មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ និង​ពិធី​រៀបចំ​ទទួល​ទេវតា​ក្នុង​សម័យ​ប្រទេស​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩

ដោយ សេក បណ្ឌិត
2020-04-13
Share
ចូលឆ្នាំខ្មែរ ២០២០ ទេវតាឆ្នាំថ្មី ២០២០
vectorkh.com

តាម​ទំនៀម​ពី​បុរាណ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ ជូត ឆ្នាំ២០២០ នេះ មាន​រយៈ​ពេល ៤ថ្ងៃ។ ប៉ុន្តែ​ជា​អកុសល នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល បាន​ប្រកាស​ផ្អាក​ពិធី​ចូល​ឆ្នាំ​ថ្មី មិន​ឲ្យ​ប្រារព្ធ​នៅ​តាម​ទី​សាធារណៈ​ជា​បណ្ដោះអាសន្ន ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​ទទួល​ទេវតា​នៅ​តែ​ក្នុង​ផ្ទះ​រៀងៗ ខ្លួន ព្រោះ​ប្រទេស​កើត​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩ ធ្ងន់ធ្ងរ។

តាម​ការ​គ្រោងទុក​ សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង ៨:៤៨​នាទី​យប់​ ថ្ងៃ​ចន្ទ័​ ៦​រោច ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែ​មេសា គ្រិស្តសករាជ ២០២០។

ដោយសារ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​​ ចូល​មក​នៅ​ថ្ងៃ​ចន្ទ គឺ​ចំ​វេន​ទេវតា​ព្រះនាម« គោរាគ​ទេវី» ជា​បុត្រី​ទី២ នៃ​កបិល​មហាព្រហ្ម ចូល​មក​បន្ត​វេន​ថែរក្សា​ទ្វីប​លោក​យើង​នេះ​ ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ បន្ត​​វេន​ពី​ទេវតា​ឆ្នាំ​ចាស់។

តើ​ដំណើរ​យាង​មក​ភព​ផែន​ក្នុង​ឆ្នាំ​ថ្មី​នេះ ព្រះរាជ​បុត្រី« គោរាគ​ទេវី» នាំ​យក​មក​នូវ​អ្វី​ខ្លះ ហើយ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក្នុង​សម័យ​កើត​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩ នេះ ប្រព្រឹត្តិ​ទៅ​យ៉ាង​ដូច​ម្ដេច​នោះ?

តាម​ការ​គន់គូរ​នៃ​ក្រុម​ជំនុំ​វិជ្ជា​ហោរាសាស្ត្រ បាន​បង្ហាញ​ថា នៅ​ក្នុង​រាត្រី​ចន្ទ ៦រោច ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែ​មេសា វេលា​ម៉ោង ៨:៤៨​នាទី​នោះ ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី ទៅ​ឋិត​នៅ​ឯ មេសរាសី​តាម​ផ្លូវ​គោវិថី គឺ​ផ្លូវ​កណ្ដាល ទើប​មាន​ទេវធីតា​មួយ​ព្រះអង្គ​ជា​មគ្គនាយិកា​ព្រះនាម« គោរាគ​ទេវី» ជា​បុត្រី​ទី២ ក្នុង​ចំណោម​បុត្រី​ទាំង ៧អង្គ ​នៃ​កបិល​មហាព្រហ្ម គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​លឿង​ស្រង៉ែ លម្អ​នូវ​ព្រះកាណ៌​ដោយ​សៀត​ផ្កា​ អង្គាបុស្ប​ អាភរណៈ​ទ្រង់​ពាក់ កែវមុក្តា (ដែល​ជា​ប្រភេទ​ត្បូង​មាន​តម្លៃ ឬ​ជា​ប្រភេទ​គុជ) ភក្សាហារ​ទ្រង់​សោយ តេលំ​ (ប្រេង​ធញ្ញជាតិ ដូច​ជា ប្រេង​សណ្ដែក-ល្ង) ព្រះហស្ត​ស្ដាំ​ទ្រង់​ព្រះ​ខ័ន​ ព្រះហស្ត​ឆ្វេង ទ្រង់​យដ្ឋិ (ឈើច្រត់)​ គង់​ផ្ទំ​បើក​ព្រះនេត្រ​លើ​ខ្នង​ព្យគ្ឃ (ខ្លា​ធំ) ជា​ពាហនៈ។

