មាតាបិតា និងអាណាព្យាបាលសិស្សមួយចំនួន ចាប់ផ្ដើមជួយបង្រៀនកូននៅផ្ទះរៀងៗ ខ្លួន ក្រោយពេលរដ្ឋាភិបាលបានបិទសាលារៀននៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះគឺជាការអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ដែលបានលើកទឹកចិត្តឱ្យមាតាបិតា និងអាណាព្យាបាលសិស្ស ជួយជំរុញកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងថែទាំពួកគេកុំឱ្យឆ្លងជំងឺកូវីដ-១៩។
មាតាបិតា និងអាណាព្យាបាលសិស្សមួយចំនួន គាំទ្រវិធានការបិទសាលារៀនរបស់រដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាព និងសុខភាពសម្រាប់សិស្សានុសិស្សគ្រប់រូប។ ពួកគាត់ខ្លះបានចាប់ផ្ដើមជួយបង្រៀនកូនចៅតាមដែលអាចធ្វើទៅបាន និងខ្លះទៀតបានផ្ដល់ជាសម្ភារៈផ្សេងៗ ដល់កូនចៅ ដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ (E-Learning)។
កសិករមួយរូបនៅខេត្តកំពង់ចាម លោក ឆាន ឆេន ឱ្យដឹងថា លោកមានកូនស្រីម្នាក់កំពុងរៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សារបស់រដ្ឋ។ លោកបញ្ជាក់ថា លោកសោកស្ដាយដែលសាលារៀនត្រូវបិទទ្វារគ្មានកាលកំណត់ ព្រោះកូនរបស់លោកកំពុងជក់ចិត្តនឹងការសិក្សា។ ទោះជាយ៉ាងណា លោកថា ថ្វីបើសាលារៀនបិទទ្វារក្ដី ក៏កូនរបស់លោកមិននៅទំនេរដែរ ពោលគឺរូបគេតែងនាំមិត្តភក្តិនៅជិតផ្ទះ មកជួបជុំគ្នារំលឹកមេរៀន និងធ្វើលំហាត់ចាស់ៗដែលលោកគ្រូអ្នកគ្រូធ្លាប់បានបង្រៀននៅសាលា ហើយនៅពេលយប់ លោក និងបងប្អូនរបស់លោក ក៏បានជួយបង្រៀនថែមទៀតលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា។
« ធម្មតាក្មេងនៅថ្នាក់បឋម យើងគ្រាន់តែពង្រឹងខាងផ្នែកភាសាខ្មែររបស់យើងហ្នឹងទៅ ពង្រឹងខាងផ្នែកគណិតវិទ្យាខ្លះៗ អ៊ីចឹងទៅ ដើម្បីកុំឱ្យវាភ្លេច។ ធម្មតា ក្មេងកាលណាយើងមិនរំឭក មិនណែនាំវាបន្ថែម ពេលចូលសិក្សាវិញ វាត្រូវភ្លេចភ្លាំងខ្លះមួយចំនួន » ។
ចំណែក អ្នកលក់កាហ្វេមួយរូបនៅរាជធានីភ្នំពេញ លោកស្រី អ៊ំ ស្រីណា វិញ ឱ្យដឹងថា លោកស្រីមិនអាចជួយបង្រៀនកូនៗ ទៀតនោះទេ ព្រោះពួកគេរៀនដល់កម្រិតខ្ពស់ណាស់ទៅហើយ។ លោកស្រីថា ក្នុងចំណោមកូនៗ ទាំង ៣នាក់ របស់លោកស្រី មានម្នាក់កំពុងរៀននៅថ្នាក់មហាវិទ្យាល័យ ម្នាក់រៀននៅវិទ្យាល័យ និងម្នាក់ទៀតរៀនជំនាញបច្ចេកទេស។ លោកស្រីអះអាងថា តាំងពីរដ្ឋាភិបាលប្រកាសបិទសាលាមក កូនៗ ទាំង ៣នាក់ របស់លោកស្រី បាននាំគ្នារៀនតាមប្រព័ន្ធអនឡាញ និងតាមមេរៀនដែលក្រសួងបានបង្ហោះនៅលើទំព័រហ្វេសប៊ុក។ ទោះជាបែបនេះក្តី លោកស្រីថា កូនរបស់លោកស្រីហាក់ចង់ទៅរៀននៅសាលាជាងរៀនតាមអនឡាញ ព្រោះនៅសាលាបើគេមានចម្ងល់ត្រង់ណា ពួកគេអាចសួរគ្រូបានភ្លាមៗ៖ « ធ្វើម៉េចបើវា ( ប្រទេស ) កើតជំងឺកូរ៉ូណាអ៊ីចឹង ខ្ញុំចេះតែជួយដាស់តឿនឱ្យវារៀនតាមអនឡាញដែលគេបង្ហោះមកអ៊ីចឹង។ វារៀនតាមដំណើរដែលគេបង្ហោះមួយវគ្គៗ អ៊ីចឹង ហើយក៏ជួយដាស់តឿនឱ្យវាលាងដៃលាងជើងនឹងសាប៊ូ លាងអ្វីសព្វបែបសព្វយ៉ាងទៅ។ ទិញអាល់កុលបាញ់ខ្លួនឱ្យម្នាក់មួយដបៗ ការពារខ្លួន » ។
ដោយឡែក ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ដែលមានកូន២ នាក់កំពុងរៀននៅសាលាបឋមសិក្សាឯកជននោះ រៀបរាប់ពីបទពិសោធន៍របស់លោកថា ក្រៅពីការងារ លោកតែងឆ្លៀតពេលជួយរៀបចំមេរៀនសម្រាប់កូនៗ ដែលខាងសាលាផ្ញើមកឱ្យតាមអ៊ិនធើណិត និងដាស់តឿនកូនៗ អំពីពេលវេលាដែលពួកគេត្រូវរៀន។ លោកបន្តថា នៅក្នុងស្ថានភាពបែបនេះ ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវដើរតួនាទីសំខាន់ក្នុងជួយបង្រៀនកូនៗ និងជួយធ្វើយ៉ាងណាឱ្យពួកគេនៅតែទទួលបានចំណេះដឹង៖ « ការរៀនសូត្រ វាត្រូវការការជួយពីឪពុកម្ដាយ ដូចជាការរំឭកកូនដល់ម៉ោងវេលារៀនសូត្រ ត្រូវបញ្ជូនឯកសារលំហាត់ ឬក៏សួរសំណួរទៅគ្រូបង្រៀនតាមអនឡាញយ៉ាងណានោះ ឪពុកម្ដាយត្រូវតែជួយដល់ក្មេងៗដែរ។ ករណីដូចជាកូនៗ របស់ខ្ញុំអ៊ីចឹង យើងអាចជួយបាននៅក្នុងកម្រិតប៉ុណ្ណឹង ប៉ុន្តែបើឪពុកម្ដាយដែលគាត់ពុំសូវមានចំណេះដឹង ឬក៏ជំនាញប្រើប្រាស់បច្ចេកវិទ្យាអស់ហ្នឹង ក៏ជាការលំបាកដែរ » ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេស តាំងពីថ្ងៃទី១៦ មីនា ដោយមិនទាន់កំណត់ថ្ងៃចូលរៀនវិញនៅឡើយទេ។ វិធានការនេះ គឺដើម្បីទប់ស្កាត់ការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ និងធ្វើឡើងក្រោយពេលក្រសួងសុខាភិបាលរកឃើញករណីអ្នកកើតជំងឺនេះនៅកម្ពុជាកើនឡើងជាបន្តបន្ទាប់។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ មើលថែទាំកូនចៅឱ្យបានដិតដល់ និងប្រាប់ពួកគេឱ្យរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកស្នើឱ្យមាតាបិតា និងអាណាព្យាបាល ជួយរៀបចំកន្លែងសម្រាប់កូនចៅធ្វើស្វ័យសិក្សា និងសម្របសម្រួលឱ្យពួកគេបានរៀនតាមប្រព័ន្ធអនឡាញ៖ « ដើម្បីធានាបាននូវការបន្តការសិក្សា ក្រសួងស្នើសុំឱ្យមាតាបិតារៀបចំកន្លែងនៅក្នុងផ្ទះឱ្យមានបរិស្ថានសិក្សាសមស្រប មានតុ មានកៅអី ហើយប្រសិនបើអាច គឺអាចមានកុំព្យូទ័រ និងអ៊ិនធើណិត។ ជាពិសេស សូមមាតាបិតា អាណាព្យាបាលជួយកូននៅក្នុងការស្វែងរកឯកសារសម្រាប់រៀនបន្ថែម ដោយប្រើប្រាស់នូវសៀវភៅគោលសិក្សាដែលក្រសួងបានដាក់ចេញ ក៏ដូចជាស្វែងរកឯកសារបន្ថែមទៀតតាមអ៊ិនធើណិត យូធូប ក៏ដូចជាហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង ដែលក្រសួងបានថតតាមមេរៀន តាមថ្នាក់នីមួយៗក្នុងរយៈពេលកន្លងមកនេះ » ។
ក្រសួងអប់រំបានបង្កើតថ្នាក់រៀនអនឡាញលើហ្វេសប៊ុក (Facebook) យូធូប (YouTube) និងគេហទំព័ររបស់ក្រសួង សម្រាប់សិស្សថ្នាក់ទី០៩ និងទី១២ ដែលជាឆ្នាំប្រឡងសញ្ញាបត្រ។ ថ្នាក់អនឡាញនោះ មានបង្រៀនមុខវិជ្ជាចំនួន៦ គឺភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ដោយក្នុងមួយមុខវិជ្ជា បង្រៀន២ ម៉ោង ក្នុងមួយសប្ដាហ៍។ ក្រៅពីការបង្រៀនដោយផ្ទាល់ពីលោកគ្រូអ្នកគ្រូនៅថ្នាក់អនឡាញនេះ ក្រសួងក៏បានបង្ហោះមេរៀននៃមុខវិជ្ជាទាំងនោះលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងផងដែរ។ ដោយឡែក សម្រាប់ការបង្រៀនភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ វិញ ក្រសួងបានណែនាំឱ្យមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យចូលទៅកាន់បណ្ដាញសង្គម និងគេហទំព័ររបស់ក្រសួង ឬក៏ដោនឡូតកម្មវិធី E-School Cambodia ដើម្បីចូលមើលវីដេអូ ដែលបង្រៀនដោយលោកគ្រូ អ្នកគ្រូមានបទពិសោធន៍។ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សក៏អាចសួរសំណួរនៅក្នុងវេទិកាសំណួរ-ចម្លើយ ដែលមាននៅក្នុងប្រព័ន្ធ E-School Cambodia នោះផងដែរ។
ក្រសួងអប់រំបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៦ មីនាថា នៅពេលខាងមុខ ក្រសួងនឹងរៀបចំការបង្រៀនដោយបច្ចេកវិទ្យាពីចម្ងាយបន្ថែមទៀត សម្រាប់ថ្នាក់មត្តេយ្យសិក្សា និងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវដល់អ្នកបង្កើតកម្មវិធីថ្មី និងអ្នកបច្ចេកវិទ្យាក្នុងវិស័យអប់រំ ឱ្យចូលរួមសហការជាមួយក្រសួង ក្នុងការស្វែងរក និងផ្ដល់ដំណោះស្រាយបែបឌីជីថល ដើម្បីពង្រីកសេវាអប់រំជូនដល់សិស្សានុសិស្សប្រកបដោយគុណភាព។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី គាំទ្រវិធានការបិទសាលារបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំក្នុងការបង្កើតថ្នាក់រៀនអនឡាញសម្រាប់សិស្សានុសិស្ស។ ទោះជាយ៉ាងណា អ្នកស្រីបារម្ភថា ការសិក្សាតាមអនឡាញនេះប្រហែលជាមិនសូវមានប្រសិទ្ធភាពទេ ពីព្រោះសិស្សខ្លះរៀននៅក្នុងថ្នាក់ ហាក់មិនចង់រៀនផង ទម្រាំរៀនតាមអនឡាញទៀត ពួកគេប្រហែលជាមិនចាប់អារម្មណ៍ឡើយ។ ម្យ៉ាងវិញទៀត បើនៅថ្នាក់បឋមសិក្សាវិញ អ្នកស្រីថា អាចកាន់តែពិបាកទៅទៀត ពីព្រោះក្មេងៗមានទំនោរមើលភាពយន្តតុក្កតា និងកម្មវិធីកម្សាន្តសប្បាយ ច្រើនជាងការសិក្សា៖ « ទោះបីបង្រៀនតាមប្រព័ន្ធអនឡាញក៏ដោយ ឃើញថា គាត់អត់សូវជាយកចិត្តទុកដាក់ក្នុងការសិក្សាទេ ដោយសារតែគាត់គិតថា ការសិក្សានេះ ដូចថា អត់សូវស៊ីជម្រៅ » ។
