ពលរដ្ឋ​ខេត្ត​សៀមរាប​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយស្រោចស្រង់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ដែល​ប្រកាស​បិទទ្វារ

ដោយ ម៉ៅ សុធានី
2020-10-14
Share
ភូមិវប្បធម៌ 041419 ទិដ្ឋភាព​ខ្លោងទ្វារ​ចូល​មជ្ឈមណ្ឌល ភូមិ​វប្បធម៌​កម្ពុជា ស្ថិត​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី១៤ ខែមេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​ភូមិ​វប្បធម៌​កម្ពុជា

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប និង​មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ស្រោចស្រង់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ស្ថិតនៅ​ខេត្ត​សៀមរាប​ឱ្យ​ដំណើរ​វិញ ដើម្បី​លើក​កម្ពស់​វប្បធម៌​ជាតិ​និង​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់​បន្ទាប់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ប្រកាស​បិទទ្វារ​ដោយសារ​វិបត្តិសេដ្ឋកិច្ច។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​វប្បធម៌​ឆ្លើយតប​ថា ក្រសួង​ពុំ​មាន​កញ្ចប់​ថវិកា​ជួយ​ក្រុមហ៊ុន​នេះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប​នៅតែ​ស្ដាយ​ស្រណោះ​ភូមិ​វប្បធម៌ ដែល​ជា​បណ្ដុំ​នៃ​វប្បធម៌​សំបូរ​បែប ក្នុង​ខេត្ត​សៀមរាប​បាន​ប្រកាស​បិទ​ទ្វារ ដោយសារ​វិបត្តិ សេដ្ឋកិច្ច​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩។ ពួកគេ​អះអាង​ថា ប្រសិនបើ​ករណី​នេះ​រដ្ឋាភិបាល​គ្មាន​មធ្យោបាយ​ដោះស្រាយ​ទេ​ទីកន្លែង​ផ្សាយ​ពី​វប្បធម៌​ជាតិ ដ៏​ល្បីល្បាញ​មួយ​នេះ​នឹង​បាត់បង់។

ប្រធាន​សាលា​គុណ​ល្បុក្កតោ​អង្គរ​មាន​រឹទ្ធិ លោក រស់ សេរី ប្រាប់​អាស៊ី​សេរី​ថា ការ​បិទ​អាជីវកម្ម​ភូមិ​វប្បធម៌​នេះ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ក្លឹប​សាលា​គុណ​របស់​លោក ព្រោះ​ភូមិ​វប្បធម៌​ជា​កន្លែង​សម្ដែង​សិល្បៈ​គុណ​ខ្មែរ​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ជាង ១០ឆ្នាំ​មក​ហើយ។ លោក​ថា ភូមិ​វប្បធម៌ ជា​ជង្រុក​មរកត​វប្បធម៌​ជាតិ​គួរ​តែ​ថែរក្សា​ឱ្យ​រឹងមាំ ដើម្បី​អភិ​រក្ស​ជា​សម្បត្តិ​វប្បធម៌​មិន​គួរ​ផ្អាក​ដំណើរការ​នោះ​ទេ៖ «ខ្ញុំ​មើល​ទៅ​វា​ប៉ះពាល់​ច្រើន ព្រោះ​កន្លែង​នេះ​ជង្រុក​សម្រាប់​រក្សា​នូវ​វប្បធម៌​ជាតិ​យើង​រក្សា​កេរមរតក​វប្បធម៌​ជាតិ​យើង​នៅ​ហ្នឹង​ប្រ​ជុំគ្នា​នៅ​ហ្នឹង​ទាំងអស់​ដល់ពេល​បិទ​មានការ​ប៉ះពាល់​ខ្លាំង​ដែរ»