ព្រះរាជបុត្រី«គោរាគ​ទេវី» ដឹក​នាំ​អស់​ទេវ​បុត្រ​ទេវ​ធីតា​ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហា​កែវ​ឈ្មោះ​ធម្មមាលី នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត​ ជាទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហា​ព្រហ្ម​ ដែល​តម្កល់​លើ​ពាន​មាស រួច​នាំ​មក​ដង្ហែ​ប្រទក្សិណ​ជុំវិញ​ភ្នំ ព្រះសុមេរុរាជ តាម​ផ្លូវ​ព្រះអាទិត្យ ចរ​ចំនួន ៦០នាទី (២៤​ម៉ោង) ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ។

បន្ទាប់មកទៀតទេវតា​ទាំង​អស់ ​ទាំង​ឆ្នាំ​ចាស់ និង​ឆ្នាំ​ថ្មី កោះ​ប្រជុំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​អនោតត្ត​មហា​ស្រះ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្មកែវ​ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​ប្រាំ​ពីរ ត្រជាក់​ត្រជំ ក្សេមក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​ទើប​នាំ​គ្នា ចូល​ទៅ​សមាទាន​រក្សា​សីល ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ​ក្នុង​ភគវតីសភាសាលា ដែល​វិស្សកម្ម ទេវ​បុត្រ​និម្មិត​ថ្វាយ ដើម្បី​បន្ទោរ​បង់​អពមង្គល​ទាំង​ឡាយ ​អោយ​ជ្រះ​ស្រឡះ ហើយ​តាំង​ចិត្ត​ប្រព្រឹត្តិ​តែ​អំពើ​ល្អៗ ចម្រើន​នូវ​សិរី​សួស្ដី ជ័យ​មង្គល ជន្មាយុ​យឺនយូរ​ដល់​ទេវតា និង​មនុស្ស​លោក​ផង​ទាំងឡាយ ចាប់តាំង​ពី​ឆ្នាំ​ថ្មី​ចូល​មក​ដល់​នេះ បាន​ធូរ​ទូលំទូលាយ សុខ​ក្សេមក្សាន្ត​ត​រៀង​ទៅ។

តាម​ប្រតិទិន​ឆ្នាំ​ថ្មី​បង្ហាញ​ថា មហាសង្រ្កាន្ត​ឆ្នាំ​ជូត ទោស័ក​ចុល្លសករាជ ១៣៨២ មហាសករាជ ១៩៤២ ពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២០ ព្រះ​ពុទ្ធសករាជ​ព្រះសាសនា អតិកន្តា​កន្លង​ទៅ​ហើយ​បាន ២៥៦៣ គិត​ត្រឹម​ថ្ងៃ ១៥កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១រោច ខែ​ពិសាខ ឆ្នាំជូត​ ទោស័ក​ត​ទៅ​ចូល​ពុទ្ធ​សករាជ ២៥៦៤។

នៅ​ក្នុង​សង្ក្រាន្ត​ទាំង ៤ថ្ងៃ​នេះ​រួម​មាន៖

- ថ្ងៃ​ចន្ទ ទី ៦រោច ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែ​មេសា គ.ស ២០២០ ជា​ថ្ងៃ​ដំបូង​នៃ​មហាសង្ក្រាន្ត​ឆ្នាំជូត។

- ថ្ងៃ​អង្គារ៍ ទី ៧រោច ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​មេសា ជា​វារៈវ័នបត (ថ្ងៃ​កណ្ដាល)

- ថ្ងៃ​ពុធ​ទី ៨រោច ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៥ ខែ​មេសា ក៏​ជា​ថ្ងៃ​វារៈវ័នបត​ដែរ។

    - លុះ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី ៩រោច ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៦ ខែ​មេសា គ.. ២០២០ វេលា​ម៉ោង ១: ២៤នាទី និង ៣៦វិនាទី ជា​វរៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត ៤ថ្ងៃ​ស្រេច​ដោយ​បរិបូរណ៍ ចូល​ជា​សកល​ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត​ទៅ។​

ឆ្នាំ​ជូត​នេះជា​ឆ្នាំ​ទី​១ ឬ​ស្ថិត​នៅ​លេខ​រៀង​ដើម​គេ នៃ​ចំនួន​ឆ្នាំ​ទាំង​១២ ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ​​ ដែលគេ​រាប់​តាម​លំដាប់លំដោយ​ដូច​តទៅ៖ ​ឆ្នាំ​ជូត​ត្រូវ​នឹង​សត្វ​កណ្ដុរ ឆ្នាំឆ្លូវ​ត្រូវ​នឹង​សត្វ​គោ ឆ្នាំ​ខាល​គឺ​សត្វ​ខ្លា ឆ្នាំ​ថោះ​គឺ​សត្វ​ទន្សាយ ឆ្នាំ​រោង ​គឺ​ត្រូវ​នឹង​សត្វ​នាគ រីឯ​ឆ្នាំម្សាញ់​ជា​ឆ្នាំ​សត្វ​ពស់ ឆ្នាំ​មមី​គឺ​សត្វ​សេះ​ ចំណែក​មមែ គឺ​សត្វ​ពពែ ឆ្នាំ​វក​សត្វ​ស្វា ឆ្នាំ​រកា សត្វ​មាន់ ឆ្នាំ​ចរ​ សត្វ​ឆ្កែ និង​ឆ្នាំ​កុរ ឬ​កោរ​ត្រូវ​នឹង​សត្វ​ជ្រូក​ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​គេ។

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ និង​ការរៀបចំ​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​គឺ​មាន ជាប់​ទាក់ទង​ជា​សំខាន់​នឹង​រឿង​ព្រេង​និទាន​ពី​បុរាណ នៃ​បុត្រី​ទាំង ៧អង្គ​របស់​កបិល​មហាព្រហ្ម ​ដែល​មាន​កាតព្វកិច្ច​យាង​មក​ប្ដូរ​វេន​គ្នា​រក្សា​ទ្វីប​លោក​យើង​នេះ និង​ធ្វើ​បុណ្យ ​សុនន្ទា​ ថ្វាយ​ព្រះរាជ​កុសល​ថ្វាយ​ដល់​ព្រះបិតា តាម​កាល​កំណត់​ទៅ​តាម​ជំនឿ​របស់​ខ្មែរ​តាំង​ពី​បុរាណ​កាល រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

ទាក់ទង​នឹង​ការ​រៀបចំ​គ្រឿង​រណ្ដាប់ និង​ពិធីការ​ផ្សេងៗ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ការ​គោរព​ប្រតិបត្តិ​តាម​ទំនៀម​ពី​បុរាណ​វិញ គេ​ឃើញ​មាន​ការ​រៀបចំ​ខុស​ប្លែក​គ្នា​ត្រង់​ផ្នែក​ខ្លះ​ទៅ​តាម​ខេត្ត និង​តំបន់ ជាពិសេស​រវាង​ប្រជា​ពលរដ្ឋ​សាមញ្ញ និង​ខាង​ព្រះបរមរាជវាំង​។

ក្រៅ​តែ​ពី​ពិធី​ទទួល​ទេវតា ក៏​នៅ​មាន​ពិធី​សាសនា និង​ប្រពៃណី​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត ដូចជា​ពិធី​ស្រង់​ព្រះ ពូន​ភ្នំ​ខ្សាច់ និង​ការ​លេង​ល្បែង​ប្រជាប្រិយ​ជា​ដើម។

ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ​ជូត ២០២០ នេះ រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​បណ្ដោះ​អាសន្ន និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​សង្ក្រាន្ត​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ជា​សាធារណៈ​ឡើយ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​កូវីដ១៩ ដែល​កំពុង​រីក​រាល​ដាល​ពេញ​ពិភព​លោក។​

សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ លោក​គ្រូ អាចារ្យ ញាន ភឿន មាន​ប្រសាសន៍​ថា​ឆ្នាំ​នេះ យើង​មិន​អាច​ធ្វើ​តាម​តម្រា​មហាសង្ក្រាន្ត​ទាំង​ស្រុង​បាន​ទេ គឺ​ត្រូវ​កាត់​បន្ថយ​ខ្លះ ធ្វើ​អ្វី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន តាម​ធនធាន​ដែល​មាន ដោយ​ប្រុង​ប្រយ័ត្ន និង​យោង​តាម​សភាពការណ៍​ស្រុក​ទេស​បច្ចុប្បន្ន៖ «ដូចច្នេះ​យើង​ដឹង​ហើយ ការ​ប្រារព្ធ​ទទួល​ទេវតា មិន​ចាំបាច់​តែ​បាសី ៧-៨ថ្នាក់ ឬ ៩ថ្នាក់​នោះ​ទេ យើង​មាន​ត្រឹម​តែ​ស្លាធម៌ យើង​រៀបចំ​ជា​ទម្រង់​ធម្មតា​ទាន់​ប្រាំ​ធូប​ប្រាំ ហើយ​យើង​ដាក់​ទឹក​មាន​ផ្កា​សព្វ​គ្រប់​បែប​យ៉ាង… ជា​ពិសេស ទេវតា​ឆ្នាំ​នេះ​សោយ​តេលំ​ប្រេង ដូច​ជា ប្រេង​សណ្ដែក ប្រេង​ល្ង អ៊ីចឹង​យក​ប្រេង​ទាំង​ហ្នឹង​មក​ដាក់​កន្លែង​ថ្វាយ​ទេវតា​ហ្នឹង​ទៅ ហើយ​នៅ​ពេល​យប់​ពេល​ដែល​កំណត់​ទេវតា​ចុះ​ហ្នឹង យើង​ដៃ​បួងសួង​ទៅ​ទទួល​ទេវតា​អបអរ​សាទរ​អ៊ីចឹង​ទៅ»

លោក​បន្ត​ថា ការ​ប្រុង​ប្រយ័ត្ន​នោះ គឺ​កុំ​ឲ្យ​ការ​ជួបជុំ​មនុស្ស​ច្រើន កុំ​ឲ្យ​ដើរ​ស្កាត់​ទៅ​ជួប​អ្នកណា​ឆ្ងាយ ពី​ផ្ទះ​ជា​ដើម ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​នាំ​ឲ្យ​យើង​មិន​បាន​ទទួល​ផល​ពី​ការ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​នេះ​ទៅ​វិញ៖ «.អ៊ីចឹង​បើ​យើង​ចង់​ធ្វើ​បុណ្យ​ធ្វើ​ទាន ហើយ​ទៅ​ជួប​ជុំ​គ្នា​កុំករ​ហើយ​ដោយ​រោគ​ឆ្លង​មក នោះ​សេចក្ដី​ល្អ​របស់​យើង ចេតនា​របស់​យើង​មិន​បាន​សម្រេច​ចេតនា​ល្អ​វា​ទៅ​ជា​អាក្រក់​វិញ»

ចំណែក​សាស្ត្រាចារ្យ បណ្ឌិត សួន ឱសថ អ្នក​ជំនាញ ខាង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ និង​ទស្សនវិជ្ជា ​មានប្រសាសន៍ថា ពិធី​រៀបចំ​ទទួល​ទេវតា​ ដែល​តែង​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នោះ​មាន​របៀប​រៀបចំ​យ៉ាង​គគ្រឹកគគ្រេង​ តាម​ទីវត្ត​ ​អារាម និង​តាម​ផ្ទះសម្បែង ​នៃភូមិ​ឋាន​នីមួយៗ ក្រោម​ទិដ្ឋភាព​សប្បាយ​រីករាយ។

ចំពោះ​ដង្វាយ​ទេវតា និង​ពណ៌​សម្ភារៈ​ត្រូវ​ប្រើ​ក្នុង​ពិធី​នេះ គេ​ច្រើន​តែ​មាន​ការ​រៀប​ចំ​ដោយ​យក​តាម​តម្រា​មហា​សង្ក្រាន្ត​ប្រចាំ​ឆ្នាំ ដែល​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ថា ទេវតា​ឆ្នាំ​ថ្មី​ចុះ​មក​ សោយ​ក្រយា​អ្វីខ្លះ ទ្រង់​អម្ពរ ឬ​ស្លៀកពាក់​ពណ៌​អ្វី ពេល​នោះ​គេ​រៀបចំ​ទៅ​តាម​ហ្នឹង​ទៅ។

ដោយឡែក​ឆ្នាំ​នេះ មិន​អាច​ធ្វើ​អ្វីៗ តាម​ទំនៀម​ទម្លាប់​ទាំង​ស្រុង​នោះ​បាន​ទេ​ដោយស្ថាន​ភាព​ស្រុក​ទេស​មាន​វិបត្តិ​ជំងឺ​ឆ្លង​គួរ​ឲ្យ​បារម្ភ​នេះ ប៉ុន្តែ​យើង​ក៏​អាច​រៀបចំ​ដោយ​សង្ខេប​នូវ​គ្រឿង​សក្ការបូជា​ ដែល​មាន​ត្រឹម​តែ​ទៀន៥ ធូប​៥ ស្លាធម៌​ កូន​ចេក ១គូ ទឹក​មួយ​ផ្តិល​ធំ​ដោយ​ដាក់​ផ្កាភ្ញី​ផង មាន​ទឹក​អប់ និង​ផ្លែ​ឈើ​ឲ្យ​សម​ល្មម​ ឬ​ក៏​សង្ខេប​ឲ្យ​នៅ​តិច​ជាង​នេះ​ទៀត​ក៏​បាន ឲ្យ​តែ​យើង​ធ្វើ​ឡើង​ប្រកប​ដោយ​ចិត្ត​បរិសុទ្ធ​ជ្រះ​ថ្លា​ក្នុង​ការ​បូជា​ចំពោះ​ទេវតា​ឆ្នាំ​ថ្មី​នោះ ​ក៏​ទទួល​បាន​នូវ​សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ​ដែរ៖ «ថ្ងៃ​ហ្នឹង​យើង​រៀប​រណ្ដាប់​ធម្មតា​អ៊ីចឹង​ទៅ​ហើយ​រៀបចំ​កិច្ច​នមស្សការ​រម្លឹក​គុណ​ព្រះ​រតនត្រ័យ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដោយ​យើង​ធ្វើ​នូវ​សេចក្ដី​ល្អ​រក្សា​សីល… ចំណែក​ស្រង់​ព្រះ​យើង​មាន​ព្រះ​នៅ​ហ្នឹង​ផ្ទះ​ជួបជុំ​គ្នា​ស្រង់​ទៅ ឬ​ក៏​អញ្ជើញ​មាតា​បិតា​នៅ​ផ្ទះ​ជាមួយ​យើង​ហ្នឹង ងូត​ទឹក​ឲ្យ​គាត់ ជូន​សំលៀក​បំពាក់​ថ្មី​ទៅ​គាត់ គឺ​យើង​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ទេ

សៀវភៅ​ព្រះ​រាជពិធី​ទ្វាទសមាស ភាគ​ទី​១ បាន​បង្ហាញ​ថា រណ្ដាប់​ទទួល​ទេវតា​មាន​រាន​ទេវតា​៧​ថ្នាក់​មួយ សម្រាប់​តាំង​គ្រឿង​ដង្វាយ និង​មាន​ភ្លេង​ពិណពាទ្យ ១វង់ សម្រាប់​លេង​ទទួល​ទេវតា។ គេ​ត្រូវ​ក្រាល​សំពត់​ដែល​មាន​ពណ៌​ស ឬ​ពណ៌​ទៅ​តាម​ថ្ងៃ​ខែ​ឆ្នាំ និង​ឈ្មោះ​ទេវតា​ដោយ​ក្រាល​នៅ​លើ​រាន ឬ​តុ​ស្រស់​ស្អាត​​មួយ ឬ​ហៅ​គេ​ហៅ​ថា រានទេវតា​។

រីឯ​រណ្ដាប់​ ឬដង្វាយទទួល​ទេវតា​វិញ មាន​បាយ​សី​ធំ ១​គូ ស្លាធម៌១​គូ ទឹក​អប់១​គូ ទៀន ៥ ធូប ៥ លាជ ៥​ កែវ ផ្កា៥​កែវ​ឬ​ថូ​ ស្លា​បារី​ ដាក់​លើជើង​ពាន១​គូ ចេកនួន ឬ​ចេក​ណាំវ៉ា ដាក់លើ​ជើង​ពាន១​គូ​ ដូង​ឡៅ​មួយ​គូ​ និង​មាន​ផ្លែ​ឈើ​ប្រណិត ១១​មុខ​ផ្សេង​ទៀត ទឹក​ស្អាត​ពីរ​កែវ ឬ​មួយ​ផ្តិល​ធំ និង ពែ​ព្រះ​ភូមិ​១ ពែ​ព្រះ​កេតុ​១។

ចាស់​ទុំ​បុរាណ​ក៏​បាន​អនុញ្ញាត​ឲ្យ​រៀប​រណ្ដាប់​ទទួល​ទេវតា​ ដោយ​សង្ខេប​ទៅតាម​ធន​ធាន​ដែល​យើង​មាន​ជាក់​ស្ដែង​ក៏​បាន​ដែរ។

ព្រះតេជព្រះគុណ ព្រហ្ម សូរវង្ស ជា​ព្រះចៅ​អធិការ​វត្ត​ព្រះពុទ្ធឃោសាចារ្យ នៅ​ស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ មាន​ថេរ​ដីកា​ថា៖ ឆ្នាំនេះ មិន​បាន​រៀបចំ​សង្ក្រាន្ត​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឲ្យ​គគ្រឹកគគ្រេង​ សប្បាយរីករាយ​ ដូច​បណ្តា​ឆ្នាំ​កន្លង​មក​នោះ​ទេ ដោយ​ត្រូវ​គោរព​តាម​បម្រាម​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដើម្បី​បង្ការ​ជំងឺ​ឆ្លង​កូវីដ១៩។

ចំពោះ​ដង្វាយ​ទទួល​ទេវតា​ក៏​ត្រូវ​រៀបចំ​ដោយ​សង្ខេប​ទៅ​តាម​អ្វី​ដែល​អាច​រក​បាន​នៅ​ក្នុង​បរិវេណ​ផ្ទះ ឬ​ក្នុង​ទី​អារាម​នីមួយៗ ព្រោះ​ដើម្បី​កាត់​បន្ថយ​ការ​ចេញ​ទៅ​ទីផ្សារ ដែល​មាន​មនុស្ស​ច្រើន​បង្ក​ហានិភ័យ​ដល់​សុខភាព៖ «ហើយ​ប្រសិន​ជា​របស់​របរ​ខ្លះ​ពិបាក​រក​ទិញ​នៅ​ទីផ្សារ​ គឺ​យើង​ព្យាយាម​រក​នៅ​តាម​ភូមិ ដូច​ជា ចេក ផ្លែ​ឈើ​ផ្លែ​ព្រៃ ខ្នុរ ផ្កាភ្ញី​នៅ​តាម​ផ្ទះ​អី​មាន នៅ​តាម​វត្ត​ក៏​មាន​ដាំ​ខ្លះ​ដែរ យើង​ប្រមូល​រៀបចំ​ដោយ​សង្ខេប មាន​អី​ដាក់​ហ្នឹង​ទៅ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ធ្វើ​ម៉េច​បើ​ស្រុក​យើង​កើត​អ៊ីចឹង​ទៅ​ហើយ»

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ថា ស្ថានភាព​នេះ ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធ​បរិស័ទ ព្រោះ​មិន​បាន​សប្បាយ​រីក​រាយ​ជួបជុំ​កូន​ចៅ មួយ​ឆ្នាំ​ម្ដង​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ៖ «ស្ដាយ គឺ​ស្ដាយ​ហើយ...នៅ​ក្នុង​ស្រុក​ក្នុង​ភូមិ ស្រែ​ចម្ការ​ហ្នឹង តែងតែ​ទន្ទឹង​មើល​ផ្លូវ​កូន​ចៅ ដែល​ទៅ​ធ្វើការ​នៅ​ទី​ឆ្ងាយ ដូច​ជា ពលករ​នៅ​ប្រទេស​ថៃ ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​នៅ​ភ្នំពេញ​ក្តី​ពេល​ចូល​ឆ្នាំ​មក​ដល់​តែងតែ​ទន្ទឹង​រង់ចាំ​ផ្លូវ ទាំង​ខាង​ម៉ែ​ឪ និង​ខាង​កូន​ចៅ​ទន្ទឹង​ចាំ​ដូច​គ្នា តែ​មិន​ដឹង​ធ្វើ​ម៉េច មាន​តែ​ទ្រាំ​តាម​ដំណើរ​អ៊ីចឹង​ទៅ»

ទោះ​យ៉ាង​ណា​ព្រះតេជ​ព្រះគុណ​ផ្ដល់​ឱវាទ​ថា ទោះ​បី​មិន​បាន​សម្រិតសម្រាំង​របស់​ប្រណិត​ដើម្បី​ទទួល​ទេវតា​នោះ​ក្ដី ក៏​យើង​ត្រូវ​ធ្វើ​សមាទាន​សីល លះបង់​អំពើ​អាក្រក់ អំពើ​បាប ឬ​អំពើ​អកុសល ទាំង​ឡាយ​ដែល​ធ្លាប់​មាន​ពី​មុន​មក​នោះ​ចោល​ចេញ​ឲ្យ​អស់​ ហើយ​តាំង​ចិត្ត​ប្រព្រឹត្តិ​ល្អ ចិត្តបុណ្យ មាន​មេត្តា ករុណា ដោយ​គ្មាន​ការ​គុំកួន ព្យាបាទ ច្រណែន ឈ្នានីស​គ្នា​នោះ ទើប​សេចក្ដី​សុខ​គ្រប់យ៉ាង អាច​កើត​មាន​ជា​និរន្តរ៍​ដល់​ខ្លួន​យើង​ផ្ទាល់ និង​ក្រុម​គ្រួសារ។

ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ «ជូត» ២០២០​នេះ ខ្ញុំបាទ សេក បណ្ឌិត​​  និង​សហការី ​នៃ​អាស៊ី​សេរី​ទាំង​អស់ សូម​ជូន​ពរ​ដល់​លោក​អ្នក​នាង​កញ្ញា​ និង​ក្រុម​គ្រួសារ​ទាំងអស់​ ឲ្យ​ចៀស​ផុត​ពី​រោគាព្យាធិ​ទាំងឡាយ។

មួយវិញទៀត​ប្រសិន​បើ​លោក​អ្នក​នាង​ប្រាថ្នា​ចង់​បាន​អ្វី​នោះ សូម​ឲ្យ​ទទួល​បាន​ដូច​ក្តី​បំណង​ប្រាថ្នា។ សូម​​លោក​អ្នក​នាង​ មាន​សេចក្ដី​រីករាយ សុភមង្គល ​គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់​ ប្រកបដោយ​សេចក្ដី​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ចាប់តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​នេះ​ និង​ឆ្នាំ​ខាង​មុខៗ ទៀត​ត​រៀង​ទៅ!៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល