ប្រជាពលរដ្ឋដែលដើរកម្សាន្តក្នុងពិធីបុណ្យអុំទូករអ៊ូរទាំគ្រប់ៗគ្នាថា ថ្លៃផ្ញើម៉ូតូឡានមានតម្លៃខ្ពស់ពិបាកទទួលយក។ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរបញ្ឈប់ទម្លាប់កេងប្រវ័ញ្ចបែបនេះក្នុងឱកាសពិធីបុណ្យទានធំៗម្ដងៗ។
ប្រជាពលរដ្ឋដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្ដែងការហួសចិត្តចំពោះកន្លែងផ្ញើម៉ូតូ និងឡាន ដែលយកតម្លៃខ្ពស់ក្នុងឱកាសបុណ្យប្រពៃណីដ៏ធំមួយនេះ។
ពលរដ្ឋអះអាងថា នៅក្នុងសំបុត្រផ្ញើម៉ូតូនោះដាក់តម្លៃត្រឹម ១ពាន់រៀល ប៉ុន្តែជាក់ស្ដែងពួកគេយកតម្លៃរហូតដល់ ៥ពាន់រៀល សម្រាប់ម៉ូតូមួយគ្រឿង ចំណែកឡានមួយគ្រឿងតម្លៃ ១ម៉ឺនរៀល។
អ្នកផ្ញើម៉ូតូម្នាក់លើកឡើងថា ចង់ឬមិនចង់ពួកគាត់ត្រូវតែបង្ខំចិត្តផ្ញើម៉ូតូ ព្រោះអាជ្ញាធរបានបិទផ្លូវមិនអោយជិះចូលកន្លែងកម្សាន្តនោះទេ ប៉ុន្តែការយកតម្លៃថ្លៃបែបនេះគឺពិតជាប៉ះពាល់អារម្មណ៍ពលរដ្ឋខ្លាំងណាស់។ លោកបន្តថា នេះមនុស្សចូលរួមតិចផង ចុះបើមនុស្សចូលរួមច្រើនទៀតនោះ លោកគិតថា ប្រហែលជានឹងយកតម្លៃកាន់តែថ្លៃថែមទៀត៖«តម្លៃផ្ញើម៉ូតូនេះ វាហាក់ដូចជាកេងប្រវ័ញ្ចពេក វាគួរណាតែបញ្ចុះតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋខ្មែរ។ បើថ្លៃដូច្នេះ ធ្វើអោយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ »។
ប្រជាពលរដ្ឋផ្សេងៗទៀត ក៏រអ៊ូរទាំប្រហាក់ប្រហែលគ្នាថា ការយកតម្លៃនោះ វាថ្លៃជាងទិញម្ហូបអាហារទៅទៀត ហើយធ្វើឲ្យពួកគាត់មិនសប្បាយចិត្តឡើយ។ ពួកគាត់សំណូមពរអាជ្ញាធររាជធានីភ្នំពេញ ជួយពិនិត្យមើលទីតាំងផ្ញើម៉ូតូទាំងអស់នោះផង កុំឲ្យមានការយកថ្លៃខ្លាំងពេក។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងប្រាប់សារព័ត៌មានដើមអំពិលថា សាលារាជធានីភ្នំពេញ បានទទួលព័ត៌មានទាំងអស់នេះហើយ ហើយក៏បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាននានាក្នុងខណ្ឌឲ្យចុះផ្សព្វផ្សាយ អប់រំណែនាំកុំឲ្យមានការយកថ្លៃពេក។
ចំពោះការទទួលផ្ញើម៉ូតូនេះ នៅថ្ងៃអុំទូកទី១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យគ្រប់កងកម្លាំង រួមទាំងអាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យទីតាំងផ្ញើកង់ ម៉ូតូ និងរថយន្តឲ្យបានម៉ត់ចត់ ហើយបើទីតាំងផ្ញើណាមិនមានច្បាប់អនុញ្ញាត ត្រូវបញ្ឈប់ជាបន្ទាន់ដើម្បីកុំឲ្យហេតុការណ៍អាក្រក់កើតឡើង។ ចំពោះតម្លៃវិញលោកបានស្នើត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យធ្វើអាជីវកម្មស្រេចតែអំពើចិត្ត ទទួលការថ្នាំងថ្នាក់ពីពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីជីវភាពពលរដ្ឋ។
ទោះយ៉ាងណា វិធានការរបស់សាលារាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ពុំមានប្រសិទ្ធភាពឡើយ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅកម្ពុជា ឲ្យតែមានឱកាសពិធីបុណ្យទានម្ដងៗ គឺតែងតែកើតមានអំពើកេងប្រវ័ញ្ច និងអំពើអសីលធម៌។ ចំពោះករណីដែលអាជ្ញាធរពុំមានចំណាត់ការប្រសិទ្ធភាពនោះ លោកសង្ស័យថា អាចមានការទទួលបានផលប្រយោជន៍ក្នុងរឿងនេះ៖ «ខ្ញុំថា តម្លៃចំនួន១ពាន់រៀល ទៅ១ ៥០០រៀល វាសក្ដិសមបំផុត។ ចំពោះរូបភាពនៃការយកថ្លៃនេះ យើងក៏មានការមន្ទិលដែរថា ហេតុអ្វីបានជាមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងដោយអាជ្ញាធររដ្ឋ ឬក៏ថា តើពួកគេមានទំនាស់ផលប្រយោជន៍ជាមួយគ្នាដែរទេ បានជាមានការដំឡើងថ្លៃតាមអំពើចិត្តបែបនេះ»។
អគ្គស្នងការនគរបាលជាតិថា ប្រជាពលរដ្ឋដែលចូលរួមកម្សាន្តក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ នៅភ្នំពេញ មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ គឺចន្លោះពី ៥០ម៉ឺន ទៅ ៦០ម៉ឺននាក់។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានទូកមកចូលរួមប្រកួតប្រជែងសរុបចំនួន ១៣៧គូ ឬស្នើ ២៧៤ទូក នៅទូទាំងប្រទេសដែលបានមកចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។