លោក ហ៊ុន សែន ប្រកាស​ផ្អាក​ពិធី​បុណ្យ​អុំទូក

ដោយ សុជីវី
2020.10.26
អុំទូក ២០១៨ ៦២២ ទិដ្ឋភាព​អ្នក​ទស្សនា​ការ​ប្រណាំង​ទូក​ថ្ងៃ​ដំបូង នៅ​មុខ​វាំង រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។
រូបថត៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ប្រកាស​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះខែ​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ចុង​ខែតុលា​នេះ ​ក្រោម​ហេតុផល​ជំងឺ​កូវីដ ​ប៉ុន្តែ​លោក​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​អក​អំបុក​ និង​សំពះ​ព្រះខែ​នៅ​តាម​ផ្ទះ​ ហើយ​មន្ត្រីរាជការ ​និង​កម្មករ-កម្មការិនី ​នៅ​តែ​អាច​បន្ត​ឈប់​សម្រាក​ពី​ការងារ​ដដែល។

ការប្រកាស​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ​ស្រប​ពេល​ស្ថានភាព​នយោបាយ​កំពុង​បន្ត​ឡើង​កម្ដៅ ជាពិសេស ក្រោយ​ពេល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ផែនការ​វិល​ចូល​ស្រុក​ជា​ថ្មី ដើម្បី​ដឹក​នាំ​កម្លាំង​មហាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​លោក ហ៊ុន សែន។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី គាំទ្រ​ចំពោះ​ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ ដោយសារ​ជំងឺ​កូវីដ​នៅតែ​បន្ត​គំរាម​កំហែង ​ហើយ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ថែម​ទៀត។ ទោះ​យ៉ាង​ណា លោក​មើល​ឃើញ​ថា ការ​ផ្អាក​ពិធី​ប្រពៃណី​ជាតិ​ដ៏​ធំ​នេះ ក៏​អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​ចលនា​បាតុកម្ម​ផ្សេងៗ ចូល​ក្នុង​ទីក្រុង​ភ្នំពេញ ​ខណៈ​ដែល​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ ជាពិសេស ការ​ផ្ទុះ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ក្រុម​យុវជន និង​ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក។

កម្ពុជា​ធ្លាប់ខកខាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យមួយ​នេះ​រយៈ​ពេល ៣ឆ្នាំ​ជាប់ៗ គ្នា កាល​ពី​ឆ្នាំ២០១១ ឆ្នាំ២០១២ និង​ឆ្នាំ២០១៣ ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៣៥០នាក់​ស្លាប់ និង​ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្តម សីហនុ។ ក្នុង​ឆ្នាំ២០១៤ ពិធី​បុណ្យ​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ២០១៥ ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​កម្ដៅ។ ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ពេល​នោះ​ថា គឺ​ផ្អាក​ដោយសារ​កម្ពស់​ទឹក​ទន្លេ​រាក់​ពេក​មិន​អាច​អុំទូក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។