គ្រូបង្រៀនមួយរូបនៅខេត្តតាកែវ លោក គៀត សុគន្ធ ទទួលស្គាល់ថា ការសិក្សាតាមប្រព័ន្ធអនឡាញមានសារៈសំខាន់នាពេលបច្ចុប្បន្ន ជាពិសេសក្នុងពេលសាលារៀនត្រូវបិទទ្វារដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ប៉ុន្តែយន្តការនេះទំនងជាមិនអាចឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្សបានគ្រប់គ្នានោះទេ។ លោកជឿថា សិស្សនៅតាមទីជនបទ និងតំបន់ដាច់ស្រយាល មិនទាន់មានទូរស័ព្ទទំនើប (Smart Phone) ប្រើគ្រប់គ្នានោះទេ ហើយពេលខ្លះ ពួកគេក៏មិនសូវចេះប្រើកម្មវិធីថ្មីៗ ដែរ។ ជាងនេះទៅទៀត លោកថា សេវាអ៊ិនធើណិតនៅតំបន់ជនបទ និងដាច់ស្រយាល នៅមានបញ្ហារអាក់រអួល ឬក៏គ្មានសេវាតែម្តង ដែលជាហេតុធ្វើឱ្យសិស្សានុសិស្សនៅតំបន់ទាំងនោះ មិនទទួលបានការសិក្សាតាមបែបថ្មីនេះទេ។ លោកស្នើឱ្យក្រសួងពិចារណាអំពីការជ្រើសរើសគ្រូស្ម័គ្រចិត្ត ដើម្បីចុះទៅបង្រៀនបំប៉នដល់សិស្សថ្នាក់ទី០៩ និងទី១២ នៅតាមតំបន់ជនបទដាច់ស្រយាល ដោយការបង្រៀននេះគួរធ្វើជាក្រុមតូចៗ នៅតាមសហគមន៍ ដើម្បីកុំឱ្យផ្ទុយនឹងវិធានការរបស់រដ្ឋាភិបាល៖ « ខ្ញុំគាំទ្រចំពោះការសិក្សា E-Learning ហ្នឹង ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺមិនទាន់ឆ្លើយតបគ្រប់គ្រាន់។ អ៊ីចឹងក្រសួងគួរតែដាក់គោលការណ៍មួយដែលច្បាស់លាស់ថា តើនៅពេលដែលបិទសាលាបែបហ្នឹង តើសិស្សប៉ុន្មានភាគរយដែលប៉ះពាល់លើការសិក្សាខ្លាំងហ្នឹង។ អ៊ីចឹងហើយក្រសួងគួរតែរៀបចំគ្រូស្ម័គ្រចិត្តទៅតាមគោលដៅហ្នឹង បង្រៀនខ្លឹមសារមេរៀនឱ្យទាន់ទៅនឹងតម្រូវការឆ្លើយតបនៅពេលប្រឡងខាងមុខនេះ » ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា មិនឆ្លើយតបរឿងនេះទេ ដោយលោកស្នើឱ្យប្រើប្រាស់ខ្លឹមសារនៃសេចក្ដីជូនដំណឹង និងការណែនាំទាំងឡាយ ដែលក្រសួងបានចេញផ្សាយជាហូរហែនោះវិញ។
តួលេខចុងក្រោយរបស់ក្រសួងអប់រំបង្ហាញថា កម្ពុជាមានសាលារៀនចំណេះទូទៅទាំងរដ្ឋ និងឯកជនសរុបជាង១ ម៉ឺន៤ ពាន់កន្លែង (១៤.៩០៥) និងមានសិស្សចំនួនជាង៣ លាន៤ សែននាក់ (៣.៤០៧.៥២៩) ស្របពេលគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនមានចំនួន១២១ និងមាននិស្សិតជាង២ សែននាក់ (២១១.៤៨៤)។
មាតាបិតា និងអាណាព្យាបាលសិស្ស ព្រមទាំងសង្គមស៊ីវិលផ្នែកអប់រំ សង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងអាចដោះស្រាយបាននូវវិបត្តិជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការគ្រឹះស្ថានអប់រំនៅទូទាំងប្រទេសឡើងវិញ ពីព្រោះការបិទសាលារៀនរយៈពេលវែងនឹងប៉ះពាល់ខ្លាំងដល់ការផលិតធនធានមនុស្សរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។