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប​លោក ប៉ក់ ថូ ថ្លែង​ថា រដ្ឋាភិបាល​មិន​គួរ​មើល​រំលង​បញ្ហា​នេះ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន។ លោក​ថា ភូមិ​វប្បធម៌​បាន​ដើរ​តួនាទី​សំខាន់​ណាស់​ផ្សាយ​ពី​វប្បធម៌ សិល្បៈ​បុរាណ​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​ដ៏​សំបូរ​បែប​ក្នុង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ឆ្នាំ​មក​ហើយ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ឡុង ប៉ុណ្ណា​ស៊ីរីវត្ថ មាន​ប្រសាសន៍​ថា ក្រសួង​វប្បធម៌​ពុំ​មាន​កញ្ចប់​ថវិកា​ត្រៀម​ទុក ដើម្បី​ជួយ​ស្រោចស្រង់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​ឲ្យ​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​នោះ​ទេ។ លោក​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​កំពុង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្រីក្រ​ជា​អាទិភាព​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩៖ «បច្ចេកទេស​ក្រសួង​វប្បធម៌​យើង​អត់មាន​ថវិកា​គ្រោង​ទុក​ណា ដើម្បី​ស្រោចស្រង់​ស្ថានភាព​បែប​ហ្នឹង​ទេ។ រដ្ឋាភិបាល​មិនទាន់​មាន​គោលដៅ​ដាក់​ចេញ​នៅឡើយ​ទេ ពី​ការធានា​គ្រប់​បណ្ដា​អាជីវកម្ម​ទាំងអស់ ព្រោះ​ភូមិ​វប្បធម៌​ជា​អាជីវកម្ម​មួយ​ដែរ អ៊ីចឹង​បើ​ភូមិ​វប្បធម៌​គាត់​អត់​អាច​​រាប់​រង​បាន។ ជា​រឿង​ធំធេង​សង្គម​ទាំងមូល»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន​ភូមិ​វប្បធម៌ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការប្រកាស​បិទទ្វារ​អាជីវកម្ម​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី១៣ តុលា។ ក្រុមហ៊ុន​នេះ បាន​ប្រកាស​ថា នឹង​បិទ​ដំណើរការ​អាជីវកម្ម​ទាំង​ស្រុង ចាប់ពី​ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាង​មុខ​នេះ។ ក្រុមហ៊ុន​ថា មូលហេតុ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ចូល​ទស្សនា​ថយ​ចុះ​យ៉ាង​គំហុក​នាំ​ឱ្យ​ក្រុមហ៊ុន​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិម អេង យល់​ថា រដ្ឋាភិបាល​គួរតែ​រក​មធ្យោបាយ​ស្រោចស្រង់ ឱ្យ​ក្រុមហ៊ុន​នេះ​មាន​ដង្ហើម​ឡើង​វិញ ដើម្បី​រក្សា​កេរ​វប្បធម៌​ដូនតា និង​ផ្តល់​ការងារ​ឱ្យ​ពលរដ្ឋ​ជា​បន្ត​ទៅ​ទៀត។ លោក​បារម្ភ​ថា សិល្បករ​អាជីព​រាប់​រយ​នាក់​រួម​មាន​អ្នក​រាំ​របាំ​តន្ត្រី​ល្ខោន និង​ក្បាច់​គុណ​ខ្មែរ​អាច​នឹង​បោះបង់​មុខរបរ​នេះ ហើយ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ៖ «ប្រសិនជា​អាច​ជួយ​ទ្រទ្រង់​ឱ្យ​គាត់​ដំណើរការ​ទៅ​មុខ​បាន អា​ហ្នឹង​ជា​មោទនភាព​មួយ​ធំ​ណាស់​ពីព្រោះ​ពាក់ព័ន្ធ​វប្បធម៌ និង​កេរដំណែល​ប្រវត្តិ​សាសន៍​អ៊ីចឹង គឺ​ការ​អភិ​រក្ស​វប្បធម៌​របស់​ក្រុមហ៊ុន​ហ្នឹង គឺ​អភិ​រក្ស​ផង និង​ផ្សព្វផ្សាយ​ផង»

ភូមិ​វប្បធម៌​កម្ពុជា​ជា​កន្លែង​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ​ដ៏​ធំ​ជាង​គេ​នៅ​ខេត្ត​សៀមរាប អនុញ្ញាត​ឱ្យ​អ្នកទស្សនា​ស្វែងយល់​ពី​របៀប​រស់នៅ ការ​ស្លៀកពាក់ របាំ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ និង​អប្បិយជំនឿ​របស់​ប្រជាជន​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ ទីនោះ ក៏​មានការ​សម្ដែង​ទស្សនីយភាព​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​សម័យ​អាណាចក្រ​អង្គ​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ជា​ដើម។ បច្ចុប្បន្ន​ភូមិ​វប្បធម៌​មាន​បុគ្គលិក​ធ្វើការ​ជាង ៣រយ​នាក់។ ភូមិ​វប្បធម៌​បង្កើត​ឡើង​នៅ​ឆ្នាំ២០០១ លើ​ផ្ទៃដី ២១ហិកតារ​មាន​ទីតាំង​ឋិតនៅ​ក្នុង​ក្រុង​សៀមរាប​ជាប់​ផ្លូវជាតិ​លេខ ៦ មាន​ចម្ងាយ ៥គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរវត្ត

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។