ទំនាស់​ប្រដាល់​គុន​ខ្មែរ និង​មួយ​ថៃ (MuayThai) រាលដាល​កាន់តែ​ឆ្ងាយ

ដោយ ជីវិតា
2023.04.10
ទំនាស់​ប្រដាល់​គុន​ខ្មែរ និង​មួយ​ថៃ (MuayThai) រាលដាល​កាន់តែ​ឆ្ងាយ ប័ណ្ណផ្សព្វផ្សាយ​ការប្រកួតកីឡាប្រដាល់​រវាង​កីឡាករខ្មែរ លោក ធឿន ធារ៉ា (ឆ្វេង) និង​កីឡាករថៃ លោក សៃយុក កាលពីចុងឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក

ទំនាស់​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ និង​មួយថៃ (MuayThai) កំពុង​មាន​ភាព​ចម្រូងចម្រាស និង​រីក​រាលដាល​ទៅ​ដល់​វប្បធម៌ ប្រវត្តិសាស្ត្រ និង​សិល្បៈ​។ អ្នកវិភាគ​លើកឡើង​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​២ គួរ​រក​ដំណោះស្រាយ​កណ្ដាល​មួយ ដែល​ភាគី​ទាំង​២​អាច​ទទួល​យក​បាន។

កីឡា​គឺជា​ការ​ប្រកួត​ដើម្បី​បង្កើត​ចំណង​មិត្តភាព​។ ប៉ុន្តែ​ចំពោះ​ការប្រកួត​កីឡាប្រដាល់​រវាង​កម្ពុជា និង​ថៃ មិន​ត្រឹមតែ​ជា​ការ​តស៊ូ​របស់​កីឡាករ​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ខ្វែងគំនិត​គ្នា​ពី​ប្រភព​ដើម​នៃ​ក្បាច់គុន នៃ​អ្នកគាំទ្រ​ប្រទេស​ទាំង​២ នេះ​ផង​ដែរ។

ជម្លោះ​អ្នកគាំទ្រ​គុន​ខ្មែរ និង មួយ​ថៃ បាន​ផ្ទុះឡើង​សាជាថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ស្ថាប័ន​ប្រដាល់​មួយ​ថៃ ពិភពលោក (WMO) កាលពី​ថ្ងៃទី​០៦ ខែមេសា​នេះ បាន​ចេញ​លិខិត​មួយ​ហាមឃាត់​កីឡាករ ជនជាតិ​ប្រេស៊ីល (Brazil) ឈ្មោះ​ធីអាហ្គោ ថេស៊ីរ៉ា (Thiago Teixeira) មិន​ឱ្យ​ចូលរួម​សកម្មភាព​ប្រដាល់​របស់​មួយ​ថៃ​ពិភពលោក នា​ពេល​អនាគត បន្ទាប់ពី​អ្នក​ប្រដាល់​ជនបរទេស​មួយ​នេះ​ប្រកាស​គាំទ្រ​គុន​ខ្មែរ។

អតីត​គ្រូ​ប្រដាល់ និង​ជា​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក មាស សុគ្រី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កីឡាប្រដាល់​រវាង​ភាគី​ខ្មែរ និង​ថៃ មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ឡើយ ហើយ​កន្លង​មក គណៈកម្មការ​ប្រដាល់​របស់​ប្រទេស​ទាំង​២ បាន​សម្របសម្រួល​គ្នា​ដោយ​សន្តិវិធី និង​ផ្លាស់ប្ដូរ​កីឡាករ​ឱ្យ​ទៅ​ប្រកួត​ជា​ធម្មតា។ លោក​បន្ត​ថា បញ្ហា​ទំនាស់​នៃ​ស្ថាប័ន​កីឡា ដែល​បាន​ឆ្លៀត​ឱកាស​ចុះផ្សាយ​ព័ត៌មាន​បំផ្លើស និង​ពង្រីក​បញ្ហា​ឱ្យ​កាន់តែ​ធំ រហូត​ឈាន​ដល់​ការ​រើសអើង​ពូជសាសន៍ និង​ការ​វាយប្រហារ​គ្នា​លើ​បណ្ដាញ​សង្គម។

នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​មួយថៃ ដែល​រៀបចំឡើង​នៅ​ប្រទេស​អាល្លឺម៉ង់ (German) កាល​ពី​ថ្ងៃទី​១ មេសា កីឡាករ ធីអាហ្គោ បាន​ឈ្នះ​ការ​ប្រកួត និង​ទទួល​បាន​ខ្សែ​ក្រវាត់​ពី​ស្ថាប័ន​ប្រដាល់​មួយ​ថៃ​ពិភពលោក។ ប៉ុន្តែ ស្ថាប័ន​នេះ​បាន​ដកហូត​ខ្សែ​ក្រវាត់​មក​វិញ និង​ហាម​ប្រាម​កីឡាករ ធីអាហ្គោ មិន​ឱ្យ​ចូលរួម​ប្រកួត​ប្រដាល់​មួយ​ថៃ​ពិភពលោក ទៀត​នោះ​ទេ ដោយ​លើក​ហេតុផល​ថា សកម្មភាព​របស់​កីឡាករ ធីអាហ្គោ មាន​ហេតុផល​នយោបាយ មិន​ស័ក្ដិ​សមជា​កីឡាករ ព្រោះ​លោក ធីអាហ្គោ បាន​ធ្វើ​ឱ្យ​អាប់ឱន​កីឡា​ជាតិ​របស់​ប្រទេស​ថៃ និង​មាន​ចរិត​ញុះញង់​ឱ្យ​មាន​ការរើសអើង​ពូជ​សាសន៍។

ទាក់ទិន​រឿង​នេះ កីឡាករ ធីអាហ្គោ ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​៨ មេសា មិន​បាន​បង្ហាញ​ប្រតិកម្ម​ចំពោះ​វិធានការ​របស់​ស្ថាប័ន​ប្រដាល់​មួយ​ថៃ​ពិភពលោក​នេះ​នៅឡើយ ដោយ​លោក​គ្រាន់តែ​ប្ដេជ្ញា​បង្ហាញ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក។

វិធានការ​របស់​ស្ថាប័ន​ប្រដាល់​មួយ​ថៃ​ពិភពលោក​(WMO)​ចំពោះ​កីឡាករ​ប្រេស៊ីល​នេះ ទទួល​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​ប្រដាល់​គុន​ខ្មែរ។ អ្នកគាំទ្រ​ប្រដាល់​គុន​ខ្មែរ​ចាត់ទុក​វិធានការ​របស់​ស្ថាប័ន​ប្រដាល់​មួយ​ថៃ ថា ជា​ការ​សងសឹក​ចំពោះ​កីឡាករ ធីអាហ្គោ ដែល​លោក​បាន​ចាក​ចេញ​ពី​សង្វៀន​មួយ​ថៃ មក​ចូលរួម​ជាមួយ​គុន​ខ្មែរ ហើយ​បាន​លើក​ទង់ជាតិ​កម្ពុជា ក្រោយ​ឈ្នះ​ការ​ប្រកួត កាល​ពី​ថ្ងៃទី​២ ខែ​មេសា និង​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​គុន​ខ្មែរ។

កីឡាករ ធីអាហ្គោ ក៏បាន​លើកឡើង​ពី​រូបចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទខ្មែរ​ហើយ​និយាយ​ថា ក្បាច់​ប្រដាល់​ថៃ ដែល​ជនជាតិ​ថៃ​ហៅថា មួយ​ថៃ (Muay Thai) មាន​ប្រភព​ដើម​ពី​គុន​ខ្មែរ​បុរាណ។

វិវាទ​ក្នុង​វិស័យ​កីឡា​ប្រដាល់​រវាង​កម្ពុជា ថៃ ធ្លាប់​មាន​ភាព​ចម្រូងចម្រាស​ម្ដង​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឈ្មោះ គុន​ខ្មែរ និង​មួយ​ថៃ ក្នុង​វិញ្ញាសា​ការប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយ​សហព័ន្ធ​ប្រដាល់​ថៃ​អន្តរជាតិ​(IFMA) បដិសេធ​មិន​បញ្ជូន​កីឡាករ​ឱ្យ​ចូល​រួម​ប្រកួត​ក្រោម​ឈ្មោះ​គុន​ខ្មែរ​ឡើយ។

ជុំវិញ​ជម្លោះ​វប្បធម៌ នៃ​ពលរដ្ឋ​ទាំង​២​ប្រទេស​នេះ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ មិន​ទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍ ឬ​កិច្ច​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

កីឡាករ ធីអាហ្គោ ដែល​យក​ទង់ជាតិ​កម្ពុជា​មក​គ្រង ថ្មីៗ​នេះ​បាន​ទទួល​ជំនួយ​ពី​ក្រុម​ឧកញ៉ា និង​មន្ត្រី​ធំៗ​ជា​បន្តបន្ទាប់ ជាពិសេស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក​នាយករដ្ឋមន្ត្រី ថាបើ​អាច​ទៅ​រួច​លោក​នឹង​ស្នើ​ទៅ​ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​កីឡាករ ធីអាហ្គោ ទៀត​ផង។

កន្លង​មក​កម្ពុជា និង​ថៃ ដែល​ជា​ប្រទេសជិតខាង និង​មាន​វប្បធម៌​ស្រដៀង​គ្នា ម្ដងម្កាល​កើត មាន​វិវាទ​ជាមួយគ្នា​ដូច​ជា​ជម្លោះ​រឿងក្ដី​ប្រាសាទ​ព្រះវិហារ ដែល​ឈាន​ដល់​ការ​ប៉ះទង្គិច​កម្លាំង​យោធា វិវាទ​ផ្នែក​សិល្បៈ រចនាបថ​ប្រាសាទ និង​ក្បាច់គុន​ជាដើម។

ទោះជា​យ៉ាងណា សាស្ត្រាចារ្យ​ថៃ ផ្នែក​ទស្សនៈ​វិទ្យា ប្រវត្តិសាស្ត្រ និង​ជា​កវីនិពន្ធ លោក ស៊ូឡាក់ ស៊ីវ៉ារ៉ាក់ (Sulak Siwarak) បាន​ពន្យល់​នៅ​លើ​បណ្ដាញ​សង្គម​យូធូប (YouTube) របស់​លោក​ថា ទំនាក់ទំនង​រវាង​វប្បធម៌​ថៃ និង​វប្បធម៌​ខ្មែរ មាន​តាំងពី​បុរាណកាល។ លោក​ថា នៅ​ពេល​ដែល​អរិយធម៌​ខ្មែរ​រុងរឿង ថៃ​ក៏​ទទួល​រង​ឥទ្ធិពល​ពី​ខ្មែរ ហើយ​នៅ​ពេល​ដែល​ខ្មែរ​ចុះ​ទន់​ខ្សោយ ខ្មែរ​ក៏​ទទួល​រង​ឥទ្ធិពល​ពី​ថៃ​វិញ គឺ​មិន​មាន​ប្រទេស​ណាមួយ​លួច​ចម្លង​គ្នា​នោះ​ទេ។ តែ​លោក​បញ្ជាក់​ថា ថៃ​ទទួល​រង​ឥទ្ធិពល​ពី​អរិយធម៌​ខ្មែរ​ច្រើន​ជាងគេ មាន​ដូចជា​ភាសា សិល្បៈ និង​ក្បួនខ្នាត​ជាដើម។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា វិវាទ​នៃ​ការ​ប្រើ​ឈ្មោះ​គុន​ខ្មែរ ឬមួយ​ថៃ និង​វប្បធម៌​នៃ​ប្រទេស​ទាំង​២​នេះ កើតឡើង​ដោយសារ​គំនិត​ជាតិនិយម និង​ដាន​ប្រវត្តិសាស្ត្រ។ លោក​យល់​ថា ដើម្បី​បញ្ចប់​វិវាទ​នេះ រដ្ឋាភិបាល​ប្រទេស​ទាំង​២ គួរ​រក​ដំណោះស្រាយ​កណ្ដាល​មួយ ដែល​ភាគី​ទាំង​២​អាច​ទទួល​យក​បាន។ លោក សេង សារី លើកឡើង​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ទាំង​២​កំពុង​នឹង​មាន​ការ​បោះឆ្នោត​ខាងមុខ​នេះ ពលរដ្ឋ​គួរ​យកចិត្តទុកដាក់​លើ​រឿង​នយោបាយ​វិញ។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​នយោបាយ​អន្តរជាតិ សង្កេត​ឃើញ​ថា ទាំង​អ្នក​នយោបាយ​កម្ពុជា និង​អ្នក​នយោបាយ​ថៃ ប្រើប្រាស់​ជម្លោះ​វប្បធម៌​នេះ ដើម្បី​កេង​ចំណេញ​នយោបាយ តាមរយៈ​ការ​បង្វែរ​ស្ថានការណ៍ និង​ព្រឹត្តិការណ៍​សង្គម​។ ជាក់ស្ដែង​ប្រទេស​ទាំង​២​នេះ មាន​ស្ថានការណ៍​នយោបាយ​ស្រដៀង​គ្នា​ទាក់ទង​នឹង​ការ​ត្រៀម​ខ្លួន​រៀបចំ​ការ​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។