ផ្សារភ្ជាប់​នឹង​ទំនាក់ទំនង​នៃ​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ លោក​ថា ដើម​ចម​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស គឺ​ជា​ការ​រំឭក​ពី​កំណើត​របស់​ព្រះ ដែល​បាន​យាង​មក​ប្រសូត​លើ​ផែនដី ដែល​ជា​កាដូ​សង្គ្រោះ​មនុស្ស​កាល​ពី​ជាង ២​ពាន់​ឆ្នាំ​មុន៖ «ទាក់ទង​នឹង​អំណោយ គឺ​គេ​បង្ហាញ​អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ហ្នឹង គឺ​ជា​អំណោយ​ដែល​ព្រះ​បាន​ប្រទាន​មក​ដល់​មនុស្ស​នូវ​សេចក្ដី​សង្គ្រោះ ដែល​ជា​អំណោយ​មួយ​ដ៏​ធំ តាម​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហ្នឹង។ ដូច្នេះ​ហើយ បាន​ជា​រាល់​ពេល​បុណ្យ​ណូអែល គឺ​គេ​ជូន​អំណោយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក រំឭក​អំពី​ការ​ឲ្យ​ដែល​ព្រះ​បាន​ឲ្យ​អំណោយ​ដ៏​ធំធេង​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល»

ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នេះ នៅ​ប្រទេស​កម្ពុជា មិន​ថា​តែ​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ ដែល​គេ​ធ្វើ​នៅ​តាម​ព្រះវិហារ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​តាម​ក្រុមហ៊ុន ផ្សារ​ទំនើប និង​ហាង​លក់​ដូរ​នានា ក៏​ត្រូវ​បាន​គេ​តុបតែង​ដើម​ឈើ​ស្រល់​យ៉ាង​ធំ​តាំង​លំអ និង​មាន​ដាក់​តាំង​កាដូ​ជាច្រើន និង​ខ្លះ​មាន​ចាក់​បទ​ចម្រៀង​ចាក់​ភ្លេង​លាន់​ឮ​រំពង ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​លក់​បញ្ចុះ​តម្លៃ​ទៀត​ផង។ ចំណែក​នៅ​តាម​សាលា​រៀន​មួយ​ចំនួន ពិសេស​សាលា​អន្តរជាតិ ឬ​សាលា​ឯកជន​វិញ គេ​តែង​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ដែរ ដោយ​មាន​កម្មវិធី​ពិសេស​មួយ គឺ​លេង​ចាប់​កាដូ លេង​ប្ដូរ​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក។

ក្រុម​ជំនុំ​នៃ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ អ្នកស្រី ស៊ឹម មុន្នីសោភា ថ្លែង​ថា ឲ្យ​តែ​ដល់​រដូវ​បុណ្យ​នេះ​ម្ដងៗ អ្នកស្រី​មិន​ដែល​ភ្លេច​ឡើយ​នូវ​ការ​ផ្ដល់​អំណោយ​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នកស្រី ក្នុង​ថ្ងៃ​បុណ្យ​ណូអែល ដែល​គាត់​យល់​ថា​ជា​ថ្ងៃ​ពិសេស៖ «ទិញ​ឲ្យ​កូន​ទាំង​ពីរ​នាក់ ហើយ​និង​ប្ដី [សើច] ដោយសារ​ក្នុង​ឱកាស​បុណ្យ​ណូអែល​នេះ គឺ​ជា​ថ្ងៃ​បុណ្យ​កំណើត​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ថ្ងៃ​បុណ្យ​រំឭក​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​យាង​មក​ផែនដី ដើម្បី​ប្រសូត​ជា​មនុស្ស​លោក ហើយ​សុគត​លើ​ឈើ​ឆ្កាង ដើម្បី​សង​ថ្លៃ​អំពើ​បាប​ដែល​បញ្ជាក់​ថា ជា​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​មួយ​ដ៏​ធំ​សម្រាប់​មនុស្ស។ ដូច្នេះ ទិញ​កាដូ​ឲ្យ​កូន​វា​មាន​អំណរ កាលណា​គឺ​គាត់​បាន​ទទួល​កាដូ​ចឹង ខ្ញុំ​តែង​ទិញ​កាដូ​ជូន​គាត់​ក្នុង​ឱកាស​នេះ គឺ​គាត់​មាន​អំណរ​ជាង​គេ»

នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​កត់ត្រា​ថា មាន​ប្រព្រឹត្តិការណ៍​នៅ​ភូមិ​បេថ្លេហ៊ឹម ក្នុង​ស្រុក​យូដា ប្រទេស​អ៊ីស្រាអែល ដោយ​ទេព្ដា​បាន​លេច​មក​ប្រាប់​ដល់​អ្នក​គង្វាល​ហ្វូង​ចៀម​នៅ​ពេល​រាត្រី​ត្រជាក់​ថា នឹង​មាន​អង្គ​រាជបុត្រា​មួយ​អង្គ​ព្រះនាម ព្រះ​យេស៊ូវ​គ្រីស្ទ យាង​មក​ប្រសូត​លើ​ផែនដី​នេះ សម្រាប់​ជួយ​មនុស្ស​ឲ្យ​រួច​ពី​អំពើ​បាប​ដែល​ជា​អំណោយ​របស់​ព្រះ​សម្រាប់​មនុស្ស។

«ចម្រៀង Oh holy night»

ទំនាយ​ជាង ៣០០​ទំនាយ ដែល​បាន​ទាយ​ទុក​ដោយ​ហោរា​បាន​សម្រេច​លើ​រូប​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​យាង​មក​ប្រសូត​ជា​មនុស្ស​នៅ​លើ​ផែនដី គឺ​មាន​ចម្លើយ​តែ​មួយ​គត់ ឲ្យ​មនុស្ស​ទទួល​បាន​នូវ​ជីវិត​រួច​ពី​អំពើ​បាប គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច។

«ចម្រៀង Oh holy night»

នៅ​តាម​ព្រះវិហារ​គ្រិស្ត​បរិស័ទ គេ​បាន​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល។

ក្រុម​ជំនុំ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ បាន​ប្រារព្ធ​កាល​ពី​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ នៅ​ក្នុង​ព្រះវិហារ​ជីវិត​ថ្មី នៅ​រាជធានី​ភ្នំពេញ។

«សំឡេង​ច្រៀង ហេភី ប៊ឺសដេ Happy birth day Jesus...!»

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នេះ គេ​តែងតែ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភ្ជាប់​ទៅ​ឆ្នាំ​ថ្មី នៃ​គ្រិស្តសករាជ ដែល​មនុស្ស​នៅ​លើ​ពិភពលោក​បាន​ប្រើប្រាស់ ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

«ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស and Happy New year»

នាង​ខ្ញុំ​សូម​ជូនពរ​ឲ្យ​លោក​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ទាំងអស់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្ដី​សុខសាន្ត សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕

សួស្ដី​គ្រីស្ទម៉ាស!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល